ជីរវ៉ាន់ស៊ុយ គឺជាដំណាំមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ច្រើន និងជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទដើម្បីបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ប្រជាជនខ្មែរច្រើននិយមប្រើជីរវ៉ាន់ស៊ុយ ដើម្បីបន្ថែមក្លិន និងសម្រស់បង្កើតសោភ័ណភាពក្នុងអាហារផ្សេងៗ។
ទន្ទឹមគ្នានេះ អ្នកដាំជីរវ៉ាន់ស៊ុយបែបសរីរាង្គម្នាក់នៅភ្នំពេញ បានបង្ហាញពីការដាំជីរវ៉ាន់ស៊ុយ ដោយអះអាងថា ទទួលប្រាក់ចំណូលច្រើន និងសំបូរទីផ្សារ។ តើគាត់ដាំជីរវ៉ាន់ស៊ុយ នោះបែបណាសម្រាប់នាំទៅទីផ្សារ?
អ្នកដាំជីរវ៉ាន់ស៊ុយ យល់ថា ដាំជីវ៉ាន់ស៊ុយ ចំណាយដើមទុនតិច ប្រើទឹកតិច និងអាចដាំបានគ្រប់រដូវ។ លើសពីនេះ ប្រភេទជីរនេះ អាចប្រមូលផលបានលឿនជាងបន្លែដទៃ ហើយលក់បានថ្លៃ ព្រោះជីរវ៉ាន់ស៊ុយ ឡើងថ្លៃ ១គីឡូ ជាង ៣ម៉ឺនរៀល។
អ្នកដាំជីរវ៉ាន់ស៊ុយ បែបសរីរាង្គ មកពីភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោកស្រី ថោង ថាវរី អះអាងប្រាប់វិទ្យុអាស៊ីសេរី ថា ដោយសម្លឹងឃើញផលប្រយោជន៍ច្រើននៃជីរវ៉ាន់ស៊ុយ គ្រួសារលោកស្រីបានបង្កើនការដាំជីរវ៉ាន់ស៊ុយជាច្រើនរង៖ «ជីរហ្នឹងគេចូលចិត្តជាងគេ គេច្រើនទិញជាងគេ គេច្រើនទិញដាក់ស៊ុប ដាក់គុយទាវអីហ្នឹង ហើយវាលក់ដាច់ណាស់»។
លោកស្រី ថោង ថាវរី បានឲ្យដឹងដែរថា ជីរវ៉ាន់ស៊ុយមាន ២ប្រភេទ គឺពូជស្លឹកឆែកៗ ធំៗ និងពូជស្លឹកឆែកតូចៗល្មម។ សម្រាប់លោកស្រី គឺដាំប្រភេទពូជជីរវ៉ាន់ស៊ុយស្លឹកឆែកៗធំ ព្រោះពូជនេះពេញនិយមលើទីផ្សារប្រចាំថ្ងៃ។
តើត្រូវការរើសដីប្រភេទអ្វីដើម្បីដាំជីរវ៉ាន់ស៊ុយឆាប់បានផល?
លោកស្រីឲ្យដឹងថា ជីរវ៉ាន់ស៊ុយត្រូវដាំលើកជារង ដូចដាំបន្លែដទៃដែរ។ ការលើករងដាំជីរ គឺភ្ជួរ ហើយដំបំបែកដីឲ្យម៉ត់ លើកជារងកម្ពស់ ១តឹក យកក្បាលរង ៨តឹក បណ្ដោយតាមដីដែលមាន។ នៅរឹមផ្នែកខាងៗនៃរងត្រូវទប់ដីឲ្យខ្ពស់ជាងដីកណ្ដាលរង។ ដីកណ្ដាលរង ត្រូវពង្រាបវាឲ្យស្មើដើម្បីឲ្យទឹកស្រោចទៅវាដក់ក្នុងដីបានច្រើនម៉ោង។
វិធីដាំជីរវ៉ាន់ស៊ុយ ក្រោយរៀបចំដីសម្រាប់ដាំរួច?
អ្នកដាំជីរវ៉ាន់ស៊ុយរូបនេះឲ្យដឹងថា នៅពេលលើករងរួចត្រូវរើសពូជជីរវ៉ាន់ស៊ុយមកដាំ ពូជជីរនោះគេអាចដាំដោយព្រោះគ្រាប់ មិនដាំដោយដោតទង ឬដកយកកូនយកទៅដាំ ដូចជីនាងវង ឬបន្លែដទៃទៀតនោះទេ៖ «ដំបូងខ្ញុំបោចស្មៅ កាប់ដីហាលវា ដំវាឲ្យតូច ហាលដី ៣ ទៅ ៤ថ្ងៃចាំយកគ្រាប់ជីរវ៉ាន់ស៊ុយ មកកិនឲ្យម៉ត់ ព្រោះជីរវ៉ាន់ស៊ុយ បើមិនកិនមិនដុះទេ រួចយកគ្រាប់ដែលកិនរួចមកព្រោះ ក្រោយមកយកចំបើងមកគ្របពីលើ ហើយស្រោចទឹកវាទៅតែថ្ងៃ ១៥ថ្ងៃ បានវាដុះកូន»។
អ្នកដាំជីរវ៉ាន់ស៊ុយរូបនេះ ក៏ណែនាំពីគន្លឹះសំខាន់ឲ្យជីរវ៉ាន់ស៊ុយ ដែលដាំ មានដើមល្អ លូតលាស់ល្អចំពោះជីរវ៉ាន់ស៊ុយ ដាច់ខាតត្រូវដាំនៅពេលល្ងាច ហាមដាំនៅពេលថ្ងៃក្ដៅ ព្រោះជីរជាអាហារស្លឹក វាឆាប់ស្រពោន។ បើដាំនៅពេលល្ងាចទើបល្អ ព្រោះក្រោយពីដាំ វាត្រូវទឹកសន្សើមនៅពេលយប់រយៈពេលយូរ គឺដើមវានៅតែស្រស់មិនស្រពោន។ ប៉ុន្តែមកដល់ត្រង់នេះ លោកស្រីបញ្ជាក់ថា ជីរវ៉ាន់ស៊ុយ មិនសូវល្អនៅពេលអ្នកដាំប្រើជីគីមីលើវា។ ជីរវ៉ាន់ស៊ុយភាគច្រើនវាដុះល្អនៅពេលអ្នកដាំប្រើដីដំបូក និងមេជីរប៉ុស្តិ៍ទឹកផ្សំពីធម្មជាតិ ដែលផ្សំចេញពីស្លឹកឈើរលួយ។
ដោយឡែកការថែទាំវិញ លោកស្រីឲ្យដឹងថា ជីរវ៉ាន់ស៊ុយត្រូវការស្រោចទឹក ១ថ្ងៃ ២ដង គឺព្រឹកល្ងាច បោចស្មៅ ជ្រួយដីឲ្យធូរ ដើម្បីឲ្យទឹកងាយជ្រាបចូលក្នុងដី រក្សាសំណើមបានយូរ ធ្វើឲ្យឫសជីវ៉ាន់ស៊ុយ អាចស្រូបយកជីជាតិស្រួលទាំងដើម និងស្លឹកជីរវ៉ាន់ស៊ុយ។ ជីរវ៉ាន់ស៊ុយ ក្រោយពីដាំវាបាន ៩០ថ្ងៃ វាអាចកាត់បានលក់នៅលើទីផ្សារហើយ។ ចំណែកឯទីផ្សារដែលលោកស្រីលក់គឺលក់នៅលើទីផ្សារមួយចំនួននៅរាជធានីភ្នំពេញ ដូចជាផ្សារទួលសង្កែ ផ្សារសាំហាន់ ជាដើម។
លើសពីនេះ ជីរវ៉ាន់ស៊ុយ គឺជាគ្រឿងទេសដ៏សំខាន់មួយប្រភេទ មិនត្រឹមតែប្រើដើម្បីបន្ថែមសម្រស់ និងក្លិនក្នុងអាហារប៉ុណ្ណោះទេ។ ជីរវ៉ាន់ស៊ុយ គេក៏អាចបរិភោគដើមស្រស់ និងស្លឹកស្រស់ ដើម្បីនាំមកនូវជីវជាតិផ្សេងៗ ដូចជា វីតាមីន កាល់ស្យូម ប្រូតេអ៊ីន ជាតិផេះ សារធាតុរ៉ែ ជាតិសរសៃ ប៉ូតាស្យូម ជាតិដែក រួមនឹងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀត ដែលអាចឲ្យមនុស្សមានសុខភាពមាំមួន។
ទោះបីជាជីរវ៉ាន់ស៊ុយ មានតម្លៃខ្ពស់ និងមិនសូវមានការប្រកួតប្រជែងក្ដី ប៉ុន្តែអ្នកដាំជីរវ៉ាន់ស៊ុយរូបនេះថា ដំណាំជីរវ៉ាន់ស៊ុយ មានបញ្ហាប្រឈមខ្លះដែរ គឺសត្វល្អិតស៊ីស្លឹកក្នុងនោះមានដូចជាដង្កូវ ចង្រិត មេអំបៅ និងកណ្ដូបជាដើម។ មូលហេតុទាំងនេះ អ្នកដាំជីរវ៉ាន់ស៊ុយរូបនេះចង់ឃើញរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ លើកទឹកចិត្តកសិករដាំជីរវ៉ាន់ស៊ុយ ទាំងជនបទ ទាំងទីក្រុង ធ្វើយ៉ាងណារិះរកវិធីសាស្ត្រ និងផ្ដល់បច្ចេកទេសថ្មីៗ ដើម្បីបញ្ចៀសបញ្ហាផ្សេងៗក្នុងអាជីពកសិកម្ម ពិសេសត្រូវជួយស្វែងរកទីផ្សារនៅពេលដែលកសិករដាំជីរវ៉ាន់ស៊ុយបានជោគជ័យ។
អ្នកដាំជីរវ៉ាន់ស៊ុយរូបនេះអះអាងថា បើរដ្ឋាភិបាលធ្វើបែបនេះបាន កម្ពុជានឹងអាចឈានទៅកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេស។
ឆ្លើយតបការស្នើសុំរបស់អ្នកដាំជីរវ៉ាន់ស៊ុយ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ក្រសួងមិនដឹងពីបញ្ហានេះនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព និងជាមុខព្រួញដ៏សំខាន់ដើម្បីចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ហេតុនេះ លោកថា ក្រសួងនឹងខិតខំផ្សព្វផ្សាយលើផ្នែកបច្ចេកទេសថ្មីៗ ដើម្បីដោះស្រាយបញ្ហាសត្វចង្រៃដែលកសិករជួបប្រទះ រួចហើយផ្សព្វផ្សាយឲ្យទូលំទូលាយតាមបណ្ដាញសង្គម។
បន្ថែមពីនេះ លោកថា អគ្គនាយកដ្ឋានកសិកម្មកំពុងតែជំរុញផលិតកម្មបន្លែ មិនមែនតែជីរវ៉ាន់ស៊ុយប៉ុណ្ណោះទេ ដើម្បីសំដៅបំពេញសេចក្ដីត្រូវការក្នុងស្រុក និងនាំចេញផងដែរ៖ «ដោយឡែកចំពោះបញ្ហាសត្វល្អិតចង្រៃដែលបំផ្លាញជីវ៉ាន់ស៊ុយនោះទេ ខ្ញុំនឹងជូនព័ត៌មានហ្នឹងទៅអគ្គនាយកដ្ឋានកសិកម្ម ហើយនៅពេលដែលខ្ញុំរកឃើញពីដំណោះស្រាយ ខ្ញុំដាក់ផ្សព្វផ្សាយក្នុងបណ្ដាញសង្គម ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយើង ដើម្បីមានគន្លឹះខ្លះជួយកាត់បន្ថយសត្វចង្រៃបំផ្លាញ»។
យ៉ាងណាក៏ដោយ អ្នកដាំជីរវ៉ាន់ស៊ុយ នៅតែចង់ឃើញប្រទេសកម្ពុជា អាចផលិត និងមានវិធីទប់ស្កាត់នានាលើបញ្ហាសត្វចង្រៃនានា ដើម្បីជំរុញការនាំចេញ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។