មន្ត្រីបក្សប្រឆាំងលើកឡើងថា នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត មិនជួយដោះស្រាយបញ្ហានៅក្រៅប្រទេសនោះទេ ប៉ុន្តែលោក កំពុងកៀរគរមនុស្សនៅក្រៅប្រទេសដើម្បីពង្រឹងបក្ស និងញុះញង់ឱ្យអ្នកប្រជាធិបតេយ្យមិនទុកចិត្តគ្នា។ ការលើកឡើងបែបនេះគឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសបន្តធ្វើអំពើល្អ និងជួយដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស។
មន្ត្រីគណបក្សប្រឆាំងយល់ឃើញថា ការបង្កើតអង្គការចាត់តាំងយុវជនរបស់បក្សកាន់អំណាចនៅក្រៅប្រទេសគ្មានផ្ដល់ផលចំណេញអ្វីដល់ជាតិឡើយ ផ្ទុយទៅវិញក្រុមគ្រួសារត្រកូល «ហ៊ុន» តែងតែប្រើប្រាស់សមាជិកទាំងនោះជាធ្នាក់ដើម្បីបំបែកបំបាក់មន្ត្រីបក្សប្រឆាំង និងអ្នកស្រឡាញ់ប្រជាធិបតេយ្យនៅក្រៅប្រទេស។
គណបក្សសង្គ្រោះជាតិ
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៩ ខែកុម្ភៈ ថា ក្រុមការងារយុវជនបក្សកាន់អំណាចបង្កើតឡើងគឺ ដើម្បីបំបែកកម្លាំងសាមគ្គីពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលមាននិន្នាការមិនស្របជាមួយរដ្ឋាភិបាល ជាពិសេសមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមួយចំនួនតែងបំភិតបំភ័យពលរដ្ឋដែលទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស។ លោកសង្ស័យថា ការរៀបចំពិធីជួបជុំឱ្យក្រុមយុវជនបក្សទាំងនោះនៅក្រៅប្រទេសម្តងៗគឺក្រុមគ្រួសារត្រកូល«ហ៊ុន»អាចប្រើប្រាស់លុយជាតិ។
លោក អ៊ំ សំអាន៖«លោក ហ៊ុន ម៉ាណែត គួរតែយកលុយទាំងប៉ុន្មានដែលពង្រឹងក្រុមការងាររបស់គាត់ទៅជួយ មន្ទីរពេទ្យគន្ធបុប្ផា ជួយប្រជាពលរដ្ឋក្រីក្រ ជួយប្រព័ន្ធធារាសាស្ត្រឱ្យបានច្រើនដើម្បីជួយកសិករ។ យកលុយហ្នឹងដើម្បីឱ្យទៅក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធហ្នឹងដើរជុំវិញពិភពលោក ដើម្បីរកទីផ្សារឱ្យកសិផលឱ្យស្រូវឡើងថ្លៃអាហ្នឹងជារឿងសំខាន់ជាងយកលុយទៅជួយពលរដ្ឋជាជាងពង្រឹងបក្ស»។
ការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងរូបនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកុម្ភៈ ដោយលោក ហ៊ុន ម៉ាណែត ជំរុញឱ្យសមាជិកនៃអង្គការចាត់តាំងនៅក្រៅប្រទេស ជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងបែបបទផ្នែកច្បាប់មួយចំនួន និងការស្នាក់នៅរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។ លើសពីនេះ លោក ហ៊ុន ម៉ាណែត បង្ហាញនូវមោនភាព និងចាត់ទុកជាការកើននៃចំនួនសមាជិកអង្គការចាត់តាំងពី៥ពាន់នាក់ រហូតដល់ជាង១៦ម៉ឺននាក់ គឺជាភាពជោគជ័យមួយរបស់គណបក្សបើទោះជាមានការរំខានពីក្រុមបុគ្គលលោកហៅថា«ក្រុមជ្រុលនិយម»ដែលមាននិន្នាការប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលក្ដី។
អ្នកប្រជាធិបតេយ្យ
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា យល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ថា មានអ្នកគាំទ្រចំនួនជាង១៦ម៉ឺននាក់នៅក្រៅប្រទេស គឺមិនឆ្លុះបញ្ចាំងពីស្មារតីស្រឡាញ់ប្រទេសជាតិឡើយ ពីព្រោះលោកថានៅប្រទេសលោកស្នាក់នៅ មានយុវជនខ្លះព្រមចុះចូលជាមួយបក្សកាន់អំណាច គឺដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញរបស់មន្ត្រីបក្សកាន់អំណាចមកលើក្រុមគ្រួសារពួកគេតែប៉ុណ្ណោះ។
លោក ស៊ឹង សែនករុណា៖«យុវជនទាំងឡាយដែលមានរៀនសូត្រ មានកម្រិតវប្បធម៌ខ្ពស់ហ្នឹងគួរតែមានការគិតពិចារណាមែនទែននៅក្នុងការសម្រេចចិត្តចូលក្នុងផ្នែកនយោបាយណាមួយ។ គួរតែបញ្ចប់ការចូលរួមធ្វើកិច្ចការងារជាមួយគណបក្សនយោបាយណាដែលយើងមើលឃើញថា បំផ្លិចបំផ្លាញជាតិហើយធ្វើធនធានរបស់ជាតិរលាយហិនហោចធ្វើឱ្យពលរដ្ឋរស់នៅរងទុក្ខវេទនាធ្វើឱ្យប្រជាជាតិត្រូវបាក់មុខនៅលើឆាកអន្តរជាតិ»។
ថ្វីត្បិតលោក ហ៊ុន ម៉ាណែត អះអាងថា ការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសដើម្បីជួយដោះស្រាយបញ្ហាដល់ពលរដ្ឋរស់នៅក្រៅប្រទេសក្ដី គេសង្កេតឃើញថា មនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត និងជាប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី (Australia) និងនូវែលហ្សេឡង់ (New Zealand)គឺលោក គឹម សន្តិភាព តែងតែដើរអូសទាញ និងបញ្ចុះបញ្ចូលមន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេសឱ្យចូលចុះជាមួយបក្សកាន់អំណាច។ លើសពីនេះក្រុមការងាររបស់លោក គឹម សន្តិភាព ក៏រងការចោទថា បាន សម្លុតគំរាមដល់សុវត្ថិភាពរបស់ពលរដ្ឋខ្មែរណាដែលមិនព្រមចុះចូលជាមួយក្រុមខ្លួន ឬប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាទៀតផង។ ឧទាហរណ៍ដូចជា កាលពីខែមេសា ឆ្នាំ២០២២ លោក តាក់ ម៉េងហ៊ាង បច្ចុប្បន្នជាតំណាងរាស្ត្រអូស្ត្រាលី លោក ហុង លីម អតីតតំណាងរាស្ត្រអូស្ត្រាលី និងលោក ជា យូហ៊ន និងលោក តាក់ ម៉េងហ៊ាង អតីតចៅហ្វាយក្រុងដែនដឺណង់ (Dandenong) ទទួលបានលិខិតគំរាមសម្លាប់ចំនួនពីរលើកពីជនមិនស្គាល់មុខដែលតាំងខ្លួនជាអ្នកការពារគ្រួសារលោក ហ៊ុន សែន ដែលកាលណោះលោក គឹម សន្តិភាព រងការចោទប្រកាន់ពីសហគមន៍ខ្មែរទាំងនោះថា គឺជាអ្នកផ្ញើសារគំរាមសម្លាប់ និងបំបែកបំបាក់សហគមន៍ខ្មែរ។
នេះគេនៅមិនទាន់និយាយដល់ការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ ឱ្យកូនចៅនៅក្រៅប្រទេសប្រើហិង្សាលើអ្នកប្រឆាំងហើយសន្យាថានឹងចិញ្ចឹមជនបង្កនៅពេលពួកគេវិលត្រឡប់មកកម្ពុជាវិញនោះផង។ ចំណែកឯ ឪពុករបស់លោក ម៉ាណែត គឺលោក ហ៊ុន សែន វិញក៏ធ្លាប់ប្រើយុទ្ធសាស្ត្របំបែកបំបាក់ តាមរយៈប្រើលុយទិញមន្ត្រីបក្សប្រឆាំង និងអ្នកវិភាគធ្វើជាចារជនឱ្យដើម។ ដូចជាករណីថ្មីៗនេះ មានសារបែកធ្លាយមួយបង្ហាញថា អតីតអ្នកវិភាគនយោបាយ លោក សេង សារី ជាចារជនឱ្យលោក ហ៊ុន សែន និងបានទទួលលុយពីលោក ហ៊ុន សែន ជាង១២ម៉ឺនដុល្លារដើម្បីស៊ើបការណ៍ និងរាយការណ៍ពីកម្លាំង និងយុទ្ធសាស្ត្ររបស់មន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេសទៅឱ្យលោក ហ៊ុន សែន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។