អ្នកនយោបាយបក្សប្រឆាំង និងអ្នកវិភាគជំរុញដល់រដ្ឋាភិបាលកម្ពុជាថា ត្រូវបើកចំហឱ្យក្រុមអ្នកបច្ចេកទេសរបស់អង្គការសហប្រជាជាតិ និងតំណាងស្ថានទូតនានា ចូលទៅត្រួតពិនិត្យជុំវិញការមន្ទិល ដែលថា ចិនកំពុងតែអភិវឌ្ឍតំបន់យុទ្ធសាស្ត្រទ័ពមួយកន្លែងនៅតំបន់មូលដ្ឋានកងទ័ពជើងទឹកកម្ពុជា នាសមុទ្ររាមឱ្យបានច្បាស់លាស់។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកសង្ស័យថា ចិនកំពុងតែអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម នៅទីតាំងមួយនៃភាគនិរតីរបស់ប្រទេសកម្ពុជា ដែលជាកន្លែងដាច់ស្រយាល និងជាច្រកផ្លូវចូលទៅកាន់ឈូងសមុទ្រចិនខាងត្បូង ដែលអាចគាំទ្រដល់មហិច្ឆតាយោធា ដែលចិនកំពុងតែបង្កើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
មន្រ្តីបក្សប្រឆាំងលើកឡើងថា កម្ពុជានៅតែធ្វើឱ្យប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មានការមន្ទិលសង្ស័យដដែល ចំពោះវត្តមានកងទ័ពចិន នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកកម្ពុជាសមុទ្ររាម។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ដើម្បីជម្រះមន្ទិលសង្ស័យនេះ រដ្ឋាភិបាលកម្ពុជាគួរតែបើកចំហឱ្យក្រុមអ្នកបច្ចេកទេសរបស់អង្គការសហប្រជាជាតិ និងតំណាងស្ថានទូតនានា ចូលទៅត្រួតពិនិត្យឱ្យបានច្បាស់លាស់។
លោក អ៊ុំ សំអាន៖«កម្ពុជាត្រូវអនុញ្ញាតឱ្យអ្នកបច្ចេកទេសរបស់អង្គការសហប្រជាជាតិ និងស្ថានទូតនានា ចូលទៅកន្លែងណាមួយនៃកំពង់ផែរាម ដែលគេសង្ស័យថាអាចមានវត្តមានកងទ័ពចិន នោះទើបអាចជម្រះភាពមន្ទិលសង្ស័យ និងធ្វើឱ្យមានទំនុកចិត្តពីប្រទេសលោកខាងលិចថា ពិតជាគ្មានមូលដ្ឋានយោធាចិននៅក្នុងកំពង់ផែរាមមែន។ ជាមួយគ្នានេះ កម្ពុជាក៏ត្រូវបើកឱ្យមានការធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសលោកខាងលិច ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលីឡើងវិញ ហើយក៏ត្រូវបង្កើនទំនាក់ទំនងជាមួយប្រទេសលោកខាងលិចឡើងវិញ ពីព្រោះបច្ចុប្បន្ននេះ ឃើញកម្ពុជាមានទំនាក់ទំនងស្អិតល្មួតតែជាមួយចិនទេ»។
ការជំរុញរបស់អ្នកនយោបាយបក្សប្រឆាំងរូបនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិកសង្ស័យថា ចិនកំពុងតែអភិវឌ្ឍតំបន់យុទ្ធសាស្ត្រកងទ័ពមួយនៅក្នុងមូលដ្ឋានទ័ពជើងទឹកកម្ពុជាសមុទ្ររាម។
សារព័ត៌មានវ៉ាស៊ីងតោនប៉ុស្តិ៍ (Washington Post) បានដកស្រង់សំដីមន្ត្រីសហរដ្ឋអាមេរិកមកផ្សាយកាលពីថ្ងៃទី៦ ខែមីនាថា ចិនកំពុងអភិវឌ្ឍតំបន់យុទ្ធសាស្ត្រកងទ័ពមួយកន្លែងជាតំបន់ដាច់ស្រយាលនៅភាគនិរតីនៃប្រទេសកម្ពុជា។ តំបន់នោះមានផ្លូវចូលដោយផ្ទាល់ទៅកាន់សមុទ្រចិនខាងត្បូង ដែលអាចគាំទ្រដល់មហិច្ឆតាយោធារបស់ចិន ដែលកំពុងតែបង្កើនឡើងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
យោងតាមការផ្ដល់រូបភាពពីផ្កាយរណបរបស់សហរដ្ឋអាមេរិក នាវាចម្បាំងរបស់កងទ័ពជើងទឹកចិន បានចូលទៅចតនៅមូលដ្ឋាននោះជាច្រើនខែមកហើយ ប៉ុន្តែនាវាចម្បាំងមកពីប្រទេសផ្សេងដូចជាប្រទេសជប៉ុន និងសហរដ្ឋអាមេរិកជាដើម ត្រូវបានគេបង្វែរចេញ ឬក៏បញ្ជូនឱ្យទៅចតនៅកំពង់ផែផ្សេងវិញ។
ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ ព្រួយបារម្ភចំពោះបញ្ហាសន្តិសុខនៅក្នុងតំបន់។ លោកយល់ថាប្រសិនបើមានបញ្ហាដូចសារព័ត៌មានអាមេរិកផ្សាយមែននោះ រដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិគួរតែបង្ហាញការពិតដែលមិនពាក់ព័ន្ធ ទៅឱ្យអន្តរជាតិបានយល់ឱ្យច្បាស់លាស់។
លោក សេក សុជាតិ៖«កាលណាមានភាពលាក់បាំងអ្វីមួយ គឺបរទេសនៅតែមានការមន្ទិលសង្ស័យ ហើយកាលណាមានការមន្ទិលវាអាចក្លាយទៅជាមានភាពថ្នាំងថ្នាក់ ដែលអាចជំរុញឱ្យមានបញ្ហាដល់ទំនាក់ទំនងការទូតឬក៏បញ្ហាផ្សេងៗទៀត ជាមួយប្រទេសជាច្រើនដែលមានគោលការណ៍និងផែនការតាមដាននយោបាយឬក៏ភូមិសាស្ត្រនយោបាយជាសកលនោះ។»
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាននៅឡើយនៅថ្ងៃទី៨ ខែមីនា។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលកម្ពុជា និងចិន តែងច្រានចោលជាញឹកញាប់ ជុំវិញការសង្ស័យចំពោះវត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹកកម្ពុជាសមុទ្ររាមនេះ។
ទាក់ទងរឿងនេះប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិកម្ពុជា លោក ផាត វិបុលសុភ័គ បានប្រាប់កាសែត (Washington Post) ថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាចម្បាំងជប៉ុនចូលចតនៅកំពង់ផែរាមមុនគេ ហើយបន្ទាប់មកនឹងអនុញ្ញាតឱ្យអាមេរិក។
មន្ត្រីការបរទេសជប៉ុនឱ្យដឹងថា នាវាកងទ័ពជើងទឹករបស់ជប៉ុននឹងចូលចតនៅកម្ពុជាក្នុងពេលឆាប់ៗ នេះ ប៉ុន្តែលោកមិនបញ្ជាក់ថានាវានោះនឹងចតនៅកំពង់ផែណាមួយទេ។
ការមន្ទិលសង្ស័យពីវត្តមានយោធាចិន នៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម បានកើតឡើងតាំងតែពីឆ្នាំ២០២០ ខណៈអគារដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនៅទីនោះត្រូវបានរុះរើ។ បន្ទាប់មក កាលពីឆ្នាំ២០២១ ស្ថានទូតសហរដ្ឋអាមេរិករិះគន់ថា អនុព័ន្ធយោធាការពារស្ថានទូតរបស់ខ្លួន ដែលទៅធ្វើទស្សនកិច្ចទីនោះ ត្រូវបានគេបដិសេធមិនឱ្យចូលទៅមូលដ្ឋានកងទ័ពជើងទឹករាមពេញលេញទេ។ នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម គឺចិនបានសាងសង់កំពង់ផែថ្មីមួយ ដែលមានទំហំធំល្មមសម្រាប់ឱ្យនាវាផ្ទុកយន្តហោះចម្បាំងចូលចត។ កំពង់ផែនោះមានលក្ខណៈប្រហាក់ប្រហែលគ្នា និងមូលដ្ឋានទ័ពជើងទឹក គ្រប់គ្រងដោយចិន នៅក្នុងប្រទេសជីប៊ូទី (Djibouti) នៃតំបន់អាហ្វ្រិកខាងកើតដែរ។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ មើលឃើញថាបច្ចុប្បន្ននេះចិនកំពុងពង្រីកសមត្ថភាពយោធារបស់ខ្លួននៅក្នុងតំបន់ ក្នុងគោលបំណងដណ្ដើមយកកោះតៃវ៉ាន់ និងគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូងទាំងមូល។
លោក គឹម សុខ៖«បញ្ហារបស់កម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ន ប្រសិនបើសង្គ្រាមនៅសមុទ្រចិនភាគខាងត្បូងនោះផ្ទុះឡើងមែន គឺប្រទេសជិតខាងនឹងងាកមកយកទឹកដីកម្ពុជាដោយយុទ្ធសាស្ត្រសង្គ្រាម ជាពិសេស គឺវៀតណាមតែម្ដង។ តំបន់ដែលរងការគំរាមកំហែងផ្នែកសន្តិសុខពីចិនធំជាងគេក្នុងពេលនេះ គឺឥណ្ឌូប៉ាស៊ីហ្វិក មានកោះតៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សឺឡង់ដ៍ ហើយនិងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់អាស៊ាន»។
អ្នកវិភាគយល់ថា លុះត្រាតែកម្ពុជាបើកឱ្យអ្នកបច្ចេកទេសរបស់អង្គការសហប្រជាជាតិ និងស្ថានទូតនានា ចូលត្រួតពិនិត្យនៅមូលដ្ឋានកងទ័ពជើងទឹករាម នៅតាមកន្លែងណា ដែលគេសង្ស័យ ព្រមទាំងបើកលំហលទ្ធិប្រជាធិបតេយ្យឱ្យមានគណបក្សប្រឆាំងជាអ្នកឃ្លាំមើលផង នោះទើបអាចជម្រះមន្ទិលសង្ស័យរឿងវត្តមានយោធាចិននៅកំពង់ផែរាមនេះបាន៕