អំពើហិង្សាលើស្ត្រីជាប្រធានបទនៃការផ្សព្វផ្សាយ និងពិភាក្សាជាប់មិនដាច់នៅឡើយ ទាំងនៅលើទំព័រសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម តាមប្រព័ន្ធអ៊ីនធឺណិត (Internet) ផង។ បញ្ហានេះមានទាំងអ្នកលើកសរសើរចំណាត់ការរបស់អាជ្ញាធរ មានទាំងអ្នករិះគន់ថា មិនបានចាត់វិធានការអោយបានស្មើភាពគ្នានៅឡើយ។
ចំពោះក្រុមអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារលើកកម្ពស់សិទ្ធិស្ត្រីបានមើលឃើញថា ការអនុវត្តច្បាប់មិនបានស្មើភាពគ្នានេះហើយ ដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលធ្វើអោយអំពើហិង្សាលើស្ត្រីនៅតែបន្តកើតមាន មិនថា ក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូល។
ក្នុងរយៈពេលជិតមួយខែមកនេះ នៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានការប្រៀបធៀបករណីអំពើហិង្សាធំៗ លើស្ត្រីមួយចំនួន ដែលរួមមានការបាញ់ប្រហារ ការជះទឹកអាស៊ីដ និងការវាយតប់លើស្ត្រីជាតារាភាពយន្ត អ្នកសម្ដែងចម្រៀងខារ៉ាអូខេ (Karaoke) និងអំពើហិង្សាលើកម្មករ ៣នាក់នៅក្រុងបាវិត។
គេបានករណីទាំងនោះចំៗ រួមមាន ការបាញ់សម្លាប់ អ្នកស្រី ពិសិដ្ឋ ពិលីកា កាលពីឆ្នាំ១៩៩៩។ ការបាញ់អ្នកចម្រៀង កញ្ញា ទូច ស៊ុននិច កាលពីឆ្នាំ២០០៣ និងកញ្ញា ពៅ បញ្ញាពេជ្រ កាលពីឆ្នាំ២០០៧។ ករណីជះទឹកអាស៊ីតលើកញ្ញា តាត ម៉ារីណា កាលពីឆ្នាំ២០០៩ និងសំណុំរឿងស្ត្រីស្រឡាញ់ភេទដូចគ្នាប្រព្រឹត្តលើកញ្ញា អ៊ិន សូលីដា។ ករណីទាំងនេះជនរងគ្រោះជាស្ត្រីនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ ស្របគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមក៏លើកបញ្ហាកម្មការិនីជាស្ត្រី ៣នាក់ ដែលរងគ្រោះដោយគ្រាប់កាំភ្លើងរបស់អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត កាលពីដើមឆ្នាំ២០១២។
ករណីទាំងនោះត្រូវគេសើរើមកវិញ ដោយប្រៀបធៀបនឹងករណីអំពើហិង្សាដែលទើបកើតឡើងថ្មីៗនេះ លើអតីតពិធីការិនីទូរទស្សន៍ស៊ី.ធី.អិន (CTN) កញ្ញា ឯក សុជាតា ហៅសាសា ដែលបានការជ្រោមជ្រែងពីប្រមុខរដ្ឋាភិបាលក្នុងការតាមចាប់ខ្លួនជនសង្ស័យគឺលោក សុខ ប៊ុន មកផ្ដន្ទាទោស។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារលើកស្ទួយសិទ្ធិស្ត្រីលើកឡើងថា ករណីទាំងនេះជាឧទាហរណ៍ឆ្លុះបញ្ចាំងពីករណីអំពើហិង្សាទៅលើស្ត្រីផ្សេងទៀត ទាំងក្នុងគ្រួសារ និងក្នុងសង្គមជាតិ ដែលមិនទាន់បានទទួលយុត្តិធម៌ដោយសារតែការចាត់វិធានការមិនដូចគ្នារបស់អាជ្ញាធរនេះឯង។
នាយិកាប្រតិបត្តិនៃអង្គការសីលកា និងជាប្រធានដឹកនាំនៃគណៈកម្មាធិការលើកស្ទួយស្ត្រី ក្នុងវិស័យនយោបាយ អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា មូលហេតុចម្បងមួយនៃអំពើហិង្សាលើស្ត្រី គឺការរើសអើងពីសង្គម ដែលចាត់ទុកស្ត្រីថា ជាភេទដែលត្រូវចេះអត់ធ្មត់អត់ទ្រាំនឹងការប្រមាថ ការបំពារបំពានសិទ្ធិពីដៃគូជាបុរស។ នៅពេលកើតមានអំពើហិង្សាលើខ្លួនស្ត្រីត្រូវអត់ទ្រាំ លាក់មុខ មិនតតាំង ដើម្បីស្វែងរកយុត្តិធម៌ឡើយ ឬពុំមានអ្នកណាយកចិត្តទុកដាក់ជួយអោយស្ត្រី អាចក្រោកឈរតវ៉ារកយុត្តិធម៌សម្រាប់ខ្លួន ឬសម្រាប់ស្ត្រី ដូចគ្នាឡើយ។ ហេតុនេះយុត្តិធម៌ក៏មិនត្រូវគេផ្ដល់អោយទៅតាមនោះដែរ។
អ្នកស្រី ធីតា ឃិះ៖ «បច្ចុប្បន្នដែលស្រ្តី ៨០ ទៅ ៩០ភាគរយ ជាអ្នកចិញ្ចឹមគ្រួសារ ប៉ុន្តែបុរសនៅតែទាមទារអោយស្ត្រីធ្វើអាកប្បកិរិយាដូចក្នុងឆ្នាំ១៦០០ គឺវាអត់ស៊ីគ្នាទេ»។
ទោះជាយ៉ាងណា ជាច្រើនឆ្នាំមកនេះ កម្ពុជាបានបង្កើតអោយមានបទដ្ឋានច្បាប់មួយចំនួនដែលធានាការពារទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារី ដើម្បីអោយស្របតាមបទដ្ឋានច្បាប់អន្តរជាតិ ដែលរដ្ឋាភិបាលបានផ្ដល់សច្ចាប័ន។ ក្នុងនោះរួមមានច្បាប់ប្រឆាំង ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ច្បាប់ទប់ស្កាត់អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ច្បាប់គ្រប់គ្រងទឹកអាស៊ីដ ផែនការជាតិលើកទី២ទប់ស្កាត់អំពើហិង្សាលើស្ត្រី រួមនឹងបទដ្ឋានពាក់ព័ន្ធមួយចំនួនទៀត។
យ៉ាងនេះក្ដីក៏មានការរិះគន់ថា បទដ្ឋានច្បាប់ទាំងនោះក៏មិនត្រូវគេអនុវត្តអោយស្មើៗភាពគ្នានៅឡើយ។ ពោលគឺការអនុវត្តបទដ្ឋានច្បាប់ទាំងនោះនៅខ្វះខាត ឬធូររលុងនៅឡើយ។ ផលប៉ះពាល់ពីយុត្តិធម៌មិនស្មើភាពគ្នានេះហើយដែលអ្នកប្រព្រឹត្តអំពើហិង្សាលើស្ត្រី ភាគច្រើនជាបុរសមិនខ្លាចរអានឹងប្រព្រឹត្តហិង្សាឡើយ។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ការមិនអនុវត្តអភិបាលកិច្ចល្អ បក្សពួកនិយម និងការប្រើប្រព័ន្ធយុត្តិធម៌ធ្វើជាឈ្នាន់របស់អ្នកមានអំណាចជាបញ្ហាត្រូវដោះស្រាយ ប្រសិនបើរដ្ឋាភិបាលប្រាថ្នាអោយស្ត្រីទទួលបានយុត្តិធម៌ស្មើគ្នា៖ «ប្រសិនបើរដ្ឋាភិបាលនៅតែផ្អៀងក្នុងការចាត់វិធានការចំពោះអ្នកដែលខិលខូច ដែលជាអ្នកមានឋានៈខ្ពស់ ខ្ញុំគិតថា ស្រ្តីនៅតែរងគ្រោះអ៊ីចឹងទៀត»។
ក្នុងរបាយការណ៍ប៉ាន់ប្រមាណពីអំពើហិង្សាក្នុងគ្រួសារដែលចងក្រងដោយក្រសួងកិច្ចការនារីបង្ហាញថា អំពើហិង្សាគ្រប់រូបភាពលើស្ត្រី នៅមានកម្រិតខ្ពស់នៅឡើយ ក្នុងនោះរួមទាំងអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើហិង្សាផ្លូវភេទ ការកេងប្រវ័ញ្ច។ ចំណែកការប្រឈមនឹងអំពើហិង្សា និងអំពើរំលោភផ្លូវភេទរបស់ស្ត្រី និងកុមារីក៏កើនឡើងដែរ។
ក្នុងរបាយការណ៍ដដែលក៏បានលើកឡើងពីការលំបាកក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រីនេះដែរ មានជាអាទិ៍ ការអនុវត្តគោលនយោបាយនៅខ្វះចន្លោះ ទំនៀមទម្លាប់ ខ្វះការគាំទ្រអោយស្ត្រីចេញមុខទាមទារយុត្តិធម៌ វប្បធម៌និទ្ទណ្ឌភាព ការសម្រុះសម្រួល និងផ្ដល់សំណងក្រៅប្រព័ន្ធតុលាការ និងចំណេះដឹងផ្នែកយេនឌ័រក្នុងចំណោមមន្ត្រីនគរបាល និងអាជ្ញាធរមូលដ្ឋានជាដើម។ ប៉ុន្តែមិនបាននិយាយចំៗដល់ការអនុវត្តមិនស្មើភាពគ្នាចំពោះមុខច្បាប់រវាងពលរដ្ឋសមញ្ញា និងអ្នកមានអំណាច ឬអ្នកមានទ្រព្យធនឡើយ។
ទាក់ទងដល់ករណីនេះរដ្ឋមន្ត្រី ក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី ធ្លាប់មានប្រសាសន៍ថា អំពើហិង្សាជាអាទិភាពមួយដែលរដ្ឋាភិបាលតែងយកចិត្តទុកដាក់៖ «អំពើហិង្សាយើងដឹងហើយជាបញ្ហាចម្បងនៅក្នុងសង្គមខ្មែរ ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងសង្គម។ យើងឃើញហើយកន្លងមកក្រសួងកិច្ចការនារី ក្រសួងពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលបានបង្កើតគោលនយោបាយជាតិប្រឆាំងអំពើហិង្សាលើស្រ្តី និងកុមារ យើងអនុវត្តជាមួយក្រសួងជំនាញ ដើម្បីទប់ស្កាត់អំពើហិង្សា ហើយបង្កវប្បធម៌អហិង្សាក្នុងសង្គមខ្មែរ»។
អង្គការសង្គមស៊ីវិលជាង ៥០ នាំគ្នារៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ស្ថានភាពស្ត្រីក្នុងសង្គម ឬផែនការសកម្មភាព ប៉េកាំង+២០ និងរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥។ ក្នុងនោះក៏បានលើកយកបញ្ហាប្រឈមរបស់ស្ត្រី ១៦ចំណុចផ្សេងទៀត រួមមានភាពក្រីក្រគ្រប់ទម្រង់ កំណើនសេដ្ឋកិច្ចសុខភាព។ ផែនការនេះនឹងត្រូវដាក់ជូនរដ្ឋាភិបាល ក្នុងនោះមានក្រសួងកិច្ចការនារីជាដើម ដើម្បីសិក្សា និងបន្តលើកកម្ពស់ស្ថានស្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។