អតីតជនជាប់ឃុំមួយចំនួន ស្នើដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ឲ្យផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រើប្រាស់ ដល់ជនជាប់ឃុំឲ្យបានគ្រប់គ្រាន់ ខណៈពន្ធនាគារមានភាពចង្អៀតណែន។
អតីតជនជាប់ឃុំមួយចំនួនលើកឡើងថា ភាពចង្អៀតណែនក្នុងពន្ធនាគារ ធ្វើឲ្យបរិយាកាសក្នុងបន្ទប់ឃុំឃាំងប្រែជាអាប់អួរ ស្អុះស្អាប់ មានក្លិនមិនល្អ និងខ្វះអនាម័យជាដើម។
សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបង លោក លាស់ ឆេងឡាយ ដែលធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល១៨ខែ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែកុម្ភៈថា ពន្ធនាគារតែងតែខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់បើទោះនៅរដូវប្រាំង ឬវស្សាក្ដី ខណៈបន្ទប់ឃុំឃាំងនីមួយៗមានភាពចង្អៀតណែន។ លោក បន្តថា បញ្ហានេះ បណ្ដាលឲ្យជនជាប់ឃុំមួយចំនួន ត្រូវគេងអង្កុញជើង ឬត្រូវគេងគងជើងលើគ្នា។
លោក លាស់ ឆេងឡាយ៖«ភាពចង្អៀតណែនគឺប៉ះពាល់ទាំងអស់ ហើយបើខែក្ដៅនេះទៀតសោត គឺថា អត់មានទឹកស្អាតប្រើប្រាស់ មានតែទឹកមិនស្អាត ទឹកហ្នឹងកាលពីខែភ្លៀងរដូវភ្លៀង ទឹកហ្នឹងវាហូរចេញពីពន្ធនាគារ ហូរចេញពីបង្គន់អនាម័យហើយហូរចូលទៅក្នុងស្រះហ្នឹង ហើយស្រះហ្នឹងហើយដែលគេបូមយកមកឲ្យប្រើប្រាស់ឡើងវិញ នៅគ្រប់បន្ទប់ពន្ធនាគារអ៊ីចឹង គឺកន្លែងហ្នឹងប៉ះពាល់ធ្ងន់ធ្ងរណាស់ ។ សំខាន់ជាងគេ គឺរដ្ឋាភិបាលត្រូវផ្ដល់ទឹកស្អាតឲ្យបានគ្រប់គ្រាន់ដល់ពួកគាត់ ហើយឲ្យពួកគាត់ចេញមកខាងក្រៅឲ្យបានមួយថ្ងៃចំនួន២ដង ព្រឹកម្ដងល្ងាចម្ដង»។
ចំណែកអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ លោក តុន និមល ដែលជាប់ពន្ធនាគារ ព្រៃស ជិត១៥ខែ ថ្លែងថា ស្ថានភាពរស់នៅរបស់ជនជាប់ឃុំក្នុងពន្ធនាគារ ដែលរស់នៅក្នុងភាពចង្អៀតណែន ខ្វះអនាម័យ និងខ្វះទឹកស្អាតប្រើប្រាស់ កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់សុខភាព និងបង្កជាជម្ងឺកមរមាស់សម្រាប់ជនជាប់ឃុំ។
លោក តុន និមល៖«ការប្រើប្រាស់ទឹកពេលខ្លះ យើងប្រើទឹកកខ្វក់ ព្រោះទឹកអត់មានគ្រប់គ្រាន់នៅខែក្ដៅ យើងប្រើទឹកកខ្វក់មូលចេញពីស្រះ បើយើងចង់ទុកប្រើយើងត្រូវទុកវាឲ្យរង ឬយកសាច់ជូរកូរឲ្យថ្លាទើបយកមកងូតបាន ហើយងូតនេះទៀតសោត អ្នកខ្លះ ងូតបានតែពីរផ្តិល ឬ៣ផ្តិលទេ ងូតមិនគ្រប់គ្រាន់សម្រាប់ការដុះសម្អាតខ្លួនទេ»។
វិបត្តិកំណើនជនជាប់ឃុំក្នុងពន្ធនាគារ
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ឬហៅកាត់ថា អង្គការលីកាដូ (LICADHO)កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានចេញផ្សាយនូវអត្ថបទមួយ ស្ដីពី វិបត្តិកំណើនជនជាប់ឃុំក្នុងពន្ធនាគារ ដែលបង្ហាញពីពន្ធនាគារចំនួន១៨ ក្នុងចំណោមពន្ធនាគារ ចំនួន១៩ ដែលធ្វើការជាមួយលីកាដូ បានដាក់ជនជាប់ឃុំលើសពីសមត្ថភាព ក្នុងនោះមានពន្ធនាគារចំនួន១១ ដាក់ជនជាប់ឃុំលើសសមត្ថភាពយ៉ាងតិច ២០០ភាគរយ។ បន្ថែមពីនេះ លីកាដូ ទទួលស្គាល់ថា អាជ្ញាធរពាក់ព័ន្ធបានដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយពង្រីកសមត្ថភាពផ្ទុកក្នុងពន្ធនាគារជាដើម។ ប៉ុន្តែវិធានការពង្រីក ឬកែប្រែសមត្ថភាពដាក់ជនជាប់ឃុំ ពុំឆ្លើយតបទៅនឹងបរិមាណជនជាប់ឃុំឡើយ និងធ្វើឲ្យលក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំកាន់តែយ៉ាប់យឺនទៅៗ។
អត្ថបទដែលទាក់ទង៖
[ មូលហេតុនៃភាពចង្អៀតណែនក្នុងពន្ធនាគារOpens in new window ]
ឆ្លើយតបនឹងការរកឃើញរបស់អង្គការលីកាដូនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែកុម្ភៈថា កន្លងទៅ លីកាដូធ្វើការជាមួយពន្ធនាគារ លើការផ្ដល់ជំនួយផ្នែកច្បាប់ និងបញ្ហាសុខភាពមួយចំនួនទៀត។ លោកបន្តថា ពាក់ព័ន្ធនឹងការដាក់ជនជាប់ឃុំលើសចំនួន អគ្គនាយកដ្ឋានពុំបានអនុញ្ញាត ឬសហការជាមួយលីកាដូ ក្នុងការសិក្សា និងវាស់វែងពីបរិមាណផ្ទុករបស់ពន្ធនាគារឡើយ។
លោក ឃៀង សុណាឌីន៖«ពាក់ព័ន្ធនឹង ៨ចំណុចដែលរំលេចក្នុងអត្ថបទ ដែលអង្គការលីកាដូ បានរៀបចំនេះ ខ្ញុំឃើញមានចំណុចទី ៧ និងទី៨ ដែលពាក់ព័ន្ធនឹងពន្ធនាគារ។ តែខ្ញុំសូមបញ្ជាក់ដែរថា ចំណុចទាំងពីរ ដែលលីកាដូ បានលើកនេះ គឺមិនមែនជារឿងថ្មីឡើយ គឺជាចំណុចដែលក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារ បានកំពុងអនុវត្តរៀបចំការងារនេះ ហើយបន្តក្នុងក្របខណ្ឌ កំណែទម្រង់ពន្ធនាគារ គឺយើងបានអនុវត្តនូវចំណុចទាំងនេះ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ពន្ធនាគារ គួរតែបង្កើនកិច្ចខិតខំ ដើម្បីស្វែងរកប្រភពទឹកបន្ថែម ឲ្យជនជាប់ឃុំទទួលបានទឹកស្អាតប្រើប្រាស់។
លោក អំ សំអាត៖«ការលើកឡើងវាជារឿងមួយហើយ(របស់អតីតជនជាប់ឃុំ)ប៉ុន្តែយើងក៏ទទួលស្គាល់ដែរថា ពន្ធនាគារគាត់ខិតខំប្រឹងប្រែងទាក់ទងនឹងបញ្ហាទឹក ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ យើងដឹងហើយថា ទឹកស្អាតនៅពន្ធនាគារខ្លះគឺពិបាក អីចឹងហើយគួរតែពិនិត្យមើលបន្ថែមទៀតធ្វើម៉េចបង្កើនលទ្ធភាពក្នុងការទទួលបានទឹក និងទឹកស្អាតសម្រាប់ជនជាប់ឃុំ»។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ ឲ្យដឹងថា បច្ចុប្បន្ននេះ ចំនួនអ្នកជាប់ឃុំ នៅទូទាំងប្រទេស មានប្រមាណជាង ៥ម៉ឺននាក់។ អគ្គនាយកដ្ឋានពន្ធនាគារព្យាករថា ចំនួនអ្នកជាប់ឃុំអាចកើនឡើងដល់ ៦ម៉ឺននាក់នាពេលខាងមុខ ខណៈពន្ធនាគារ កំពុងប្រឈមភាពចង្អៀតណែនណាន់តាន់តាប់លើសពីសមត្ថភាពពន្ធនាគារផ្ទុកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។