សកម្មជនដីធ្លីបឹងកក់ លោកស្រី ង៉ែត ឃុន និងពលរដ្ឋប្រមាណ ១០នាក់ផ្សេងទៀត ប្រមូលម្ដុំគ្នាតវ៉ាជាថ្មី នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា ដើម្បីទាមទារឱ្យតុលាការដោះលែងកូនស្រីឈ្មោះ អេង សុខា ដែលសមត្ថកិច្ចក្រុងភ្នំពេញបានចាប់ខ្លួនដាក់ពន្ធនាគារ កាលពីចុងខែមករាកន្លងមក។ មន្ត្រីសង្គមស៊ីវិលថា ការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារ ដោយសារតែការប្រើសិទ្ធិសេរីបញ្ចេញមតិ តុលាការនឹងបន្តរងការរិះគន់ពីសាធារណជន។
សម្រែកទាមទាររកយុត្តិធម៌
សំឡេងស្រែករកយុត្តិធម៌របស់គ្រួសារជនរងគ្រោះ គឺលោកស្រី ង៉ែត ឃុន ហៅយាយ ម៉ាំមី បានឮឡើងជាថ្មី នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយមានការអុចធូបបួងសួង និងដាក់បណ្ដាសាតុលាការ ដែលចាប់កូនលោកស្រីដាក់ពន្ធនាគារ ទាំងគ្មានកំហុស។ លោកស្រីថា បើទោះជាការទាមទារនេះ ហាក់មានសង្ឃឹមតិចតួចថា តុលាការនឹងដោះលែងកូនស្រីឱ្យមានសេរីភាពវិញក្ដី លោកស្រីចង់បង្ហាញឱ្យសាធារណជនបានឃើញថា ប្រព័ន្ធតុលាការបច្ចុប្បន្ន បានធ្វើបាបរាស្ត្រស្លូតត្រង់ទាំងគ្មានកំហុស។
សកម្មជនដីធ្លីបឹងកក់ លោកស្រី ង៉ែត ឃុន លើកឡើងថា ការដែលលោកស្រី និងពលរដ្ឋប្រមាណជិត ១០នាក់ ប្រមូលផ្ដុំគ្នាជាលើកទីពីរ នៅមុខសាលាដំបូងរាជធានីភ្នំពេញនេះ គឺដើម្បីទាមទារឱ្យតុលាការ ដោះលែងកូនលោកស្រី ឈ្មោះ អេង សុខា ដែលសមត្ថកិច្ចបានចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែមករា ដោយចោទប្រកាន់ពីបទ «បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ»។ លោកស្រីចាត់ទុកការចោទប្រកាន់នេះ គឺជារឿងមិនពិត និងជាលេស ដើម្បីធ្វើទុក្ខបុកម្នេញលើពលរដ្ឋ។
លោកស្រី ង៉ែត ឃុន៖«រឿងអី ដែលត្រូវមកចាប់កូនខ្ញុំមកដាក់ពន្ធនាគារ។ វាអយុត្តិធម៌សម្រាប់គ្រួសារខ្ញុំ កូនខ្ញុំ។ អំពើនេះវាអាក្រក់ឃោរឃៅ ប្រព័ន្ធតុលាការ។ លោក អ៊ី រិន្ទ ថា កូនខ្ញុំហ្នឹង ទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ តើលោក អ៊ី រិន្ទ ឯងមានបើកភ្នែកមើលអត់?កុំនិយាយបំផ្លើសកូនខ្ញុំ ប្រយ័ត្នព្រះវាយបំបាក់ក»។

កាលពីថ្ងៃទី៣១ ខែមករា សមត្ថកិច្ចបានចាប់ខ្លួនលោកស្រី អេង សុខា ដោយហិង្សា និងទាំងគ្មានដីកា។ ការចាប់ខ្លួននេះ ធ្វើឡើងអំឡុងពេលលោកស្រីកំពុងតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយបង្ហាញអំពីការឈឺចាប់ ដែលតុលាការមិនផ្ដល់យុត្តិធម៌ជូនម្ដាយ គឺលោកស្រី ង៉ែត ឃុន ដែលកំពុងរងបណ្ដឹងនៅក្នុងតុលាការ ពាក់ព័ន្ធបញ្ហាដីធ្លី កាលពីជាង ១០ឆ្នាំមុន។ ក្រោយមក សាលាដំបូងរាជធានីភ្នំពេញ បានឃុំខ្លួនលោកស្រី អេង សុខា ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់អំពីបទ «បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ»។
ទោះជាយ៉ាងណាក្ដី លោកស្រី ង៉ែត ឃុន ចាត់ទុកការចោទប្រកាន់របស់តុលាការមកលើកូនលោកស្រីថា ជារឿងអយុត្តិធម៌។ លោកស្រីប្ដេជ្ញាថា នឹងបន្តទាមទារ នៅមុខសាលាដំបូងរាជធានីភ្នំពេញបន្តទៀត រហូតទាល់តែតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងកូនលោកស្រីឱ្យមានសេរីភាពឡើងវិញ។
លោកស្រី ង៉ែត ឃុន៖«ខ្ញុំ តាំងពីកូនខ្ញុំបែក[ជាប់ពន្ធនាគារ]មក ខ្ញុំហូបបាយមិនបាន។ ខ្ញុំដេកក៏មិនលក់។ ខ្ញុំបារម្ភកូនខ្ញុំណាស់។ កាលកូនខ្ញុំនៅផ្ទះ ខ្ញុំមើលថែវា ពេលខ្ញុំឈឺ បានកូនខ្ញុំហ្នឹង ដឹកខ្ញុំទៅពេទ្យដែរ។ ឥឡូវ ខ្ញុំឈឺរាល់ថ្ងៃ។ ខ្ញុំអត់មានកម្លាំងទេ ដោយសារកូន។ បាយ ក៏ខ្ញុំហូបមិនបាន អីក៏ខ្ញុំហូបមិនបានទាំងអស់។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៦ ខែមីនា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ទស្សនៈរបស់មន្ត្រីសិទ្ធិមនុស្ស ចំពោះករណីនេះ
ទាក់ទិនរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា យល់ឃើញថា ការតវ៉ារបស់ពលរដ្ឋនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យដោះលែងកូនស្រីសកម្មជនដីធ្លីនេះ គឺជាសិទ្ធិសេរីភាព ដែលធានាដោយច្បាប់។ លោកថា តុលាការគួរពិចារណាឡើងវិញ ចំពោះការចាប់ខ្លួនលោកស្រី អេង សុខា។ ទន្ទឹមគ្នានេះ លោកថា ការចាប់ខ្លួនពលរដ្ឋ ដែលហ៊ានបញ្ចេញមតិអំពីភាពអយុត្តិធម៌សង្គម ពុំផ្ដល់ផលចំណេញ ដល់ប្រទេសជាតិនោះឡើយ ផ្ទុយទៅវិញ ធ្វើឱ្យពលរដ្ឋកាន់តែអស់ជំនឿចិត្ត ហើយ រិះគន់ប្រព័ន្ធតុលាការបច្ចុប្បន្នថា ខ្វះភាពឯករាជពិតប្រាកដ។
លោក នី សុខា៖«ទាក់ទងទៅនឹងបញ្ហាហ្នឹង ក៏វាមិនមែនជាចំណេញអីទៅដល់មុខមាត់ ឬក៏ចំណេញ ទៅដល់ប្រព័ន្ធយុត្តិធម៌របស់យើងនោះដែរ។ ផ្ទុយទៅវិញបានត្រឹមតែធ្វើឱ្យមានការរិះគន់បន្ថែមទៀតពីសំណាក់មតិជាតិ និងអន្តរជាតិ។ ជាពិសេស គឺមហាជន ដែលគេបានមើលឃើញពីរឿងអយុត្តិធម៌ទាំងអស់នោះទៅវិញទេ។ អ៊ីចឹង ខ្ញុំយល់ថា ការដោះលែងឱ្យគាត់នៅក្រៅឃុំ គឺជារឿងមួយ ដែលល្អសម្រាប់ទាំងអស់គ្នា ទាំងសកម្មជន ដែលតវ៉ានោះ និងទាំងមុខមាត់ប្រព័ន្ធតុលាការយើងផងដែរ»។
អត្ថបទដែលទាក់ទង៖
សកម្មជនដីធ្លីតំបន់បឹងកក់ប្ដេជ្ញាចេញមុខតវ៉ា បើអាជ្ញាធរមិនដើលែងកូនស្រី
មន្ត្រីសិទ្ធិមនុស្សថា ចាប់ខ្លួនកូនស្រីសកម្មជនបឹងកក់ ជាការរំលោភសិទ្ធិមនុស្ស និងខុសច្បាប់
គិតត្រឹមថ្ងៃទី៦ ខែមីនា អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានបង្ហាញថា សកម្មជននយោបាយ មន្ត្រីសង្គមស៊ីវិល សកម្មជនបរិស្ថាន និងសកម្មជនដីធ្លីចំនួន ៦០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារទាំងអយុត្តិធម៌ ក្រោយពីពួកគាត់ បានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិរិះគន់ អំពីភាពអយុត្តិធម៌ក្នុងសង្គម ចូលរួមការពារធនធានធម្មជាតិ និងការពារសិទ្ធិដីធ្លី។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៦ ខែកុម្ភៈ អង្គការ Freedom Houseបានរកឃើញថា សេរីភាពជាមូលដ្ឋាន នៅកម្ពុជាបន្តធ្លាក់យ៉ាងខ្លាំង គួរឱ្យព្រួយបារម្ភ ខណៈដែលបច្ចុប្បន្នកម្ពុជាទទួលបានពិន្ទុសេរីភាពត្រឹមតែ ២៣ ក្នុងចំណោមពិន្ទុ១០០ ដោយសារតែការរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតសេរីភាពបោះឆ្នោតដោយសេរី និងយុត្តិធម៌ត្រឹមត្រូវរបស់ពលរដ្ឋ។ រីឯមន្ត្រីបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស បន្តរងការគំរាមកំហែងគ្រប់រូបភាព ពីសំណាក់ អាជ្ញាធរកម្ពុជា។ ក្នុងនោះ សារព័ត៌មានឯករាជ្យ ក៏ត្រូវបានបណ្ដេញចេញពីប្រទេស ហើយ ពលរដ្ឋ ដែលហ៊ានរិះគន់ពីភាពអសកម្ម របស់រដ្ឋាភិបាល ត្រូវបានចាប់ដាក់ពន្ធនាគារក្រោមហេតុផលនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។