ពលរដ្ឋ​រងគ្រោះ​ទទូច​ឱ្យ​តំណាង​រាស្ត្រ​ចុះ​ជួប​ពួកគាត់​អំឡុង​ពេល​ឈប់​សម្រាក ៣ខែ

0:00 / 0:00

ប្រជាពលរដ្ឋ​រងគ្រោះ​ស្នើ​ឱ្យ​តំណាង​រាស្ត្រ​ចុះ​ជួប​ពួកគាត់ និង​ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់ អំឡុង​ពេល​វិស្សមកាល ឬ​ពេល​ឈប់​សម្រាក​រយៈពេល ៣ខែ​របស់​សមាជិក​សភា ដោយ​ពួកគាត់​ថា តំណាង​រាស្ត្រ​មិន​គួរ​ស៊ី​ប្រាក់​ខែ​ពលរដ្ឋ​ហើយ បែរជា​ដើរ​លំហែ​កាយ​ឥត​ប្រយោជន៍​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ថា តំណាង​រាស្ត្រ គួរ​តែ​យក​ពេល​សម្រាក​នេះ ចុះ​ទៅ​ប្រមូល​ព័ត៌មាន​អំពី​បញ្ហា​របស់​ប្រជាពលរដ្ឋ និង​ការ​បំពេញ​ការងារ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល តាម​មូលដ្ឋាន​បម្រុង​ទុក​យក​ទៅ​ជជែក​ដេញ​ដោល​នៅ​ក្នុង​អង្គ​ប្រជុំ​រដ្ឋសភា បន្ទាប់​ពី​វិស្សមកាល។

ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​រាជធានី-ខេត្ត​មួយ​ចំនួន ទទូច​ឱ្យ​តំណាង​រាស្ត្រ​ទាំងអស់ ក្នុង​ពេល​វិស្សមកាល ឬ​ពេល​ឈប់​សម្រាក ៣ខែ​នេះ ចុះ​នៅ​តាម​មូលដ្ឋាន ជួប​ប្រជាពលរដ្ឋ និង​កម្មករ ដែល​កំពុង​រង​ការ​រំលោភ​បំពាន​ដី​ធ្លី និង​ការ​រំលោភ​សិទ្ធិ​ការងារ​ព្រម​ទាំង​ការ​ប្រឈម​បញ្ហា​ផ្សេងៗ ដែល​រ៉ាំរ៉ៃ​រាប់​ឆ្នាំ​មិន​មាន​ដំណោះស្រាយ។

តំណាងរាស្ត្រ​ «ចុះជួប​ពលរដ្ឋ​តែ​ពេល​កៀក​បោះឆ្នោត»

តំណាង​សហគមន៍​ឧត្ដម​ស្រែ​ពស់ នៅ​ខេត្ត​កំពង់ស្ពឺ​លោក ឃន សារិទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្នុង​ពេល​ឈប់​សម្រាក ៣ខែ​នេះ ជា​ឱកាស​ដែល​តំណាង​រាស្ត្រ​ចុះ​​ជួប​ប្រជាពលរដ្ឋ និង​ពិនិត្យ​មើល​បញ្ហា​ប្រឈម​របស់​ពួកគាត់ គឺ​មិន​គួរ​ដេក​ស៊ី​ប្រាក់​ខែ​ ដែល​រាស្ត្រ​បង់​ពន្ធ​នោះ​ទេ។ លោក​ថា ពួកគាត់​ចំនួន ១០​នាក់ ត្រូវ​ក្រុម​ទាហាន​ «ង៧០» ប្ដឹង​ទៅ​តុលាការ ដោយសារ​តែ​សកម្ម​ក្នុង​ការ​ការពារ​ដី​ព្រៃ​សហគមន៍។

លោក ឃន សារិទ្ធ៖«សម្រាប់​ខ្ញុំ​បើ​សិន​គាត់​អត់​ចុះ។ ខ្ញុំ​គិត​ថា ពិត​ជា​អសកម្ម​មែន​ទែន ដោយសារ​តែ​គាត់​អត់​មាន​ការងារ​ធ្វើ​ហើយ គាត់​អត់​ចុះ​ទៀត។ អ៊ីចឹង​បាន​ន័យ​ថា គាត់​ចាំ​តែ​ស៊ី​ប្រាក់​ហើយ​អត់​ធ្វើ​ការ​ទៀត»។

ចំណែក​តំណាង​សហគមន៍​តានូន នៅ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង លោក សំ ធី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលរដ្ឋ​សហគមន៍ ឃើញ​មុខ​តំណាង​រាស្ត្រ​ចុះ​ជួប​ពលរដ្ឋ​តែ​នៅ​ពេល​កៀក​បោះឆ្នោត ដើម្បី​សុំ​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ និង​បន្ទាប់​ពី​នោះ​ស្ងាត់​ ឈឹង ទោះបី​ប្រជាពលរដ្ឋ​នៅ​សហគមន៍​របស់​លោក​ចំនួន ៣៦៧គ្រួសារ​រងគ្រោះ​ពី​ ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌីវីឡុបមិនគ្រុប (Union Development Group) ឬ​យូឌីជី (UDG) តាំង​ពី​ឆ្នាំ២០១០ ក៏​ដោយ។ លោក​ថា តំណាង​រាស្ត្រ​គួរ​តែ​ចុះ​ជួប​ពលរដ្ឋ​ឱ្យ​ញឹក​ញាប់ និង​ទៀង​ទាត់ ទើប​សម​ឈ្មោះ​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សភា ដោយ​លោក​ថា បើ​មិន​ចុះ​ជួប និង​ធ្វើ​អន្តរាគមន៍​ ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ទេ មិន​ត្រូវ​ធ្វើ​តំណាង​រាស្ត្រ​ឱ្យ​តែ​ខាត​លុយ​ជាតិ​ឥត​ប្រយោជន៍។

លោក សំ ធី៖«បើ​ចុះ​តែ​ពេល​បោះឆ្នោត​ទេ មិន​ចាំ​មាន​តំណាង​រាស្ត្រ​ឱ្យ​ប្រជាពលរដ្ឋ​ពឹង​នាំ​ឱ្យ​ខាត​លុយ​ជាតិ។ បើ​សិន​ជា​គាត់​ខ្វល់​ខ្វាយ​ជូន​ប្រជាពលរដ្ឋ​មែន​សូម​ឱ្យ​គាត់ រយៈពេល ១ ខែ​ឬ ៣ ខែ​សូម​ឱ្យ​គាត់​មក​ជូន​ប្រជាពលរដ្ឋ​ម្ដង ដើម្បី​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ»។

ការ​ទទូច​របស់​ប្រជាពលរដ្ឋ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​រដ្ឋសភា​អ្នកស្រី ឃួន សុដារី ប្រកាស​កាល​ពី​ថ្ងៃទី១៩ ខែ​កុម្ភៈ ថា រដ្ឋសភា​នឹង​ឈប់​សម្រាក ឬ​វិស្សមកាល​ រយៈពេល ៣ខែ ចាប់​ពី​ថ្ងៃទី១៨ ខែ​កុម្ភៈ ត​ទៅ។

ពលរដ្ឋ​ទទូច​ឱ្យ​តំណាងរាស្ត្រ​ចេញ​មុខ​​ដោះស្រាយ​បញ្ហា​របស់ខ្លួន

ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ទទូច​ឱ្យ​តំណាងរាស្ត្រ​បង្ហាញ​ភាព​សកម្ម​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់ ដែល​រងគ្រោះ​ពី​ការ​ចាញ់​បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ជាង​មួយ​ឆ្នាំ​មក​ហើយ ដើម្បី​កុំ​ឱ្យ​វិបត្តិ​នេះ នៅ​បន្ត​គ្មាន​ដំណោះស្រាយ​ទៀត ពីព្រោះ​ធ្វើ​ឱ្យ​ពួកគាត់​កាន់​តែ​វ័ណ្ឌក​នឹង​បំណុល និង​លំបាក​ក្នុង​ជីវភាព។

ពលរដ្ឋ៖«ចង់​សំណូម​ពរ​ឱ្យ​ខាង​តំណាង​រាស្ត្រ​ហ្នឹង ជួយ​ពន្លឿន​ដោះស្រាយ​រឿង[ជាមួយ​អ្នកស្រី] ឡេង ចាន់ណា ឱ្យ​បាន​លឿន កុំ​ពន្យារ​ពេល​បន្ត​ទៀត តាំង​នោះ​មក​ដល់​ឥឡូវ​រយៈពេល​ជាង ១ ឆ្នាំ​ហើយ ដូច​អត់​ទាន់​ឃើញ​ដំណោះស្រាយ​អី​ទេ។ បើ​កាន់​តែ​ពន្យារ​ពេល​ទៅ​ទៀត ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ក៏​កាន់​តែ​លំបាក​ទៅៗៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ»។

ប្រធាន​សហជីព​ទ្រទ្រង់​បុគ្គលិក​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​កញ្ញា ឈឹម ស៊ីថរ លើក​ឡើង​ថា វិស្សមកាល ឬ​ពេល​ឈប់​សម្រាក គួរ​តែ​ជា​ពេលវេលា ដែល​អ្នក​តំណាង​រាស្ត្រ​ចុះ​ជួប​ពលរដ្ឋ និង​កម្មករ​រងគ្រោះ។ ប៉ុន្តែ​កញ្ញា​ថា បញ្ហា​វិវាទ​ការងារ​របស់​កូដករ​ណាហ្គាវើលដ៍​ដែល​នៅ​ជាប់​របង​មន្ទីរ​រដ្ឋសភា​ជាង ៣ឆ្នាំ​មក​នេះ មិន​ដែល​ឃើញ​តំណាងរាស្ត្រ​រូប​ណា ចុះ​ទៅ​សួរ​នាំ​ឡើយ រីឯ​ញត្តិ ដែល​កូដករ​ដាក់​ទៅ​រដ្ឋសភា​វិញ ក៏​មិន​ឃើញ​មាន​ការ​លើក​យក​មក​ជជែក​ដេញ​ដោល​ក្នុង​កិច្ច​ប្រជុំ​សភា​ដែរ។

កញ្ញា ឈឹម ស៊ីថរ៖«ក្នុង​នាម​ជា​តំណាង​រាស្ត្រ​​ប្រាកដ​ហើយ តួនាទី​របស់​គាត់​ត្រូវ​ជួប​រាស្ត្រ​ហើយ ព្រោះ​ចំណង​ជើង​នៃ​តួនាទី​របស់​គាត់​ហ្នឹង បញ្ជាក់​ច្បាស់​ហើយ​តំណាង​រាស្ត្រ ។ បើ​សិន​តំណាង​រាស្ត្រ បើ​មិន​ដឹង​ពី​បញ្ហា​របស់​រាស្ត្រ វា​អត់​ត្រូវ​ពាក្យ​តំណាង​រាស្ត្រ​ហ្នឹង។ ជាក់ស្ដែង​យើង​តវ៉ា ៣ ឆ្នាំ​ហ្នឹង មក​ដល់​ថ្ងៃ​នេះ គ្មាន​តំណាង​រាស្ត្រ​ណា​ម្នាក់ មក​ជួប​គ្រាន់​តែ​ថា សិក្សា​ស្វែង​យល់​ថា កម្មករ​ទាមទារ​អី»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​ទេ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ។

ចាប់​ពី​អាណត្តិទី៦ បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​មក រដ្ឋសភា​កម្ពុជា​គ្រប់គ្រង​ទាំង​ស្រុង ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​អាណត្តិ​ទី៦ សមាជិក​សភា​ចំនួន ១២៥រូប សុទ្ធ​តែ​ជា​សមាជិក​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​ទាំងអស់ រីឯ​អាណត្តិ​ទី៧ បច្ចុប្បន្ន​នេះ តំណាង​រាស្ត្រ ១២០រូប មក​ពី ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​តែ៥រូប​ប៉ុណ្ណោះ មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

អត្ថបទ​ដែល​ទាក់ទង៖

ពលរដ្ឋ​រងគ្រោះ អះអាង​ថា ពេញ​មួយ​ឆ្នាំ២០២៤ មិន​ដែល​ឃើញ​តំណាងរាស្ត្រ​អាណត្តិ​ថ្មី​ចុះ​ជួប​ពួកគាត់​ទេOpens in new window ]

ឃួន សុដារី ប្រធាន​រដ្ឋសភា​បម្រើ​បក្ស​ មើល​រំលង​បញ្ហា​ពលរដ្ឋ​ម្ចាស់ឆ្នោតOpens in new window ]

សង្គម​ស៊ីវិល រកឃើញ​ចំនួន​តំណាងរាស្ត្រ​ជា​ស្ត្រី​ ធ្លាក់​ចុះ​ជិត​២ដង បើ​ធៀប​នឹង​អាណត្តិ​មុនOpens in new window ]

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ហៅ​កាត់​ថា ខុមហ្វែល (COMFREL)លោក កន សាវាង្ស កត់​សម្គាល់​ថា សកម្មភាព​របស់​ អ្នក​តំណាង​រាស្ត្រ​ពី​គ្រប់​គណបក្ស​នយោបាយ ដែល​ប្រកួត​ប្រជែង​គ្នា ចុះ​ទៅ​​ប្រមូល​ព័ត៌មាន អំពី​បញ្ហា​របស់​ប្រជាពលរដ្ឋ ហើយ​ទៅ​ជជែក​ដេញ​ដោល​នៅ​ក្នុង​អង្គ​ប្រជុំ​ រដ្ឋសភា ឃើញ​មាន​ភាព​ផុលផុស​តែ​នៅ​មុន​អាណត្តិ​ទី៦ ក្នុង​គ្រា​ដែល​សភា​កម្ពុជា មាន​សមាជិក​សភា​ចម្រុះ​គណបក្ស​នយោបាយ។

លោក កន សាវាង្ស៖«ចាប់​ពី​អាណត្តិ​ទី៦ ទៅ​យើង​ឃើញ​ហាក់​ដូច​ជា មាន​ចំនួន​ថយ​ចុះ​នៅ​ក្នុង​ការ​ចុះ​ទៅ​ជួប​ផ្ទាល់​អំពី​បញ្ហា​ហ្នឹង ហើយ​យក​សំឡេង​ទាំងអស់​ហ្នឹង យក​មក​ពាំនាំ​ជជែក​ជា​គោល​ការណ៍​នៅ​ក្នុង​សភា​ហ្នឹង គឺ​វា​មាន​ការ​ថយ​ចុះ។ និយាយ​ចំ​យើង​មិន​បាន​ទទួល​ព័ត៌មានពី​ការ​សួរ​ដេញ​ដោល វែក​ញែក​គ្នា​ឱ្យ​បាន​ល្អិត​ល្អិន​អំពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​ណា ដែល​មាន​បញ្ហា​គ្រោះ​ដូច​ថា ទាក់ទង​ដី​ធ្លី​អី​ហ្នឹង។ យើង​ហាក់​ដូច​ជា មិន​មាន​ការ​ឃើញ​លើក​យក​មក​ជជែក​រឿង​អស់​ហ្នឹង​ទេ»។

មាត្រា ៧៧ នៃ​រដ្ឋធម្មនុញ្ញ ចែងថា តំណាង​រាស្ត្រ ក្នុង​រដ្ឋសភា​ជា​តំណាង​ប្រជាជាតិ​​ខ្មែរ​ទាំង​មូល ពុំ​មែន​គ្រាន់​តែ​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ។

តួនាទី​តំណាងរាស្ត្រ

យោង​តាម រដ្ឋធម្មនុញ្ញ តំណាង​រាស្ត្រ​មាន​តួនាទី​តាក់​តែង និង​អនុម័ត​ច្បាប់ បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី ហើយ​ក៏​អាច​បោះឆ្នោត​ទម្លាក់​នាយករដ្ឋមន្ត្រី​វិញ ពេល​នាយករដ្ឋមន្ត្រី​ធ្វើ​ខុស។ តំណាងរាស្ត្រ ក៏​មាន​តួនាទី​តាម​ដាន​រដ្ឋាភិបាល​ និង​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​ឱ្យ​ចូល​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា។ លើស​ពី​នេះ​ទៀត តំណាង​រាស្ត្រ​មាន​តួនាទី​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ។

លោក កន សាវាង្ស លើក​ឡើង​ថា តំណាង​រាស្ត្រ គួរ​តែ​បង្កើន​ការ​ចុះ​ជួប​ពលរដ្ឋ​ឱ្យ​បាន​ច្រើន ហើយ​នាំ​យក​បញ្ហា​ទុក្ខ​លំបាក​របស់​ពលរដ្ឋ និង​ការ​ប្រតិបត្តិ​ការងារ​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល​ទៅ​វែក​ញែក​ក្នុង​រដ្ឋសភា ទើប​ជា​ការ​បំពេញ​តួនាទី​បាន​ត្រឹមត្រូវ​ក្នុង​នាម​ជា​អ្នក​តំណាង​របស់​ប្រជាពលរដ្ឋ។ លើស​ពី​នេះ​ទៀត លោក​ថា ប្រជាពលរដ្ឋ​ម្ចាស់​សន្លឹក​ឆ្នោត ក៏​គួរ​តែ​ចេះ​តាម​ដាន​ការងារ​របស់​តំណាង​រាស្ត្រ​ដែរ ជា​ពិសេស ពលរដ្ឋ​ត្រូវ​ពិនិត្យ​មើល ថា តើ​តំណាងរាស្ត្រ​មាន​មុខ​ទៅ​ធ្វើ​អន្តរាគមន៍​ ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ទេ ពេល​ពួកគាត់​មាន​ជួប​បញ្ហា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។