កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ កំពុងត្រូវបានអតីតស្ត្រីទី១ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រែក្លាយទៅជាកន្លែងទទួលលុយកខ្វក់ពីក្រុមឧក្រិដ្ឋជនលេចធ្លោមួយចំនួន។ ការស៊ើបអង្កេតមួយរបស់វិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះ រកឃើញថា ចាប់តាំងពីឆ្នាំ២០២០មក កាកបាទក្រហមកម្ពុជារបស់អ្នកស្រី ប៊ុន រ៉ានី បានទទួលអំណោយជាង៧លានដុល្លារ ពីក្រុមហ៊ុន និងក្រុមបុគ្គល ដែលទាក់ទងនឹងអំពើឆបោក កាស៊ីណូអនឡាញ ការកាប់បំផ្លាញព្រៃឈើ និងការរំលោភសិទ្ធិមនុស្ស ជាដើម។ បុគ្គលទាំងនោះមានដូចជា លោក ចេន ហ្ស៊ី (Chen Zhi) ម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស កាស៊ីណូ និងការឆបោកតាមអនឡាញ, ឧកញ៉ា ទ្រី ភាព ដែលល្បីល្បាញក្នុងឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើខុសច្បាប់, អ្នកជំនួញជនជាតិចិនឈ្មោះ លី តាវ (Li Tao) ដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកក្នុងរឿងរំលោភសិទ្ធិមនុស្ស, អ្នកជំនួញឈ្មោះ ឈិន អាយឡែន (Chen AI Len) នាយកសណ្ឋាគារ ខេប៊ី (K.B. Hotel) ដែលមានរឿងចម្រូងចម្រាសល្បីល្បាញក្នុងករណីជួញដូរមនុស្ស, ក្រុមហ៊ុន ចឹង ហេង គ្រូប (Zheng Heng Group), ក្រុមហ៊ុន ជីនប៉ី គ្រូប (Jin Bei Group), និងឧកញ៉ា លី យ៉ុងផាត់ ជាដើម។
កាន់តែធ្ងន់ធ្ងរជាងនេះទៀត ស្ថាប័នមួយនេះ ក៏រងការរិះគន់ពីក្រុមពលរដ្ឋរងគ្រោះមួយចំនួនថាជាស្ថាប័នរើសអើងជនរងគ្រោះដោយនិន្នាការនយោបាយ បក្ខពួកនិយមចាក់ស្រេះ ចែកអំណោយគ្មានតម្លាភាព និងជាកន្លែងជួយលុបលាងកេរ្តិ៍ឈ្មោះអាស្រូវរបស់ជនពុករលួយ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។