«ព្រះមហាក្សត្រ​អាច​មិន​ចង់​ពាក់​ព័ន្ធ​នឹង​​​ច្បាប់​​រឿង​ខ្មែរ​ក្រហម ទើប​ព្រះអង្គ​យាង​ទៅ​​ចិន»

0:00 / 0:00

អ្នក​ច្បាប់​ សង្គម​ស៊ីវិល​ ​និង​គណបក្ស​ប្រឆាំង​អះអាង​ថា​ សេចក្ដី​​ព្រាង​ច្បាប់​ប្រឆាំង​នឹង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​ មាន​ចរិត​បំបែក​​បំបាក់​ជាតិ​ អាច​ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះមហាក្សត្រ​ យាង​ទៅ​ពិនិត្យ​​សុខភាព​នៅ​ប្រទេស​ចិន​ នៅ​ពេល​សេចក្តី​ព្រាង​ច្បាប់​នេះ​ឆ្លង​ផុត​ពី​ដៃ​ព្រឹទ្ធសភា។ មន្ត្រី​ជាន់​ខ្ពស់​ព្រឹទ្ធសភា​ថា ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​ឆាប់ៗ ទោះ​អវត្តមាន​ព្រះមហាក្សត្រ​​ក៏​ដោយ ព្រោះ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ទទួល​សិទ្ធិ​ចុះ​​ហត្ថលេខា​​ជំនួស ព្រះមហាក្សត្រ​ក្នុង​តួនាទី​លោក​ជា​ប្រមុខ​រដ្ឋ​ស្តីទី។

អ្នក​ច្បាប់​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​ លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់ ​ប្រឆាំង​នឹង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​​​ក្រហម​​មាន​ស្មារតី​ជាន់​ពន្លិច សេរីភាព​​​​ពលរដ្ឋ​ខ្មែរ​ ហើយ​ជា​ការ​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ​នៅ​តែ​ដឹង​ ​គុណ​វៀតណាម​គ្រប់​ជំនាន់​ទើប​ព្រះមហាក្សត្រ​មិន​ចង់​ចូល​រួម​ពាក់​ព័ន្ធ។

ព្រះមហាក្សត្រ​យាង​ទៅ​ពិនិត្យ​សុខភាព​នៅ​ចិន

ការ​លើក​ឡើង​នេះ ធ្វើ​​ឡើង​ក្រោយ​ពី​ព្រះមហាក្សត្រ​ សម្ដេច ព្រះបរមនាថ នរោត្ដម​ សីហមុនី និង​សម្ដេច​​ម៉ែ បាន​យាង​ទៅ​​កាន់​ទីក្រុង​ប៉េកាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ដើម្បី​​ពិនិត្យ​ព្រះរាជ​សុខភាព នៅ​ស្រប​ពេល​សេចក្ដី​​ព្រាង​ច្បាប់​ប្រឆាំង​នឹង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​របប​ខ្មែរ​ក្រហម ចេញ​ផុត​​ពី​ព្រឹទ្ធសភា។

ប្រធាន​អង្គការ​លទ្ធិ​ប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី​ លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា​ ថា ច្បាប់​នេះ ​គឺ​ជា​កំហុស​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​ប្រជាជន​​កម្ពុជា ដែល​ត្រួតត្រា​ទាំង​សភា និង​រដ្ឋាភិបាល​ ពី​ព្រោះរឿង​ប្រវត្តិសាស្ត្រ​ ត្រូវ​តែ​បើក​ចំហ​ឱ្យ​មាន​ការ​វែកញែក​ ដើម្បី​ចំណេះ​ដឹង​ពលរដ្ឋ​ផង និង​ដើម្បី​តម្រង់​ផ្លូវ​នយោបាយ​ជាតិ​ផង។ លោក​ថា ព្រះមហាក្សត្រ​តែង​តែ​យាង​ទៅ​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ក្រៅ​ប្រទេស​ ពេល​អ្នក​កាន់​អំណាច​ធ្វើ​ច្បាប់​ ដែល​មាន​ចរិតលក្ខណៈ​រឹត​ត្បិត​សេរីភាព​​ប្រជាពលរដ្ឋ។

លោក ស៊ឹង សែនករុណា៖«ជា​ធម្មតា​អ្នក​ណា​ធ្វើ​ អ្នក​ហ្នឹង​ទទួល​ខុស​ត្រូវ​​​ ​ជា​ធាតុ​សត្យានុម័ត​ហើយ​ដែល​គេ​ពិនិត្យ​ អ៊ីចឹង​ហើយ​បាន​ថា​​​ព្រះ​អង្គ​ស្វែង​យល់​ថា​ជា​រឿង​មួយ​ដែល​ប៉ះពាល់​ដល់​ព្រះ​កិត្តិនាម​​​របស់​​ព្រះ​អង្គ​ ហើយ​វា​ក៏​ជា​រឿង​មួយ​ដែល​រំលោភ​ទៅ​​លើ​សិទ្ធិ​មនុស្ស​ រំលោភ​ទៅ​លើ​​មនសិការ​របស់​អ្នក​នយោបាយ​​​​​ ឬ​ក៏​ពលរដ្ឋ​ទាំង​អស់​ហ្នឹង​ហើយ​ បាន​ជា​ព្រះអង្គ​មិន​នៅ​ជាមួយ​ច្បាប់​ដែល​មាន​​ចរិត​មាន​​លក្ខណៈ​បែប​ហ្នឹង​ដែល​យើង​មើល​ឃើញ»។

ការ​យាង​ចេញ​ពី​ប្រទេស​របស់​ព្រះមហាក្សត្រ មិន​មែន​តែ​ពេល​នេះ​ទេ នៅ​ពេល​មាន​ការ​ប្រឈម​ចំពោះ​ស្ថានភាព​ធ្វើ​ច្បាប់​បំបិទ​សិទ្ធិ​ពលរដ្ឋ។ ជាក់ស្ដែង កាល​ពី​ដើម​ឆ្នាំ២០២១​ ទ្រង់​បាន​យាង​គង់​នៅ​ប្រទេស​ចិន​ជា​ច្រើន​សប្ដាហ៍ ក្នុង​ពេល​របប​ក្រុង​ភ្នំពេញ ​បង្កើត​ច្បាប់ ​ស្ដីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ដែល​អ្នក​ឃ្លាំ​មើលវាយ​តម្លៃ​ថា ​ជា​ច្បាប់​ដែល​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ និង​រំលោភ​សិទ្ធិ​មនុស្ស។

«ព្រះមហាក្សត្រ​អវត្តមាន​​ពេល​ធ្វើច្បាប់​ដែលរងការរិះគន់​ថា បំបិទ​សិទ្ធិ​ពលរដ្ឋ»

រីឯ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០ ព្រះអង្គ​បាន​យាង​ទៅ​ប្រទេស​ចិន​ដែរ ចំ​ពេល​របប ក្រុង​ភ្នំពេញ ធ្វើ​ ច្បាប់​គ្រប់​គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាព​អាសន្ន ដែល​អ្នក​ឃ្លាំមើល​យល់​ថា ជា​ច្បាប់​ដែល​លោក ហ៊ុន សែន ទុក​បម្រុង​ប្រើប្រាស់​ក្នុង​គ្រា​ចាំបាច់ ដើម្បី​ការពារ​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន។ ក្រៅ​ពី​នោះ ព្រះអង្គ​ក៏​មិន​បាន​គង់​ក្នុង​ស្រុក ក្នុង​ពេល​របប​ក្រុង​ភ្នំពេញ​ធ្វើ​ វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​កាល​ពី​ឆ្នាំ២០១៧ នៅ​មុន​ពេល​រលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

ចំណែក​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​នឹង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​​​ក្រហម ពេល​នេះ មាន​ចំនួន៧មាត្រា ដែល​អ្នក​ឃ្លាំមើល​រិះគន់​ថា ជា​ច្បាប់​បំបិទ​មាត់​ប្រជាពលរដ្ឋ។ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ ក្រសួង​យុត្តិធម៌ លោក សេង ឌីណា ថ្លែង​ប្រាប់​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល Freshnews ថា បុគ្គល​ដែល​មិន ទទួល​ស្គាល់​នូវ​​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នឹង​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ ពន្ធនាគារ​ពី​ ១​ឆ្នាំ​ ទៅ​ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០​លាន​រៀល​ ទៅ​៥០​លាន​រៀល និង​អាច​ដក​សិទ្ធិ​ខ្លះ​ផង។

លោក សេង ឌីណាថា៖«ទោស​បន្ថែម​នេះ​​គឺ​អាច​មាន​ក្នុង​ចំណោម​ណា​មួយ​ដូច​ខាង​ក្រោម​​គឺ​មួយ​ការ​ដក​សិទ្ធិ​ខ្លះ​របស់​ពលរដ្ឋ​​ ពីរ​ការ​ហាម​ឃាត​​ចំពោះ​ការ​​​ប្រកប​​​​​វិជ្ជាជីវៈ​ណា​​​មួយ​ដែល​​បាន​ប្រកប​នៅ​ពេល​ប្រកប​វិជ្ជាជីវៈ​​ បី​ការ​បិទ​ផ្សាយ​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​​ ៤​​ការ​ផ្សាយ​សេចក្ដី​សម្រេច​​ផ្ដន្ទាទោស​នៅ​ក្នុង​សារព័ត៌មាន​ និង​ចុង​​ក្រោយ​ការ​ផ្សាយ​​សម្រាប់​ផ្ដន្ទាទោស​តាម​​មធ្យោបាយ​គ្រប់​​គមនាគមន៍ និង​សោតទស្សន៍»។

អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លោក ព្រហ្ម វិចិត្រអក្ខរា ប្រាប់​វិទ្យុ​អាស៊ីសេរី​ តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​ទី៣ ខែ​មីនា ថា សេចក្ដី​ព្រាង​ច្បាប់​ប្រភេទ​នេះ មិន​តម្រូវ​ឱ្យ​បញ្ជូន​មក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ពិនិត្យ​ធម្មនុញ្ញភាព​នោះ​ទេ។ ដូច​នេះ លោក​ថា ក្រោយ​ពី​រដ្ឋសភា​អនុម័ត​យល់​ព្រម​រួច និង​ក្រោយ​ពី​ព្រឹទ្ធសភា​ពិនិត្យ​ ឱ្យ​យោបល់​​ឯកភាព​រួច សេចក្ដី​​ព្រាង​ច្បាប់​នេះ ​នឹង​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​​ព្រះហស្ត​លេខា តាម​នីតិវិធី​ច្បាប់។

សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​ព្រឹទ្ធសភា​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ផ្ដល់​មតិ​យល់​ស្រប ដោយ​គ្មាន​បង្អង់ និង​គ្មាន​ការ​ជជែក​សួរ​ដេញ​ដោល​ច្រើន​ឡើយ​​កាល​ពី​ថ្ងៃទី២៦ ខែ​កុម្ភៈ ក្រោយ​ពី​រដ្ឋសភា​អនុម័ត​​​ពីថ្ងៃទី១៨ ខែ​កុម្ភៈ ហើយ​ត្រូវ​ចាត់​ទុក​ជា​ការ​ប្រញាប់។

លោក ហ៊ុន សែន ជាប្រមុខរដ្ឋ​ស្ដីទីចុះហត្ថលេខាជំនួស

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ថ្ងៃ​ទី៣ ខែ​មីនា ថា ច្បាប់​នេះ​មិន​រាំង​ស្ទះ​ទេ ​ទោះ​បី​ជា​អវត្តមាន​ព្រះមហាក្សត្រ​ ​ក៏ដោយ ​ពី​ព្រោះ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដែល​ត្រូវ​ទទួល​សិទ្ធិ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី​នឹង​ចុះ​​ហត្ថលេខា​ជំនួស។

លោក សុខ ឥសាន៖«អត់​មាន​យឺតយ៉ាវ​ទេ​​ ពេល​ដែល​ព្រះករុណា​​យាង​ទៅ​ក្រៅ​ប្រទេស​ លោក​​ប្រគល់​រាជានុសិទ្ធ​​ជូន​ទៅ​​​​សម្ដេច​ប្រធាន​ព្រឹទ្ធសភា​​ដើម្បី​​ធ្វើ​ជា​ប្រមុខ​រដ្ឋ​ស្ដី​ហើយ»។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣ ខែ​មីនា ថា​ ច្បាប់​នេះ មាន​គោល​ដៅ​រឹត​ត្បិត​សេរីភាព​ប្រជា​ពលរដ្ឋ​ មិន​ឱ្យ​សម្ដែង​មតិ ដែល​ប៉ះពាល់​ប្រទេស​វៀតណាម ដែល​ជា​​ចៅហ្វាយ​របស់​លោក ហ៊ុន សែន។ លោក​ចាត់​ទុក​ច្បាប់​នេះ គ្មាន​តម្លៃ​សម្រាប់​កម្ពុជា​ឡើយ ហើយ​លោក​ថា​ អ្នក​ដឹក​នាំ​គ្រួសារ​ត្រកូល​ហ៊ុន គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ និង​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ទើប​ជា​ការ​ប្រសើរ។

លោក ម៉ែន សុថាវរិន្ទ៖«ប្រជាពលរដ្ឋ​​គេ​យល់​ច្រើន​​ គេ​យល់​ជា​សិទ្ធិ​របស់​គេ​ៗ​ អ៊ីចឹង​​ខ្ញុំ​ថា​រដ្ឋាភិបាល​មិន​បាច់​ខ្វល់​ទេ​រឿង​អ៊ីចឹង​​ៗទៅ​ខ្លាច​យួន​អី​ខ្លាច​ដល់​ថ្នាក់​ហ្នឹង​​ ខិត​ខំ​តែ​រក​ជីវភាព​របស់​ប្រជាពលរដ្ឋ​​ ដោះ​ស្រាយ​បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋ​​ ដោះ​ស្រាយ​រឿង​សេដ្ឋកិច្ច​រឿង​ទេសចរណ៍​​ កសិកម្ម​អី​ទៅ​ ទៅ​ខ្វល់​អា​រឿង​​អ៊ីចឹង​​វិញ​ អត់​គិត​ដោះ​ស្រាយ​ គិត​តែ​ពី​ដោះ​​សារ​រហូត»។

អត្ថបទដែលទាក់ទង៖

ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​ចិន​ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាពOpens in new window ]

បក្ស​កាន់​អំណាច​អនុម័ត​សំណើ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរOpens in new window ]

រដ្ឋសភា​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ខណៈ​រង​ការរិះគន់​ជុំ​ទិសOpens in new window ]

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ​ លោក វ៉ន ចាន់ឡូត បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ថា ព្រះមហាក្សត្រ​យាង​ទៅ​ទីក្រុង ប៉េកាំង ប្រទេស​ចិន ក្រៅ​ពី​ការ​ពិនិត្យព្រះរាជសុខភាព ក៏​ទំនង​ជា​ការ​គេចវេស មិន​ឡាយ​ព្រះហស្តលេខា​ដោយ​ផ្ទាល់​លើ​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​ការ​មិន​​ទទួល​ស្គាល់​ អំពើ​ ឧក្រិដ្ឋ ដែល​បង្ក​ឡើង​ដោយ​របបកម្ពុជា​ប្រជាធិបតេយ្យ។ លោក​ថា​ នេះ​មាន​​ន័យ​ថា ព្រះអង្គ​មិន​អាច​ឡាយ​ព្រះហស្តលេខា កាត់​ទោស​ព្រះបិតា​របស់​ព្រះអង្គ​គឺ សម្ដេច​ នរោត្តម​សីហនុ និង​ថ្កោល​ទោស​ចិន ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្មែរ​ក្រហម​នោះ​ឡើយ។

លោក​ថា ច្បាប់​នេះ​ផ្ដល់​ភាព​ត្រឹមត្រូវ​លើ​ការ​ឈ្លានពាន​របស់​វៀតណាម​ ​តាំង​ពី​អតីត រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ​និង​ជា​ការ​ឧទ្ទិស​ថា ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ដឹង​គុណ​វៀតណាម​គ្រប់​ជំនាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។