មន្ត្រីសង្គមស៊ីវិលរិះគន់ចំណាត់ការអយ្យការអមតុលាការក្រុងភ្នំពេញ កោះហៅអតីតសមាជិកគណៈកម្មការរៀបចំបុណ្យសពបណ្ឌិត កែម ឡី ឱ្យចូលបំភ្លឺជុំវិញការប្ដឹងចោទប្រកាន់បទល្មើសរំលោភលើសេចក្ដីទុកចិត្ត កិបកេងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី។ អ្នកច្បាប់ថា ព្រះរាជអាជ្ញាត្រូវតម្កល់រឿងទុកឥតចាត់ការ។
លោកមេធាវី ហែម សុជាតិ កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានពន្យល់ថា មូលហេតុដែលចំណាត់ការតុលាការមិនត្រឹមត្រូវដោយហេតុថា រឿងក្តីនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មិនមានលក្ខណៈជាដើមបណ្ដឹងរដ្ឋប្បវេណីឡើយ ព្រោះលោក ពេជ្រ ស្រស់ មិនមែនជាបុគ្គលដែលខូចខាតប្រយោជន៍អ្វីឡើយ និងមិនមែនជាបុគ្គលដើម្បីការពារផលប្រយោជន៍សាធារណៈដែរ។ លោក ពេជ្រ ស្រស់ មិនត្រូវបានក្រុមគ្រួសារបណ្ឌិត កែម ឡី ផ្តល់សិទ្ធិតំណាងដើម្បីធ្វើបណ្ដឹងជំនួសអ្វីឡើយ។ លោកមេធាវីបន្តថា មានតែអ្នកដែលបានបាត់បង់ផលប្រយោជន៍ និងអាជ្ញាធរសាធារណៈប៉ុណ្ណោះ ទើបអាចដាក់ដាក់ពាក្យបណ្ដឹងបាន៖ «»។
លោក ពេជ្រ ស្រស់ ប្តឹងលោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់ (CENTRAL) លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដែលជាអតីតសមាជិកគណៈកម្មការរៀបចំបុណ្យសពបណ្ឌិត កែម ឡី ពីបទរំលោភលើសេចក្ដីទុកចិត្តកិបកេងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី។
មាត្រា ៣៩១ នៃក្រមព្រហ្មទណ្ឌ និយមន័យនៃការរំលោភលើសេចក្ដីទុកចិត្តចែងថា ការរំលោភលើសេចក្តីទុកចិត្ត គឺជាអំពើគៃបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឱ្យខូចប្រយោជន៍អ្នកដទៃប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះបានយល់ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិតម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ជាកំណត់។
ផ្អែកតាមមាត្រា ៣៩១ នេះ លោកមេធាវី ហុង គឹមសួន ក៏បានចូលរួមពន្យល់ដែរថា ព្រះរាជអាជ្ញាអាចចោទប្រកាន់អ្នកណាម្នាក់បាន វាទាល់តែមានជនរងគ្រោះ ឬអ្នកខូចខាតប្រយោជន៍បង្ហាញភស្តុតាងជាក់លាក់ ខូចខាតទ្រព្យសម្បត្តិដោយសារអំពើល្មើសរំលោភលើសេចក្ដីទុកចិត្តពីបុគ្គលណាមួយ៖ «»។
លោកមេធាវី ហែម សុជាតិ លើកឡើងថា បណ្តឹងដែលប្តឹងដែលធ្វើឡើងដោយលោក ពេជ្រ ស្រស់ កន្លងទៅនេះ គឺគ្មានធាតុផ្សំបទល្មើសព្រហ្មទណ្ឌដើម្បីឱ្យតំណាងអយ្យការយកជាមូលដ្ឋានធ្វើការចោទប្រកាន់បានឡើយ ដោយហេតុថា រឿងនេះគ្មានជនរងគ្រោះប្តឹងរឿងបាត់បង់លុយកាក់៖ «»។
ប្អូនប្រុសបង្កើតលោកបណ្ឌិត កែម ឡី លោក កែម រិទ្ធិសិត ធ្លាប់អះអាងថា លោកជឿទុកចិត្តក្រុមអតីតគណៈកម្មការនេះ មិនបានកិបកេងលុយបុណ្យសពនោះឡើយ។ ចំពោះភរិយារបស់លោកបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា វិញ ក៏បានអះអាងជំទាស់ដាច់ខាតចំពោះការប្ដឹងនេះដែរ។ អ្នកស្រីបន្តថា អ្វីដែលសំខាន់នោះ អ្នកស្រីចង់បានឱ្យតុលាការ និងរដ្ឋាភិបាលជួយរកឃាតកពិតសម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះ។
ជាមួយគ្នានេះដែរ លោក មឿន តុលា កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានថ្លែងនៅមុខតុលាការក្រុងភ្នំពេញ ក្រោយពេលចូលឆ្លើយបំភ្លឺជុំវិញរឿងនេះ។ លោកអះអាងថា លោកពុំបានកិបកេងប្រាក់បុណ្យសពបណ្ឌិត កែម ឡី ដូចការចោទប្រកាន់របស់លោក ពេជ្រ ស្រស់ ឡើយ៖ «»។
ចំណែកលោកប៉ា ងួនទៀង បានប្រគល់សិទ្ធិឲ្យមេធាវី ដោយសារលោកជាប់រវល់នៅក្រៅប្រទេស។ ទាំងលោក ប៉ា ងួនទៀង និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ធ្លាប់បានបកស្រាយពន្យល់សាធារណជនជាច្រើនលើកច្រើនសាថា ពួកគាត់មិនបានពាក់ព័ន្ធនឹងថវិកាដែលទទួលបានពីសាធារណជនចូលរួមបុណ្យសពនេះទេ គណៈកម្មការគ្រប់គ្រងតែចំនួនតួលេខតែប៉ុណ្ណោះ ចំពោះលុយដែលទទួលបានគឺក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ពិសេសភរិយារបស់លោកផ្ទាល់ជាអ្នកទទួលថវិកាទាំងនោះ។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់ថា ព្រះអង្គនឹងមិនចូលឆ្លើយតបនឹងតុលាការឡើយ ពីព្រោះព្រះអង្គគ្មានជំនឿលើប្រព័ន្ធយុត្តិធម៌។
មាត្រា៣ នៃក្រមព្រហ្មទណ្ឌចែងថា "ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត”។ មាត្រា៣៨ នៃរដ្ឋធម្មនុញចែងថា "ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញតិ្តច្បាប់”។
អ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្សក៏យល់ស្របដូចអ្នកច្បាប់ដែរ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ដែលតាមដានរឿងនេះ លោក ស៊ឹង សែនករុណា ក៏បានលើកឡើងដែរថា អតីតគណៈកម្មការនេះ មិនបានប្រព្រឹត្តអំពើល្មើសដូចការចោទប្រកាន់ទេ ព្រោះអ្នកទាំង ៣ ជាមនុស្សស្អាតស្អំ និងបានជួយជ្រោមជ្រែងយ៉ាងច្រើននៅក្នុងថ្ងៃនៃពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ដែលជាទុក្ខក្រៀមក្រំសម្រាប់ជាតិខ្មែរ។ លោកស្នើតុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។