ពលរដ្ឋ​នៅ​ក្នុង​ឃុំ​២​នៃ​ខេត្ត​កំពង់ឆ្នាំង​នឹង​ទទួល​ផល​ពី​ស្ថានីយ​សាក​អាគុយ​ដោយ​ប្រើ​ពន្លឺ​ព្រះអាទិត្យ

ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ជា​ច្រើន​រយ​គ្រួសារ​ក្នុង​ឃុំ​ចំនួន​២ ក្នុង​ខេត្ត​កំពង់ឆ្នាំង នឹង​បាន​ទទួល​ផល​ពី​ស្ថានីយ​បញ្ចូល​អាគុយ ដោយ​ប្រើ​ពន្លឺ​ព្រះអាទិត្យ​ដែល​ជា​គម្រោង​សាកល្បង​លើក​ទី​មួយ​នៅ​ប្រទេស​កម្ពុជា។

0:00 / 0:00

អង្គការ​ពុំ​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ ឈ្មោះ​ហៅ​ថា អង្គការ​អ្នក​កសាង​សមត្ថភាព កំពុង​តែ​ដំណើរការ​សាង​សង់​ដំឡើង​ស្ថានីយ​សាក​អាគុយ​ដោយ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ចំនួន ៤​កន្លែង នៅ​ក្នុង​ឃុំ​ថ្មអិដ្ឋ​និង​ឃុំ​ពានី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

អ្នកស្រី ងិន ណាវីរៈ មន្ត្រី​សម្របសម្រួល​កម្មវិធី​ជំនួយ​ខ្នាត​តូច​របស់​មូលនិធិ​បរិស្ថាន​ពិភពលោក ប្រចាំ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា (UNDP) បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​គម្រោង​កម្មវិធី​សាកល្បង​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​កម្មវិធី​ជំនួយ​ខ្នាត​តូច​របស់​មូលនិធិ​បរិស្ថាន​ពិភពលោក។

ចំណែក​លោក គង់ ផារិទ្ធិ ប្រធាន​អង្គការ​អ្នក​កសាង​សមត្ថភាព ដែល​ជា​អង្គការ​ប្រតិបត្តិ​គម្រោង​កម្មវិធី​សាកល្បង​នេះ បាន​ឲ្យ​ដឹង​អំពី​កំលាំង​ថាមពល​ដែល​ស្ថានីយ​នីមួយៗ មាន​លទ្ធភាព​ផលិត​ដើម្បី​ផ្តល់​ជា​សេវាកម្ម​សាក​អាគុយ​ដល់​អ្នក​ភូមិ​ជា​ច្រើន​រយ​គ្រួសារ ក្នុង​ឃុំ​ទាំង​ពីរ នៅ​ពេល​ដំឡើង​រួច​ហើយ​នោះ។

លោក គង់ ផារិទ្ធិ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បើ​គិត​ទៅ ៤​ម៉ឺន​ដុល្លារ​ហ្នឹង យើង​ដាក់​មួយ​កន្លែង​ហ្នឹង គិត​ទៅ​វា ១០​បន្ទះ។ ១០​បន្ទះ​ហ្នឹង គិត​ជា​ថាមពល​គឺ​មួយ​ថ្ងៃ មួយ​ផ្ទាំង ៧០០​វ៉ាត់ ១០​បន្ទះ​ក្នុង​មួយ​ថ្ងៃ វា ៧​ពាន់​វ៉ាត់។ អ៊ីចឹង​ផ្ដល់​ភ្លើង​ឲ្យ​ប្រជាជន​ក្នុង​មួយ​ថ្ងៃ​ហ្នឹង ៧​គីឡូវ៉ាត់។ហើយ​អ៊ីចឹង​គម្រោង​ហ្នឹង គឺ​យើង​ដាក់​កន្លែង​ហ្នឹង​ឲ្យ​បាន ៤​ស្ថានីយ ហើយ​ស្ថានីយ​នីមួយៗ គឺ​ថា​អាច​ផ្ដល់​ភ្លើង​ជា​មធ្យម គឺ​ផ្ដល់​ភ្លើង​ចាប់​ពី ៧​គីឡូវ៉ាត់ សម្រាប់​មួយ​ស្ថានីយៗ​ក្នុង​មួយ​ថ្ងៃ។ ក្នុងហ្នឹងបងប្អូនយើង ដែលធ្លាប់សាក គឺថាមួយថ្ងៃយ៉ាងហោច​ណាស់​បាន ២០​គ្រួសារ​ក្នុង​មួយ​កន្លែង ហើយ​បើ​គាត់​សាក​ម្ដង​បាន ៣​ថ្ងៃ គាត់​វិល​មក​ជួប​ជុំ​គ្នា​វិញ​អ៊ីចឹង មួយ​ស្ថានីយ​ហ្នឹង អាច​បម្រើ​ប្រជាជន​យ៉ាង​តិច​ណាស់ ក៏​ពី ៧០ ទៅ ១០០​គ្រួសារ​ដែរ មួយ​កន្លែងៗ។ ដល់​ពេល​យើង​គិត​ទៅ​ជា​អ្នក​ទទួល​ផល​ទៅ ក្នុង​គ្រួសារ​ហ្នឹង ជា​មធ្យម​គ្រួសារ​ខ្មែរ​មាន​ពី ៦​នាក់ ទៅ ៧​នាក់ អ៊ីចឹង​យើង​គិត​ហើយ គឺ​បាន​ច្រើន​គ្នា​ដែរ»

ឯកសារ​សិក្សា​របស់ UNDP នៅ​កម្ពុជា​ស្តីពី​គម្រោង​ដំឡើង​ស្ថានីយ​ប្រើ​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ដើម្បី​បញ្ចូល​អាគុយ​នៅ​តាម​ជនបទ​នេះ បាន​សរសេរ​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ប្រមាណ​ជា ៤៨០​គ្រួសារ នៅ​ក្នុង​ឃុំ​ថ្មអិដ្ឋ និង​ឃុំ​ពានី ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នឹង​បាន​ទទួល​ផល​ពី​គម្រោង​កម្មវិធី​សាកល្បង​នេះ។

ឯកសារ​សិក្សា​របស់ UNDP ក៏​បាន​បង្ហាញ​ផង​ដែរ​អំពី​គុណ​ប្រយោជន៍​របស់​ស្ថានីយ​សាក​អាគុយ​ដោយ​ប្រើ​ពន្លឺ​ថ្ងៃ នៅ​តាម​ជនបទ​នេះ ដែល​នៅ​ពេល​សាងសង់​ហើយ​នោះ នឹង​ជួយ​កាត់​បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​អ្នក​ស្រុក​ស្រែ​ចម្ការ​ក្នុង​ការ​សាក​អាគុយ​យក​មក​ប្រើប្រាស់​តាម​ផ្ទះ បាន​រហូត​ដល់​ទៅ​ពាក់​កណ្តាល​នៃ​តម្លៃ​បច្ចុប្បន្ន ដែល​សាក​ដោយ​ម៉ាស៊ីន​ភ្លើង​ប្រើ​ប្រេង​ឥន្ធនៈ។

លោក គង់ ផារិទ្ធិ បាន​អធិប្បាយ​បន្ថែម​អំពី​គុណ​ប្រយោជន៍​ក្នុង​ការជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ដែល​ជា​គោលដៅ​ដ៏​ចម្បង​មួយ​នៃ​គម្រោង​កម្មវិធី​កសាង​ស្ថានីយ​សាក​អាគុយ​ដោយ​ពន្លឺ​ថ្ងៃ​នេះ ដែល​អាច​មាន​ប្រសិទ្ធភាព​រហូត​ដល់​ទៅ ៣០​ឆ្នាំ បើ​ថែ​ធួន​បាន​ល្អ។

លោក គង់ ផារិទ្ធិ មាន​ប្រសាសន៍​បែប​នេះ​ថា ៖ «ខ្ញុំ​និយាយ ១០​ផ្ទាំង​ហ្នឹង​មួយ​កន្លែង​ទេ ហើយ​វា ៤​កន្លែង វា​ត្រូវ​ជា ៤០​ផ្ទាំង​ឯណោះ។ ៤​កន្លែង​វា​ឲ្យ​ផល​ទៅ​ប្រជាជន​ហ្នឹង ខ្ញុំ​គិត​តែ ៤០០​គ្រួសារ ក្នុង​មួយ​កន្លែង ១០០​គ្រួសារ។ អ៊ីចឹង ១០០​គ្រួសារ​ហ្នឹង បើ​សិន​ជា​គាត់​បញ្ចូល​អាគុយ​គេ ពី​មុន​គាត់​បញ្ចូល​អស់ ៣​ពាន់ ឬ​៤​ពាន់​អ៊ីចឹង បើ​សិន​ជា​គាត់​បញ្ចូល ៤​ពាន់ ដល់​ពេល​យើង​ដាក់​អា​នេះ​ទៅ គាត់​បញ្ចូល​នៅ​សល់​តែ ២​ពាន់​ទេ។ ហើយ​នេះ​ជា​គម្រោង​មួយ ដែល​ជា​គម្រោង​សាកល្បង​ទេ បើ​សិន​ជា​គម្រោង​នេះ​ដំណើរការ​ល្អ កម្មវិធី​ហ្នឹង អាច​ពង្រីក​ទៅ​ខេត្ត​ផ្សេងៗ​ទៀត»

លោក គង់ ផារិទ្ធិ ក៏​បាន​បញ្ជាក់​អំពី​គោលដៅ​សំខាន់​មួយ​ទៀត​នៃ​គម្រោង​កម្មវិធី​សាកល្បង​នេះ គឺ​ការ​កាត់​បន្ថយ​ការប្រើ​ប្រេង​ឥន្ធនៈ​និង​ការ​បំភាយ​ឧស្ម័ន​កាបូនិក​ទៅ​ក្នុង​បរិយាកាស ដែល​ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​ថា គឺ​ជា​មូលហេតុ​ដ៏​ចម្បង​មួយ ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​និង​ធ្វើ​ឲ្យ​ភព​ផែន​ដី​មាន​កម្ដៅ​កើន​ឡើង​ខុស​ប្រក្រតី។

លោក គង់ ផារិទ្ធិ បញ្ជាក់​បន្ថែម​ដូច្នេះ​ថា ៖ «នៅ​ជនបទ​ហ្នឹង គាត់​ត្រូវ​តែ​បញ្ឆេះ​ម៉ាស៊ីន​បញ្ចូល​អាគុយ​ដើម្បី​បញ្ចូល​បាន​អស់​ពី ៦​លីត្រ ទៅ ៨​លីត្រ ក្នុង​មួយ​ថ្ងៃ។ ហើយ​ក្នុង ៤​ម៉ាស៊ីន​ហ្នឹង ៣២​លីត្រ អ៊ីចឹង​មួយ​ថ្ងៃ យើង​ត្រូវ​ចំណាយ​ប្រេង​ហ្នឹង ១​កាន ព្រោះ​ម៉ាស៊ីន​ដែល​គេ​បញ្ចូល​អាគុយ​ហ្នឹង គឺ​ជា​ម៉ាស៊ីន​ម៉ាស្សូត ហើយ​ម៉ាស៊ីន​នោះ​បញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់ បញ្ចេញ​ឧស្ម័ន​កាបូនិក​ហ្នឹង​ច្រើន​ណាស់។ ហើយ​ឧស្ម័ន​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​កម្ដៅ​ថ្ងៃ​ហ្នឹង កាន់​តែ​ក្ដៅ​ឡើង។ បើ​យើង​ប្រើ Solar ទៅ អ៊ីចឹង​យើង​កាត់​បន្ថយ​ការ​បញ្ឆេះ​ម៉ាស៊ីន​ហ្នឹង មួយ​ថ្ងៃ​ឧទាហរណ៍​ថា មួយ​ថ្ងៃ ៨​លីត្រ​អ៊ីចឹង យើង​មើល​ថា តើ​ម៉ាស្សូត​ដុត ៨​លីត្រ​នេះ បើ​ការ​បង្កើត​ទៅ​ជា​ឧស្ម័ន​កាបូនិក វា​ប៉ុន្មាន​ម៉ែត្រ​គូប ឧទាហរណ៍​អ៊ីចឹង ឬ​ក៏​គិត​ថា​ថ្លឹង​ទៅ​ជា​គីឡូ​វិញ គឺ​ខ្យល់​ឧស្ម័ន​កាបូនិក​ហ្នឹង ប៉ុន្មាន​គីឡូ។ អ៊ីចឹង​គម្រោង​ការ​ហ្នឹង គឺ​ថា​យើង​ចង់​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​ឧស្ម័ន​កាបូនិក​ដែល​ចេញ​ពី​ម៉ាស៊ីន​ម៉ាស្សូត ដែល​ជា​ម៉ាស៊ីន​មួយ ដែល​ចេញ​ផ្សែង​ខ្លាំង​បំពុល​បរិយាកាស​ខ្លាំង​បំផុត»

មន្ត្រី​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា អ្នកស្រី ងិន ណាវីរៈ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា គម្រោង​កម្មវិធី​សាកល្បង​នៃ​កសាង​ស្ថានីយ​ប្រើ​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ដើម្បី​បញ្ចូល​អាគុយ​នៅ​តាម​ជនបទ​នេះ គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​គម្រោង​កម្មវិធី​ចម្បងៗ ៥ របស់​មូលនិធិ​បរិស្ថាន​ពិភពលោក។

អ្នកស្រី ងិន ណាវីរៈ មាន​ប្រសាសន៍​ថា ៖ «ខាង​កម្មវិធី​បរិស្ថាន​ពិភពលោក គេ​មាន​ប្រធាន​បទ​៥ ដែល​ទី​១ ពាក់ព័ន្ធ​នឹង​ការ​អភិរក្ស​ជីវចម្រុះ ពាក់ព័ន្ធ​នឹង​ព្រៃឈើ ដាំ​ព្រៃ​ឈើ​ឡើង​វិញ ការថែ​រក្សា​បឹង​ធម្មជាតិ ការថែ​រក្សា​ពូជ​សត្វ ដែល​ជិត​បាត់បង់​នៅ​ក្នុង​ពិភពលោក ក៏​ដូចជា​ក្នុង​តំបន់។ គម្រោង​មួយ​ទៀត គឺ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ គឺ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ការ​សន្សំ​សំចៃ​ឧស ចង្រ្កាន​សន្សំ​សំចៃ​ឧស ការ​ប្រើប្រាស់​ថាមពល​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​គម្រោង​មួយ​ទៀត ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ដី​ប្រកប​ដោយ​និរន្តរ​ភាព។ ហើយ​ប្រធាន​បទ​មួយ​ទៀត គឺ​ការ​លុប​បំបាត់​ចោល​ការ​ប្រើប្រាស់​គីមី​ដែល​មិន​រលាយ។ ដោយ​ឡែក គម្រោង​ដែល​យើង​ផ្ដល់​ជូន ទៅ​ខាង​អ្នក​កសាង​សមត្ថភាព គឺ​ស្ថិត​នៅក្នុង​ការកាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ»

គម្រោង​កម្មវិធី​ដំឡើង​ជា​ស្ថានីយ​សាក​អាគុយ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​តាម​ជនបទ​ដែល​ដំណើរការ​សាកល្បង​ជា​លើក​ដំបូង​បង្អស់ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង មាន​រយៈពេល​១​ឆ្នាំ ចាប់​ផ្តើម​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​គ្រោង​នឹង​បញ្ចប់​ការដំឡើង​ស្ថានីយ​ទាំង​៤ កន្លែង​ក្នុង​ឃុំ​ថ្មអិដ្ឋ និង​ឃុំ​ពានី ឲ្យ​ហើយ​សព្វគ្រប់​នៅ​ក្នុង​ខែ​កក្កដា ២០០៩៕