ក្រុមអង្គការសង្គមស៊ីវិលជាច្រើនគ្រោងជួបជុំគ្នាប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ«ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមិនាខាងមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធសហជីពកម្ពុជា (CATU) នៅថ្ងៃទី២៦ ខែកុម្ភៈលើកឡើងថា ក្រុមអង្គការសង្គមស៊ីវិល រួមមាន សមាគមសហភាពសហជីព សហព័ន្ធសហជីព បណ្ដាញយុវជន សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់មិនទាន់អភិវឌ្ឍន៍ ដែលកំពុងធ្វើការងារក្នុងវិស័យផ្សេងៗ ដូចជា ឧស្សាហកម្មវាយនភណ្ឌកាត់ដេរ ចំណីអាហារ និងសេវាកម្មជាដើម នឹងរួបរួមគ្នារៀបចំប្រារព្ធខួបទិវាអន្តរជាតិនារី ៨ មីនា។ កម្មវិធីនេះ ក៏នឹងមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល មន្ត្រីស្ថានទូតប្រទេសប្រជាធិបតេយ្យ និងស្ថាប័នអន្តរជាតិ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងរំឭកអំពីវីរភាពរបស់វីរជនស្ត្រីតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះដែលបានខិតខំពុះពារជម្នះនូវឧបសគ្គនានា ទាមទារសិទ្ធិ សេរីភាព សមភាព យុត្តិធម៌សង្គម ព្រមទាំងលក្ខខណ្ឌការងារជាដើម។
កម្មវិធីនោះនឹងផ្ដល់វេទិកាជូនតំណាងអង្គការសង្គមស៊ីវិល សកម្មជនការងារ និងតំណាងសហគមន៍នានាពិភាក្សាអំពីបញ្ហាប្រឈមនានាដែលស្ត្រី និងក្មេងស្រី កំពុងជួបប្រទះ ដូចជា អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅកន្លែងការងារ និងតាមអនឡាញ និងការកេងបន្លំប្រាក់ឈ្នួលជាដើម។
អត្ថបទដែលទាក់ទង៖
ពលរដ្ឋ និងសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលឱ្យធានាការគោរពសិទ្ធិស្ត្រី និងក្មេងស្រី
ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក លោក ហ៊ុន សែន និងបច្ចុប្បន្នលោក ហ៊ុន ម៉ាណែត តែងតែប្រើប្រព័ន្ធតុលាការជាឧបករណ៍ ចាប់ស្ត្រីដាក់ពន្ធនាគារ និងគំរាមកំហែងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ស្ត្រី ដោយសារសកម្មភាពទាមទារយុត្តិធម៌ កិច្ចការសង្គម នយោបាយ សហជីពការពារសិទ្ធិកម្មករ និងការពារបរិស្ថានជាដើម។ បច្ចុប្បន្នស្ត្រីដែលចូលរួមកិច្ចការសង្គម និងនយោបាយ ជិត ១០នាក់ កំពុងជាប់ពន្ធនាគារ រួមមាន មេធាវីខ្មែរសញ្ជាតិអាមេរិក កញ្ញា សេង ធារីសកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មីកញ្ញា ឡុង គន្ធាកញ្ញា រៀម ស្រីពេជ្ររតនា និងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា រួមទាំង លោកស្រី សែម សុផល លោកស្រី ហ៊ូ រុនអេង ហើយចុងក្រោយកូនសកម្មជនបឹងកក់លោកស្រី ង៉ែត ឃុន ហៅយាយ ម៉ុំាមី គឺ លោកស្រី អេង សុខា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។