ក្រុមស្ត្រីរងគ្រោះដីធ្លី អាជីវករ និងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលនៅមិនទាន់ធានាឱ្យមានការគោរពសិទ្ធិស្ត្រី និងក្មេងស្រីឱ្យបានពេញលេញនោះទេ ដែលបញ្ហានេះបង្កឱ្យមានស្ត្រីជាច្រើនរងនូវ អំពើហិង្សា ការបៀតបៀន ការចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌ និងរំលោភសិទ្ធិនៅកន្លែងការងារ។ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់គាំពារដល់ស្ត្រីដែលរងគ្រោះដោយសារការរំលោភសិទ្ធិ និងការបៀតបៀនគ្រប់ទម្រង់ពីសំណាក់អាជ្ញាធរ។
ពលរដ្ឋ អង្គការសង្គមស៊ីវិល សមាជិកសហជីព និងក្រុមអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជិត ៨០ស្ថាប័ន នៅថ្ងៃទី៨ មីនា បានរួមគ្នាប្រារព្ធទិវាអន្តរជាតិនារីលើកទី១១៤ នៅទីលានប្រជាធិបតេយ្យក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»ដែលមានអ្នកចូលរួមប្រមាណ ៦០០នាក់។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ឱ្យវិទ្យុអាស៊ីសេរីដឹងថា គោលបំណងនៃការប្រារព្ធទិវានេះគឺ ដើម្បីលើកកម្ពស់សិទ្ធិ និងពង្រឹងសិទ្ធិអំណាចដល់ស្ត្រី ហើយផ្តល់ឱកាសឱ្យពួកគាត់លើកឡើងពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ។ លោកបន្តថា បើទោះរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់មួយចំនួនស្ដីពីការលើកកម្ពស់សិទ្ធិស្ត្រី ក៏ប៉ុន្តែមកទល់ពេលនេះស្ត្រីស្ទើរគ្រប់វិស័យនៅតែរងការធ្វើទុក្ខបុកម្នេញ និងការរើសអើងនៅក្នុងសង្គម។
លោក វន់ ពៅ៖«យើងក្រឡេកទៅក្រុមស្ត្រីផ្នែកសិទ្ធិមនុស្ស ផ្នែកដីធ្លី ផ្នែកបរិស្ថានយើងឃើញថា ត្រូវបានគេចាប់ដាក់ពន្ធនាគាររហូតមកទល់ពេលនេះអ្នកមួយចំនួននៅមិនទាន់ដោះលែងនៅឡើយទេ ហើយគេបញ្ជូនទៅពន្ធនាគារឆ្ងាយៗ ដែលគាត់គ្រាន់តែធ្វើការងារ ដើម្បីជាតិ ដើម្បីសង្គម ដើម្បីបរិស្ថានរួមតែប៉ុណ្ណោះ។ អ៊ីចឹងហើយទាំងនេះ គឺជាបញ្ហាប្រឈមរបស់ស្ត្រីក្នុងប្រទេសកម្ពុជាជាពិសេស ផ្នែកវិស័យការងារ ផ្នែកវិស័យសិទ្ធិមនុស្សផងដែរ ហើយសេរីភាពលំហរបស់យើង គឺនៅមានការរឹតត្បិតនៅឡើយ»។

អាជីវករលក់ដូរតាមរទេះនៅចាក់អង្រែក្រោម លោកស្រី កឹ សុខរ៉ន រៀបរាប់ថា លោកស្រី និងក្រុមអាជីវករលក់ដូរតាមដងផ្លូវមួយចំនួនរងនូវការរើសអើង និងប្រើអំពើហិង្សាពីមន្ត្រីខណ្ឌនៅពេលលោកស្រីចេញលក់ដូរនៅតាមទីប្រជុំជន។ លោកស្រីបន្តថា បញ្ហានេះធ្វើឱ្យរំខានដល់ការលក់ដូរ និងប៉ះពាល់ដល់ជីវភាពគ្រួសារលោកស្រីដោយសារតែរដ្ឋាភិបាលមិនបានរៀបចំកន្លែងលក់ដូរចំពោះអាជីវករលក់ដូរតាមរទេះ។
លោកស្រី កឹ សុខរ៉ន៖«បញ្ហាសំខាន់របស់ពួកខ្ញុំរាល់ថ្ងៃ គឺខ្ញុំប៉ះពាល់ខ្លាំងជាមួយអាជ្ញាធរ ដោយសារតែគាត់ចុះរៀបរយផ្លូវ។ អ៊ីចឹងទៅ ត្រូវដេញពួកគាត់ ខ្ញុំមិនឱ្យលក់ ដើម្បីសម្រួលឱ្យពួកខ្ញុំ។ ចង់ឱ្យពួកខ្ញុំមានកន្លែងលក់ដូរឱ្យបានត្រឹមត្រូវកុំឱ្យអាជ្ញាធរ ដែលគាត់រៀបហ្នឹង គឺគាត់ដេញប្រមាថជេរ។ និយាយទៅពួកខ្ញុំ ក៏ជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលអ៊ីចឹង សុំឱ្យគាត់ជួយរៀបចំឱ្យមានសណ្ដាប់ធ្នាប់ ដោយសីលធម៌សំដីសំដៅគាត់ឱ្យមានក្រមសីលធម៌ចំពោះពួកខ្ញុំជាស្ត្រី»។
ចំណែកឯសកម្មជនដីធ្លីនៅតំបន់បឹងកក់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី ដែលបានរួមក្នុងវេទិកានេះថ្លែងថា លោកស្រីឈឺចាប់ដែលរដ្ឋាភិបាលចាប់កូនស្រីរបស់លោកស្រី គឺលោកស្រី អេង សុខា ដាក់ពន្ធនាគារដោយគ្រាន់តែកូនស្រីលោកស្រីចេញមុខទាមទាររកយុត្តិធម៌ជូនលោកស្រី។ លោកស្រីបន្តថា ប្រព័ន្ធតុលាការបច្ចុប្បន្នមិនបានការពារជនរងគ្រោះនោះទេ ប៉ុន្តែបែរជាការពារជនល្មើសដែលប្លន់ដីពលរដ្ឋ និងប្រើអំពើហិង្សាលើពលរដ្ឋទៅវិញ។
លោកស្រី ង៉ែត ឃុន៖«អេង សុខា មកទាមទាររកភាពយុត្តិធម៌សម្រាប់ខ្ញុំ ហេតុអីគេបែរជាមកចាប់កូនខ្ញុំគេវ៉ៃខ្ញុំបែកក្បាល កូនខ្ញុំមកទាមទាររកយុត្តិធម៌ឯណាទៅភាពយុត្តិធម៌សម្រាប់ម្ដាយខ្ញុំ ហេតុអីគេមិនរកភាពយុត្តិធម៌ឱ្យកូនខ្ញុំ»។
ក្រៅពីស្ត្រីរងគ្រោះដីធ្លី និងអាជីវករលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងមិនឱ្យលក់ដូរតាមដងផ្លូវហើយនោះ ក៏នៅមានក្រុមស្ត្រីដែលបម្រើការក្នុងវិស័យកាត់ដេរ ស្ត្រីប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើការងារនៅតាមផ្ទះ និងស្ត្រីបម្រើសេវាកម្សាន្តជាដើម លើកឡើងពីការកេងប្រវ័ញ្ចកម្លាំងពលកម្មនៅកន្លែងការងារ ការរឹតត្បិតសិទ្ធិសេរីភាពសហជីព ព្រមទាំងស្ត្រីមួយចំនួនរងការបៀតបៀនរាងកាយ នៅកន្លែងធ្វើការជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី៨ មីនា។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី បានបង្ហោះវីដេអូនៅលើគណនីហ្វេសប៊ុករបស់ក្រសួងកិច្ចការនារី ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដោយអះអាងថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានធ្វើឱ្យសង្គមមានសុខសន្តិភាព ហើយស្ត្រី និងក្មេងស្រីរស់នៅប្រកបដោយភាពសម្បូរសប្បាយ និងសុខដុមរមនា។
អ្នកស្រី អ៊ឹង កន្ថាផាវី៖«ចំពោះប្រទេសកម្ពុជាក្រោមម្លប់នៃសុខ សន្តិភាពប្រជាជនគ្រប់រូបជាពិសេសស្ត្រី និងក្មេងស្រីកំពុងរស់នៅដោយភាពសម្បូរសប្បាយ សុខដុមរមនា ព្រមទាំងទទួលបានភាពផលលើគ្រប់វិស័យជាបន្តបន្ទាប់»។
ទោះជាយ៉ាងណា អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី និងធនធានធម្មជាតិនៃសមាគម ការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់ឃើញថា រដ្ឋាភិបាលនៅមិនទាន់គោរពសិទ្ធិស្ត្រីឱ្យបានពេញលេញនៅឡើយទេ ពីព្រោះក្រុមស្ត្រីការពារសិទ្ធិមនុស្ស បរិស្ថាន និងនយោបាយមួយចំនួននៅតែរងការចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់។ លោកចង់ឃើញរដ្ឋាភិបាលលើកកម្ពស់សិទ្ធិស្ត្រី និងដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
លោក យិន ម៉េងលី៖«ការតវ៉ារបស់ក្រុមស្ត្រីពីបញ្ហាអ្វីមួយសុំឱ្យរដ្ឋាភិបាលពិចារណាមើលថា តើបញ្ហាហ្នឹងរដ្ឋាភិបាលគួរតែដោះស្រាយយ៉ាងម៉េចសម្រាប់ពួកគាត់ ដោយការប្រើប្រាស់កម្លាំងចំពោះស្ត្រីហ្នឹងក៏ត្រូវគិតពិចារណា ដែលមិនត្រូវយកកម្លាំងបុរសមកចាប់មកបង្ក្រាបពួកគាត់ទេ។ អ៊ីចឹងយើងត្រូវប្រើប្រាស់កម្លាំង ដើម្បីទប់ទល់ក៏ជាស្ត្រីដែល ការប្រើប្រាស់កម្លាំងហួសប្រមាណគឺជាការរំលោភសិទ្ធិរួចទៅហើយ»។
ក្រោយបញ្ចប់កម្មវិធីអង្គការសង្គមស៊ីវិល សមាគម និងសហជីពប្រមាណ ជិត ៨០ស្ថាប័នក៏បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយលើកឡើងនូវតម្រូវការចំនួន ១៦ចំណុច ដើម្បីដាក់ទៅកាន់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានាដោះស្រាយ។ ក្នុងនោះមានដូចជា លើកកម្ពស់សិទ្ធិស្ត្រី ធានានូវសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋបង្កើនចំនួនមត្តេយ្យសហគមន៍ និងទារកដ្ឋាន ធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ បង្កើតឱ្យមានជម្រកសុវត្ថិភាពសម្រាប់ស្ត្រីរងគ្រោះ ដោយសារអំពើហិង្សាក្នុងគ្រួសារ និងបញ្ឈប់បណ្ដេញពលរដ្ឋចេញពីដីធ្លីទាំងបង្ខំ ព្រមទាំងបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិការងារ និងការងារបរិស្ថានជាដើម។
មន្ត្រីអង្គការសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលអនុវត្តតាមសេចក្ដីស្នើរបស់អង្គការសង្គមស៊ីវិលនោះ ពីព្រោះការធ្វើមិនដឹងមិនលឺពីសំណាក់រដ្ឋាភិបាលបានជំរុញឱ្យមានករណីរំលោភសិទ្ធិស្ត្រីកាន់តែកើនឡើងនៅក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។