ទិវា​នារី​អន្តរជាតិ​៨ មីនា គ្រួសារ បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ស្ត្រី​ជា​ឃុំ​ក្រោម​ហេតុ​នយោបាយ

គណបក្សប្រឆាំង​លើកឡើង​ថា សិទ្ធិ​របស់​ស្រ្តី​នៅ​កម្ពុជា​បាន​ធ្លាក់​ ដោយសារ​រដ្ឋាភិបាល​រំលោភ​សិទ្ធិមនុស្ស ស្របពេល​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​សិទ្ធិនារីអន្តរជាតិ​នៅ​ថ្ងៃ​ទី៨ មីនា។ អ្នក​នយោបាយ​ទាំងនោះ​ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ក្នុង​ការ​លើកស្ទួយ​អំពី​សិទ្ធិនារី និង​ដោះលែង​ស្រ្តី​ដែល​កំពុង​ជាប់​ក្នុងពន្ធនាគារ​ក្រោមហេតុ​នយោបាយ​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ។

ក្នុងឱកាល​ទិវានារី​អន្តរជាតិ​ខួប​១១៤ ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​កម្លាំងជាតិ ជាមួយ​ស្រ្តី​ប្រមាណ​១០០នាក់​ ជា​សាច់ញាតិ​អ្នកជាប់ឃុំ​ដោយ​សាររឿងនយោបាយ បាន​ជួបជុំគ្នា​រៀបចំ​កម្មវិធី​ក្រោម​ប្រធានបទ «ការលើកកម្ពស់​សិទ្ធិស្រ្តី» នៅស្នាក់ការ​បក្ស​ប្រចាំ​ខេត្តកណ្តាល ស្ថិតនៅ​សង្កាត់​ព្រែកហូរ ក្រុងតាខ្មៅ។

អ្នកចូលរួម​បាន​រំលឹក​ចំពោះ​ការ​អនុវត្ត​សិទ្ធិការ​តស៊ូ​ដ៏​ក្រាញននៀល​របស់​ស្រ្តី​និង​ក្មេងស្រី​គ្រប់រូប បើទោះបី​ត្រូវ​អាជ្ញាធរ​វាយ​បង្ក្រាប ឬ​ធ្វើទុកម្នេញ​ស្ទើរ​គ្រប់​រូបភាព​យ៉ាងណាក្តី។ ជាឧទាហរណ៍ ក្រុមស្រ្តីថ្ងៃសុក្រ​ដែល​ចេញ​ទាមទារ​រក​យុត្តិធម៌​ជូនសមាជិក​គ្រួសារ ក្រុមស្រ្តី​ជា​កូដករ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើល​ ចេញ​តវ៉ាស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ និង​ស្រ្តី​និង​ក្មេងស្រី​ធ្វើការ​ក្នុង​វិស័យ​ជាច្រើនទៀត​ដែល​ត្រូវ​អាជ្ញាធរ​ចោទប្រកាន់ និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ដោយ​គ្មានកំហុស​ជាដើម។

«ស្រ្តី​បាន​ដើរតួនាទី​សំខាន់​ចូលរួម​អភិវឌ្ឍជាតិ និង​ជំរុញ​ឱ្យ​សង្គម​មាន​លទ្ធិប្រជាធិបតេយ្យ»

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ថ្លែង​ទៅកាន់​អ្នកចូលរួម​ថា ស្រ្តី​បាន​ដើរតួនាទី​សំខាន់​ចូលរួម​អភិវឌ្ឍជាតិ និង​ជំរុញ​ឱ្យ​សង្គម​មាន​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ជាក់ស្តែង​ស្រ្តី​ដែល​សកម្ម​ក្នុង​ការតស៊ូមតិ​ស្វែងរក​យុត្តិធម៌ ការពារ​ធនធានធម្មជាតិ​ត្រូវ​រង​ការធ្វើទុក្ខបុកម្មេញ និង​ចាប់ចង​ដាក់​គុក​ពី​សំណាក់​អាជ្ញាធរ​ទៅវិញ។ លោក រ៉ុង ឈុន អំពាវនាវ​ដល់​រដ្ឋាភិបាល​ដោះលែង​ស្រ្តី​ដែល​កំពុង​ជាប់ឃុំ​ដោយសារ​ការអនុវត្តសិទ្ធិ​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បើកលំហ​ប្រជាធិបតេយ្យ លើកទឹកចិត្ត​ដល់​ស្រ្តី​ក្នុង​ការចូលរួម​កិច្ចការសង្គម និង​នយោបាយ។

​លោក រ៉ុង ឈុន៖«សូម​ដោះលែង​យុវនារី ក៏​ដូចជា​ស្រ្តី​ដែល​កំពុង​ជាប់ឃុំ​នៅពេល​បច្ចុប្បន្ន​ឱ្យ​មាន​សេរីភាព​ឡើងវិញ!ធ្វើ​ម៉េច​ឱ្យ​ពួកគាត់​មាន​សេរីភាព ឆ្លើយតប​នឹង​ប្រសាសន៍​ស្រ្តី​ទីមួយ​កម្ពុជា​ដែល​បាន​លើក​ឡើង​ កាលពីម្សិលមិញ ​បង្ហាញ​​ពី​ការយកចិត្ត​ទុកដាក់​ពិតប្រាកដ»។

ទន្ទឹម​នឹង​នេះគណបក្ស​នយោបាយ​នៅ​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយលើកឡើង​ថា បើទោះបីជា​សិទ្ធិនារី​មាន​ចែង​ក្នុង​សេចក្តីប្រកាស​សកល​ស្តីពី​សិទ្ធិមនុស្ស ហើយ​សិទ្ធិ​ជាមូលដ្ឋាន​មួយចំនួន ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏ដោយ ក៏​សិទ្ធិ​ស្រ្តី​នៅ​ក្នុង​ប្រទេសកម្ពុជា​ពុំ​ទទួលបាន​ការលើកស្ទួយ និង​គោរព​ឱ្យ​បាន​ពេញលេញ​ដូចបណ្តា​ប្រទេស​ប្រជាធិបតេយ្យ​នានា​នៅលើ​ពិភពលោក​ឡើយ ជាពិសេស​ការចូលរួម​របស់​ស្រ្តី​ក្នុង​សកម្មភាព​សេដ្ឋកិច្ច នយោបាយ និង​សង្គម ត្រូវ​ទទួល​រង​នូវ​ការរើសអើង និង​រំលោភបំពាន។

បក្ស​ក្រៅរដ្ឋាភិបាល​ស្នើឱ្យ​ពិចារណាដោះលែង​ស្រ្តី​ដែល​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌

គណបក្ស​ក្រៅរដ្ឋាភិបាល​ទាំងនោះ អំពាវនាវ​ដល់​រដ្ឋាភិបាល​ពិចារណា​ក្នុងការដោះលែង​ស្រ្តី​ដែល​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌ ដោយសារ​កម្មភាព​សង្គម ​នយោបាយ និង​ការពារ​ធនធាន​ធម្មជាតិ​ដោយ​សន្តិវិធី និង​ស្រប​ច្បាប់​របស់​ពួកគេ។

កូនស្រី​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​​លោក ហេង ច័ន្ធសុទ្ធី ដែល​​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស គឺ​កញ្ញា ហេង បូរី ប្រាប់​វិទ្យុអាស៊ីសេរី​ថា កន្លងមក​សមាជិក​ស្រ្តីថ្ងៃស្រុក​បាន​ចេញ​ទាមទារ​​​​ឱ្យ​​ដោះលែងប្ដី និង​ឪពុក​ តែងតែ​ត្រូវ​សន្តិសុខ​សាលាក្រុងភ្នំពេញ​ប្រើ​ហិង្សា​ ដោយសារ​ស្រ្តី​ទាំងនោះ​ជា​សាច់ញាតិ​សកម្មជន​គណបក្សប្រឆាំង ខណៈ​រដ្ឋាភិបាល​មិន​បាន​រក​ខុស​ត្រូវ​ឱ្យ​ឡើយ។ កញ្ញា​ចង់​ឃើញ​រដ្ឋាភិបាល ជាពិសេស​ក្រសួងកិច្ចការនារី​គោរព និង​ផ្ដល់​តម្លៃ​ដល់​ស្ត្រី​ដូច​ដែល​ច្បាប់ជាតិ និង​ច្បាប់​អន្តរជាតិ​បាន​ចែង។

លោក ហេង ច័ន្ធសុទ្ធី៖«ស្រ្តី​ទូទៅ ក៏​ដូចជា​ខ្លួននាងខ្ញុំ​ផ្ទាល់​ដែល​ធ្លាប់​ចេញ​តវ៉ាតស៊ូ​មតិ​តែងតែ​ទទួល​រង​ការ​រឹតត្បិត​សិទ្ធិសេរីភាព ការរំលោភបំពាន​ទាំង​ផ្លូវកាយ​ចិត្ត​គ្រប់រូបភាព​តែម្តង។ ស្រ្តី​ទទួល​រង​ការឈឺចាប់​ច្រើន​មិន​ថាផ្លូវ​កាយ​ចិត្ត​ទេពួកគាត់​ទទួល​រង​ភាពអយុត្តិធម៌​ហើយ រដ្ឋាភិបាល​មិន​បាន​ជួយ​ការពារ លើក​ស្ទួយ​ទេ ថែមទាំង​ដាក់​បន្ទុក ដាក់​សម្ពាធ និង​ចោទប្រកាន់​លើ​ស្រ្តី»។

កម្ពុជា​ក្រោមអំណាច​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាង​១ឆ្នាំ​មក​នេះ ស្ត្រី​ដែល​ចូលរួម​កិច្ចការសង្គម និង​នយោបាយ យ៉ាងហោច ២០​នាក់ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់​ពី​បទ «ញុះញង់ និង​រួមគំនិតក្បត់»។ ស្ត្រីទាំងនោះ រួមមាន​មេធាវីខ្មែរ​សញ្ជាតិ​អាមេរិក​កញ្ញា កញ្ញា សេង ធារី សកម្មជន​បរិស្ថាន​ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា កញ្ញា រៀម ស្រីពេជ្ររតនា និង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កញ្ញា ភឹង សោភា រួមទាំង លោកស្រី សែម សុផល លោកស្រី ហ៊ូ រុនអេង ហើយ​ចុង​ក្រោយបង្អស់ គឺ​កូន​សកម្មជន​បឹងកក់​ ​លោកស្រី អេង សុខា ដែល​ជា​កូនសកម្មជន​បឹងកក់​លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ុំាមី និងស្រ្តី​ដែល​ជា​សកម្មជន​នយោបាយ​មួយ​ចំនួន​ទៀត មានដូចជា​លោកស្រី នូ សិទ្ធារី លោកស្រី ញិប សារ៉ុប លោកស្រី សែម សុផល ជាដើម។

ត្រឹមតែ​ប៉ុណ្ណោះ សូម្បី​តែ​ស្រ្តី​ភៀសខ្លួន​នៅ​ក្រៅប្រទេស​ដែល​បញ្ចេញ​រិះគន់​រដ្ឋាភិបាល​គ្រួសារត្រកូលហ៊ុន​នៅលើ​បណ្ដាញសង្គម​ហ្វេសប៊ុក ក៏​អាជ្ញាធរ​ដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់ខ្លួន​បញ្ជូន​មក​ដាក់​ពន្ធនាគារ​នៅ​ប្រទេសកម្ពុជា​ដែរ។ អ្នកទាំងនោះ រួមមាន​លោកស្រី ហុង អាន លោកស្រី ស៊ឹង គន្ធា លោកស្រី យ៉ិន ចន្ធូ លោកស្រី វ៉ន ច័ន្ទរចនា និង​ក្មេងស្រី​ជា​ពលការិនី គឺ​កញ្ញា នួន តឿន ដែលអាជ្ញាធរ​និរទេស​ពី​ប្រទេសម៉ាឡេស៊ី​ជាដើម។

អត្ថបទ​ដែល​ទាក់ទង៖

ក្រុម​ស្ត្រី​មក​ពី​គ្រប់​វិស័យ​អះអាង​ថា រដ្ឋាភិបាល​មិន​បាន​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​ស្ត្រីOpens in new window ]

សំណើ​សង្គម​ស៊ីវិល​រៀបចំ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ «រង់ចាំ​ដល់​ក្រសួង​មហាផ្ទៃ​សម្រេច»Opens in new window ]

CCHR ទទូច​ឱ្យ​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​បើក​ឱកាស​ដល់​ស្ត្រី​វ័យ​ក្មេង​ចូលរួម​កិច្ចការ​សង្គមOpens in new window ]

បើទោះបីជា​ក្រុមស្ត្រី និង​ក្មេងស្រី​ទាំងអស់​នោះ​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ និង​បាត់បង់​សិទ្ធិសេរីភាព​ក្ដី ក៏​ពួកគាត់​នៅតែ​មិន​ផ្លាស់ប្ដូរ​ជំហរ​ក្នុង​ការទាមទារ​ឱ្យ​មានយុត្តិធម៌​សង្គមឡើយ។

ឪពុក​របស់​កញ្ញា រៀម ស្រីពេជ្ររតនា គឺ​លោក ជិន សារូ ប្រាប់​វិទ្យុអាស៊ីសេរី​ថា កូន​របស់លោក​ជា​ក្មេងស្រី​ម្នាក់​បាន​លះបង់​កម្លាំងកាយ​ចិត្ត ​ចូលរួម​កិច្ចការងារសង្គម តែចុងក្រោយ​រដ្ឋាភិបាល​ចាប់​កូនស្រី​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។ លោក ជិន សារូ យល់​ថា បើសិន​រដ្ឋាភិបាល​យកចិត្តទុកដាក់​ការពារ​សិទ្ធិស្រ្តី​មែននោះ រដ្ឋាភិបាល​គួរ​ដោះលែង​កូនស្រី​របស់លោក​ឱ្យ​មាន​សេរីភាព ដើម្បី​ឱ្យ​នាងបាន​បន្ត​ការសិក្សា និង​ចូលរួម​ការងារសង្គម​ឡើងវិញ។

លោក ជិន សារូ៖«និយាយ​ទៅ​ខ្ញុំ​ទៅ​សួរសុខទុក្ខ​​នៅ​ថ្ងៃសៅរ៍​ហ្នឹង​បាន​ទិញ​ផ្កា​ឱ្យ​កូន ដោយសារ​គាត់​ស្រឡាញ់​សិទ្ធិមនុស្ស និង​សង្គម​អ៊ីចឹង ខ្ញុំ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាលដោះលែង​កូនស្រី​បាន​មក​សិក្សា​រៀនសូត្រ​វិញ​មក សូម​ដោះលែង​កូន​ខ្ញុំ​មកពីព្រោះ​គាត់​ស្រឡាញ់​សង្គម និង​ជួយ​លើក​ស្ទួយ​សិទ្ធិមនុស្ស​មិន​មាន​អ្វី្វ​ធ្វើ​ខុសទេ»។

វិទ្យុ​អាស៊ីសេរីមិន​អាច​ទាក់ទង​ប្រធានអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែ​មីនា។

កន្លងទៅ​រដ្ឋាភិបាល​ត្រកូល «ហ៊ុន» ត្រូវ​រង​ការ​រិះគន់​ថា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ជាពិសេស​ការ​រំលោភ​សិទ្ធិស្ត្រី ដែល​ឈឺឆ្អាល​បញ្ហា​សង្គម តាមរយៈ​ការប្ដឹងផ្ដល់​ពួកគេ​ទៅ​តុលាការ ការ​គំរាមកំហែងនិង​ការ​ចាប់ខ្លួន​មនុស្ស​ដាក់​ពន្ធនាគារ។ សហគមន៍ជាតិ និង​អន្តរជាតិ រួមទាំង​គណបម្សប្រឆាំង​ថ្កោលទោស និងចាត់ទុក​ការបំភិតបំភ័យ ធ្វើទុក្ខបុកម្នេញ និង​ការ​ចាប់ខ្លួន​ស្ត្រី​ដាក់​ពន្ធនាគារ​ឥតឈប់ឈរ​មក​នេះ គឺ​ជា​រឿង​ដ៏​អាម៉ាស់​របស់​រដ្ឋាភិបាលកម្ពុជា​ដែល​រំលោភ​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិនារី។

ទាក់ទង​រឿង​នេះសមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង មាន​ប្រសាសន៍​ថា នៅក្នុង​សង្គមគ្រួសារ ក៏​ដូចជា​នៅក្នុង​សង្គមជាតិ នារី​បានចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ដឹកនាំ​ក្រុមគ្រួសារ សង្គម​ជាតិ ដើម្បី​ទទួលបាន​សេចក្តីសុខ​ចម្រុងចម្រើន រុងរឿង សុខដុមរមនា។ ជាងនេះទៀត​លោក​ថា ស្រ្តី​បាន​រ៉ាប់រង​នូវ​កិច្ចការ​ជាច្រើន​រាប់​ជំពូក ទាំង​ការអប់រំ​កូនចៅ ការងារ​ក្នុង​ផ្ទះ ក្រៅ​ផ្ទះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ (ស្ត្រី​ជា​មាតា​ដៃ​១០០) នេះ​មិនទាន់​គិត​ដល់​ស្រ្តី​ជា​មេដឹកនាំជាតិ សង្គមស៊ីវិល និង​ស្ថាប័ន​នានា​ផងនោះ​ទេ។

ឆ្លៀត​ក្នុង​ឱកាស​ទិវាបុណ្យ​សិទ្ធិនារី​អន្តរជាតិ​៨ មីនា​នេះ លោក តាក់ ម៉េងហ៊ាង អំពាវនាវ​ដល់​ស្ត្រី​ទីមួយ​កម្ពុជា​អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មាន​វិធានការ​ការពារ​ស្រ្តី​ប្រកប​ដោយ​គុណធម៌ និង​សេចក្តី​ថ្លៃថ្នូរ ពិសេស​ទៅទៀត​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការដោះលែង​ឲ្យ​មាន​សេរីភាពពេញលេញ​ដល់​ស្រ្តី និង​ដោះលែង​ប្តី​ដែល​ជា​អ្នកនយោបាយ សកម្មជន​សង្គម កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ដើម្បី​ឲ្យ​ពួកគាត់​បាន​ជួបជុំ​ក្រុមគ្រួសារ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។