រូបត្លុកនយោបាយ​៖ មរតក​តេជោ​សែន!

ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល ​«ហ៊ុនសែន» អស់​រយៈពេល​ជិត​៤០​ឆ្នាំ​មក​នេះ សមិទ្ធផល​នានា​នៅ​កម្ពុជា រាប់​ចាប់តាំង​ពី សួនច្បារ​សាធារណៈ សាលារៀន មន្ទីរ​ពេទ្យ ផ្លូវថ្នល់ ស្ពាន ពហុកីឡដ្ឋាន ព្រលាន​យន្តហោះ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត បន្តិច​ម្តង​ៗ ត្រូវ​បាន​គេ​កែប្រែ​ ឬ​ប្តូរ​ឈ្មោះ ដោយ​ដាក់​ឈ្មោះ «ហ៊ុនសែន» ឬ «តេជោ» ភ្ជាប់​ជាមួយ​នឹង​ឈ្មោះ​ដើម។ ទំនោរ​នៃ​ការ​យក​ឈ្មោះ​មេដឹកនាំ​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ ទៅ​ភ្ជាប់​ជាមួយ​នឹង​ឈ្មោះ​ទីតាំង​សំខាន់ៗ បាន​នាំ​ឱ្យ​មាន​មតិ​រិះគន់​ជា​រួម​ថា មេដឹកនាំ​រូប​នេះ​កំពុង​ព្យាយាម​កែប្រែ​ប្រវត្តិសាស្ត្រ និង​ឈ្មោះ​ទីកន្លែង​ដើម​នៅ​កម្ពុជា ឱ្យ​ក្លាយ​ទៅ​ជា​សមិទ្ធផល ឬ​កម្មសិទ្ធិ​របស់​ខ្លួនឯង ដើម្បី​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​យល់​ច្រឡំ​ថា​ជា​ស្នាដៃ​របស់​ខ្លួន​ខំ​កសាង​ឡើង បើ​ទោះបីជា​ទីកន្លែង​ទាំង​នោះ​ជា​របស់​រដ្ឋ ហើយ​ប្រើប្រាស់​ថវិកា​ជាតិ​ដើម្បី​សាងសង់ ឬ​កែលម្អ​យ៉ាងណា​ក៏ដោយ។ លើសពី​នេះ​ទៀត សមិទ្ធផល​មួយ​ចំនួន​ក៏​រង​នូវ​ការ​រិះគន់​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ កិបកេង លួច​លុយ​ជាតិ ដែល​បាន​មក​ពី​ការ​ខ្ចីបុល​បរទេស​ក្នុង​ទំហំ​ទឹកប្រាក់​វាល់​លាន​ដុល្លារ។

ករណី​ចង់​លប់​ដាន​ប្រវត្តិសាស្ត្រ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​សៀមរាប​​ ដែល​ចង់​ដាក់ឈ្មោះ​ «សួន​តេជោ​សន្តិភាព»​ នៅ​បរិវេណ ​«សួន​ព្រះរាជ​ដំណាក់» កាលពី​ពេល​ថ្មីៗ បាន​នាំ​ឱ្យ​អ្នក​សៀមរាប និង​សាធារណជន​ទូទៅ​ផ្ទុះ​ការរិះគន់​ព្រោងព្រាត​នៅ​លើ​បណ្តាញ​សង្គម។ ក្រុម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន រិះគន់​បែប​ចំអក​ឡកឡឺយ​ថា នៅ​សល់​តែ​ឈ្មោះ ប្រាសាទ​អង្គរវត្ត ឈ្មោះ​ប្រទេស​កម្ពុជា ឬ​ឈ្មោះ​ភូមិ​មួយ​ចំនួន ដូចជា «ភូមិ​ក្បាល​ខ្មោច» និង​ឈាបនដ្ឋាន​ទេ ដែល​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក មិនទាន់​ហ៊ាន​ប្តូរ​ឈ្មោះ​នៅឡើយ។ ក្រោយ​ផ្ទុះ​ការរិះគន់​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋបាល​ខេត្ត​សៀមរាប រក​ទីតាំង​ថ្មី ដើម្បី​កសាង ​«សួនតេជោ​សន្តិភាព» ​នេះ ដាច់​ដោយឡែក​ពី​បរិវេណ​ជុំវិញ​ «សួន​ព្រះរាជ​ដំណាក់»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។