ចិន​ផ្តល់​ជំនួយ​ជាង ៤លាន​ដុល្លារ​សម្រាប់​ដោះ​មីន​នៅ​កម្ពុជា ខណៈ​អាមេរិក​ផ្អាក​ជំនួយ

0:00 / 0:00

រដ្ឋាភិបាល​ចិន ប្រកាស​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ជាង​៤លាន​ដុល្លារ​ (៤.៤០០.០០០ ) សម្រាប់​បោសសម្អាត​គ្រាប់​មីន ខណៈ​អាមេរិក ផ្អាក​ផ្តល់​ជំនួយ​ដល់​កម្ពុជា។ អ្នកឃ្លាំមើល យល់​ថា ការ​ផ្តល់​ជំនួយ​របស់​ចិន​នេះ គឺ​ទាន់​ពេល​វេលា និង​អាច​ជួយ​បំពេញ​តម្រូវការ​របស់​ភាគី​កម្ពុជា​សម្រាប់​ជំរុញ​សកម្មភាព​ដោះ​មីន ប៉ុន្តែ​ជំនួយ​នេះ​នៅតែ​តិច​ជាង​សហរដ្ឋ​អាមេរិក។

ស្រប​ពេល​ដែល​បេសកកម្ម​ដោះ​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​សហរដ្ឋអាមេរិក ប្រកាស​បង្កក​ជំនួយ​នោះ រដ្ឋាភិបាល​ចិន បាន​ចេញ​មុខ​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​៤លាន ៤សែន (៤.៤០០.០០០) ដុល្លារ​អាមេរិក​ភ្លាមៗ​​ដល់​កម្ពុជា។

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី៥ ខែកុម្ភៈ​ថា ការ​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន ៤លាន ៤សែនដុល្លារ​អាមេរិក​ពី​សំណាក់​​រដ្ឋាភិបាល​ចិន​នេះ គឺ​ប្រើប្រាស់​សម្រាប់​ការងារ​បោសសម្អាត​គ្រាប់​មីន​នៅ​កម្ពុជា។

ក្រោយ​ការ​ប្រកាស​ផ្តល់​ជំនួយ​នេះ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន (CMAC)លោក ហេង រតនា បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​(Facebook) របស់​លោក​នៅ​ថ្ងៃ​ទី៦ កុម្ភៈ​ថា គម្រោង​ជំនួយ​របស់​ចិន​សម្រាប់​លុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា​នេះ នឹង​ប្រើប្រាស់​សម្រាប់​រយៈ​ពេល ១២ខែ ដោយ​គាំទ្រ​កិច្ចប្រតិបត្តិការ​ចំនួន ៧ខេត្ត រួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្តក្រចេះ ព្រមទាំង​មណ្ឌល​សុនខ​ស្ថិត​នៅ​ខេត្តកំពង់ឆ្នាំង។ លោក​បន្ត​ថា គម្រោង​ជំនួយ​នេះ​នឹង​គាំទ្រ​អ្នក​ជំនាញ​បច្ចេកទេស​ជាង ៤០០នាក់​របស់​អង្គភាព CMAC និង​ត្រូវ​អនុវត្ត​កិច្ច​ប្រតិបត្តិការ​សកម្មភាព​សំខាន់ៗ មួយ​ចំនួន​ដូចជា ការ​បោស​សម្អាត​ផ្ទៃដី​ដែល​មាន​បញ្ហា​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង ៣ពាន់ ៤រយ (៣.៤០០ហិកតា) ការ​ស្រាវជ្រាវ​ព័ត៌មាន​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​គ្រាប់​បែក​ចង្កោម​តាម​ខេត្ត​គោលដៅ ការ​ពង្រឹង​សមត្ថភាព​វិទ្យាស្ថាន​បច្ចេកទេស​សុនខ ការ​ពង្រឹង​សមត្ថភាព​ថ្នាក់​ក្រោម​ជាតិ​លើ​ការ​អប់រំ​គ្រោះថ្នាក់​ដោយ​សារ​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន។

លោក ហេង រតនា បញ្ជាក់​បន្ថែម​ថា គម្រោង​ជំនួយ​ចិន​លុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២៥ នេះ គឺជា​ជំនួយ​ឆ្នាំទី៣ នៃ​ដំណាក់​កាល​ទី៣ ដែល​មាន​កញ្ចប់​ថវិកា​សរុប​ជាង ១៣លាន​ដុល្លារ​(១៣.២០០.០០០) សហរដ្ឋអាមេរិក។

ការប្រកាស​ផ្តល់​ជំនួយ​របស់​ចិន​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​រដ្ឋាភិបាល​កម្ពុជា ខ្វះ លទ្ធភាព​បន្ត​បេសកកម្ម​ដោះ​មីន​នៅ​កម្ពុជា ដោយសារ​សហរដ្ឋអាមេរិក ​ប្រកាស​ផ្អាក​ផ្តល់​ជំនួយ​ដល់​កម្ពុជា​រយៈពេល​៣ខែ​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​(USAID) ក្រោម​រដ្ឋបាល​ថ្មី​នៃ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។

បន្ទាប់ពី​អាមេរិក​បង្កក​ជំនួយ​នេះ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន (CMAC)លោក ហេង រតនា កាល​ពី​ថ្ងៃ​ទី៣១ ខែមករា ក៏បាន​ប្រកាស​ផ្អាក​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​មីន​បណ្ដោះអាសន្ន​រយៈពេល​៨៥​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០២៥ នៅ​ខេត្ត​ចំនួន៨ រួមមាន​ខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និង​ខេត្តព្រៃវែង រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី។ បន្ថែម​ពី​នេះ អនុប្រធាន​ទី១ នៃ​អាជ្ញាធរ​មីន​កម្ពុជា លោក លី ធុជ បាន​អះអាង​ថា ការ​ផ្អាក​ផ្ដល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក បាន​ប៉ះពាល់​ដល់​បុគ្គលិក​ដោះ​មីន​កម្ពុជា​ជាង ១ពាន់​នាក់។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា ថ្លែង​ថា លោក សាទរ ដែល​រដ្ឋាភិបាល​ចិន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ទាន់​ពេល​វេលា និង​សម្រាប់​បំពេញ​តម្រូវការ​ក្នុង​បេសកកម្ម​ដោះ​មីន ខណៈ​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​កំពុង​បន្ត​រងគ្រោះ​ដោយសារ​គ្រាប់​មីន​នេះ​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​មើល​ឃើញ​ថា ការ​ផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នៅ​ពេល​នេះ ក៏​ជា​ការ​ឆ្លៀត​ឱកាស​បង្ហាញ​សមត្ថភាព ឬ​ឥទ្ធិពល​លើ​ប្រទេស​តូចៗ ដូចជា​កម្ពុជា​ដែរ ខណៈ​សហរដ្ឋ​អាមេរិក​ផ្អាក​ផ្តល់​ជំនួយ​ការ​បរទេស​នេះ។

លោក ឯម សុវណ្ណារ៉ា៖«ចិន​ចេញ​ជួយ​កម្ពុជា ជា​កិច្ចការ​មួយ ដែល​ឆ្លើយតប​គេ​ហៅ​ថា ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ហើយ​វា​ឈាន​ដល់​កិច្ច​សហ​ប្រតិបត្តិការ​ត្បូងពេជ្រ​ទៀត ដូច្នេះ​បើ​អត់​ជួយ​វា​អត់​សម​ដែរ។ ចិន​ជួយ​នេះ​ក៏​ជា​កិច្ច ការ​មួយ​ធ្វើឲ្យ​ចំណង​មិត្តភាព​កម្ពុជា-ចិន កាន់តែ​រឹងមាំ និង​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​គ្នា​ដែរ។ កន្លែង​នេះ ខ្ញុំ​ក៏​ចង់​បញ្ជាក់​ស្មារតី​មួយ​ថា សហរដ្ឋ​អាមេរិក មិន​គួរ​ដូរ​គោល​នយោបាយ​ច្រើន​ពេក​ទេ ពាក់ព័ន្ធ​នឹង​ប្រទេស​តូចៗ បើ​មិន​ដូច្នេះ​ទេ ប្រទេស​តូចៗ ទ័ល អាច​ងាក​ទៅ​​រក​ប្រទេស​ផ្សេងៗ ដូចជា​ចិន​ជា​ដើម។ ដូច្នេះ ដើម្បី​រក្សា​តុល្យភាព​លំនឹង​នយោបាយ​ការ​បរទេស​របស់​ប្រទេស​តូចៗ ឲ្យ​ឈរ​អព្យាក្រឹត្យ​បាន សហរដ្ឋ​អាមេរិក​មិន​គួរ​បន្ថយ​សកម្មភាព ឬ​ជំនួយ​បរទេស​មក​ប្រទេស​តូចៗ ទេ»។

លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ទៀត​ថា ជំនួយ​ឥត​សំណង​របស់​ចិន​កន្លង​មក ហាក់​នៅ​តិច​តួច​នៅ​ឡើយ ពោល​គឺ​ចិន​ផ្តល់​ជំនួយ​បែប​កម្ចី​ភាគ​ច្រើន​ដល់​កម្ពុជា ខុស​ពី​សហរដ្ឋ​អាមេរិក ដែល​ផ្តល់​ជំនួយ​ឥត​សំណង​ច្រើន​ដល់​កម្ពុជា ហើយ​ចំ​គោលដៅ​និង​មាន​ប្រសិទ្ធភាព​ដូចជា វិស័យ​សុខាភិបាល សុខភាព​សាធារណៈ អប់រំ កសិកម្ម បរិស្ថាន សេដ្ឋកិច្ច សន្តិសុខ​ស្បៀង និង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ រួម​ទាំង​ការ​គោរព​សិទ្ធិមនុស្ស​ជា​ដើម។ គ្រាន់តែ​វិស័យ​ដោះ​មីន​នៅ​កម្ពុជា​មួយ អាជ្ញាធរ​មីន​កម្ពុជា​ឱ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ មក សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​សម្រាប់​ការ​បោស​សំអាត​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ឱ្យ​កម្ពុជា​ជាង ១០លាន​ដុល្លារ​ក្នុង ១ឆ្នាំៗ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២៤ ថា កម្ពុជា​នៅ​មាន​ផ្ទៃដី​មាន​គ្រាប់​មីន​ជាង ១ពាន់ ៦រយ (១.៦០០) គីឡូម៉ែត្រ​ក្រឡា ខណៈ​ប្រជាជន​ប្រមាណ ១លាន​នាក់​រស់នៅ​តំបន់​នោះ ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់។ របាយ​ការណ៍​របស់​អាជ្ញាធរ​មីន​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ២០២៤ ជន​រង​គ្រោះ ដែល​បាន​ស្លាប់​ដោយ​សារ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ ២០.០០០នាក់ និង​អ្នក​របួស​មាន​ចំនួន​ជាង ៤៥.០០០នាក់៕