សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​នឹង​ប្តឹង​វៀតណាម​មិន​ឲ្យ​ដាក់​បេក្ខភាព​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប

0:00 / 0:00

អង្គការ​ការពារ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​គ្រោង​នឹង​ដាក់​ពាក្យ​ទៅកាន់​អង្គការសហប្រជាជាតិ​ដើម្បី​តវ៉ា​មិន​ឲ្យ​វៀតណាម​ឈរ​ឈ្មោះ​ជា​បេក្ខភាព​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដោយសារ​តែ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម។

ស្របពេល​ដែល​វៀតណាម​ប្រកាស​ចង់​ដាក់​ពាក្យ​បន្ត​ជា​សមាជិក​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ សហប្រជាជាតិ​សម្រាប់​អាណត្តិ​ពីរ​ឆ្នាំ​ពី​ឆ្នាំ២០២៦ ដល់ឆ្នាំ ២០២៨នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ប្រកាស​នឹង​ប្តឹង​តវ៉ា​ទៅ​សហគមន៍​អន្តរជាតិ​ដើម្បី​កុំ​ឲ្យ​គាំទ្រ​ វៀតណាម​បន្ត​ជា​សមាជិក​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ សហប្រជាជាតិ​បន្ត​ទៀត។ បច្ចុប្បន្ន វៀតណាម​បាន​ក្លាយ​ជា​សមាជិក​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ចាប់​ពី​ឆ្នាំ​ ២០១៤ ហើយ​នឹង​ផុត​អាណត្តិ​នៅ​ឆ្នាំ ២០២៥នេះ។

វៀតណាមបន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ព្រះ​សង្ឃ​និង​សកម្មជន​សិទ្ធិ​កម្ពុជា​ក្រោម

នាយក​គណៈកម្មការ​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា ​មាន​ថេរដីកា​ថា ទោះបី​វៀតណាម​ក្នុង​ឋានៈ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ប៉ុន្តែ រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​មួយ​នេះ ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ព្រះ​សង្ឃ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម។

ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា៖«សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នឹង​ដាក់​ញត្តិ​ទៅ​សហគមន៍​អឺរ៉ុប​និង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ កុំ​ឲ្យ​បោះឆ្នោត​ឲ្យ​ប្រទេស​វៀតណាម​ឈរ​ឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ពីព្រោះ​ប្រទេស​វៀតណាម​មិន​គោរព​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម»។

​​​​​​​​​​​​​​​​​កាល​ពី​សប្តាហ៍​មុន​​សហភាព​អឺរ៉ុប​ក្នុង​កិច្ច​ប្រជុំ​​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ សហប្រជាជាតិ បាន​រិះគន់​វៀតណាម​​ប្រឆាំង​នឹង​​ការ​ចាប់​ខ្លួន​របស់​អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​មនុស្ស ​សិទ្ធិ​ការងារ​ និង​អ្នកជំនាញ​បរិស្ថាន។ តំណាង​សហភាព​អឺរ៉ុប​ប្រាប់​កិច្ចប្រជុំ​លើក​ទី៥៨ នៃក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ថា ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​គួរ​តែ​ដោះលែង​ប្រជាជន​ដែល​អាជ្ញាធរ​វៀតណាម​បាន​ហាម​ឃាត់​មិន​ឲ្យ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់។

ខ្មែរក្រោយជាង១០នាក់​ត្រូវវៀតណាម​ចាប់ខ្លួន

បច្ចុប្បន្ន​វៀតណាម​បាន​ចាប់​ព្រះសង្ឃ​ខ្មែរក្រោម ៥អង្គ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ​៨នាក់ ​ដោយសារ​តែ​ព្រះសង្ឃ​ទាមទារ​សិទ្ធិ​សាសនា ខណៈ​សកម្មជន​ខ្មែរ​ក្រោម​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម។​​​​

ឯកអគ្គរដ្ឋទូត អ្នកស្រី ឡ៉ត ខ្នូតសិន (Lotte Knudsen) ប្រធាន​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​អង្គការ​សហប្រជាជាតិ​ មានប្រសាសន៍​ថា អឺរ៉ុប​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ក៏​ដូច​ជា​សិទ្ធិ​ការងារ​ អ្នកជំនាញ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​វៀតណាម ​ដែល​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ការ​ជួប​ប្រជុំ និង​សមាគម”។

អ្នកស្រី ឡ៉ត ខ្នូតសិន៖«យើង​អំពាវនាវ​ឱ្យ​វៀតណាម​ធានា​ថា សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​ត្រូវ​បាន​គេ​ការពារ ដូច្នេះ​សង្គម​ស៊ីវិល​អាច​ចូល​រួម​ដោយ​សេរី​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍ ដោយ​មិន​មាន​ការ​យាយី ​ការ​បំភិតបំភ័យ ​និង​ការសងសឹក ហើយ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​អស់​ដែល​បាន​បង្ហាញ​ទស្សនៈ​របស់​ពួក​គេ​ដោយ​សន្តិវិធី»។

កាល​ពី​ឆ្នាំ​ ២០១៩​ អឺរ៉ុប និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​EU-Vietnam។ កិច្ច​ព្រម​ព្រៀង​នេះ​បាន​ជួយ​វៀតណាម​ឱ្យ​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​អឺរ៉ុប។

កាល​ពី​ឆ្នាំ​២០២៤ ​វៀតណាម​បាន​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ ​២៧ ប្រទេស​ជា​សមាជិក​អឺរ៉ុប​មាន​ទំហំ​ទឹក​ប្រាក់​ដល់​ ៣៥ ពាន់​លាន​ដុល្លារ​។

ទោះបីជា​យ៉ាងណា​កិច្ចព្រមព្រៀង​វៀតណាម និង​អឺរ៉ុប​តម្រូវ​ឲ្យ​វៀតណាម​​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​សិទ្ធិ​កម្មករ ​និង​សិទ្ធិ​ដីធ្លី និង​ការពារ​បរិស្ថាន។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ក្រុម​សិទ្ធិ​មនុស្ស​ចំនួន​បួន​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​គណៈកម្មការ​អឺរ៉ុប ដោយ​ចោទ​ប្រកាន់​វៀតណាម​ថា​បាន​រំលោភ​លើ​ការ​សន្យា​ទាំង​នោះ។

អត្ថបទ​ដែល​ទាក់ទង៖

អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​​ស្នើ​អ.ស.ប​អន្តរាគមន៍​ទៅ​វៀតណាម​ដោះលែង​សកម្មជន​២​រូប​ជា​បន្ទាន់Opens in new window ]

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប ឱ្យ​បង្កើត​យន្តការ នាំ​ជនជាតិ​ដើម​ចូល​រួម​ប្រជុំ​ដោយ​ផ្ទាល់ ជា​ជាង​តំណាង​របស់​ពួក​គេOpens in new window ]

សហព័ន្ធ​ខ្មែរ​ក្រោម​ស្នើ​អ.ស.ប​អន្តរាគមន៍​ទៅ​វៀតណាម​ដែល​បន្ត​រំលោភសិទ្ធិ​ជនជាតិ​ដើម​ម្ចាស់​ស្រុកOpens in new window ]

ជុំវិញ​រឿង​នេះ​នាយក​គណៈកម្មការ​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា សង្ឃឹមថា សហភាព​អឺរ៉ុប​នឹង​មាន​ឥទ្ធិពល​លើ​វៀតណាម​ដោយសារ​តែ​វៀតណាម​ត្រូវ​ការ​ប្រទេស​លោក​ខាង​លិច ជា​ពាណិជ្ជកម្ម​ជាមួយ។

ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា៖ «និយាយ​រួម​ទៅ​សភា​អឺរ៉ុប​គេ​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​វៀតណាម​ត្រូវ​តែ​គោរព​សិទ្ធិ​ចំពោះ​ពលរដ្ឋ​នៅ​វៀតណាម​ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ដើម។​ យើង​សង្ឃឹម​ថា រដ្ឋាភិបាល​វៀតណាម​មិន​អាច​កុហក​​អន្តរជាតិ​ម្តង​ហើយ​ម្តង​ទៀត​បាន​ទេ​។»​​​​​​​​​

បច្ចុប្បន្ន​​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ធ្វើ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​កៀងគរ​ការ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ​ ៥អង្គ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​៨នាក់​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ក្នុង​នោះ ​ព្រះភិក្ខុ​ ថាច់ ច័ន្ទតារា​ ព្រះចៅ​អធិការ​វត្ត​មណ្ឌលបុរីទ្រនំ​សេក​ត្រូវ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ ៦​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។