សាកសពលោក លិម គិមយ៉ា ត្រូវបានស្ថានទូតបារំាង (France) ប្រចាំនៅទីក្រុងបាងកក សហការជាមួយអាជ្ញាធរថៃ បញ្ជូនទៅដល់ប្រទេសបារាំងហើយ។
ក្រុមគ្រួសារនិងគណបក្សសង្គ្រោះជាតិគ្រោងនឹងរៀបចំពិធីបុណ្យបញ្ចុះសព លោក លិម គិមយ៉ា នៅរសៀលថ្ងៃច័ន្ទទី៣ ខែកម្ភៈនេះ។
អ្នករៀបចំពិធីបុណ្យសពលោក លិម គិមយ៉ា គឺ លោក ហេង គីមអះអាងឱ្យដឹងកាលពី យប់ថ្ងៃទី២៩មករាថា តុលាការ និងអាជ្ញាធរបារាំងកំពុងបន្តការស៊ើបអង្កេតករណីឃាតកម្មលើលោក លិម យ៉ា នៅទីក្រុងបាងកក។
លោក ហេង គីម បន្ថែមថា អាជ្ញាធរបារាំងបានសួរនាំក្រុមគ្រួសារលោក លិម គិមយ៉ា បន្ថែម និងមនុស្សពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងអំពើឃាតកម្មនេះ។
លោក ហេង គីម «សព្វថ្ងៃហ្នឹង តុលាការបារាំងកំពុងស៊ើបអង្កេត។ ប៉ូលិសអីហ្នឹងបានសួរនាំភរិយាលោក លិម គិមយ៉ា បន្ថែម ហើយគេបានយកComputer លោក លិម គិមយ៉ា ទៅស៊ើបអង្កេតដែរ»។
អាជ្ញាធរបារាំងបន្តស៊ើបអង្កេតលើអំពើឃាតកម្មលើលោក លិម គិមយ៉ា នេះ នៅក្រោយពេលអាជ្ញាធរថៃសហការជាមួយស្ថានទូតបារាំងប្រចាំ នៅទីក្រុងបាងកក បានបញ្ជូនសាកសពលោក លិម គិមយ៉ា ទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃទី២៧ ខែមករា។ ក្រុមគ្រួសាររបស់លោក លិម គិមយ៉ា គ្រោងនឹងរៀបចំពិធីបញ្ចុះសពលោក លិម គិមយ៉ា នៅថ្ងៃច័ន្ទទី៣ កុម្ភៈ នៅសង្កាត់គ្រេតី (Gretiel) ជាយក្រុងប៉ារីស។
អតីតប្រធានក្រុមតំណាងរាស្រ្តមណ្ឌលកំពង់ធំ លោក ម៉ែន សុថាវរិន្ទ ឱ្យដឹងថា តុលាការបារាំងក៏បានសួរនាំលោក សម រង្ស៊ី អំពីឃាតកម្មលើលោក លិម គិមយ៉ានេះដែរ ក្រៅពីសួរនាំភរិយាលោក លិម គិមយ៉ា។ លោក ម៉ែន សុថាវរិន្ទ រំពឹងថា តុលាការបារាំងនឹងអាចស្វែងរកយុត្តិធម៌ជូន លោក លិម គិមយ៉ា បានឆាប់ៗនេះ។
លោក ម៉ែន សុថាវរិន្ទ៖ «តុលាការបារាំងធម្មតាបានធ្វើការរឿងឃាតកម្មនេះអស់ហើយ។ ខ្ញុំជឿជាក់ថា ករណីនេះ អាចលឿនជាងសំណុំរឿងលោក សម រង្ស៊ី(ប្ដឹងទៅតុលាការបារាំង)។ ខ្ញុំឃើញខាងក្រសួងពាក់ព័ន្ធនីមួយៗ បានកោះហៅលោក សម រង្ស៊ី ទៅសួរនាំអំពីរឿងឃាតកម្មនេះដែរ ពីព្រោះលោក សម រង្ស៊ី ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ»។
លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ធំ ត្រូវបានឃាតករបាញ់សម្លាប់នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងពេលលោកធ្វើដំណើរពីខែត្រសៀមរាបមកទីក្រុងបាងកកតាមរថយន្តក្រុងជាមួយភរិយារបស់លោក។ ក្រុមអ្នកប្រជាធិបតេយ្យនឹងប្រារព្ធថ្ងៃ៧មករាជាថ្ងៃមរណៈ។
ក្រោយពីបាញ់សម្លាប់នេះ សមត្ថកិច្ចកម្ពុជាចាប់បានជនសង្ស័យជាឃាតករឈ្មោះ អេកាឡាក់ ផែណយ ហើយបញ្ជូនមកឱ្យសមត្ថកិច្ចថៃវិញ។ សហគមន៍ជាតិអន្តរជាតិ ចាត់ទុកអំពើឃាតកម្មនេះថាជារឿងនយោបាយ។
ទាក់ទងនឹងរឿងនេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា រឿងឃាតកម្មលើលោក លិម គិមយ៉ា នេះ មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
ទោះបីជាបែបនេះក្ដី តុលាការថៃបានចេញដីកាចាប់ខ្លួនជនសង្ស័យពីរនាក់ទៀត ដែលជាជនជាតិខ្មែរ គឺឈ្មោះ ពេជ្រ គិមស្រ៊ិន និង លី រតនៈរស្មី ដែលជាទីប្រឹក្សារបស់លោក ហ៊ុន សែន។ មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជានៅស្ងៀមស្ងាត់នៅឡើយ។ រដ្ឋាភិបាលមិនទាន់បង្ហាញថា តើនឹងសហការជាមួយអាជ្ញាធរចាប់បញ្ជូនជនសង្ស័យទាំងពីរនាក់បញ្ជូនឱ្យទៅភាគីថៃ ឬយ៉ាងណាឡើយទេ។
ភរិយា របស់លោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី ឱ្យវិទ្យុអាស៊ីសេរីដឹងកាលពីពេលថ្មីៗ នេះថា រឿងឃាតករបាញ់សម្លាប់ប្ដីរបស់អ្នកស្រីនេះ គ្មានអ្វីក្រៅពីរឿងនយោបាយនោះទេ ហើយអ្នកស្រីក៏គ្មានជំនឿលើតុលាការកម្ពុជាដែរ។
អ្នកស្រី លិម អានី៖ «ពីព្រោះ បើតាមគំនិតខ្ញុំ នៅក្នុងប្រទេសកម្ពុជា ខ្ញុំនឹងទទួលបានរឿងមួយ ដែលគេបង្កើតឡើង ខ្ញុំនឹងមិនដឹងជារៀងរហូតថា ហេតុអ្វីបានជាស្វាមីនាងខ្ញុំ ត្រូវបានគេសម្លាប់ ហើយនិងបាត់បង់ជីវិត។ ខ្ញុំត្រូវការយុត្តិធម៌ដ៏ពិតប្រាកដ»។
គណបក្សប្រឆាំងនិងពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួនបានប្ដេជ្ញាចិត្តនឹងតស៊ូរួមគ្នា ដើម្បីស្វែងរកអ្នកនៅក្រោយឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា ឱ្យទាល់តែបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។