រូបត្លុកនយោបាយ​៖ កិច្ច​សហប្រតិបត្តិការ CLV កុម្មុយនិស្ត​អភិវឌ្ឍន៍​ម៉ឺន​ឆ្នាំ?

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ជាប់​កម្អែល​កុម្មុយនិស្ត​ឆ្អិនឆ្អៅ​ប្តូរ​ឈ្មោះ​ជា «គណបក្ស​ប្រជាជន​កម្ពុជា» នោះ កាលពី​ចុង​ខែ​កុម្ភៈ បាន​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ពី​សន្តាន​ពិត​នៃ​បក្ស​របស់​ខ្លួន។ នោះ​គឺ​លោក​បាន​សណ្ដោង​កូន​ប្រុស​ជា​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​គ្រាក់​ៗ​ក្រោម​ឱវាទ ទៅ​ពពាក់ពពូន​បន្ត​កន្ទុយ​គ្នា​ជួប​ជាមួយ​អតីត​ចៅហ្វាយ​នាយ​ចាស់​របស់​ខ្លួន​គឺ​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​វៀតណាម នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ជាមួយ​គណបក្ស​កុម្មុយនិស្ត​វៀតណាម (CPV) និង​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ព្រៃនគរ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថា ទីក្រុង​ហូជីមិញ (Ho Chi Minh City)។

ក្នុង​ជំនួប​នោះ ប្រទេស​អតីត​ចៅហ្វាយ​នាយ និង​កូនជឹង ដែល​​ជា​អតីត​​មិត្ត​រួម​អាវុធ​​ទាំង៣​នេះ បាន​ប្ដេជ្ញា​ស្រាវជ្រាវ​បង្កើត​យន្តការ​សហប្រតិបត្តិការ​ថ្មី​ជា​លក្ខណៈ​ត្រីភាគី ដើម្បី​ជា​ស្ពាន ​«តភ្ជាប់យុវជន តភ្ជាប់​ជំនាន់ និង​តភ្ជាប់​ភាព​ជា​អ្នក​ដឹកនាំ»។ ក្រុម​មេដឹកនាំ​វៀតណាម​មិន​ភ្លេច​រំឭក​ក្រុម​មេដឹកនាំ​កម្ពុជា និង​ឡាវ ឱ្យ​ធានា​ឱ្យ​បាន​នូវ​ទំនុក​ចិត្ត​ផ្នែក​នយោបាយ ការ​បន្ត​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​ផ្នែក​សេដ្ឋកិច្ច និង​សង្គម-វប្បធម៌ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ។ អ្នក​ឃ្លាំមើល​បញ្ហា​កម្ពុជា​មួយ​ចំនួន យល់ថា នៅ​ទន្ទឹម​នឹង​កិច្ច​ប្រជុំ​កំពូល​នេះ លោក ហ៊ុន សែន ទំនង​ជា​អាច​ស្នើ​សុំ​ឱ្យ​មេដឹកនាំ​វៀតណាម​ជួយ​គាំទ្រ​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ពី​លោក​នា​ពេល​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។