អ្នកវិភាគនយោបាយ និងមន្ត្រីសង្គមស៊ីវិល បានលើកឡើងថា ការផ្ទេរ និងតែងតាំង ចៅក្រម គ្រាន់តែជារបៀបនៃការផ្លាស់ប្ដូរ កន្លែងអង្គុយតែប៉ុណ្ណោះ ហើយអំពើអយុត្តិធម៌ នៅតែបន្តកើតមាននៅក្នុងស្ថាប័នតុលាការដដែល។
អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅនិទ្ទេសក្នុងប្រទេសហ្វាំងឡង់ ( Finland) លោក គឹម សុខ បញ្ជាក់ថា បើទោះបីជាមានការផ្ទេរ និងតែងតាំងចៅក្រម ពីកន្លែងមួយ ទៅកន្លែងមួយ ក៏មិនអាចរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះបានដែរ ពីព្រោះអំណាចទាំងអស់ គឺនៅលើលោក ហ៊ុន សែន។
លោកបន្ថែមថា នៅប្រទេសកម្ពុជា នៅពេលដែលពលរដ្ឋជួបរឿងអយុត្តិធម៌ តែងតែសុំជំនួយអន្តរាគមន៍ពីលោក ហ៊ុន សែន គឺមានន័យថា ប្រព័ន្ធយុត្តិធម៌ជាតិទាំងមូលស្ថិតនៅក្នុងកណ្ដាប់ដៃលោក ហ៊ុន សែន ដូច្នេះបើទោះបីជាមានការផ្លាស់ប្ដូរចៅក្រម និងប្រធានតុលាការ ក៏គ្មានន័យអ្វីដែរ៖ «ពីព្រោះ មេដឹកនាំរដ្ឋកំពូល ដែលមានតួនាទីជានាយករដ្ឋមន្ត្រី ឡើងទៅកាន់តំណែងដែលជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ គឺឡើងទៅកាន់តំណែង ដោយអំពើអយុត្តិធម៌ធ្ងន់ធ្ងរ។ ដូច្នេះ រាល់ការតែងតាំង នៅក្នុងស្ថាប័នជាតិទាំងអស់នៅក្នុងស្ថាប័នតុលាការ មានចៅក្រម ព្រះរាជអាជ្ញា ជាដើមនេះ គ្រាន់តែជាការពង្រឹង អំណាចបក្សពួករបស់ខ្លួន នៅក្នុងអង្គការតុលាការប៉ុណ្ណឹងទេ»។
ព្រះមហាក្សត្រ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១៣ ខែឧសភា ចេញព្រះរាជក្រឹត្យ ផ្ទេរ និងតែងតាំង ចៅក្រម និងប្រធានតុលាការចំនួន ៨៩ រូប ពីក្រុងភ្នំពេញឱ្យទៅតាមបណ្ដាខេត្តផ្សេងៗ និងពីតាមបណ្ដាខេត្តមកទីក្រុងភ្នំពេញវិញ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ក្រសួងយុត្តិធម៌ ជារៀងរាល់ឆ្នាំ តែងតែផ្លាស់ប្ដូរចៅក្រម និងប្រធានតុលាការ ពីកន្លែងមួយ ទៅកន្លែងមួយ។ ប៉ុន្តែអ្វីដែលពលរដ្ឋចង់ឃើញ គឺក្រសួងយុត្តិធម៌ ត្រូវធ្វើយ៉ាងណាដើម្បីឱ្យប្រព័ន្ធយុត្តិធម៌ឯករាជ្យ និងមិនលម្អៀង ដែលធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត៖ «ដូចបច្ចុប្បន្ន យើងឃើញថា នៅតាមបណ្ដាញសង្គមខ្លះ ប្រជាពលរដ្ឋទៅដើរតួនាទីជាតុលាការទៅវិញ។ អាហ្នឹងយើងមើលឃើញហើយដោយសារតែប្រព័ន្ធយុត្តិធម៌របៀបម៉េច បានទៅជាពលរដ្ឋដើរតួនាទីជំនួសតុលាការទៅវិញ។ អីចឹង ធ្វើយ៉ាងណាឱ្យប្រព័ន្ធតុលាការឯករាជ្យ ធានាការផ្ដល់យុត្តិធម៌ ដល់ពលរដ្ឋគ្រប់រូប នៅក្នុងសង្គម»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេដោយទូរស័ព្ទមិនមានអ្នកទទួល។
ព្រះមហាក្សត្រកាលពីខែកក្កដា ឆ្នាំ២០២០ បានប្រកាសតែងតាំងចៅក្រមថ្មីចំនួន ៣៩ រូប ដើម្បីបំពេញការងារនៅតាមសាលាដំបូងខេត្តចំនួន ២០ និងព្រះរាជអាជ្ញាចំនួន ១៥ រូប ដើម្បីទៅបំពេញការងារនៅអយ្យការអមសាលាដំបូងខេត្តចំនួន ១៤។
ក្នុងចំណោម ចៅក្រម និងព្រះរាជអាជ្ញាថ្មីទាំងអស់មានសិទ្ធិទទួលប្រាក់បៀវត្សរ៍មូលដ្ឋាន និងប្រាក់ឧបត្ថម្ភផ្សេងទៀតតាមច្បាប់កំណត់។ ពួកគាត់ក៏នឹងទទួលបាននូវសិទ្ធិទទួលប្រាក់ឧបត្ថម្ភផ្សេងៗ និងសិទ្ធិឡើងឋានន្តរសក្ដិ ឬឡើងឋានៈដោយត្រូវបានគិតចាប់ពីខែឧសភា ឆ្នាំ២០២០ នេះតទៅ។
ប្រព័ន្ធតុលាការនៅកម្ពុជា ធ្លាប់បានទទួលរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ចំពោះអំពើពុករលួយ មានភាពលម្អៀងទៅរកបក្សកាន់អំណាច និងមិនបានផ្ដល់យុត្តិធម៌ចំពោះជនរងគ្រោះជាពិសេស សកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយ ដែលប្រឆាំងនឹងរដ្ឋាភិបាលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។