អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍ វច្ឆ (Human Rights Watch) រកឃើញថា ជនរស់រានមានជីវិតពីអំពើហិង្សាដោយទឹកអាស៊ីដនៅក្នុងកម្ពុជា ស្ទើរតែគ្រប់ករណីមិន ដែលទទួលបានសេវាព្យាបាលដោយឥតបង់ថ្លៃ និងមានចំនួនតិចតួចណាស់ទទួលបានយុត្តិធម៌ទៅតាមច្បាប់កំណត់។ ករណីទាំងនេះ ដោយសារអំពើពុករលួយ ជនល្មើសមិនត្រូវបានផ្ដន្ទាទោស និងការផ្សព្វផ្សាយចំណេះដឹងពីច្បាប់ស្ដីពីការគ្រប់គ្រងទឹកអាស៊ីដ មានកម្រិតទាបនៅឡើយ ។ ទោះជាយ៉ាងណា មន្ត្រីក្រសួងយុតិ្តធម៌ថា របាយការណ៍របស់អង្គការ យូមែនរ៉ៃត៍ វច្ឆ មាននិន្នការនយោបាយច្រើនជាង។
របាយការណ៍កម្រាស់ ៤៨ទំព័រក្រោមចំណងជើងថា «ដូចរស់ក្នុងឋាននរក» អំពើវាយប្រហារដោយទឹកអាស៊ីដនៅកម្ពុជា ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍ វច្ឆ (Human Rights Watch) ចេញផ្សាយជាសាធារណៈនៅ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីស្រាវជ្រាវពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៨។
របាយការណ៍នេះ បានរៀបរាប់យ៉ាងលម្អិតពីការរស់នៅយ៉ាងឈឺចាប់ទាំងផ្លូវកាយទាំងផ្លូវចិត្ត ជាមួយស្លាកស្នាមរបួសជាប់នៅលើដងខ្លួនអស់មួយជីវិតរបស់ជនរងគ្រោះនៃការវាយប្រហារដោយទឹកអាស៊ីដ និងរៀបរាប់ពីកិច្ចខិតខំស្វះស្វែងរកយុត្តិធម៌ និងស្វែងរកសេវាថែទាំព្យាបាលសុខភាពដែលជួបការលំបាក បន្ទាប់ពីពួកគេរងការវាយប្រហារដោយទឹកអាស៊ីដនីទ្រិក (nitric acid) ឬ អាស៊ីដស៊ុលហ្វូរិក (sulfuric acid) ។
បន្ទាប់ពីមាន ករណីវាយប្រហារដោយទឹកអាស៊ីដកើតឡើងជាច្រើនករណី និងត្រូវបានផ្សព្វផ្សាយយ៉ាងផុលផុស រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំងនៅឆ្នាំ២០១១។ ក្រោយការអនុម័តច្បាប់នេះ អំពើវាយប្រហារដោយអាស៊ីដបានធ្លាក់ចុះ ហើយវត្តមានអាស៊ីដនៅលើទីផ្សារក្នុងរាជធានីភ្នំពេញក៏ត្រូវបានកាត់បន្ថយ។ ទោះបីជាយ៉ាងនេះក្ដី អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍ វច្ឆ (Human Rights Watch) រកឃើញថា ជនរស់រានមានជីវិតពីអំពើវាយប្រហារជាច្រើននាក់ មិនទទួលបានសេវាថែទាំព្យាបាលឲ្យបានគ្រប់គ្រាន់ និងទទួលសំណងសមរម្យដែលធានាដោយច្បាប់នោះទេ ហើយជនប្រព្រឹត្តអំពើវាយប្រហារ កម្រនឹងត្រូវបានផ្ដន្ទាទោសតាមច្បាប់ដែរ។
ឧបសគ្គរបស់ជនរងគ្រោះក្នុងការទទួលបានសេវាថែទាំសុខភាព
របាយការណ៍ដដែលបង្ហាញថា មានករណីជាច្រើនទៀត ដែលជនរងគ្រោះប្រាប់ថា មន្ទីរពេទ្យបានបដិសេធផ្ដល់សេវាព្យាបាលបឋម រួមទាំងការសង្គ្រោះបន្ទាន់ផងដែរ លុះត្រាតែជនរងគ្រោះអាចបង្ហាញថា ពួកគេមានលទ្ធភាពបង់ថ្លៃសេវាសង្គ្រោះនោះភ្លាមៗ។ ការអូសបន្លាយមិនព្រមផ្ដល់ការព្យាបាលភា្លមៗ ក្រោយអំពើវាយប្រហារដោយទឹកអាស៊ីដ អាចបណ្ដាលឲ្យជនរងគ្រោះត្រូវការប្រើពេលយូរ ដើម្បីបានជាសះស្បើយ និងអាចបណ្ដាលឲ្យជនរងគ្រោះស្លាប់ផងដែរ។
ជាក់ស្ដែងជនរងគ្រោះឈ្មោះ ស៊ុន សុខនី អាយុ ២៣ឆ្នាំ ជាកម្មកររោងចក្រ ដែលត្រូវប្ដីជះទឹកអាស៊ីដដាក់ ក្នុងឆ្នាំ២០១៦ ព្រោះជម្លោះគ្រួសារនោះ រៀបរាប់ថា មុនពេលនាងត្រូវបានគេលើកដាក់ឡានសង្គ្រោះបន្ទាន់ អ្នកបើកបរបានទារលុយ៧០ដុល្លារពីបងថ្លៃរបស់នាង។ នៅពេលនាងត្រូវបានបញ្ជូនដល់បន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ កាល់ម៉ែត ដែលជាមន្ទីរពេទ្យរដ្ឋក្នុងរាជធានីភ្នំពេញ គ្រូពេទ្យបានសួរថា តើសមាជិកគ្រួសារមានលទ្ធភាពបង់ថ្លៃព្យាបាលឬទេ ប៉ុន្តែពេលនោះសមាជិកគ្រួសារបង្កើតរបស់នាងមិនទាន់ទៅដល់មន្ទីរពេទ្យនៅឡើយ។ គ្រូពេទ្យបានបញ្ចូលសេរ៉ូម និងបានរុំរបួសឲ្យនាង ប៉ុន្តែបានទុកនាងចោលដោយមិនផ្ដល់ថ្នាំបំបាត់ការឈឺចាប់ ឬបន្តការពិនិត្យព្យាបាលដល់នាងឡើយក្នុងរយៈពេល ១៤ម៉ោង ដែលពេលនោះខ្លួនប្រាណរបស់នាងក្តៅក្រហល់ក្រហាយយ៉ាងខ្លាំង។ អ្នកស្រី ស៊ុន សុខនី បន្តថា រហូតទាល់តែតំណាងពីសហជីពក្នុងរោងចក្រដែលនាងធ្វើការមកដល់មន្ទីរពេទ្យ ហើយបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម ឬហៅថា (ប.ស.ស) ជាអ្នកទទួលបន្ទុកលើការព្យាបាលនេះ ទើបគ្រូពេទ្យព្រមផ្ដល់ថ្នាំបំបាត់ការឈឺចាប់ប្រភេទម័រហ្វីន (morphine) និងបន្តការព្យាបាលតទៅទៀត។ រហូតមកដល់ពេលនេះ ជនរងគ្រោះ បានធ្វើការវះកាត់ចំនួន៧លើកហើយ ប៉ុន្តែនាងនៅតែពិការត្រចៀកខាងឆ្វេងដដែល៖ «ពេលហ្នឹង ពេទ្យសួរខ្ញុំថា គ្រួសាររបស់ខ្ញុំ មានលទ្ធភាពមើលខ្ញុំអត់ ? ខ្ញុំថា ខ្ញុំគ្មានលុយមើលទេ។ ដល់ពេលអ៊ីចឹងទៅ គេដាក់តែសេរ៉ូម និងលាងរបួស ហើយគេដើរចេញទៅ ដោយទុកខ្ញុំចោលនៅហ្នឹងឡើងមួយយប់ ទាល់តែព្រឹកឡើង ខាងរដ្ឋបាលរោងចក្រ ខាង ប . ស . ស ទៅដល់ ទើបគេបញ្ជូនខ្ញុំទៅព្យាបាល»។
ទោះជាច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដកម្ពុជាតម្រូវឲ្យមន្ទីរសុខាភិបាលរដ្ឋទាំងអស់ផ្ដល់ការព្យាបាល និងការថែទាំដោយមិនចាំបាច់បង់ប្រាក់ដល់ជនរងគ្រោះពីអំពើវាយប្រហារដោយអាស៊ីដក៏ដោយ គ្មានជនរងគ្រោះណាម្នាក់ទទួលបានការព្យាបាលដោយមិនចាំបាច់បង់ប្រាក់នោះឡើយ។
ប្រធានក្រុមវេជ្ជបណ្ឌិតផ្នែករលាក និងបុគ្គលិកពេទ្យរដ្ឋ នៅមន្ទីរពេទ្យព្រះកុសុមៈ ដែលជាមន្ទីរពេទ្យរដ្ឋធំជាងគេនៅកម្ពុជា និងជាពេទ្យរដ្ឋតែមួយគត់ដែលមានក្រុមឯកទេសផ្នែករលាក ក៏មិនដឹងថា ជនរងគ្រោះដោយសារអាស៊ីដមានសិទ្ធិទទួលបានការព្យាបាលដោយមិនគិតថ្លៃនោះដែរ ។
នាយកមន្ទីរពេទ្យព្រះកុសុមៈ លោក តាន់ សុគន្ធ ប្រាប់អាស៊ីសេរីថា លោកក៏មិនបានដឹងថា មានច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដ ឆ្នាំ២០១២ នោះដែរ៖ «ខ្ញុំដូចអត់ទាន់ឃើញច្បាប់នេះផង។ សុំទោស ប្រហែលជាពួកខ្ញុំអត់បានចាប់ស៊ីជម្រៅខាងហ្នឹង។ ចាំមើលខ្ញុំសួរអ្នកជំនាញសិន ពីព្រោះរឿង អាស៊ីដវាដូចជាអត់មានទាក់ទងនឹងមន្ទីរពេទ្យទេ។
ចំណែកប្រធានរដ្ឋបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៊ី ដែលជាពេទ្យរដ្ឋដ៏ធំមួយទៀតក្នុងរាជធានីភ្នំពេញ លោក ហេន រ៉ាម៉ានី ហាក់មិនបានដឹងច្បាស់អំពីបញ្ញត្តិច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដនោះទេ ប៉ុន្តែលោកគ្រាន់តែដឹងថា រដ្ឋាភិបាលបានចេញប្រកាសមួយជាយូរមកហើយឲ្យព្យាបាលជនក្រីក្រដោយមិនបាច់បង់ថ្លៃ៖ «អាហ្នឹងមិនមែនច្បាប់ទេ គឺជាប្រកាសរបស់រដ្ឋមន្ត្រី និងប្រកាសរបស់រដ្ឋាភិបាល ឲ្យព្យាបាលជំងឺដោយឥតគិតថ្លៃចំពោះអ្នកជំងឺដែលខ្វះខាតក្រីក្រ»។
ករណីជនរងគ្រោះ ឈ្មោះ កញ្ញា សា សុខា វ័យ ១៨ឆ្នាំ និងជនរងគ្រោះឈ្មោះលោក គា សំណាង អាយុ ២២ឆ្នាំ ជាគូរដណ្ដឹងនឹងគ្នា ហើយរងការវាយប្រហារដោយទឹកអាស៊ីដ កាលពីខែមករា ឆ្នាំ២០១៧ រៀបរាប់ថា ពួកគេធ្លាប់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហើយនៅព្យាបាលទីនោះរយៈពេល ២ខែ និងទទួលការវះកាត់ជាច្រើនលើក ប៉ុន្តែពួកគេអះអាងថា គ្មានការព្យាបាលណាមួយដោយឥតគិតថ្លៃនោះទេ។ ករណីនេះ ជនរងគ្រោះត្រូវបង្ខំចិត្តខ្ចីលុយក្នុងអត្រាការប្រាក់ដ៏ខ្ពស់មកទូទាត់ថ្លៃព្យាបាល។
នាយកមន្ទីរពេទ្យព្រះកុសុមៈ ទទួលស្គាល់ថា ពិតជាមានការទូទាត់ថ្លៃព្យាបាលពីជនរងគ្រោះ ពីព្រោះមន្ទីរពេទ្យខ្វះខាត៖ «បើសិនខាងផ្នែកអស់ហ្នឹង អត់មានបង់ប្រាក់ខ្លះ ដើម្បីជួយពេទ្យយើង ព្រោះបរិក្ខារមួយចំនួនវាអត់គ្រប់ ឧទាហរណ៍ថា ដូចជាស្បៃ ... ហើយស្បែកសិប្បនិម្មិត ក៏យើងអត់មានដែរ ។ បើអ្នកជំងឺខ្លួនគាត់ តើយើងបាននរណាជួយគាត់។ ទៅតាមលទ្ធភាពពេទ្យវាជាដែរ ប៉ុន្តែវាក្រ។ល។ បើសិនជាអ្នកជំងឺដែលអត់លទ្ធភាព មន្ទីរពេទ្យប្រើតាមលទ្ធភាព [ របស់មន្ទីរពេទ្យ ] ប៉ុន្តែអ្នកជំងឺខ្លះ ដែលចង់ឲ្យជាលឿន ទាល់តែទិញអាហ្នឹងបន្ថែម ព្រោះក្នុងទីផ្សារមាន តែក្នុងមន្ទីរពេទ្យអត់មាន»។
មាត្រា១១ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំង ចែងថា មណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬគ្រឹះស្ថានព្យាបាលសាធារណៈផ្សេងទៀត ត្រូវផ្តល់ការសង្គ្រោះ និងព្យាបាលជនរងគ្រោះដោយអាស៊ីដខ្លាំងដោយឥតបង់ថ្លៃ។
ប៉ុន្តែកង្វះខាតចំណេះដឹង ការផ្គត់ផ្គង់សេវាថែទាំតាមបែបវេជ្ជសាស្ត្រ ព្រមទាំងកង្វះខាតនូវការណែនាំក្នុងប្រព័ន្ធសុខាភិបាលនៅថ្នាក់ក្រោមជាតិ នាំឲ្យការព្យាបាលជនរងគ្រោះត្រូវពន្យារពេល ឬត្រូវបានមន្ទីរពេទ្យបដិសេធមិនព្យាបាលឲ្យតែម្ដង ដែលអាចបណ្ដាលឲ្យសុខភាពជនរងគ្រោះត្រូវខូចខាត ឬពិការជារៀងរហូត។
ឧទាហរណ៍៖ ករណីជនរងគ្រោះពីរនាក់ឈ្មោះ អ្នកស្រី គង់ ទូច និងជនរងគ្រោះឈ្មោះ សំ ប៊ុណ្ណារិទ្ធិ នៅក្នុងរបាយការណ៍ សបញ្ជាក់ឲ្យឃើញពីបញ្ហាជាច្រើនដែលពលរដ្ឋរស់នៅតាមខេត្ត តែងតែប្រឈមក្នុងការស្វែងរកសេវាសុខាភិបាល។ ជនរងគ្រោះទាំងពីរត្រូវបានវាយប្រហារដោយទឹកអាស៊ីដចំពីមុខដូចគ្នាបណ្ដាលឲ្យអ្នកទាំងពីរធ្លាក់ខ្លួនពិការភ្នែកអស់មួយជីវិត ដោយសារគ្រូពេទ្យនៅមន្ទីរពេទ្យរដ្ឋខេត្ត ព្យាបាលមិនបានត្រឹមត្រូវ និងយឺតយ៉ាវក្នុងការបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យជំនាញ ក្នុងរាជធានីភ្នំពេញ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ជនរងគ្រោះដោយទឹកអាស៊ីតជាច្រើន ក៏រត់ទៅរកជំនួយផ្នែកច្បាប់ និងជំនួយផ្នែកសេវាព្យាបាលសុខភាពពីខាងអង្គការ លីកាដូ ដែរ ព្រោះតែពួកគេមានជីវភាពក្រីក្រ និងកង្វះការជួយជ្រោមជ្រែងពីខាងរដ្ឋាភិបាល។ លោកបញ្ជាក់ថា ច្បាប់គ្រប់គ្រងអាស៊ីដ ដែលតម្រូវឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការគ្នាជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅគ្រប់មន្ទីរពេទ្យរដ្ឋ ដើម្បីព្យាបាលដោយឥតគិតថ្លៃនោះ គឺមិនទាន់បានអនុវត្តឲ្យល្អប្រសើរនៅឡើយ៖ «ការអនុវត្តច្បាប់គ្រប់គ្រងអាស៊ីដនេះ វាអត់ទាន់បានអនុវត្តទៅតាមច្បាប់ឲ្យមានប្រសិទ្ធភាពនៅឡើយទេ។ ការបន្តតាមដានសុខភាពរបស់អ្នកជំងឺ ក៏ត្រូវចំណាយថវិកាផងដែរ។
ភាពឈឺចាប់ គឺជារោគសញ្ញាសំខាន់មួយដែលជនរងគ្រោះដោយសារអាស៊ីដត្រូវប្រឈម។ ដើម្បីកាត់បន្ថយការឈឺចាប់នោះ ពួកគេត្រូវការប្រើថ្នាំប្រភេទម័រហ្វីន (morphine) ប៉ុន្តែ គ្មានមន្ទីរពេទ្យរដ្ឋណាមួយ ដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ មានថ្នាំគ្រាប់ម័រហ្វីនទុកក្នុងមន្ទីរពេទ្យឡើយ។ សូម្បីតែនៅរាជ ធានីភ្នំពេញ ថ្នាំម័រហ្វីន (morphine) នៅមានតិចតួចនៅឡើយ ហើយចំពោះថ្នាំគ្រាប់ មានតែនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬ ពេទ្យរូស្ស៊ី និងមន្ទីរពេទ្យកាល់ម៉ែតតែប៉ុណ្ណោះ។ មន្ទីរពេទ្យព្រះកុសុមៈ ដែលជាមន្ទីរពេទ្យរដ្ឋតែមួយគត់ដែលមានផ្នែកជំនាញខាងព្យាបាលការរលាកនោះ មិនមានថ្នាំគ្រាប់ម័រហ្វីនរក្សាទុកទេ។ ចំណែកថ្នាំម័រហ្វីននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកាល់ម៉ែត បានអស់ពីស្តុកក្នុងអំឡុងពីខែតុលា ឆ្នាំ២០១៧ ដល់ខែកក្កដា ឆ្នាំ២០១៨។
អាស៊ីសេរី បានព្យាយាមសុំការឆ្លើយបំភ្លឺបញ្ហាទាំងនេះពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាច្រើនលើក ប៉ុន្តែលោកស្រី បានបិទទូរស័ព្ទវិញនៅពេលឮថា វិទ្យុអាស៊ីសេរីសុំសម្ភាសន៍។ ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បដិសេធមិនឆ្លើយតបដោយលោកប្រាប់ថា ជាប់រវល់៖ «អញ្ជើញខលមកពីណាវិញ។ អាស៊ីសេរី៖ ខ្ញុំខលពីអាស៊ីសេរីទៅ។ លោក ម៉ម ប៊ុនហេង៖ អូ ! ខ្ញុំកំពុងជាប់រវល់ប្រជុំ សុំអធ្យាស្រ័យ។
ដងខ្លួនរបស់មនុស្ស នៅពេលណាប៉ះជាមួយទឹកអាស៊ីដខ្លាំង ស្បែក និងជាលិកាត្រូវរលួយភ្លាមៗ ហើយបន្ទាប់មកទឹកអាស៊ីដនោះក៏ជ្រាបចូលដល់ឆ្អឹង។ នៅពេលជះចំមុខ ទឹកអាស៊ីដតែងតែស៊ីសាច់ភ្នែក ត្រចៀក ស្បែក និង ឆ្អឹង បណ្ដាលឲ្យរលួយសាច់នៅត្រង់កន្លែងណាដែលវាហូរទៅដល់ ដែលអាចធ្វើឲ្យមានពិការភាព ឬបាត់បង់ជីវិត។
ឧបសគ្គរាំងស្ទះដល់ការស្វែងរកយុត្តិធម៌
មាត្រា១១ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំងចែងថា៖ «រដ្ឋត្រូវផ្ដល់ជំនួយសង្គ្រោះផ្នែកច្បាប់ដល់ជនរងគ្រោះដោយសារអាស៊ីដខ្លាំង»។ ទោះបីជាច្បាប់ចែងដូច្នេះក្ដី ជនរងគ្រោះអះអាងដូចៗ គ្នាថា ពួកគេពុំដែលទទួលបានជំនួយសង្គ្រោះផ្នែកច្បាប់ប្រកបដោយយុត្តិធម៌ឡើយ។ លើសពីនេះ ជនរងគ្រោះ អះអាងថា មន្ត្រីនគរបាល និងមន្ត្រីតុលាការ តែងតែគំរាមកំហែងឲ្យពួកគេដកពាក្យបណ្ដឹង ឬ ឲ្យយល់ព្រមទទួលយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងសំណូក។ ក្នុងចំណោមករណីមួយចំនួនតូចដែលបានប្ដឹងទៅតុលាការ មានករណីតិចតួចណាស់ ដែលបានឈានដល់ដំណាក់កាលតុលាការផ្ដន្ទាទោសជនល្មើស ហើយកាន់តែតិចតួចទៅទៀតដែលបានឈានដល់ដំណាក់កាលជនល្មើសអនុវត្តទោស។
ជាក់ស្ដែង ករណី អ្នកស្រី ស៊ុន សុខនី ថ្វីដ្បិតតែតុលាការ បានកាត់ទោសឲ្យជនល្មើសជាប់ពន្ធនាគារជាង ១២ឆ្នាំ និងសងជំងឺចិត្ត ១ម៉ឺនដុល្លារក្តី ក៏ក្នុងរយៈពេលជិត ៤ឆ្នាំមកនេះ អ្នកស្រីមិនដែលទទួលបានសំណងនោះទេ ចំណែកជនល្មើស ក៏មិនទាន់បានចាប់ខ្លួនដាក់ពន្ធនាគារដែរ។ សព្វថ្ងៃ អ្នកស្រី នៅតែមានអារម្មណ៍ភ័យខ្លាចជនល្មើសបន្តតាមធ្វើបាប៖ «ខ្ញុំធ្វើការរាល់ថ្ងៃនេះ ដើរភ័យៗ និងប្រុងប្រយ័ត្នដែរហ្នឹង ព្រោះវាធ្លាប់ព្រមានខ្ញុំថា វាមិនឲ្យខ្ញុំរស់នៅបានសុខទេ។ វានៅតែតាមព្យាបាទអ៊ីចឹង»។
លោកវេជ្ជបណ្ឌិត ហង ឡៃរ៉ាប៉ូ ដែលបានបម្រើការងារជាអ្នកគ្រប់គ្រងផ្នែកច្បាប់ និងផ្នែកព្យាបាល នៃអង្គការជួយសង្គ្រោះជនរងគ្រោះកម្ពុជាដោយអាស៊ីដ ហៅកាត់ថា (CASC) មុនពេលអង្គការនោះឈប់ដំណើរការ បានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូម៉ែនរ៉ៃត៍ វច្ឆ ថា លោកបានទទួលការគំរាមកំហែងជាច្រើនពីគ្រួសាររបស់ជនល្មើស និងមន្ត្រីតុលាការដែលបង្ខំឲ្យលោកទម្លាក់ចោលសំណុំរឿងរបស់ជនរងគ្រោះទាំងនោះ។
អាស៊ីសេរីមិនអាចសុំការឆ្លើយបំភ្លឺបញ្ហាទាំងនេះពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ ដោយលោកទាំងពីរមិនទទួលទូរស័ព្ទ។
របាយការណ៍របស់ យូម៉ែនរ៉ៃត៍ វច្ឆ បន្តថា អំពើពុករលួយមាននៅគ្រប់ជាន់ថ្នាក់ទាំងអស់នៃរដ្ឋាភិបាលកម្ពុជា ហើយតុលាការមិនមានសមត្ថភាព និងអព្យាក្រឹតភាពទេ។ ជាលទ្ធផល ជនរងគ្រោះដែលគ្មានលុយ ឬអំណាច ទំនងជាមិនអាចទទួលបានការកាត់ក្ដីដោយយុត្តិធម៌ ឬអាចទទួលបានសំណងសមរម្យពីជនល្មើសឡើយ។ បញ្ហាទាំងនេះកាន់តែអាក្រក់ទៅទៀត ក្នុងករណីជនល្មើសមានលុយ មានអំណាច ឬ ស្និទ្ធនឹងអ្នកមានលុយ មានអំណាច។
ករណីអំពើហិង្សាដោយការប្រើអាស៊ីដ ដែលល្បីខ្ទរខ្ទារបំផុតនៅកម្ពុជា ទំនងជាករណីរបស់អតីតតារាសម្ដែងខារ៉ាអូខេ អ្នកស្រី តាត ម៉ារីណា ក្នុងឆ្នាំ១៩៩៩ ដែលកាលណោះនាងមានវ័យ ១៦ឆ្នាំនៅឡើយ។ អ្នកស្រី តាត ម៉ារីណា រៀបរាប់ថា លោក ស្វាយ ស៊ីថា ដែលកាលណោះកាន់តំណែងជាអនុរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមកំហែងនាងតាមផ្លូវវាចា និងផ្លូវកាយ បង្ខំឲ្យនាងបន្តរក្សាទំនាក់ទំនងជាមួយខ្លួន នៅពេលនាងព្យាយាមសុំបែកគ្នា។ នៅពេលភរិយារបស់លោក ស្វាយ ស៊ីថា ដែលមានឈ្មោះថា ឃួន សុផល បានដឹងពីទំនាក់ទំនងរវាងអ្នកទាំងពីរនោះក៏ បានជួលបុរសមួយក្រុមឲ្យមកវាយធ្វើបាប ម៉ារីណា រហូតដល់បាត់បង់ស្មារតី ហើយស្រោចអាស៊ីដនីទ្រិកលើមុខរបស់នាង។ រហូតមកដល់ពេលនេះ គ្មានបុគ្គលណាម្នាក់ត្រូវបានតុលាការកាត់ឲ្យជាប់ទោសក្នុងពន្ធនាគារ ចំពោះអំពើវាយប្រហារលើ ម៉ារីណា ឡើយ — ទោះបីជាអំពើវាយប្រហារនោះបានកើតឡើងទាំងកណ្ដាលថ្ងៃ នៅទីផ្សារ ដែលមានមនុស្សម្នាយ៉ាងច្រើនកុះករ ហើយក្រុមជនល្មើសក៏បានបន្សល់ទុកនូវភស្តុតាង ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេនៅទីកន្លែងកើតហេតុទៀតផងក៏ដោយចុះ។ រហូតមកដល់ពេលនេះ អ្នកស្រី តាត ម៉ារីណា ក៏មិនទទួលបានសំណងជំងឺចិត្តអ្វីសោះឡើយ។ ចំណែក លោក ស្វាយ ស៊ីថា វិញបានទទួលបុណ្យស័ក្ដិកាន់តែខ្ពស់ ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សានាយករដ្ឋមន្ត្រីដែលជាតំណែងកំពូលក្នុងជួររដ្ឋាភិបាល កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ។
លោក អំ សំអាត នៃអង្គការ លីកាដូ អោយដឹងថា រហូតមកដល់ពេលនេះ មានជនល្មើសតិចតូចប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោសតាមច្បាប់៖ «ករណីមួយចំនួនទៀត បានដំណើរការទៅតាមផ្លូវតុលាការដែរ ប៉ុន្តែជនល្មើសបានគេចខ្លួន ហើយករណីខ្លះទៀត តុលាការបានកាត់ទោស ១២ឆ្នាំ ឬ ១៥ឆ្នាំអី ប៉ុន្តែជនល្មើសមិនត្រូវបានចាប់ខ្លួនទេ ដោយសាររត់គេចខ្លួន ហើយករណីមួយចំនួនទៀត បើសិនជាមានសភាពស្រាលទេ គឺគេធ្វើការសម្របសម្រួលគ្នា ហើយគេដោះស្រាយគ្នាដោយ សំណងបញ្ចប់ក្រៅប្រព័ន្ធតុលាការទៅ»។
នៅកម្ពុជាករណីវាយប្រហារដោយទឹកអាស៊ីដដែលត្រូវបានរាយការណ៍ មានចំនួន ៤០ករណីដែលជាចំនួនខ្ពស់បំផុតនៅក្នុងឆ្នាំ២០០០។ ករណីទាំងនោះត្រូវបានគេជឿថា បណ្ដាលមកពី «ការយកគំរូតាម» អំពើវាយប្រហារលើ តាត ម៉ារីណា។ មានរលកនៃការវាយប្រហារមួយទៀតនៅឆ្នាំ២០១០ ដែលមានជនរងគ្រោះសរុបចំនួន ៣៦នាក់។ ភាគច្រើននៃករណីទាំងនោះកើតចេញពីជម្លោះរវាងបុគ្គល និងបុគ្គល ហើយនិងការចងគំនុំ។ ការវាយប្រហារកើតមានញឹកញាប់ជាងគេនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ។ ការដែលខេត្តទាំងពីរសំបូរនូវការវាយប្រហារបែបនេះ ដោយសារខេត្តនេះមានការប្រើប្រាស់អាស៊ីដច្រើននៅក្នុងផលិតកម្មកៅស៊ូ និងដោយមិនទាន់មានការទប់ស្កាត់គ្រប់គ្រាន់ពីក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា រដ្ឋាភិបាលមិនទាន់អាចវាយតម្លៃការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដនេះទេ ដោយសារមិនទាន់ធ្វើការសិក្សាស្រាវជ្រាវ តែសម្រាប់របាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍ វច្ឆ លោកថា អាចបង្កើតឡើង ដើម្បីបន្តុះបង្អាប់រដ្ឋាភិបាល។ ទោះជាយ៉ាងណា លោកថា លោកនឹងអានរបាយការណ៍នោះ៖ «ការសន្និដ្ឋាន និងការស្រាវជ្រាវរបស់គាត់ដោយផ្អែកតែ លើករណីប៉ុន្មាននេះ ហើយមកវាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ទាំងមូល គឺវាមិនមែនជាការ វាយតម្លៃស្រាវជ្រាវប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ។ បើសិនជាវាយតម្លៃតែប៉ុន្មានករណីនេះ គឺធ្វើដូចគាត់បាន ក្នុងគោលបំណងតែធ្វើការរិះគន់បង្អាប់ បន្ថោករដ្ឋាភិបាល។ ប៉ុន្តែសួរខាងរដ្ឋាភិបាលវិញថា តើការអនុវត្តច្បាប់មានប្រសិទ្ធភាពប៉ុណ្ណា ? ខ្ញុំអត់ទាន់វាយតម្លៃបានទេ ព្រោះមិនទាន់ ធ្វើការសិក្សាស្រាវជ្រាវមួយមានលក្ខណៈវិទ្យាសាស្ត្រ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍ វច្ឆ (Human Rights Watch) ឲ្យដឹងថា ខ្លួនបានចំណាយពេល ៥ឆ្នាំធ្វើការស្រាវជ្រាវមុននឹងចេញរបាយការណ៍នេះ ដែលក្នុងនោះបានជួបសម្ភាសន៍មនុស្សចំនួន ៨១នាក់ រួមមានជនរស់រានមានជីវិតពីការវាយប្រហារដោយអាស៊ីដចំនួន ១៧នាក់នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម សាច់ញាតិរបស់ពួកគេ មេធាវី អ្នកជំនាញដែលធ្វើការងារផ្ដោតលើបញ្ហាអំពើហិង្សាដោយអាស៊ីដ និងអាជីវករលក់អាគុយម៉ូតូតាមផ្លូវ ព្រមទាំងអ្នក លក់អាស៊ីដដទៃទៀតក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
មាត្រា១៦ នៃច្បាប់នៃការគ្រប់គ្រងទឹកអាស៊ីដចែងថា ជនណាដែលបានប្រព្រឹត្តបទល្មើសអាស៊ីដ បណ្ដាលឲ្យជនរងគ្រោះរងផលប៉ះពាល់ដល់សុខភាពត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំដល់ ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ៥លានរៀលដល់ ១០លានរៀល។ ក្នុងករណីដែលជនរងគ្រោះក្លាយទៅជាជនពិការអស់មួយជីវិត ឬរហូតដល់ស្លាប់នោះ ជនល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៣០ឆ្នាំ ដល់មួយជីវិត ដោយមិនទាន់គិតពីសំណងជាប្រាក់សម្រាប់ជនរងគ្រោះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍ វច្ឆ (Human Rights Watch) ផ្ដល់អនុសាសន៍ថា ការរារាំងដល់ដំណើរការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងទឹកអាស៊ីដ គួរតែដាក់ជាបទល្មើសព្រហ្មទណ្ឌ ដែលក្នុងរួមបញ្ចូលទាំងការអន្តរាគមន៍ដោយមិនត្រឹមត្រូវពីសំណាក់នគរបាល មន្ត្រី ចៅក្រម ឬ ព្រះរាជអាជ្ញា។ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌កម្ពុជាគួរតែរួសរាន់ធ្វើឲ្យ សេចក្ដីព្រាងច្បាប់ស្ដីពីការការពារជនរងគ្រោះ និងសាក្សី ដែលបានសន្យាជាយូរមកហើយនោះក្លាយជាច្បាប់។
រឿងសំខាន់មួយទៀត «រដ្ឋាភិបាលកម្ពុជាគួរតែទំនាក់ទំនងឲ្យបានច្បាស់ជាមួយមន្ទីរពេទ្យរដ្ឋទាំងអស់ អំពីបញ្ញត្តិនៃច្បាប់ដែលតម្រូវឲ្យផ្ដល់ការព្យាបាលដល់ជនរងគ្រោះដោយសារអាស៊ីដខ្លាំង ដោយឥតគិតថ្លៃ និងកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការទូទាត់ថ្លៃចំណាយដល់មន្ទីរពេទ្យ»។ «រដ្ឋាភិបាលគួរតែធ្វើបច្ចុប្បន្នភាពចំពោះ បទប្បញ្ញត្តិស្ដីពីថ្នាំបំបាត់ការឈឺចាប់ខ្លាំង (opioid analgesics) ដើម្បីធានាថា ថ្នាំកាត់បន្ថយការឈឺចាប់ប្រភេទនេះមានគ្រប់គ្រាន់ និងអាចឲ្យជនរងគ្រោះទាំងឡាយ ដែលត្រូវការប្រើប្រាស់ថ្នាំប្រភេទនេះមានលទ្ធភាពទទួលបាននៅពេលពួកគេត្រូវការ ដើម្បីជួយឲ្យជនរស់មានជីវិតពីការវាយប្រហារដោយអាស៊ីដ អាចរួចផុតពីជីវិត ដែលពោរពេញដោយក្ដីឈឺចាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
