ពលរដ្ឋរងគ្រោះដីធ្លីគ្មានទំនុកចិត្តលើបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលប្រកាសចែកដីដល់ពលរដ្ឋក្រីក្រ ដើម្បីទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ និងចូលរួមការពារដីព្រៃនោះឡើយ។ ពួកគាត់អះអាងថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះគឺគ្រាន់តែធ្វើឱ្យពលរដ្ឋស្ងប់ចិត្តប៉ុណ្ណោះ ពីព្រោះកន្លងទៅពលរដ្ឋទាមទារឱ្យមានដំណោះស្រាយដីធ្លីបែរជាអាជ្ញាធរចាប់ដាក់គុកទៅវិញ។
ពលរដ្ឋរងគ្រោះដីធ្លីមិនរំពឹងថា រដ្ឋាភិបាលចែកដីដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយសារការរំលោភយកដីពីសំណាក់អ្នកមានលុយមានអំណាចឡើយ។ ពួកគាត់សង្កេតឃើញថា នៅពេលពលរដ្ឋឡើងទៅដាក់ញត្តិស្នើសុំឱ្យរដ្ឋាភិបាលកាត់ឆ្វៀលដី និងដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ អាជ្ញាធរតែងគំរាមកំហែងពួកគាត់ចាប់ដាក់ពន្ធនាគារ។
តំណាងពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍៥៩៧ ស្រុកស្រែអំបិល ខេត្តកោះកុង លោក អៀង សំណាង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ខែមករា ថា លោកគ្មានជំនឿថាលោក ហ៊ុន ម៉ាណែត ចែកដីឱ្យពលរដ្ឋអាស្រ័យផលនោះទេ ពីព្រោះកន្លងទៅរដ្ឋាភិបាលគឺជាអ្នកកាត់ឆ្វៀលដីពលរដ្ឋឱ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក ហេង ហ៊ុយ ធ្វើជាកម្មសិទ្ធិឯកជន។ លោកចាត់ទុកកម្មវិធីផ្ដល់ដីការពារព្រៃដល់ពលរដ្ឋក្រីក្ររបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែជាការបោកប្រាស់ទំនុកចិត្តពលរដ្ឋ។
លោក អៀង សំណាង៖«ខ្ញុំយល់ថា ការណ៍ដែលរដ្ឋាភិបាលនិយាយតាំងពី ឪពុករហូតដល់កូននេះ ពួកខ្ញុំមិនយកចិត្តទុកដាក់នៅក្នុងចិត្តថា ពួកគាត់និយាយហើយគាត់ធ្វើបានសម្រាប់កូនចៅរបស់គាត់ទេ។ ប៉ុន្តែខាងសមាគមខ្ញុំក៏មិនបោះបង់នៅការបន្តពីព្រោះការស្នើសុំរបស់ពួកខ្ញុំលើកឡើងមួយចំណុចបើគ្រាន់តែអ្នកអត់ហើយស្នើសុំ ចាប់អ្នកសុំដាក់គុកដែរ អ៊ីចឹងចាប់អ្នកសុំទាននៅស្រុកខ្មែរដាក់គុកអស់ទៅ ពិភពលោកនឹងឃើញ ពីព្រោះនេះជាសំដីអ្នកសុំពិតប្រាកដអត់ពិតប្រាកដ»។
កាលពីថ្ងៃទី២១ ខែមករា លោក អៀង សំណាង និងតំណាងសហគមន៍មានទំនាស់ដីធ្លីប្រមាណ៦០នាក់ ក្នុងខេត្តកោះកុង ក៏បានទៅដាក់ញត្តិនៅសាលាខេត្តកោះកុង ដើម្បីស្នើឱ្យអភិបាលខេត្តនេះ ពន្លឿនការដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនលោក ហេង ហ៊ុយ និងទាមទារឱ្យអាជ្ញាធរផ្ដល់ដីចំនួន ៣ហិកតារ ព្រមទាំងសំណងជាទឹកប្រាក់ចំនួន៧ពាន់ដុល្លារ ដល់ពលរដ្ឋក្នុងមួយគ្រួសារសម្រាប់ការអាក់ខានមិនបានអាស្រ័យលើដីរបស់ពួកគាត់រយៈពេលជិត ១០ឆ្នាំ ប៉ុន្តែការស្នើសុំរបស់ពលរដ្ឋនេះ អាជ្ញាធរបែរជាធ្វើមិនដឹងមិនលឺទៅវិញ។
ការលើកឡើងរបស់ពលរដ្ឋរូបនេះគឺបន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល ពី ថ្ងៃទី២៨ ខែមករា បានបង្ហោះសារជាសំឡេងនៅលើគណនីហ្វេសប៊ុករបស់លោកដោយប្រកាសបង្កើតកម្មវិធី«ផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ក្នុងគោលបំណងដោះស្រាយដីជូនពលរដ្ឋក្រីក្រ ទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញឱ្យពលរដ្ឋចូលរួមការពារ និងអភិរក្សព្រៃឈើ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ពលរដ្ឋអាចដាក់ពាក្យស្នើសុំដីអាស្រ័យផលបាន ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ នៅលេខាធិការដ្ឋាន«ផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»។ លោក ហ៊ុន ម៉ាណែត ក៏មិនភ្លេចរំលឹកពីគុណបំណាច់ឪពុករបស់លោកដែរថា ការបែងចែកដីកសិកម្មឱ្យពលរដ្ឋនេះកើតមានបន្ទាប់ពីឪពុកលោកឈ្នះសង្គ្រាមក្នុងរបបខ្មែរក្រហម។
លោក ហ៊ុន ម៉ាណែត៖«តាមរយៈកម្មវិធីនេះប្រជាពលរដ្ឋខ្មែរអត់មានដីពិតប្រាកដនឹងត្រូវបានរដ្ឋាភិបាលផ្ដល់ដីជូន ជានឹងការជួយរៀបចំភូមិកជូន ហើយប្រជាពលរដ្ឋខ្មែរដែលនឹងត្រូវរស់នៅទីនោះអាចនឹងចងក្រងជាសហគមន៍ជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ដែលខ្លួនរស់នៅ។ នៅក្នុងន័យនេះយើងអាចនិយាយបានថា នេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ ទី១ គឺការផ្ដល់ដីជូនពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ»។
ការបង្កើតកម្មវិធី«ផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នេះក្រោយពេលដែលព្រះមហាក្សត្រកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ បានតែងតាំងលោកហ៊ុន ម៉ាណែត ជាប្រធានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធី«ផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»។
ពាក់ព័ន្ធនឹងប្រកាសការពារព្រៃឈើរបស់លោក ហ៊ុន ម៉ាណែត នៅពេលនេះ បណ្ដាញព្រៃឡង់ខេត្តក្រចេះ លោក ស្វាយ សុង មានសង្ឃឹមតិចតួចថា រដ្ឋាភិបាលអាចការពារធនធានធម្មជាតិបាន ពីព្រោះរដ្ឋាភិបាលនៅតែបន្តរឹតត្បិតមិនឱ្យប្រជាសហគមន៍ចូលល្បាតព្រៃ និងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជនវិនិយោគនៅតែបន្តកើតមាន។
លោក ស្វាយ សុង៖«មានតែការងារក្រុមសហគមន៍ព្រៃឡង់ទេ ពីព្រោះកន្លងមកពួកខ្ញុំជាអ្នកស្ម័គ្រចិត្តការពារព្រៃឈើដើម្បីធនធានធម្មជាតិរបស់យើងនេះពីព្រោះព្រៃឈើ ជាព្រៃឈើរបស់ពួកយើងទេជាពួក ខ្ញុំមានការលះបង់ អ៊ីចឹងប្រសិនជាគាត់មានការសហការអ៊ីចឹងល្អមែនទែន»។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ការបង្កើតកម្មវិធីចែកដីឱ្យពលរដ្ឋក្រីក្រ គឺជារឿងល្អដែលជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការធានាឱ្យពលរដ្ឋមានដីបង្កបង្កើនផល។ លោកបន្តថា ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាពរដ្ឋាភិបាលគួរតែពន្លឿនការដោះស្រាយបញ្ហាដីធ្លីនៅតាមថ្នាក់មូលដ្ឋានឱ្យបានឆាប់រហ័ស ចៀសវាងធ្វើឱ្យពលរដ្ឋកាន់តែធ្លាក់ខ្លួនក្រីក្រដោយសារតែដីធ្លី។
លោក យិន ម៉េងលី៖«យើងចង់ឱ្យការសម្បទាននេះឱ្យចំគោលដៅចំទៅលើអ្នកក្រីក្រអ្នកដែលអត់ដី អ្នកដែលរៀបការហើយគ្មានដីបង្កបង្កើនផលដើម្បីឱ្យពួកគាត់មានជីវភាពធូរធារ ធ្វើឱ្យប្រាកថា ដីហ្នឹងបានទៅដល់លើដៃពលរដ្ឋពិតប្រាកដមិនមែនទៅដល់ក្រុមណាមួយ បក្ខពួកណាមួយពីព្រោះនេះគឺជាគោលនយោបាយរបស់រដ្ឋាភិបាលទេ»។
ក្រុមពលរដ្ឋរងគ្រោះដីធ្លីលើកឡើងថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត គួរតែគិតគូរពីបញ្ហាប្រឈមរបស់ពួកគាត់ ជៀសវាងដើរតាមគន្លងចាស់ដូចឪពុករបស់លោកគឺលោក ហ៊ុន សែន ដែលធ្វើឱ្យពលរដ្ឋកាន់តែធ្លាក់ខ្លួនក្រីក្រដោយសារតែការរំលោភបំពានដីធ្លី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
