សាលាក្ដីខ្មែរក្រហមនឹងរៀបចំកម្មវិធីប្រកាសដាក់ឱ្យដំណើរការពិព័រណ៍រូបថត "មេរៀនអតីតកាល – ដើមបណ្តឹងរដ្ឋប្បវេណី" ដែលជាផ្នែកមួយនៃគម្រោងសំណង "អណ្ដើកក្លាហាន" និង"ប្រព័ន្ធផ្សព្វផ្សាយសហគមន៍អំពីប្រជាជនចាមក្នុងរបបខ្មែរក្រហម"។
ពិធីនេះនឹងធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ស្អែកនេះ ចាប់ពីម៉ោង ៣និង៣០នាទីរសៀល នៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាហៅថា អ.វ.ត.ក. ជាប់របងខាងលិចនៃអគារមិត្តភាពរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ អ្នកចូលរួមក្នុងកម្មវិធីនេះ រួមមាន ភ្ញៀវជាតិ អន្តរជាតិ ដើមបណ្ដឹងរដ្ឋប្បវេណី យុវជន និងអង្គការសង្គមស៊ីវិល សរុបប្រមាណ ៧០នាក់។
សាលាក្ដីខ្មែរក្រហមឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៥ កុម្ភៈនេះថា ការតាំងពិព័រណ៍នេះមិនមែនគ្រាន់តែជាការប្រមូលផ្តុំនៃរូបភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពដ៏មានអំណាចដែលបង្ហាញពីភាពអត់ធ្មត់ ភាពក្លាហាន និងស្មារតីដ៏រឹងមាំរបស់អ្នកដែលបានរស់រានមានជីវិតពីការឈឺចាប់មួយនៅក្នុងសម័យខ្មែរក្រហម។ រូបភាពទាំងនេះពណ៌នាអំពីអតីតកាល ដែលបានកើតឡើងនៅក្នុងរបបកាប់សម្លាប់ និង ជាមេរៀនដែលមនុស្សគ្រប់រូបបានស្វែងយល់អំពីមេរៀននិងរឿងរ៉ាវទាំងនេះ។ ជាពិសេសគឺឱ្យយុវជនជំនាន់ក្រោយបានដឹងពីបទពិសោធន៍ដែលដើមបណ្តឹងរដ្ឋប្បវេណីបានឆ្លងកាត់ក្នុងរបបខ្មែរក្រហមនិងដើម្បីធានាថា ប្រវត្តិសាស្ត្រនឹងមិនកើតឡើងជាថ្មីម្តងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។