ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​ជា​ផ្លូវ​ការ

បី​ថ្ងៃ​ក្រោយ​ព្រឹទ្ធសភា ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃទី២៦ ខែ​កុម្ភៈ ផ្ដល់​ការ​យល់​ស្រប​ដោយ​គ្មាន​ការ​ជជែក​សួរ​ដេញ​ដោល​លើ​សេចក្ដី​ព្រាងច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម. ព្រះមហាក្សត្រ សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី បាន​ឡាយ​ព្រះហស្តលេខា ​ប្រកាស​ឱ្យ​ប្រើច្បាប់នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១ ខែមីនា ចំ​ថ្ងៃ​សៅរ៍ ជា​ថ្ងៃ​ឈប់​សម្រាក។

ពីរ​ថ្ងៃ​ក្រោយ​ការ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​នេះ ព្រះមហាក្សត្រ​នៅ​ថ្ងៃទី៣ ខែ​មីនា បាន​ យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន​ជាមួយ​សម្ដេច​ម៉ែ ដែល​ការ​យាង​ចេញ​ពី​ប្រទេស​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំមើលលើកឡើងថា ព្រះអង្គ​អាច​មិន​សប្បាយព្រះទ័យ នឹង​ច្បាប់​ដែល​មាន​ស្មារតី​ដាក់​ទណ្ឌកម្ម​លើ​សេរីភាព​បញ្ចេញមតិ​ របស់​ពលរដ្ឋ​អំពី​បញ្ហា​ប្រវត្តិ​សាស្ត្រ។

ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខាលើច្បាប់​នៅ​ថ្ងៃ​សម្រាក

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា នៅ​ថ្ងៃសៅរ៍ទី១ ខែមីនា ដែល​ត្រូវ​នឹង​ថ្ងៃ​ឈប់​សម្រាក​បែប​នេះ អាច​ដោយសារ​តែ​លោក ហ៊ុន សែន មិន​ចង់​ចុះ​ហត្ថលេខា ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្ដីទី បន្ទាប់​ពី​ព្រះមហាក្សត្រ​យាង​ចេញ​ពី​កម្ពុជា។

ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម មាន​ចំនួន ៧មាត្រា ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០លាន​រៀល ទៅ៥០លាន​រៀល រួម​ទាំង​អាច​បន្ថែម​ទណ្ឌកម្ម​ផ្សេង​ទៀត​ដូច​ជា ការ​ដក​ហូត​ សិទ្ធិ​ខ្លះ​ជា​ពលរដ្ឋ ការ​ហាម​ឃាត់​ការងារ​វិជ្ជាជីវៈ និង​ការ​ផ្សាយ​សេចក្ដី​សម្រេច​ ផ្ដន្ទាទោស ជា​ដើម​ទៅ​លើ​បុគ្គល​ដែល​អាជ្ញាធរ​រក​ឃើញ​ថា​បំពាន​ច្បាប់​នេះ។

រីឯ​នីតិបុគ្គលដូច​ជា​ក្រុមហ៊ុន សមាគម ឬក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដើម​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី៥០​លាន​រៀល​ទៅ៥០០លាន​រៀលហើយ​នឹង​អាច​មាន​ទោស​បន្ថែម​មួយ​ចំនួន​ទៀតដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ១៦៨នៃ​ក្រម​ព្រហ្មទណ្ឌ។

​កំណត់​បទ​ល្មើសប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម

ចំពោះ​ការ​កំណត់​បទ​ល្មើស​វិញ​មាត្រា៣​នៃ​ច្បាប់​នេះ ចែង​ថា គឺ​ជា​បទ​មិន​ទទួល​ស្គាល់​ជា​សាធារណៈ​នូវ​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ កាល​បើ​អំពើ​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ជា​សាធារណៈ​តាម​មធ្យោបាយ​ណា​មួយ​ដូច​ជា តាម​សំដី ឬ​កាយ​វិការ​ជា​សាធារណៈ​តាម​លិខិត ឬ​គំនូរ​ជា​សាធារណៈ និង​តាម​បណ្ដាញ​សង្គម​ឬ​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍។

អត្ថបទដែលទាក់ទង៖

«ព្រះមហាក្សត្រ​អាច​មិន​ចង់​ពាក់​ព័ន្ធ​នឹង​​​ច្បាប់​​រឿង​ខ្មែរ​ក្រហម ទើប​ព្រះអង្គ​យាង​ទៅ​​ចិន»Opens in new window ]

ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​​របប​ខ្មែរ​ក្រហម​Opens in new window ]

រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​នឹង​អ្នក​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហមOpens in new window ]

អ្នក​ឃ្លាំមើល និង​មន្ត្រី​សិទ្ធិ​មនុស្ស​រិះគន់​ថា ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម មាន​ចរិត​បំបែក​បំបាក់​ជាតិ​កម្ពុជា និង​បំបិទ​មាត់​ពលរដ្ឋ​ខ្មែរ​ មិន​ឱ្យ​សម្ដែង​មតិ ដែល​ប៉ះពាល់​ប្រទេស​វៀតណាម ដែល​ជា​ចៅហ្វាយ​របស់​លោក ហ៊ុន សែន។ ពួកគាត់​ថា ច្បាប់​នេះ​ផ្ដល់​ភាព​ត្រឹមត្រូវ លើ​ការ​ឈ្លាន​ពាន​របស់​វៀតណាម​តាំង​ពី​អតីត​កាល រហូត​មក​ដល់​ពេល​បច្ចុប្បន្ន និង​ជា​ការ​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ដឹង​គុណ​វៀតណាម​គ្រប់​ជំនាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។