សាច់ញាតិ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​រដូវក្ដៅ

0:00 / 0:00

សាច់ញាតិ​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​បារម្ភ​ពី​សុខភាព​សាច់ញាតិ​របស់​ពួកគេ ខណៈ​អាកាសធាតុ​ក្ដៅ នា​រដូវប្រាំង កំពុង​ឈាន​ចូល​មកដល់​។ ពួកគាត់ ស្នើ​ដល់​មន្ត្រី​ពន្ធនាគារ ឲ្យ​ស្វែងរក​ប្រភព​ទឹក​បន្ថែម សម្រាប់​ផ្គត់ផ្គង់​ការប្រើប្រាស់​ប្រចាំថ្ងៃ និង​ដាក់ចេញ​វិធានការ​ការពារ​នានា ស្របពេល​កម្ពុជា​កំពុង​រង​ការ​បំពុល​ខ្យល់។

ជំនោរ​ខ្យល់​ក្ដៅ​នា​ខែមាឃ ចាប់ផ្ដើម​ធ្លាក់​នៅ​សប្ដាហ៍​ចុងក្រោយ នៅ​ចុង​ខែ​មករា​នេះ បណ្ដាល​ឲ្យ​អាកាសធាតុ​នា​ពេល​ព្រឹក​ឡើង​កម្ដៅ​បន្តិច និង​ពេល​ថ្ងៃ និង​រសៀល ប្រែ​ទៅជា​ក្ដៅ​ខ្លាំង ។ បម្រែបម្រួល​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​មួយចំនួន កើត​ជំងឺ​ផ្ដាសាយ និង​បែកញើស​ស្អុះស្អាប់ ។ បញ្ហា​នេះ ក៏​ក្លាយជា​ក្ដី​បារម្ភ​មួយ​របស់​សាច់ញាតិ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ខណៈ​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន និង​កង្វះ​អនាម័យ​ស្រាប់​ផង​នោះ។

ប្រពន្ធ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ លោក កាក់ កុម្ភារ គឺ លោកស្រី ព្រុំ ចាន់ថា ⁨​ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ស្ទើរតែ​ជា​រៀងរាល់​ឆ្នាំ ពន្ធនាគារ​តែងតែ​ខ្វះ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ បណ្ដាល​ឲ្យ​ជន​ជាប់ឃុំ​ទូទៅ រួម​ទាំង​ប្ដី​របស់​លោកស្រី រស់នៅ​ខ្វះ​អនាម័យ និង​ធ្វើ​ឲ្យ​កើត​ជំងឺ​កមរមាស់។ «»

លោកស្រី​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៣ ខែ​មករា លោកស្រី បាន​ទៅ​សួរសុខទុក្ខ​ប្ដី​ក្នុង​ពន្ធនាគារ ហើយ​ប្ដី​លោកស្រី កំពុង​កើត​ជំងឺ​កមរមាស់​ជាថ្មី​ម្ដងទៀត ។ លោកស្រី ស្នើ​ដល់​មន្ត្រី​ពន្ធនាគារ ឲ្យ​ជួយ​ស្វែងរក​ប្រភព​ទឹក​បន្ថែម​សម្រាប់​ឲ្យ​ជន​ជាប់ឃុំ ប្រើប្រាស់​ឲ្យ​គ្រប់គ្រាន់​នៅ​រដូវប្រាំង ដើម្បី​រក្សា​អនាម័យ និង​ជៀសវាង​ជំងឺឆ្លង​នានា។«»

កូនស្រី​របស់​ប្រធាន​គណបក្ស​ភ្លើងទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា គឺ អ្នកស្រី ចៅ រតនៈ ប្រាប់​អាស៊ីសេរី​ថា អ្នកស្រី​ក៏​បារម្ភ​ពី​សុខភាព​របស់​លោក​ឳពុក​ក្នុង​ពន្ធនាគារ​ដែរ ខណៈ​រាជធានី - ខេត្ត​មួយចំនួន របស់​កម្ពុជា កំពុង​រង​ការ​បំពុល​ខ្យល់ ហើយ​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន​ស្រាប់។ «»

អតីត​អ្នក​ជាប់ឃុំ​មួយ​ចំនួន ឲ្យ​ដឹង​ថា ក្នុង​រដូវប្រាំង ពន្ធនាគារ​តែងតែ​ខ្វះ​ទឹក​ស្អាត សម្រាប់​ប្រើប្រាស់ ហើយ​មន្ត្រី​ពន្ធនាគារ តែង​បូម​ទឹកស្រះ ដែល​គ្មាន​អនាម័យ​ឲ្យ​អ្នក​ជាប់ឃុំ​ប្រើប្រាស់។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្ត​បាត់ដំបង លោក លាស់ ឆេងឡាយ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស រយៈពេល​១៨​ខែ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​រដូវប្រាំង បន្ទប់​នីមួយៗ​ក្នុង​ពន្ធនាគារ​មាន​សភាព​ក្ដៅ ខណៈ​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន បណ្ដាល​ឲ្យ​មាន​ភាព​ស្អុះស្អាប់ និង​ធំក្លិន​មិនល្អ ។ លោក​បន្ថែម​ថា បញ្ហា​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់ ជា​បញ្ហា​ចំបង​មួយ​របស់​ជន​ជាប់ឃុំ ហើយ​កត្តា​នេះ បណ្ដាល​ឲ្យ​ជន​ជាប់ឃុំ​ជាច្រើន​នាក់​កើត​កមរមាស់។ «»

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក ឃៀង សុណាឌីន ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ បញ្ហា​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៦ ខែ​មករា។

កន្លងទៅ​ជន​ជាប់ឃុំ​មួយ​ចំនួន ឲ្យ​ដឹង​ថា ពួកគាត់​បាន​បែងចែក​ការប្រើប្រាស់​ទឹកជា​ពីរ គឺ​ទឹក​ស្អាត សម្រាប់​បរិភោគ និង​ទឹកស្រះ​សម្រាប់​ដុសលាង​សម្អាត​បន្ទប់ និង​ងូត​ជាដើម។

ជុំវិញ បញ្ហា​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ តែង​ដាក់​ចេញ​វិធានការ​នៅ​រៀង​រាល់ពេល​មានការ​ប្រែប្រួល​អាកាសធាតុ។ ទោះជា​យ៉ាងណា​លោក​ថា ពន្ធនាគារ គួរតែ​ពង្រឹង​ការ​អនុវត្ត​វិធានការ​ការពារ​សុខភាព​របស់​ជន​ជាប់ឃុំ​ឲ្យ​បាន​ត្រឹមត្រូវ ស្របពេល​ក្រសួង​មួយ​ចំនួន បាន​ណែនាំ​អំពី​ការប្រែប្រួល​អាកាសធាតុ​នេះ។ «»

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ចំនួន​អ្នក​ជាប់ឃុំ នៅ​ទូទាំង​ប្រទេស មាន​ប្រមាណ​ជាង ៥ ម៉ឺន​នាក់​។ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ព្យាករ​ថា ចំនួន​អ្នក​ជាប់ឃុំ​អាច​កើន​ឡើង​ដល់ ៦​ម៉ឺន​នាក់ នា​ពេល​ខាងមុខ ខណៈ​ពន្ធនាគារ កំពុង​ប្រឈម​ភាព​ចង្អៀត​ណែនណាន់​តាន់តាប់​លើស​ពី​សមត្ថភាព​ពន្ធនាគារ​ផ្ទុក​បាន។ ការ​កើនឡើង​នៃ​ចំនួន​ជន​ជាប់ឃុំ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បរាជ័យ នៃ​ការ​ដោះស្រាយ​សំណុំរឿង​កក់​ស្ទះ​របស់​ក្រសួង​យុត្តិធម៌ និង​ដោយសារតែ​បញ្ហា​គ្រឿងញៀន និង​ក្មេង​ទំនើង​នៅតែ​កើតមានឡើង​ច្រើន ។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវ​គេ​មើល​ឃើញ​ថា នៅតែ​បន្ត​បើក​យុទ្ធនាការ​ចាប់ខ្លួន​ក្រុម​អ្នក​រិះគន់ ដាក់គុក​ឥត​ស្រាកស្រាន្ត ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើជា​អាវុធ ដើម្បី​កម្ចាត់​ក្រុម​អ្នក​ប្រឆាំង។

សាច់ញាតិ​ជន​ជាប់ឃុំ ស្នើ​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ បំបែក​អ្នក​ជាប់ឃុំ​កុំឱ្យ​រស់នៅ​ចង្អៀត​ណែន​ជាមួយគ្នា​ក្នុង​បន្ទប់​តូច​ចង្អៀត ផ្តល់​ឱកាស​ឱ្យ​ពួកគាត់​បាន​ចេញ​ទៅ​ខាង​ក្រៅ​ហាត់ប្រាណ និង​ស្រូប​យក​កំដៅ​ថ្ងៃ​ឱ្យ​ច្រើន ព្រមទាំង​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ផ្តល់​គ្រឿង​បរិក្ខារ​ដូចជា កង្ហារ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​រួមចំណែក​ការពារ​សុខភាព​របស់​អ្នក​ជាប់ឃុំ កុំឱ្យ​កាន់​តែ​ទ្រុឌទ្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។