ពលករខ្មែរម្នាក់ដែលកំពុងជាប់ពន្ធនាគារដោយសាររិះគន់រដ្ឋាភិបាលត្រកូល ហ៊ុន គឺកញ្ញា នួន តឿន ស្នើឱ្យតុលាការក្រុងភ្នំពេញដោះលែងឱ្យមានសេរីភាពឡើងវិញ ពីព្រោះនាងគ្មានចេតនាញុះញង់ដូចការចោទប្រកាន់ឡើយ។ កញ្ញាស្នើសុំបែបនេះធ្វើឡើងនៅក្នុងសវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី៧ មីនា ហើយតុលាការរាជធានីភ្នំពេញគ្រោងប្រកាសសាលក្រមសំណុំរឿងនេះ នៅថ្ងៃទី១ ខែមេសាខាងមុខ។
ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី៧ ខែមីនា បានបើកសវនាការជំនុំជម្រះលើសំណុំរឿងពីបទញុះញង់របស់ពលករខ្មែរម្នាក់ ដែលអាជ្ញាធរចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ី គឺកញ្ញា នួន តឿន កន្លងទៅ។ ភស្តុតាង ដែលតុលាការយកមកប្រើដើម្បីដាក់បន្ទុកលើកញ្ញា នួន តឿន នោះជាសារជាវីដេអូនៅលើហ្វេសប៊ុករបស់នាង នៅដើមឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ពាក់ព័ន្ធកញ្ញាបញ្ចេញមតិរិះគន់មេដឹកនាំក្រុងភ្នំពេញ និងព្រះមហាក្សត្រនៅលើបណ្ដាញសង្គមថា ដឹកនាំប្រទេសធ្វើបាបប្រជាពលរដ្ឋ និងធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងជាដើម។
តំណាងអយ្យការលោក លោក សំម ឫទ្ធីវាសនា បានចោទសួរថា តើកញ្ញា នួន តឿន និយាយនៅលើបណ្ដាញសង្គមនោះជាចេតនា ឬអចេតនា? តើអ្នកណានៅពីក្រោយ?
កញ្ញា នួន តឿន ឆ្លើយប្រាប់តុលាការថានាងពុំមានចេតនាញុះញង់ធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងព្រះមហាក្សត្រនោះទេ ហើយក៏គ្មានអ្នកបញ្ជានៅពីក្រោយនាងដែរ។ កញ្ញាបន្ថែមថាអ្វីដែលនាងបញ្ចេញមតិកន្លងទៅដោយសារនាងមើលឃើញសង្គមអយុត្តិធម៌បែបណា គឺនាងនិយាយបែបនោះ ដោយមិនដឹងថាត្រូវជាប់ទោសទណ្ឌដូច្នេះទេ។
នៅក្នុងសវនាការនេះ តុលាការបានអនុញ្ញាតឱ្យសាច់ញាតិរបស់លោក នួន តឿន ព្រមទាំងមន្ត្រីសិទ្ធិមនុស្សមួយចំនួនបានចូលស្ដាប់សវនាការ។ ក្រោយបញ្ចប់ការសួរដេញដោល ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានកំណត់យកថ្ងៃទី១ ខែមេសា ជាថ្ងៃប្រកាសសាលក្រមសំណុំរឿងនេះ។
ម្តាយមីងរបស់កញ្ញា នួន តឿន គឺលោកស្រី ឆេង ថុល ដែលចូលស្ដាប់សវនាការប្រាប់វិទ្យុអាស៊ីសេរីថាក្មួយលោកស្រីមិនបានប្រព្រឹត្តបទល្មើសនោះទេ ផ្ទុយទៅវិញ នាងជាមនុស្សល្អ និងជាបង្គោលគ្រួសារ។ លោកស្រីរំពឹងថាតុលាការនឹងទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងក្មួយស្រីឱ្យមានសេរីភាពវិញ។
លោកស្រី ឆេង ថុល៖«ខ្ញុំមិនដឹងគេ(តុលាការ)ចោទញុះញង់អីទេ វា(នួន តឿន)និយាយថា អត់ដឹងទេ។ វាចេះតែនិយាយៗ ទៅ វាអត់ដឹងថា ទំនៀមទម្លាប់ច្បាប់នៅស្រុកខ្មែរម៉េចៗ គឺគេ(តុលាការ)សួរតាមហ្នឹងទៅ ហើយខ្ញុំក៏ចង់ឱ្យសម្ដេច អ្នកនៅក្នុងប្រទេស ក្រៅប្រទេសជួយក្មួយខ្ញុំឱ្យឆាប់បានចេញមកផ្ទះវិញមក ពីព្រោះថា ឥឡូវខ្ញុំអត់មានលុយទៅមើលវានៅពន្ធនាគារទេ ឥឡូវគ្រួសារខ្ញុំកម្សត់ណាស់។ និយាយទៅ រកតែបាយហូបសឹងមិនបានផងឥឡូវនេះ»។
កញ្ញា នួន តឿន មានស្រុកកំណើតនៅស្រុកបសេដ្ឋ នៅខេត្តកំពង់ស្ពឺ និងជាកូនកំព្រាឪពុកម្ដាយ។ នាងគឺជាពលករខ្មែរធ្វើការស្របច្បាប់ជាង ១៦ឆ្នាំនៅប្រទេសម៉ាឡេស៊ី ដែលចេញមុខគាំទ្រគណបក្សប្រឆាំង។
កាលពីថ្ងៃទី៣០ ខែកញ្ញា ប៉ូលិសម៉ាឡេស៊ីបានចាប់ កញ្ញា នួន តឿន និរទេសទៅកម្ពុជាតាមសំណើរបស់អាជ្ញាធរក្រុងភ្នំពេញ។ តុលាការបានចោទប្រកាន់កញ្ញា ពីបទ « ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង និងប្រមាថព្រះមហាក្សត្រ» ជាពិសេស កញ្ញារិះគន់ខ្លាំងៗ ជុំវិញការដឹកនាំរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គម។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត ដែលឃ្លាំមើលសវនាការនេះមានប្រសាសន៍ថា កញ្ញា នួន តឿន ជាពលរដ្ឋខ្មែរម្នាក់មិនចេះអក្សរដែលចំណាកស្រុកនៅប្រទេសម៉ាឡេស៊ី ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារដែលក្រីក្រ។ លោកយល់ថា បើតាមការបញ្ជាក់ និងសំណើរបស់កញ្ញា នួន តឿន នៅក្នុងអង្គសវនាការនោះ តុលាការគួរដោះលែងនាងឱ្យមានសេរីភាពជួបជុំគ្រួសារវិញ ខណៈមជ្ឈដ្ឋានទូទៅមើលថានាងបញ្ចេញមតិទាំងអំបាលម៉ាន គឺជាសិទ្ធិសេរីភាពបញ្ចេញមតិ។
លោក យី សុខសាន្ត៖«អ្វីដែលគាត់បញ្ចេញមតិ គឺគាត់ថាជាគំនិតផ្ទាល់ខ្លួនរបស់គាត់(នួន តឿន)ហើយបើយើងកាត់ទោស ឬដាក់ទោសទណ្ឌឱ្យគាត់ដោយរឿងអយុត្តិធម៌ ដោយគាត់ថា អត់ដឹងខ្លួននិយាយទៅមានទោសទេ ហើយបើសិនតុលាការដោះលែងគាត់ទៅអាចទៅស៊ីឈ្នួលគេ បម្រើគេដើម្បីបានលុយចិញ្ចឹមគ្រួសារទៀត ខ្ញុំគិតថា គួរមានការបន្ធូរបន្ថយទោសដល់គាត់ហើយបាទ»។
អត្ថបទដែលទាក់ទង៖
កញ្ញា នួន តឿន ដែលអាជ្ញាធរម៉ាឡេស៊ីចាប់បញ្ជូនមកកម្ពុជា ធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងពន្ធនាគារ
កញ្ញា នួន តឿន ដែលអាជ្ញាធរចាប់បញ្ជូនពីម៉ាឡេស៊ីដាក់គុកនៅកម្ពុជា នៅរក្សាជំហររឹងមាំ
តុលាការចោទប្រកាន់ពលករខ្មែរ ដែលបញ្ជូនពីម៉ាឡេស៊ី អំពីបទញុះញង់ និងឃុំខ្លួននៅពន្ធនាគារ
សហគមន៍ជាតិ និងអន្តរជាតិ រួមទាំងមន្ត្រីគណបក្សប្រឆាំងបានចាត់ទុកការ និរទេសកញ្ញា នួន តឿន ពីប្រទេសម៉ាឡេស៊ីបញ្ជូនមកដាក់ពន្ធនាគារនៅប្រទេសកម្ពុជាកន្លងទៅ ថាជាការបង្ក្រាបឆ្លងដែន ដែលរដ្ឋាភិបាលឪពុក និងកូន គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ធ្វើឡើង ដើម្បីបំបិទមាត់សំឡេងគណបក្សប្រឆាំង និងអ្នករិះគន់។ ពួកគេនៅតែទាមទារឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ទម្លាក់ចោលបទចោទ និងដោះលែងកញ្ញា នួន តឿន ឱ្យមានសេរីភាព ព្រមទាំងបើកលំហសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។