អ្នក​រិះគន់​ជនជាតិ​វៀតណាម​លើ​ហ្វេសប៊ុក​លោក ហ៊ុន សែន កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​​ក្នុង​​ពន្ធនាគារ

0:00 / 0:00

គ្រួសារ និង​មេធាវី​បារម្ភ​ចំពោះ​ស្ថានភាពជំងឺ​របស់​អ្នកស្រី ហ៊ូ រុនអេង ដែល​កំពុង​ជាប់ឃុំ​ ដោយសារ​ការ​បញ្ចេញមតិ​រឿង​ជនជាតិ​វៀតណាម​នៅលើ​​ហ្វេសប៊ុក​លោក ហ៊ុន សែន។ ពួកគាត់​ស្នើឱ្យ​តុលាការ​ដោះលែង​អ្នកស្រី​ឱ្យ​មាន​សេរីភាពដើម្បី​ទទួល​ការព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ និង​មើលថែ​ពី​ក្រុមគ្រួសារ។ សំណើ​នេះ​ធ្វើឡើង​បន្ទាប់​ពី​អ្នកស្រី ហ៊ូ រុនអេង ត្រូវ​បាន​មន្រ្តីពន្ធនាគារ​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ម២​វិញ ក្រោយ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​វះកាត់​សង្គ្រោះបន្ទាន់​ពី​ជំងឺ​ធ្លាយ​ពោះវៀនខ្នែង។

មេធាវីលើកឡើង​ថា ប្រសិន​បើ​អ្នកស្រី ហ៊ូ រុនអេង នៅ​បន្ត​ជាប់​ឃុំ​ក្នុង​ពន្ធនាគារនោះ ស្ថានភាព​ជំងឺ​របស់​អ្នកស្រី ហ៊ូ រុនអេង នឹង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត។

មេធាវី​ការពារក្តី​ឱ្យ​អ្នកស្រី ហ៊ូ រុនអេង គឺ​លោកបណ្ឌិត សឺន ជុំជួន ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី៩ ខែ​មីនា ថា កាលពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ មន្រ្តី​ពន្ធនាគារ​បាន​បញ្ជូនកូនក្តី​របស់លោក​យកមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យមិត្តភាព​ខ្មែរ-សូវៀត ហើយភ្លាមៗ​នោះ​គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់ បណ្តាល​មក​អ្នកជំងឺ​ធ្លាយ​ពោះវៀនខ្នែង រហូត​រលាកស្រោម​ពោះ​បង្ក​ជា​មេរោគ។ លោក​ថា ជំងឺ​ពោះវៀន​ខ្នែង​ដែល​ទុក​រហូត​ដល់​ដំណាក់កាល​ចុងក្រោយ និង​បណ្តាល​ឱ្យ​កូនក្តី​របស់​លោក គឺ​អ្នកស្រី ហ៊ូ រុនអេង សឹងតែ​បាត់បង់​ជីវិត​នៅពេល​នោះ ដោយសារ​មន្រ្តីពន្ធនាគារ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​អ្នកជំង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ។

បណ្ឌិត សឺន ជុំជួន៖«ទាក់ទង​ហ្នឹង​ស្ថានភាព​ជាក់ស្តែង ​គ្រួសារ​បាន​បញ្ជាក់​​គឺ​ស្ថានភាព​ជំងឺ​របស់​អ្នកស្រី ហ៊ូ រុនអេង មិន​ទាន់​បាន​ធូរ​ស្បើយ​ ដូច​អ្វី​ដែល​ជា​ការបញ្ជាក់​របស់​ពេទ្យ​នោះ​ទេ គឺ​ថា​គាត់​មិន​អាច​ធ្វើ​ចលនា​រាងកាយ​បាន​ទេ ដូចជា​ដើរ បន្ទោរបង់​ជាដើម​ហ្នឹង​ គាត់​មិន​អាច​ធ្វើ​ចលនា​ដោយ​ខ្លួនឯង​បាន​ទេ​ ដោយ​ត្រូវការ​គ្រួសារ សាច់ញាតិ​របស់​គាត់​ជា​អ្នកជួយ​ថែទាំ»។

សាច់ញាតិ​មិន​ពេញចិត្ត​នឹង​ការ​យក​អ្នកស្រី ហ៊ូ រុនអេង ទៅពន្ធនាគារវិញ

លោក​បណ្ឌិត សឺន ជុំជួន ឱ្យដឹង​ថា ក្រោយ​អ្នកស្រី ហ៊ូ រុនអេង សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈ១២ថ្ងៃ​មក គឺ​នៅ​ថ្ងៃ​ទី៨ ខែមីនា គ្រូពេទ្យ​ផ្នែក​វះកាត់​នៅ​មន្ទីរមិត្តភាព​ខ្មែរ-សូវៀត បាន​អនុញ្ញាត​ឱ្យ​មន្រ្តីពន្ធនាគារ​បញ្ជូន​កូនក្តី​របស់​លោក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ម២​វិញ។ ទោះយ៉ាងណា លោក​រួមជាមួយ​គ្រួសារជន​ជាប់ឃុំ​មិន​ពេញចិត្ត​នឹង​ការ​សម្រេច​នេះ​ទេ ពីព្រោះ​ពួកលោក​ព្រួយបារម្ភ​ខ្លាច​អ្នកស្រី ហ៊ូ រុនអេង មិន​ទទួល​បាន​ការ​ថែទាំ ឬ​អាច​ឆ្លងមេរោគ​នៅ​ក្នុង​ពន្ធនាគារ ស្របពេល​ស្ថានភាព​ជាក់ស្តែង​ អ្នកជំងឺ​មិនទាន់​ធូរស្បើយ ចំណែក​មុខ​របួស​នៅ​ឈឺចាប់ ហើម​ដៃ​ជើង និង​មិន​អាច​ធ្វើ​ចលនា​ដោយ​ខ្លួនឯង គួរផ្សំ​នឹង​អ្នកជំងឺ​មាន​ជំងឺមហារីក​ប្រចាំកាយ​ថែមទៀត​នោះ។

បណ្ឌិត សឺន ជុំជួន៖«វា​ជា​ការព្រួយបារម្ភ​ផង​ដែរ ពីព្រោះ​ជំងឺ​របស់គាត់​អាច​ក្លាយ​(មុខរបួស)ឬ​រើ​ឡើង​វិញ ទៅ​តាម​អ្វី​ដែល​ជា​ការណែនាំ​របស់​គ្រូពេទ្យ​ថា​គាត់ទាល់តែ​ហូបអាហារ​ឱ្យ​បាន​គ្រប់គ្រាន់ បំប៉ន​ចំណី​អាហារ ជៀសវាង​កុំ​ឱ្យ​ប៉ះពាល់ដល់​ជំងឺ​ហ្នឹង ជាពិសេស​របួស​របស់​គាត់​អាច​ក្លាយ​ទៅ​ជា​អាការៈ​ផ្សេងៗ ខ្ញុំ​ជា​មេធាវី និង​គ្រួសារ​មានក្តី​​ព្រួយបារម្ភ»។

លោក​បណ្ឌិត សឺន ជុំជួន ស្នើ​​​តុលាការ​ពិចារណា​ឱ្យ​​កូនក្ដី​របស់លោក​​បាន​នៅក្រៅឃុំ​បណ្ដោះអាសន្ន ដើម្បី​ក្រុមគ្រួសារ​មើលថែទាំ​អ្នកជំងឺ​ឱ្យ​បាន​ដិតដល់ និងបញ្ចៀស​ហានិភ័យ​ផ្សេងៗ​ដែល​គំរាមកំហែង​ដល់​អាយុវីវិត។ លោក​បន្ត​ថា នៅថ្ងៃទី១០ ខែមីនា លោក​នឹង​ដាក់​លិខិត​ស្នើ​ទៅ​តុលាការដោះលែង​កូនក្ដី​របស់​លោកឱ្យ​នៅ​ក្រៅឃុំ​ដើម្បី​ទទួល​ការព្យាបាល​ជំងឺ​តាមការណែនាំ​របស់​គ្រូពេទ្យ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក ឃៀង សុណាឌីន មិន​បញ្ជាក់​ជុំវិញ​ស្ថានភាព​ជំងឺ​អ្នកស្រី ហ៊ូ រុនអេង នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ ប៉ុន្តែ​លោក​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​ ពាក់ព័ន្ធ​សុខភាព​ជន​ជាប់ឃុំ​ណា​ម្នាក់ លោក​ស្នើ​ឲ្យ​ក្រុម​គ្រួសារ​ទំនាក់ទំនង​ទៅ​មន្រ្តីពន្ធនាគារ​ដោយ​ផ្ទាល់។

លោក ឃៀង សុណាឌីន បញ្ជាក់​ថា​ គ្រប់​ពន្ធនាគារ​មាន​មន្ត្រីពេទ្យ​ពន្ធនាគារ​ផ្តល់​សេវាថែទាំ​ព្យាបាល​ជំងឺ ដល់​ជន​ជាប់ឃុំ​ដែល​មាន​បញ្ហា​សុខភាព ត្រឹម​កម្រិត​ប៉ុស្តិ៍​សុខភាព​ពន្ធនាគារ ហើយ​ករណី​លើស​ពី​កម្រិត​ផ្តល់​ដោយ​ប៉ុស្តិ៍​សុខភាព​ពន្ធនាគារ​នោះមន្រ្តី​ពន្ធនាគារ​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ដែនដី ដើម្បី​បញ្ជូន​ទៅ​រក​សេវា​សុខាភិបាល នៅ​មន្ទីរពេទ្យ​រដ្ឋ​ខាងក្រៅ​ពន្ធនាគារ។

អត្ថបទដែលទាក់ទង៖

គ្រួសារ​បារម្ភ​សុខភាព​អ្នកស្រី ហ៊ូ រុនអេង ដែល​ជាប់​ពន្ធនាគារ​ ព្រោះ​និយាយ​ពី​ជន​ជាតិ​វៀតណាម​លើ​ហ្វេសប៊ុក​លោក ហ៊ុន សែនOpens in new window ]

ទិវា​នារី​អន្តរជាតិ​៨ មីនា គ្រួសារ បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ស្ត្រី​ជា​ឃុំ​ក្រោម​ហេតុ​នយោបាយOpens in new window ]

អ្នកជាប់ឃុំ​បាត់តែសិទ្ធិ​ដើរហើរ​ទេ តែការថែសុខភាពដូចពលរដ្ឋធម្មតា

ទាក់ទង​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការទូទៅ​នៃ​អង្គការការពារ​សិទ្ធិមនុស្សលីកាដូ​ (LICAHDO) លោក អំ សំអាត មានប្រសាសន៍ថា​អ្នកស្រី ហ៊ុ រុនអេង និងអ្នកជាប់ឃុំ​ផ្សេងទៀត​បាត់បង់​តែ​សិទ្ធិ​ដើរ​ហើរ ដែល​ត្រូវបាន​តុលាការ​ដក​ហូត ប៉ុន្តែ​ពួកគាត់​មាន​សិទ្ធិ​ទទួល​បាន​សេវា​ព្យាបាល និង​ថែទាំសុខភាព​ដូច​ពលរដ្ឋដទៃ​ទៀត​ដែរ។ លោក​ថា ថ្វីត្បិត​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​បញ្ជូន​អ្នកជំងឺ​ដែល​ទើបវះកាត់​ហើយ ទៅ​ពន្ធនាគារ​វិញ​ក្តី មន្ត្រីពន្ធនាគារ​គួរ​យកចិត្ត​ទុកដាក់​បន្ថែម​អំពីស្ថានភាព​ជំងឺ​របស់​អ្នកស្រី ហ៊ូ រុនអេង ដូចជា​ផ្តល់​កន្លែង​សម្រាក​នៅ​ក្នុង​បន្ទប់ក្នុង​ប៉ុស្តិ៍សុខភាព​ពន្ធនាគារ ផ្តល់​ការថែទាំ​ព្យាបាល​តាម​ការណែនាំ​របស់​គ្រូពេទ្យ ហើយ​បើសិន​ស្ថានភាព​អ្នកជំងឺ​ហួស​លទ្ធភាព​ប៉ុស្តិ៍សុខភាព​នោះ​ គួរ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ ដើម្បី​កុំ​ឱ្យ​ស្ថានភាព​ជំងឺ​នេះ​កាន់តែ​វិវត្តន៍​ទៅ​ធ្ងន់ធ្ងរ។ លោក អំ សំអាត យល់ថា រដ្ឋាភិបាល និង​រដ្ឋសភា​បាន​បញ្ចប់កិច្ចសហប្រតិបត្តិការ​ប្រតំបន់ត្រីកោណ​អភិវឌ្ឍន៍​រួចហើយ ដូច្នេះ​គួរ​ដោះលែង​អ្នកស្រី ហ៊ូ រុនអេង ដែល​ត្រូវ​បាន​ចោទប្រកាន់​និង​ចាប់ខ្លួន​ក្នុង​សំណុំរឿង​នេះ​ឱ្យ​មាន​សេរីភាព​វិញ។

លោក អំ សំអាត៖«មេធាវី បើសិន​មើលឃើញ​ថា​កូនក្តី​អាច​នឹង​រង​ហានិភ័យ ឬ​អាចគ្រោះថ្នាក់​ដោយ​សារ​ជំងឺ ទីមួយ​គឺ​មេធាវី​មាន​សិទ្ធិ​ស្នើ​សុំ​ឱ្យ​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិញ ទីពីរ​រឿង​ស្នើសុំ​នៅ​ក្រៅ​ឃុំ នេះ​ជា​សិទ្ធិ​តាម​ផ្លូវច្បាប់ និង​ជា​សិទ្ធិ​របស់​ជនជាប់ឃុំ​ផង​ដែរ»។

អ្នកស្រី ហ៊ូ រុនអេងជា​គ្រូបង្រៀន​រយៈពេល​ជាង​៣០ឆ្នាំ រស់នៅ​ភូមិ​ព្រែកដើមចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។ អ្នកស្រី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ២០២៤។ តុលាការ​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​អ្នកស្រី ពីបទ​«ញុះញង់​បង្កឱ្យ​មាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម» បន្ទាប់​ពី​អ្នកស្រី បាន​ចូល​ទៅ​សរសេរ​បញ្ចេញមតិ លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ពី​បញ្ហា​ជនជាតិវៀតណាម​នៅ​ប្រទេស​កម្ពុជាដែល​ធ្វើឱ្យ​លោក ហ៊ុន សែន ខឹង​សម្បារ។

មក​ទល់​ពេល​នេះ​អ្នកស្រី ហ៊ូ រុនអេង បាន​ជាប់ឃុំ​បណ្តោះអាសន្ន​ជាង​៦ខែ​មកហើយ ប៉ុន្តែ​សាលាដំបូង​រាជធានីភ្នំពេញ​មិន​ទាន់​ជំនុំជម្រះ​សំណុំ​រឿង​នេះ​នៅឡើយ​ទេ។

មន្ត្រីសិទ្ធិមនុស្ស​ថា ការ​បញ្ចេញមតិ​របស់​អ្នកស្រី ហ៊ូ រុនអេង នៅលើ​ហ្វេសប៊ុក​លោក ហ៊ុន សែន ពីបញ្ហា​ជនជាតិវៀតណាម​នៅ​កម្ពុជា គឺ​ជា​ការប្រើប្រាស់​សិទ្ធិពលរដ្ឋ ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ​និង​អន្តរជាតិ។ ពួកគាត់​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ដោះលែង​អ្នកស្រី ហ៊ូ រុនអេង និង​អ្នក​ផ្សេងទៀត​ឱ្យមាន​សេរីភាព​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។