សមាជិក​គ្រួសារ​មន្ត្រី​មេដឹកនាំ​កម្ពុជា ចូលរួម​កម្មវិធី​បង្អួត​គ្រឿងអលង្ការ

0:00 / 0:00

បន្ទាប់ពី​ផ្ទុះ​ការ​ចាប់អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម ចំពោះ​ពិធី​មង្គលការ​កូនស្រី របស់​ឧបនាយករដ្ឋមន្ត្រី​លោក នេត សាវឿន និង​ត្រូវ​ជា​ចៅ​ក្មួយ​របស់​លោក ហ៊ុន សែន ដែល​មាន​ការ​សម្ញែង​សម្ភារៈនិយម និង​គ្រឿងអលង្ការ​ប្រណិតៗ ពេលនេះ​កូនចៅ​របស់​មន្ត្រី​អភិជន​ទាំងនេះ បាន​បង្កើត​ព្រឹត្តិការណ៍​ផ្សាយពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​គ្រឿង​អលង្ការ​វិញ​ម្ដង។ អ្នកឃ្លាំមើល លើកឡើង​ថា កម្មវិធី​បង្ហាញ​គ្រឿង​អលង្ការ​របស់​កូនចៅ​អ្នក​មានអំណាច​នេះ ប្រៀប​ដូចជា​ការ​បញ្ឈឺ​ចិត្ត​ប្រជាពលរដ្ឋ ដែល​កំពុង​ញាំញី​ដោយ​ភាព​ក្រីក្រ និង​ជា​ការ​មើលងាយ​ដល់​កេរ្តិ៍​ដំណែល​បុព្វបុរស​ជំនាន់ដើម។

នៅ​ក្នុង​ពិធី​បង្ហាញ​ម៉ូត​ផលិតផល​របស់​ក្រុមហ៊ុន​គ្រឿងអលង្ការ ឈ្មោះ ប៊ុលការី (BVLGARI) របស់​អ៊ីតាលី នៅមុខ​ប្រាសាទ​បាយ័ន មាន​វត្តមាន​តារា​បរទស ដែល​ជា​អ្នក​តំណាង​ក្រុមហ៊ុន ក៏ប៉ុន្តែ កម្មវិធី​នេះ មិន​ឱ្យ​ពលរដ្ឋ​ទូទៅ​ចូល​ទស្សនា​ឡើយ។ អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី សុទ្ធសឹង​ជា​អភិជន​ដែល​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ ប្រមាណ​ជាង ៤រយ​នាក់ និង​សមាជិក​គ្រួសារ​របស់​មេដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដោយ​មាន​ការ​សម្របសម្រួល​ពី​ប្រពន្ធ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ពេជ្រ ច័ន្ទមុនី កាល​ពី​ថ្ងៃ​ទី២១ កុម្ភៈ។

នៅ​ក្នុង​កម្មវិធី​បែប​អភិជន​នេះ គ្រួសារ និង​កូនចៅ​របស់​អ្នក​មានអំណាច​ដែល​ចូលរួម​នោះ ពួកគេ​ពាក់​គ្រឿងអលង្ការ​រួមមាន​ខ្សែក ខ្សែដៃ ក្រវិល និង​ចិញ្ចៀន​ថ្លៃៗ អង្គុយ​លើ​កៅអី​ទទួលទាន​ស្រា​ថ្លៃៗ និង​ទស្សនាការ​បង្ហាញ​ម៉ូត​គ្រឿងអលង្ការ។ កូនចៅ​របស់​មន្ត្រី​អភិជន​ទាំងនោះ​រួមមាន ចៅស្រី​របស់​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី គឺ​លោកស្រី យឹម បូណ៌មី និង​កញ្ញា យឹម លីនដា, ប្រពន្ធ​របស់​ឧបនាយក​រដ្ឋមន្ត្រី នេត សាវឿន និង​ត្រូវ​ជា​ក្មួយស្រី​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន គឹមឡេង ជាមួយ​កូនស្រី​ពៅ​របស់​លោកស្រី ប្រពន្ធ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា គឺ​លោកស្រី ទៀង អេង រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់ និង​ឈ្មួញ​ពាណិជ្ជករ​មួយ​ចំនួន​ទៀត។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ថា កម្មវិធី​បង្ហាញ​គ្រឿង​អលង្ការ របស់​គ្រួសារ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​មុខ​ប្រាសាទ​បាយយ័ន នេះ ប្រៀប​បាន​ទៅ​នឹង​ការ​បញ្ឈឺ​ចិត្ត​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម​មុខ​នឹង​ភាព​ក្រីក្រ។ លោក​បន្ត​ថា ការ​សម្ញែង​ទ្រព្យសម្បត្តិ​ហ៊ឺហា​របស់​គ្រួសារ និង​កូនចៅ​អ្នក​មាន​អំណាច​នេះ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​កាន់តែ​ច្បាស់ ពី​អំពើ​ពុករលួយ​នៅ​ក្នុង​គ្រួសារ​មេដឹកនាំ។

លោក ស៊ឹង សែនករុណា៖«យើង​ឃើញ​ហើយ បើ​ពិនិត្យ​មើល​ឱ្យ​មែនទែន វា​ជា​រឿង​អកុសល ដែល​ប្រទេស​កម្ពុជា មាន​មេដឹកនាំ​ប្រភេទ​នេះ។ ក្រុម​គ្រួសារ​អ្នក​ទាំងអស់​នេះ ជា​អ្នកដឹកនាំ​ប្រទេស ក៏ប៉ុន្តែ ការ​ដឹកនាំ​ប្រទេស​ហ្នឹង ដើម្បី​តែ​មួយ​ក្រុម​ពួកគាត់​ហ្នឹង​ឯង។ សប្បាយ​អរ ហើយ​ទទួល​បាន​នូវ​លាភសក្ការៈ តែ​មួយ​ក្រុម​ហ្នឹង»។

ពាក់ព័ន្ធ​រឿង​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ថា មូលហេតុ​ដែល​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូត​គ្រឿង​អលង្ការ​នេះ​ឡើង គឺ​ដោយសារ​ក្រុមហ៊ុន​មាន​ភាព​ជឿជាក់​មក​សមត្ថភាព ស្ថិរភាព និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​របស់​កម្ពុជា ព្រម​ទាំង​កិត្តិសព្ទ​ដ៏​ល្បីល្បាញ​របស់​តំបន់​រមណីយដ្ឋាន​អង្គរ។

ផ្ទុយពី​ការ​លើកឡើង​នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ យល់ឃើញ​ថា កម្មវិធី​បង្ហាញ​ម៉ូត​គ្រឿង​អលង្ការ​នេះ រៀបចំ​ឡើង​សម្រាប់​ក្រុម​អភិជន ដែល​ជា​កូនចៅ​បក្ខពួក​របស់​មេ​ដឹកនាំ ដើម្បី​អួត​សម្ញែង​សម្ភារៈនិយម និង​ភាព​ហ៊ឺហា​របស់​ពួកគេ​ប៉ុណ្ណោះ និង​គ្មាន​ផ្ដល់​ផល​ប្រយោជន៍​ចំពោះ​កម្ពុជា​ឡើយ។

លោក គឹម សុខ៖«ប៉ុន្តែ​ការ​ដែល​គេ​ព្យាយាម​បង្ហាញ​ម្ដង​ហើយ​ម្ដងទៀត មិនមែន​ប្រជាពលរដ្ឋ​មិន​ដឹង​ថា​ពួកគេ​ពុករលួយ​នោះ​ទេ។ ប៉ុន្តែ​ពួកគេ​ហ៊ាន​ធ្វើ​ដូច្នេះ ទី​មួយ ពួកគេ​យល់ឃើញ​ថា ប្រព័ន្ធ​តុលាការ​ត្រូវ​អ្នក​កាន់អំណាច​ត្រួតត្រា​ទៅ​ហើយ។ ទីពីរ ពួកគេ​ដឹង​ច្បាស់​ថា ប្រព័ន្ធ​អាជ្ញាធរ​ជាតិ​ផ្សេងៗ ដែល​ធ្វើការ​លើ​អំពើពុករលួយ ក៏​ស្ថិតនៅ​ក្រោម​អំណាច​របស់​ពួកគេ​ដែរ»។

ការ​សម្ញែង​ទ្រព្យសម្បត្តិ​របស់​សមាជិក​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​នៅ​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ​នេះ បាន​ក្លាយ​ជា​ទម្លាប់​មួយ​ដ៏​សាមញ្ញ​ទៅ​ហើយ ដោយ​ពួក​គេ​មាន​ចំណង់​ចំណូល​ចិត្ត និង​របៀប​សម្ញែង​ផ្សេងៗ គ្នា ដូចជា លោក ហ៊ុន សែន ដែល​ជា​មេ​គ្រួសារ​ធំ ចូលចិត្ត​សម្ញែង​នាឡិកាដៃ​ថ្លៃៗ ចំណែក​កូនចៅ និង​សែស្រឡាយ​របស់​លោក ចូលចិត្ត​សម្ញែង​ឡាន​ទំនើប មាស​ពេជ្រ កែវកង កាបូប និង​ខោអាវ​ជា​ដើម។

ទោះជា​បែបនេះ​ក្ដី ពួកគេ​ចូលចិត្ត​បង្ហាញ​សម្ភារៈនិយម​នេះ តែ​នៅ​ក្នុង​កម្មវិធី​ជួបជុំ ឬ​ពិធី​មង្គលការ​ប៉ុណ្ណោះ ដោយ​មិន​ហ៊ាន​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ​ប្រកប​ដោយ​តម្លាភាព​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។