លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ រំលឹកថា តុលាការប្រទេសបារាំង បានចេញដីកាតាមចាប់ខ្លួនមេកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ និងត្រៀមខ្លួនចាប់លោក ហ៊ុន សែន នៅពេលអស់អំណាច ករណីគប់គ្រាប់បែកសម្លាប់មនុស្សកាលពីឆ្នាំ១៩៩៧។ ទោះជាយ៉ាងណាក្ដី មន្ត្រីបក្សកាន់អំណាចថា ការសម្រេចណាមួយរបស់តុលាការបារាំងគ្មានសិទ្ធិអំណាចមកលើមេដឹកនាំកម្ពុជានោះទេ។
សេចក្តីសង្ឃឹម កើតចេញពីទីក្រុងប៉ារីស សម្រាប់ជនរងគ្រោះ ដោយអំពើហិង្សានយោបាយ នៅកម្ពុជា កាលពីជាង ២០ឆ្នាំមុន ក្នុងហេតុការណ៍គប់គ្រាប់បែកប៉ុនប៉ង សម្លាប់ លោក សម រង្ស៊ី ភរិយា អ្នកស្រី ជូឡុង សូមួរ៉ា លោក ជា វិជ្ជា និងមនុស្សប្រមាណ ១០០នាក់ផ្សេងទៀត។
នេះជាអះអាងរបស់ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលបានប្ដឹងក្រុមមន្ត្រី លោក ហ៊ុន សែន ទៅតុលាការប្រទេសបារាំង។
លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២២ មករាថា កាលពីជាង ២០ឆ្នាំមុន លោកនិងភរិយាបានដាក់ពាក្យបណ្តឹងមួយ នៅតុលាការប្រទេសបារាំងក្នុងក្រុងប៉ារីស ដោយសារតែអ្នកទាំងពីរមានសញ្ជាតិបារាំង។ លោកថា បណ្ដឹងនោះស្នើសុំវែកមុខជនឧក្រិដ្ឋ ដែលបានវាយប្រហារដោយគ្រាប់បែក មកលើក្រុមមនុស្សកំពុងធ្វើបាតុកម្មដោយសន្តិវិធី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅក្រុងភ្នំពេញ ដែលបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ១៦នាក់ និងអ្នករបួសធ្ងន់ជាង ១០០នាក់ ក្នុងនោះរួមមានទាំងរូបលោក និងភរិយា ព្រមទាំងលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកឲ្យដឹងទៀតថា តុលាការបារាំងបានបើកការស៊ើបអង្កេតដោយមានចូលរួមពីនគរបាលសហរដ្ឋអាមេរិក (FBI) អង្គការសហប្រជាជាតិ គណៈកម្មាធិការទំនាក់ទំនងបរទេស នៃព្រឹទ្ធសភា សហរដ្ឋអាមេរិក ព្រមទាំងអង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch ) ដោយបានសន្និដ្ឋានជាឯកច្ឆន្ទថា អង្គរក្សលោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារដោយគ្រាប់បែក ដែលសំដៅមកលោក សម រង្ស៊ី។ លោកបន្តទៀតថា មានភស្តុតាងជាច្រើន បញ្ជាក់ថា ការវាយប្រហារនោះត្រូវបានគិតទុកជាមុន រៀបចំដោយលម្អិត និងអនុវត្តយ៉ាងជាក់ស្តែង ដោយក្រុមអង្គរក្សលោក ហ៊ុន សែន ។
លោក សម រង្ស៊ី អះអាងទៀតថា ជាលទ្ធផល កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២១ តុលាការទីក្រុងប៉ារីស បានសម្រេចចោទប្រកាន់ លើមេបញ្ជាការកងអង្គរក្ស លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងអតីតមេបញ្ជាការរងកងអង្គរក្ស លោក ហ៊ុយ ពិសិដ្ឋ និងសព្វថ្ងៃជា រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុក ប្រចាំការអចិន្ត្រៃយ៍នៅបញ្ជាការដ្ឋានអង្គរក្ស ពីបទ "សមគំនិត ប៉ុនប៉ងសម្លាប់មនុស្ស" ដែលជាអ្នកទទួលខុសត្រូវ ធំជាងគេ ក្នុងអង្គភាពអង្គរក្ស លោក ហ៊ុន សែន។ តុលាការ ក៏បានសម្រេចយកបុគ្គលពីរនាក់នេះ ទៅកាត់ទោស នៅចំពោះមុខតុលាការព្រហ្មទណ្ឌ ដែលផ្ដន្ទាទោសឧក្រិដ្ឋជន (Cour d'Assises)។
លោក សម រង្ស៊ី រំលឹករឿងនេះឡើងក្នុងថ្ងៃនៃខួប ១៨ឆ្នាំនៃការបាញ់សម្លាប់រូបលោកលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលមកដល់ពេលនេះរដ្ឋាភិបាល លោក ហ៊ុន សែន រកឃាតករសម្លាប់លោក ជា វិជ្ជា មិនឃើញនៅឡើយ។
លោក សម រង្ស៊ី លើកឡើងទៀតថា អ្នកនៅក្រោយខ្នង និងជាអ្នកទទួលខុសត្រូវធំជាងគេ នៃឃាតកម្មនេះគឺ លោក ហ៊ុន សែន ហើយ តុលាការបារាំង នឹងចេញដីកាឲ្យចាប់ខ្លួន លោក ហ៊ុន សែននៅពេលណាលោក ហ៊ុន សែន បាត់បង់តំណែងជានាយករដ្ឋមន្ត្រី។
ជុំវិញការលើកឡើងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មតបពី អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត អ្នកនាំពាក្យកងទ័ពជើងគោក ម៉ៅ ផល្លា និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី២២ មករា។ ទោះជាយ៉ាងណាក្ដី លោក ហ៊ីង ប៊ុនហៀង ធ្លាប់សារភាពកាលពីឆ្នាំ២០១៨ ថា លោកធ្វើអ្វីគ្រប់យ៉ាងតាមបញ្ជាលោក ហ៊ុន សែន៖ «កម្លាំងអង្គរក្សនេះជាកម្លាំងការពារសន្តិសុខជូនថ្នាក់ដឹកនាំនេះបញ្ហាទី១។ បញ្ហាទី២ កងយោធពលខេមរភូមិន្ទត្រៀមការពារភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសការពារសន្តិសុខប្រជាពលរដ្ឋតែម្ដង អ្វីដែលផ្ទុយពីបទបញ្ជា និងសៀវភៅកងការពារជាតិ ខ្ញុំមិនដែលបានបញ្ជាកម្លាំងអង្គរក្សរបស់ខ្ញុំទៅធ្វើអ្វីផ្ទុយពីបទ ឬអនុសាស្ត្រដ៏ខ្ពង់ខ្ពស់របស់សម្ដេច ( លោក ហ៊ុន សែន ) នោះទេ»។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ និយាយថា ការសម្រេចណាមួយដោយតុលាការបារាំង គឺជាឆន្ទានុសិទ្ធិរបស់តុលាការប្រទេសនេះ ប៉ុន្តែ ការទទួលស្គាល់ ឬមិនទទួលស្គាល់គឺជាសិទ្ធិរបស់ លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ៖ «ទុកឲ្យតុលាការសាមីនីមួយៗ ពិចារណា ហើយសាមីខ្លួនគាត់ប្រើឆន្ទៈផ្លូវច្បាប់យ៉ាងម៉េចជារឿងរបស់សាមីខ្លួន ហើយរឿងទី២ ជារឿងដែល លោក សម រង្ស៊ី គាត់ធ្វើការទស្សន៍ទាយតុលាការបារាំងនឹងមានចំណាត់ការផ្លូវច្បាប់មកលើសម្ដេចតេជោនៅពេលក្រោយអស់តំណែងជាការទស្សន៍ទាយរបស់លោក សម រង្ស៊ី ទៅហើយយើងគិតទៅ គាត់ទស្សន៍ទាយដូចរាប់សិបឆ្នាំហើយ យើងទៅប្រឆាំងអីសិទ្ធិទស្សន៍ទាយ អ្នកណាចង់ទស្សន៍ទាយក៏បាន»។
របាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក (FBI) បញ្ជាក់ថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ជាអ្នករៀបចំ និងបញ្ជាផ្ទាល់ក្នុងការគប់គ្រាប់បែកនោះ។ កាលពីឆ្នាំ២០១៨ រតនាគារអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងមិនឲ្យលោក ហ៊ីង ប៊ុនហៀង ទៅរកស៊ីនៅសហរដ្ឋអាមេរិក ព្រោះលោកជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៃការបោកគ្រាប់បែកលើក្រុមអ្នកតវ៉ាអហិង្សា កាលពីឆ្នាំ១៩៩៧ និងអំពើរំលោភសិទ្ធិមនុស្សផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។