ពលរដ្ឋ​រិះគន់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ថា មិន​ចាត់​វិធានការ​ម៉ឺងម៉ាត់​លើ​ប្រធាន​តុលាការ​ខេត្តតាកែវ

0:00 / 0:00

ពលរដ្ឋ​ហួស​ចិត្ត​នឹង​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​មិន​បណ្ដេញ​ប្រធាន​តុលាការ​ខេត្តតាកែវ អ្នកស្រី ពេជ ម៉ារ៉ែន ចេញ​ពី​តំណែង​ពាក់ព័ន្ធ​នឹង​ករណី​ដោះលែង​ឧក្រិដ្ឋជន​ម្នាក់​ឱ្យ​មាន​សេរីភាព ប៉ុន្តែ​បែរ​ជា​ប្ដូរ​តួនាទី​ឱ្យ​ទៅ​កាន់​ជា​អនុប្រធាន​តុលាការ​នៅ​ខេត្តកំពង់ស្ពឺ​ទៅ​វិញ។ ពួក​គាត់​ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​រំលោភ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ធ្វើ​ឱ្យ​អំពើ​និទ្ទណ្ឌភាព​កើន​ឡើង។

ពលរដ្ឋ​រិះគន់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ថា ធ្វើការ​គ្មាន​ភាពឯករាជ​ដោយ​បន្ត​ឱ្យ​ប្រធាន​តុលាការ ដែល​ឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន នៅតែ​អាច​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​យុត្តិធម៌។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ កញ្ញា ខែម ស្រីមុំ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២២ ខែកុម្ភៈ​ថា កញ្ញា​មិន​អាច​ទទួល​យក​បាន ចំពោះ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​វិន័យ​នៃ​អង្គ​ចៅក្រម ដោយ​គ្រាន់តែ​ផ្ទេរ​តំណែង អ្នកស្រី ពេជ ម៉ារ៉ែន ឱ្យ​ទៅ​កាន់​តួនាទី​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ឡើយ។ កញ្ញា​បន្ត​ថា ការ​ផ្ទេរ​តំណែង​អ្នកស្រី ពេជ ម៉ារ៉ែន នេះ នៅតែ​អាច​ធ្វើ​ឱ្យ​អ្នកស្រី ប្រព្រឹត្ត​អំពើ​ពុករលួយ​បន្ត​ទៀត ហើយ​ពលរដ្ឋ គឺ​ជា​អ្នក​រងគ្រោះ ដោយសារ​ស្ថាប័ន​តុលាការ​សម្បូរ​ទៅ​ដោយ​មន្ត្រី​ស៊ី​សំណូក។

កញ្ញា ខែម ស្រីមុំ៖«ចង់​និយាយ​ថា វា​មិន​អាច​ធ្វើ​អំពើ​អយុត្តិធម៌ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​សុខដុមរមនា ភាព​ស្មើគ្នា ចំពោះ​មុខ​ច្បាប់​អី​ផ្សេងៗ គឺ​វា​អត់​មាន​ទេ។ សម្រាប់​ខ្ញុំ គឺ​ត្រូវតែ​ប្ដូរ​ប្រព័ន្ធ​ហ្នឹង​ចេញ ទើប​អាច​កែប្រែ​ទៅ​កើត ប៉ុន្តែ ប្រព័ន្ធ​នៅតែ​អ៊ីចឹង វា​បង្ក​វិនាសកម្ម បង្ក​មហន្តរាយ​ដល់​សង្គម​ជាតិ ដល់​ពលរដ្ឋ អសន្តិសុខ​ផ្សេង​កើត​ឡើង​កាន់តែ​ច្រើន​ឡើងៗ ដូច​សង្គម​សត្វ​អ៊ីចឹង រស់នៅ​បែប​ហ្នឹង មិន​មាន​ប្រព័ន្ធ​ចែក​ដាច់​ពី​អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ​ធ្វើ​អី​មិន​ចេញ»។

ដោយឡែក តំណាង​សហគមន៍​ឧត្ដម​ស្រែពស់ នៅ​ខេត្តកំពង់ស្ពឺ លោក ឃន សារិទ្ធ ថ្លែង​ថា លោក​សោកស្ដាយ ដែល​ប្រធាន​តុលាការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ប៉ុន្តែ បែរ​ជា​គ្មាន​ទោស​ទណ្ឌ​អ្វី​ទាល់តែ​សោះ ដែល​ទង្វើ​បែប​នេះ លោក​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា គឺ​មិន​ឈរ​លើ​គោលការណ៍​ច្បាប់​ទេ ហើយ​ជួយ​បិទបាំង​ទង្វើ​អាក្រក់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បន្ត​ថា ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស ស្ថាប័ន​តុលាការ​គួរតែ​ដក​តំណែង អ្នកស្រី ពេជ ម៉ារ៉ែន និង​បញ្ឈប់​មិន​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ដើម្បី​កុំ​ឱ្យ​ប្រធាន​តុលាការ​មួយ​ចំនួន​ទៀត​យក​គំរូ​តាម។

លោក ឃន សារិទ្ធ៖«ចង់​ឃើញ​ថា ពេល​ដែល​គាត់​ប្រព្រឹត្ត​ខុស​ហើយ គួរតែ​ដក​តំណែង​គាត់ ឈប់​ឱ្យ​គាត់​ធ្វើ​តួនាទី​ដដែល​ហ្នឹង​ទៀត ពីព្រោះ​បើ​គាត់​ខុស​ហើយ បើ​យើង​នៅតែ​ទុក​ឱកាស បើ​គាត់​មិន​កែ វា​ធ្វើ​ឱ្យ​មាន​ភាព​អយុត្តិធម៌​ដល់​ពលរដ្ឋ​ក្រោយ​ទៀត»។

ប្រតិកម្ម​របស់​ពលរដ្ឋ​ទាំង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ឧត្ដម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម កាលពីថ្ងៃទី២០ ខែកុម្ភៈបាន​ដាក់​ទណ្ឌកម្ម​លើ​ប្រធាន​សាលាដំបូង​ខេត្តតាកែវ អ្នកស្រី ពេជ ម៉ារ៉ែន ដោយ​ផ្លាស់​តួនាទី​ពី​ប្រធាន​សាលាដំបូង​ខេត្តតាកែវ ឱ្យ​ទៅ​កាន់​តំណែង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​វិញ។ ការ​ផ្លាស់ប្ដូរ​នេះ គឺ​ក្រោយ​ពេល​ឧត្ដម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​រក​ឃើញ​ថា អ្នកស្រី ពេជ ម៉ារ៉ែន បាន​ចេញ​ដីកា​ដោះលែង​អ្នកទោស​ម្នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ចំនួន ១១ឆ្នាំ អំពី​បទ «ឃាតកម្ម» ឱ្យ​មាន​សេរីភាព ដោយ​អ្នកទោស​រូប​នោះ នៅ​មិន​ទាន់​អនុវត្ត​ទោស​ចប់​នៅ​ឡើយ ដែល​បញ្ហា​នេះ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ជា​ការ​រំលោភ​លើ​នីតិវិធី​ច្បាប់​ក្រម​ព្រហ្មទណ្ឌ ហើយ​ថែម​ទាំង​បង្កើត​ទោស​កំហុស​ធ្ងន់ធ្ងរ​ក្នុង​ការ​អនុវត្ត​វិជ្ជាជីវៈ​ចៅក្រម។

ក្រោយ​ប្ដូរ​អ្នកស្រី ពេជ ម៉ារ៉ែន ឱ្យ​ទៅ​កាន់​តួនាទី​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែកុម្ភៈព្រះមហាក្សត្រ​បាន​តែងតាំង លោក ធាម ច័ន្ទពិសិដ្ឋ ឱ្យ​ធ្វើ​ជា​ប្រធាន​សាលាដំបូង​ខេត្តតាកែវ​ជំនួស​អ្នកស្រី ពេជ ម៉ារ៉ែន តាម​ការ​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គឺ​លោក កើត រិទ្ធ។

ឧត្ដមក្រុមប្រឹក្សា នៃ​អង្គចៅក្រម​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើការ​គ្មាន​ភាពឯករាជ និង​គ្មាន​តម្លាភាព​នោះ​ទេ ពីព្រោះ​សមាជិក​ភាគ​ច្រើន នៃ​ឧត្ដម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម សុទ្ធ​សឹង​តែ​ជា​មន្ត្រី​ជាន់​ខ្ពស់ ដែល​មក​ពី​ស្ថាប័ន​យុត្តិធម៌ ដូច្នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មាន​អំណាច​លើសលប់​លើ​ស្ថាប័ន​មួយ​នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ប្រសិនបើ​ប្រធាន​តុលាការ ឬ​ព្រះរាជអាជ្ញា​ណា​បាន​ប្រព្រឹត្ត​ទោស​កំហុស ឬ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ចេតនា​នោះ​ឧត្ដម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម មិន​អាច​ដាក់​ទោស​បែប​រដ្ឋបាល ដោយ​គ្រាន់តែ​ផ្លាស់ប្ដូរ​តួនាទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​នោះ​ទេ ប៉ុន្តែ ត្រូវតែ​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់។ លោក​បន្ត​ថា នៅ​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ប្រព្រឹត្ត​ទោស​កំហុស ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​បាន​ដាក់​ទោស នោះ​ជា​ការ​រំលោភ​លើ​នីតិរដ្ឋ​ធ្ងន់ធ្ងរ។

លោក នី សុខា៖«ប្រសិន​ជា​ឧត្ដម​ក្រុមប្រឹក្សា នៃ​អង្គ​ចៅក្រម​មាន​ភាព​រឹងមាំ មាន​ការ​ដាក់​ទោស​ទណ្ឌ​លើ​ចៅក្រម ឬ​ព្រះរាជអាជ្ញា​ណា ដែល​បាន​ប្រព្រឹត្ត​ខុស​មិន​លើកលែង​នោះ ខ្ញុំ​គិត​ថា ចៅក្រម ព្រះរាជអាជ្ញា​លោក​នឹង​មាន​ការ​បារម្ភ​ដែរ ចំពោះ​បញ្ហា​ហ្នឹង ហើយ​នឹង​មាន​ការ​កែលំអ។ ទាក់ទង​រឿង​ហ្នឹង​រឿង ដែល​ប្រព័ន្ធ ដូចជា ខាង​ក្រសួង​យុត្តិធម៌ ក៏​គួរតែ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ អំពី​ការ​អនុវត្ត​នីតិវិធី​ព្រះរាជ​អាជ្ញា​ទាំង​អស់​ហ្នឹង​នៅ​ទូទាំង​ប្រទេស»។

កាល​ពី​ថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០២៤ ឧត្ដម​ក្រុមប្រឹក្សា នៃ​អង្គ​ចៅក្រម​បាន​បណ្ដេញ​ព្រះរាជ​អាជ្ញា​រង​ម្នាក់ នៅ​ខេត្តព្រះវិហារ គឺ​លោក គឹម សំលេង ចេញ​ពី​ក្របខ័ណ្ឌ​ក្រោយ​រក​ឃើញ​ថា ព្រះរាជ​អាជ្ញា​រូប​នោះ​បាន​ប្រព្រឹត្ត​ល្មើស​ផ្ទុយ​ពី​វិជ្ជាជីវៈ។ លើស​ពី​នេះ កាល​ពី​ថ្ងៃ​ទី១៩ ខែកុម្ភៈ ឧត្ដម​ក្រុមប្រឹក្សា នៃ​អង្គ​ចៅក្រម​ក៏​បាន​ដាក់​វិន័យ​ទៅ​លើ​ចៅក្រម និង​ព្រះរាជអាជ្ញា​ចំនួន ២៣ករណី ក្នុង​នោះ​ស្ដីបន្ទោស​ផ្ទាល់​មាត់ និង​ព្រមាន​ជា​លិខិត ១៥ករណី ផ្អាក​មិន​ឱ្យ​ចុះ​ឈ្មោះ​ក្នុង​តារាង​ដំឡើង​ថ្នាក់ ឬ​ឋានន្តរសក្ដិ​មួយ​រយៈ ៣ករណី និង​ករណី​មួយ​ចំនួន​ទៀត ព្យួរ​ពី​ការងារ​មិន​ឱ្យ​មាន​បៀវត្សរ៍ ក្នុង​រយៈ​ពេល ៦ខែ។

ពលរដ្ឋ​សង្កេត​ឃើញ​ថា ឧត្ដម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ទៅ​លើ​តុលាការ និង​ចៅក្រម ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​បក្ខពួក​និយម ដែល​បញ្ហា​នេះ​បង្ក​ឱ្យ​ស្ថាប័ន ដែល​បង្កើត​ឡើង ដើម្បី​ជួយ​ដល់​ព្រះមហាក្សត្រ​ក្នុង​ការ​ធានា​ឯករាជ្យ នៃ​អំណាច​តុលាការ ស្រប​តាម​រដ្ឋធម្មនុញ្ញ​មិន​អាច​អនុវត្ត​ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ្យ​បាន​ឡើយ ហើយ​ពលរដ្ឋ សកម្មជន​សង្គម និង​សកម្មជន​នយោបាយ ដែល​រងគ្រោះ​ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​កាត់ក្ដី​លំអៀង គ្មាន​ភាព​អព្យាក្រឹត ក៏​នៅតែ​បន្ត​រងគ្រោះ ពីព្រោះ​ឧត្ដម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​មិន​បាន​ចាប់​មន្ត្រី​តុលាការ ដែល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​យក​មក​ផ្ដន្ទាទោស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។