អ្នកច្បាប់និងសកម្មជននយោបាយថា ដរាបណាព្រះរាជអាជ្ញាបំពេញភារកិច្ចស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយ ពួកគេមិនអាចគោរពតាមពាក្យសម្បថ នៅព្រះបរមរាជវាំង បាននោះទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងចំនួន ១៥នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំងមុនចូលកាន់តំណែង។
អ្នកច្បាប់និងសកម្មជននយោបាយហៅពិធីស្បថចូលកាន់តំណែងរបស់ព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ចៅក្រម និងមន្ត្រីយុត្តិធម៌នៅកម្ពុជាថា ធ្វើឡើងគ្រាន់តែជាការបង្គ្រប់កិច្ចប៉ុន្តែពេលអនុវត្តការងារជាក់ស្ដែងមន្ត្រីយុត្តិធម៌ទាំងនោះបំពានសុចរិតភាព ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួននិងបម្រើនយោបាយអ្នកកាន់អំណាច។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០២ ខែមីនា ថា ព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញា មាន តួនាទីសំខាន់ណាស់ ក្នុងការចោទប្រកាន់បុគ្គល ដែលជាប់សង្ស័យពីការប្រព្រឹត្តបទល្មើស ដើម្បីធានាថា ជនល្មើសមិនអាចគេចផុតពីសំណាញ់ច្បាប់យុត្តិធម៌ឡើយ ហើយក៏ធានាដែរថា ជនរងគ្រោះនឹងទទួលបានយុត្តិធម៌តាមផ្លូវច្បាប់។ លោកថា ស្មារតីប្រតិបត្តិការងារនេះ មានចែងច្បាស់ក្នុងពាក្យសម្បថចូលកាន់តំណែងរបស់មន្ត្រីព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាទាំងនោះ។
«អ្នកច្បាប់ទាំងនេះពុំអនុវត្តត្រឹមត្រូវប្រកាន់គោលការណ៍យុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅទេ»
ប៉ុន្តែលោក វ៉ន ចាន់ឡូត កត់សម្គាល់ថា នៅកម្ពុជាព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងចៅក្រម មិនបានបំពេញតួនាទីរបស់ពួកគេឱ្យបានត្រឹមត្រូវដោយឆន្ទៈប្រកាន់គោលការណ៍យុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅឡើយ ប៉ុន្តែលោកថា ពួកគេអនុវត្តការងារតាមនិន្នាការប្រយោជន៍ផ្ទាល់ខ្លួន និងតាមការចង់បានរបស់អ្នកដឹកនាំប្រទេស។
លោក វ៉ន ចាន់ឡូត៖«កន្លងមកដែលយើងឃើញថា ព្រះរាជអាជ្ញាបែរជាប្រើប្រាស់តួនាទី សមត្ថកិច្ចរបស់ខ្លួនផ្ទុយ។ ផ្ទុយគឺបែរជាប្រើប្រាស់ស្ថិតក្នុងរូបភាពនយោបាយច្រើនជាងចោទប្រកាន់អ្នកនេះ អ្នកនោះ រួមទាំងអ្នកនយោបាយ ដែលបញ្ចេញមតិហ្នឹង ទៅជាបទឧក្រិដ្ឋវិញ។ ឯអំពើឧក្រិដ្ឋកម្ម ដែលកើតឡើងពាសពេញប្រទេស បែរជាមិនឃើញព្រះរាជអាជ្ញាសកម្ម ក្នុងការដើរតួនាទី ដើម្បីលុបបំបាត់នូវភាពអសកម្មហ្នឹងទេ។ កន្លងមក ដែលយើងឃើញថា ការប្រើប្រាស់តួនាទីរបស់ព្រះរាជអាជ្ញា គឺទំនងស្ថិតនៅក្រោមឥទ្ធិពលនយោបាយខ្លាំងមែនទែន ដែលជាជំងឺមួយសម្រាប់ប្រព័ន្ធយុត្តិធម៌កម្ពុជា ហើយបង្កើតឱ្យបានជាវប្បធម៌និទ្ទណ្ឌភាព»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេនៅថ្ងៃទី២ខែមីនា។
ការលើកឡើងរបស់អ្នកច្បាប់នេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងកម្មសិក្សា ១៥នាក់ កាលពីថ្ងៃ ទី២៨ ខែកុម្ភៈ បានធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង មុនចេញទៅបំពេញ ការងារនៅក្រសួងយុត្តិធម៌ និងនៅតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្តមួយចំនួន។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ គឺជាអ្នកដឹកនាំចូលធ្វើសច្ចាប្រណិធាន។ ព្រះរាជអាជ្ញារងកម្មសិក្សាទាំង ១៥នាក់នេះ ជាអតីតសិស្សចៅក្រម ផ្ទៃក្នុងជំនាន់ទី២ ពីសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទ យុត្តិធម៌កម្ពុជា។
យោងតាមគំរូ ពិធីសច្ចាប្រណិធានមួយ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ សិស្សចៅក្រម ព្រះរាជអាជ្ញាសិស្សអាជ្ញាសាលា ក្រឡាបញ្ជី និងសិស្សសារការី បានស្បថនៅចំពោះព្រះភ័ក្ត្រព្រះសង្ឃ ដោយសុខចិត្តឱ្យពួកគេ ជួបគ្រោះអន្តរាយផ្សេងៗ បើពួកគេមិនបំពេញតួនាទីដោយសុចរិត។
សំឡេងពាក្យសម្បថ៖«បើអ្នកណាមិនគោរពកាតព្វកិច្ច ការរក្សា ការសម្ងាត់វិជ្ជាជីវៈ នូវអ្វីៗ ដែលខ្លួនបានដឹង បានឃើញបានឮ បានជួប និងបានចាំ ក្នុងអំឡុងពេលបណ្ដុះបណ្ដាលទេ សូមឱ្យអស់ទេវ អារុក្ខអារក្ខអ្នកតា លោកយាយទេព និងបារមី ដ៏សក្ដិសិទ្ធិបំផ្លាញឱ្យរលាយ ឱ្យស្លាប់តៃហោងយ៉ាងវេទនា ដោយគ្រាប់កាំភ្លើង រន្ទះបាញ់ផូង ខ្លាខាំ ពស់ចឹកលុះអនាគតជាតិដោយព្រាត់ប្រាស់ឪពុកម្ដាយ បងប្អូន កូនចៅឱ្យក្ររហេមរហាម»។
«បើពាក្យសម្បថមានប្រសិទ្ធភាពមែន គ្រួសារត្រកូលហ៊ុន រងមហន្តរាយច្រើនជាងគេ»
អតីតសកម្មជនបក្សប្រឆាំងលោក វឿន វាសនា លើកឡើងថាបើពាក្យសម្បថចូលកាន់តំណែងមានប្រសិទ្ធភាពមែន នោះសមាជិកក្រុមគ្រួសារត្រកូលហ៊ុន រងមហន្តរាយច្រើនជាងគេ ព្រោះស្បថច្រើនជាងគេ ហើយក៏បំពានច្បាប់ច្រើនជាងគេដែរ។
លោក វឿន វាសនា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែមីនា ថា ព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញា មិនបានបំពេញតួនាទីរបស់ខ្លួន តំណាងឱ្យផលប្រយោជន៍ពលរដ្ឋ និងរដ្ឋឡើយ ប៉ុន្តែគ្រាន់តែជាឧបករណ៍របស់អ្នកកាន់អំណាច និងបក្ខពួកប៉ុណ្ណោះ។ លោកថា ព្រះរាជអាជ្ញានៅកម្ពុជា ធ្វើការងារសកម្ម ក្នុងការចាប់ខ្លួនសកម្មជនសង្គម និងសកម្មជននយោបាយបក្សប្រឆាំង តាមតែមាត់របស់លោក ហ៊ុន សែន សូម្បីតែករណីពលរដ្ឋសម្ដែងមតិលើបណ្ដាញសង្គមហ្វេសប៊ុក ស្របតាមរដ្ឋធម្មនុញ្ញក៏រដ្ឋាភិបាលតាមធ្វើទុក្ខបុកម្នេញដែរ។
លោក វឿន វាសនា៖«ការស្បថចូលកាន់តំណែងទោះបីស្បថ មួយរយជំពូក មួយរយដង មួយពាន់ដង បើមិនមានឆន្ទានុសិទ្ធិ ឬមួយអត់មានឆន្ទៈ ក្នុងការគោរពបដិបត្តិហើយនឹងឈរនៅលើគោលការណ៍នៃគុណដែលជាមនុស្ស គឺវាអត់អាចរកយុត្តិធម៌ ជូនជនរងគ្រោះបានទេ។ វាសំខាន់លើទឹកចិត្តមនុស្ស តើមនុស្សហ្នឹង គោរពច្បាប់អត់?បើសិនអត់មានទឹកចិត្ត ឆន្ទៈមនសិការ ដើម្បីគោរពច្បាប់ ទោះបីស្បថនឹងរលាយមួយពូជ ក៏វានៅដដែលទេ វាអត់មានយុត្តិធម៌សម្រាប់ប្រជាជាតិខ្មែរទេ»។
អ្នកឃ្លាំមើលលើកឡើងថា ព្រះរាជអាជ្ញា ចៅក្រម និងមន្ត្រីយុត្តិធម៌បំពេញតួនាទីរបស់ខ្លួនខុសទិសដៅពីព្រោះមិនបានធានាយុត្តិធម៌លើករណីជាច្រើនប៉ុន្តែដាក់បន្ទុកលើជនរងគ្រោះជាជាងស៊ើបអង្កេតរកភស្តុតាងដើម្បីផ្ដន្ទាទោសជនល្មើស ជាពិសេស សំណុំរឿងជម្លោះដីធ្លី បរិស្ថាន សង្គម សិទ្ធិមនុស្ស និងនយោបាយ។
អត្ថបទដែលទាក់ទង៖
ជាក់ស្ដែង ជនរងគ្រោះដីធ្លីជាច្រើនរូប ដូចជា លោកស្រី ផាវ ញើងនៅខេត្តកោះកុង លោកស្រី សេន ពិសី នៅខេត្តពោធិ៍សាត់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី នៅភ្នំពេញ រួមទាំងពលរដ្ឋរងគ្រោះនៅតំបន់បឹងតាមោកមួយចំនួនបែរជាត្រូវតុលាការចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារដោយព្រះរាជអាជ្ញានិងចៅក្រមនៅពេលដែលពលរដ្ឋរងគ្រោះគ្រាន់តែចេញតវ៉ារកយុត្តិធម៌រីឯពួកឈ្នួល ឧកញ៉ា និងមន្ត្រីធំៗដែលរំលោភដីធ្លីពលរដ្ឋបែរជារួចខ្លួន។
ក្នុងទិដ្ឋភាពសង្គមនិងនយោបាយវិញសកម្មជនសង្គម បរិស្ថាន សិទ្ធិមនុស្ស សហជីព និងសកម្មជននយោបាយរហូតដល់ថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់ ប្រមាណ ១០០នាក់ ត្រូវព្រះរាជអាជ្ញានិងចៅក្រមចោទប្រកាន់និងចាប់ដាក់ពន្ធនាគារដោយសារការបញ្ចេញមតិពាក់ព័ន្ធនឹងអំពើអយុត្តិធម៌ក្នុងសង្គមក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ។
អ្នកឃ្លាំមើលលើកឡើងថា ប្រសិនបើព្រះរាជអាជ្ញា និងចៅក្រមបំពេញតួនាទីរបស់ខ្លួនតាមពាក្យសម្បថមែន នោះពួកគេពិតជាអាចរកឃាតករ ដែលបានបញ្ជាឱ្យសម្លាប់លោក លិម គិមយ៉ាលោកបណ្ឌិត កែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី ព្រះអង្គ សំ ប៊ុនធឿន និង អ្នកស្រី ពិសិដ្ឋ ពីលីកា ព្រោះសំណុំរឿងឃាតកម្មធំៗ ទាំងនេះ សុទ្ធតែបន្សល់ទុកនូវតម្រុយ និងភស្តុតាង ដែលអាចងាយស៊ើបអង្កេត ឈានទៅចាប់អ្នករៀបចំផែនការឃាតកម្មពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។