សហជីព​ស្នើ​ឱ្យ​ស្វែងរក​យុត្តិធម៌​​ជូន​លោក ហ៊ី វុទ្ធី ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី ១៨ឆ្នាំមុន

0:00 / 0:00

សហព័ន្ធ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដាក់​លិខិត​ស្នើ​ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឲ្យ​ស្វែងរក​យុត្តិធម៌​សម្រាប់​ប្រធាន​សហជីព​សេរី​កម្មករ ប្រចាំ​រោងចក្រ សាន់តិច (Suntex) លោក ហ៊ី វុទ្ធី ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី ១៨ឆ្នាំមុន ។ ការ​ដាក់​លិខិត​នៅ​ពេល​នេះ ធ្វើឡើង​នៅ​ចំ​ថ្ងៃ​គម្រប់​ខួប​១៨​ឆ្នាំ ដែល​ឃាតករ​បាន​បាញ់​សម្លាប់​លោក ហ៊ី វុទ្ធី កាលពី​ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០០៧ ។

សហព័ន្ធ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ដាក់​ លិខិត​ជូន​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត កំណត់​អត្តសញ្ញាណ និង​ស្វែងរក​ឃាតករ ដែល​បាន​បាញ់​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ ប្រចាំ​រោងចក្រ សាន់តិច (Suntex) លោក ហ៊ី វុទ្ធី កាល​ពី ១៨​ឆ្នាំ​មុន។

ឃាតករ​សម្លាប់ លោក ហ៊ី វទ្ធី នៅ​មិន​ទាន់​រកឃើញ

សហព័ន្ធ​សហជីព​​សេរី​កម្មករ​ឲ្យ​ដឹង​ថា គិត​មក​ទល់​នឹង​ពេល​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​ចាប់​ខ្លួន​ឃាតករ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ។

សហព័ន្ធ​សហជីព​​សេរី​កម្មករ ស្នើ​ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​គ្រួសារ រួម​ទាំង​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ។

ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ ប្រចាំ​រោងចក្រ សាន់តិច (Suntex) លោក ហ៊ី វុទ្ធី និង​មេ​សហជីព​២​រូប​ផ្សេងទៀត គឺ​​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) លោក ជា វិជ្ជា កាលពី​ខែ​មករា ឆ្នាំ២០០៤ និង​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រោងចក្រ ទ្រីនុងហ្គាលលោក រស់ សុវណ្ណារ៉េត ក្នុង​ខែ​ឧសភា ឆ្នាំ​២០០៤ រដ្ឋាភិបាល​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ បាន​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​មួយ ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​បាញ់​សម្លាប់​ប្រធាន​សហជីព​ទាំង​៣នាក់​ខាង​លើ។

ថ្វី​បើ​រដ្ឋាភិបាល បាន​បង្កើត​គណៈកម្មាធិការ​នេះ​ឡើង​ក៏ដោយ ក៏​សហជីព និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា សំណុំរឿង​ឃាតកម្ម​លើ​មេ​សហជីព​ទាំង​៣​រូប​ហាក់​នៅ​ទ្រឹង ដែល​បង្ហាញ​ពី​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

អត្ថបទដែល​ទាក់ទង៖

អ្នកគោរព​ស្រលាញ់​លោក ជា វិជ្ជា ប្រកាស​ប្តេជ្ញា​បន្ត​ទាមទារ​យុត្តិធម៌​សម្រាប់​លោក

ក្រុម​អង្គការ​សង្គមស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន

មន្ត្រី​សិទ្ធិមនុស្ស​ថា អាជ្ញាធរមិន​យកចិត្ត​ទុកដាក់រកឃាតករ

មន្ត្រី​ជាន់ខ្ពស់​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) លោក យី សុខសាន្ត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២៤ ខែ​កុម្ភៈ​ថា ដំណើរ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​លើ​ករណី​ឃាតកម្ម​លើ​ប្រធាន​សហជីព លោក ហ៊ី វុទ្ធី ហាក់​ស្ថិត​នៅ​ក្នុង​ភាព​មិន​យកចិត្ត​ទុកដាក់ ហើយ​បញ្ហា​នេះ កំពុង​បន្សល់​ទុក​នូវ​វប្បធម៌​និទ្ទណ្ឌភាព ឬ​វប្បធម៌​ជន​ប្រព្រឹត្ត​រួច​ទោស។

លោក យី សុខសាន្ត៖«យើង​មើល​ឃើញ​ថា យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា ហាក់​មាន​ការ​រើសអើង ។ បើសិនជា សកម្មជន​គណបក្ស​នយោបាយ ឬ​ប្រជាពលរដ្ឋ​មាន​ការ​ទិតៀន ឬ​រិះគន់​ដល់​គណបក្ស​កាន់​អំណាច គឺ​ថា សមត្ថកិច្ច និង​តុលាការ​ចាត់ការ​ភ្លាមៗ ។ ប៉ុន្តែ​នៅ​ពេល​ដែល​តំណាង​សហជីព​កម្មករ ឬ​មួយ​ប្រជាពលរដ្ឋ​ធម្មតា ដែល​ទទួល​រងគ្រោះ​ដោយ​អយុត្តិធម៌ ហើយ​ប្ដឹង​ទៅ​តុលាការ ឬ​សមត្ថកិច្ច ហាក់​មិន​សូវ​យកចិត្តទុកដាក់​ដូចជា ករណី​លោក ហ៊ី វុទ្ធី​នេះ បាទ»។

កាល​ពី​ថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ២០២៤ អង្គការ​សង្គម​ស៊ីវិល និង​សហជីព ចំនួន​១៥៥ស្ថាប័ន បាន​រួមគ្នា​ដាក់​លិខិត​ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត និង​ចាប់​ខ្លួន​ឃាតករ ដែល​បាន​បាញ់​សម្លាប់​ប្រធាន​សហជីព លោក ហ៊ី វុទ្ធី។

សហជីព និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​ស្វែងរក​ជន​ដៃដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ករណី​ឃាតកម្ម លើ​ប្រធាន​សហជីព លោក ហ៊ី វុទ្ធី ដើម្បី​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា។

ក្រៅពី​មិន​អាច​ស្វែងរក​ឃាតករ និង​អ្នក​នៅ​ពី​ក្រោយ នៃ​អំពើ​ឃាតកម្ម​លើ​មេ​សហជីព​ទាំង​បី​គឺលោក ហ៊ី វុទ្ធី លោក ជា វិជ្ជា និង​លោក រស់ សុវណ្ណារ៉េត ជាដើម​នោះ អាជ្ញាធរ​ខ្មែរ​ក៏​នៅ​មិន​ទាន់​អាច​វែកមុខ​ស្វែងរក​ឃាតករ និង​មេ​ខ្លោង​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន និង​អ្នក​វិភាគ​ល្បី​ឈ្មោះ គឺ​លោក​បណ្ឌិត កែម ឡី បាន​នៅ​ឡើយ ដែល​ធ្វើ​ឱ្យ​មាន​ការ​រិះគន់ និង​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​ថា ជា​អ្នក​នៅ​ពី​ក្រោយ នៃ​អំពើ​ឃាតកម្ម​ទាំង​អស់​នេះ ទើប​រដ្ឋាភិបាល​ហាក់​មិន​សូវ​យកចិត្តទុកដាក់​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។