ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចាត់ទុកវត្តមាននាវាចម្បាំងកងទ័ពជើងទឹកអាមេរិក (US) យូអេសអេស សាវាណាហ៍ (USS Savannah) ឬ (LCS-28) កំពុងចតនៅកំពង់ផែស្វយ័តក្នុងខេត្តព្រះសីហនុ គឺជាការបង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជា និងអាមេរិកលើវិស័យការពារជាតិ។ លោក ហ៊ុន សែន អះអាងបែបនេះ ក្នុងជំនួបជាមួយភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាអ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ស្របពេលក្រុមនាវិកអាមេរិកជាង ១រយនាក់ (១០៣) កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញការសម្របសម្រួល ឬស្ដារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេស ទៅលើក្របខ័ណ្ឌវិស័យការពារជាតិនៅតែស្ថិតក្នុងការចរចាបែបការទូតស៊ីជម្រៅ និងបើកចំហរវាងក្រុមថ្នាក់ដឹកនាំកម្ពុជា និងអាមេរិក ដើម្បីស្វែងរកឱកាសស្ដារទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងបង្កើតកិច្ចសហប្រតិបត្តិការសម្រាប់ដោះស្រាយបញ្ហាប្រឈមរួមគ្នា។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរនៅទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី១៧ ខែធ្នូ ដោយដាក់ក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិកនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតក្រោមរដ្ឋបាលអាមេរិកថ្មីដឹកនាំដោយលោក ដូណាល់ ត្រាំ (Donald Trump)។ លោក ហ៊ុន សែន ចង់ឃើញកម្ពុជា និងអាមេរិកកសាងទំនុកចិត្តលើគ្នាទៅវិញទៅមកសម្រាប់ទំនាក់ទំនងទ្វេភាគី ដើម្បីពិនិត្យចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងការវិនិយោគ។
លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងជំនួបជាមួយភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាអ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) នៅថ្ងៃទី១៧ ខែធ្នូ ស្របពេលដែលនាវាចម្បាំងកងទ័ពជើងទឹកអាមេរិក យូអេសអេស សាវាណាហ៍ (USS Savannah) ឬ (LCS-28) ដែលមានកងនាវិកចំនួន ១០៣នាក់ កំពុងបំពេញដំណើរទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ។
លោក ហ៊ុន សែន ចាត់ទុកវត្តមាននាវាចម្បាំងសហរដ្ឋអាមេរិក យូអេសអេស សាវាណាហ៍ នៅកម្ពុជាគឺបង្ហាញពីទំនាក់ទំនងល្អក្នុងវិស័យការពារជាតិ និងកងទ័ពរវាងកម្ពុជា និងអាមេរិក។ លោក ហ៊ុន សែន សរសេរបន្តទៀតថា ក្នុងជំនួបទ្វេភាគីភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាអ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) បានគូសបញ្ជាក់ថា វត្តមាននៃការចូលចតនាវាចម្បាំងអាមេរិកនៅកម្ពុជាលើកដំបូងបន្ទាប់ពីបានខកខាន ៨ឆ្នាំមកនេះ គឺកើតឡើងក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin) នៅកម្ពុជាកន្លងមក និងបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យយោធា និងវិស័យផ្សេងទៀតរួមមាន សុខាភិបាល អប់រំ និងការដោះមីន។
អ្នកស្រី ក៏សង្ឃឹមដែរថា សហរដ្ឋអាមេរិក និងកម្ពុជា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើកិច្ចសហប្រតិបត្តិការសំខាន់លើវិស័យបញ្ញាសិប្បនិម្មិត ឬអេអាយ (AI) សន្តិសុខអ៊ីនធឹណិត (Cyber Security) និងវិស័យថាមពលស្អាត (Clean energy) ក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួលលើកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាមេរិក។ ក្រៅពីការជជែកពីខ្លឹមសារសំខាន់ៗ ទាំងនេះក្នុងជំនួបទ្វេភាគី អ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ បង្ហាញក្ដីបារម្ភប្រាប់លោក ហ៊ុន សែន ចំពោះបទល្មើសឆបោកអនឡាញ ដែលកំពុងជះឥទ្ធិពលមិនល្អដល់ការវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា និងនៅក្នុងតំបន់។ លោក ហ៊ុន សែន អះអាងថា បទល្មើសអនឡាញមានលក្ខណៈស្មុគស្មាញ ហើយរដ្ឋាភិបាលកូនរបស់លោកគឺលោក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ លោក វ៉េស្លី ហូលហ្សឺរ (Wesley Holzer) ប្រាប់វិទ្យុអាស៊ីសេរីតាមអ៊ីម៉ែល (Email) នៅថ្ងៃទី១៧ ខែធ្នូថា ក្រុមនាវិកនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក (US) ១០៣នាក់ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជាលើកនេះគឺជាក្នុងដំណើរប្រកបដោយសុច្ឆន្ទៈ និងដើម្បីចូលរួមជាមួយសមភាគីនៃកងយោធពលខេមរភូមិន្ទ ដែលនឹងជំរុញការសម្របសម្រួលរវាងសហរដ្ឋអាមេរិក និងកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងទំនាក់ទំនងដែលមានឫសគល់ក្នុងប្រវត្តិសាស្ត្រ និងមានវប្បធម៌ដ៏រឹងមាំ។
ចំណែក អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ លើកឡើងថា យុទ្ធសាស្ត្ររបស់អាមេរិកកំពុងតែអុករដ្ឋាភិបាល ត្រកូល «ហ៊ុន» កាន់តែខ្លាំងតែងតែព្យាយាមបង្កើនទំនាក់ទំនងស្អិតល្មួតជាមួយប្រទេសចិនកុម្មុយនិស្តលើវិស័យការពារដែលរួមចំណែកធ្វើឱ្យបញ្ហាក្នុងតំបន់កាន់តែកើនកម្ដៅ។ លោកយល់ថា ចិនអាចនឹងរៀបចំយុទ្ធសាស្ត្រថ្មីក្នុងការពង្រឹងទំនាក់ទំនងវិស័យការពារជាតិជាមួយកម្ពុជា ហើយចិនក៏អាចនឹងបង្កើនសកម្មភាពយោធារបស់ខ្លួនអុកឡុកក្នុងតំបន់កាន់តែខ្លាំង ដើម្បីឆ្លើយតបនឹងការចូលចតនាវាចម្បាំងអាមេរិកនៅកម្ពុជា។
លោក គឹម សុខ៖«នៅពេលអាមេរិកមានកិច្ចសហប្រតិបត្តិការដោយផ្ទាល់ និងកាន់តែជ្រៅ ក្នុងផ្នែកយោធាអាមេរិកអាចដឹងតាក់ទិចកាន់តែជ្រៅដែរ ក្នុងការអុករដ្ឋាភិបាលត្រកូល ហ៊ុន ហើយអាមេរិកក៏ដឹងចំណុចខ្សោយកាន់តែច្បាស់អំពីចំណុចស្លាប់រស់នៃរដ្ឋាភិបាលត្រកូល ហ៊ុន អាមេរិកអាចអុករដ្ឋាភិបាលត្រកូល ហ៊ុន ដោយវិធីផ្ទាល់ជាមួយការជជែកចំៗ ចំពោះរដ្ឋាភិបាល ត្រកូល ហ៊ុន ផងហើយក៏អុកផ្ទាល់ក្នុងរបៀបដែលសហរដ្ឋអាមេរិកអាចបង្កើននូវលទ្ធផលនៃសង្គ្រាមពាណិជ្ជកម្មជាមួយចិន ដែលធ្វើឱ្យចិនអាចដកថយកណ្ដាប់ដៃខ្លួនក្នុងការត្រួតត្រាប្រទេសកម្ពុជាមួយផ្នែកផង»។
អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃទី១៦ ខែធ្នូ បានឆ្លើយតបនឹងអ្នករាយការណ៍ព័ត៌មាន AFP ដែលបានសួរពីដំណើរទស្សនកិច្ចរបស់ក្រុមនាវិកនៃនាវាចម្បាំងអាមេរិកទៅកាន់ខេត្តព្រះសីហនុ ដោយលើកឡើងថា វាជាការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ ប៉ុន្តែវាគួរតែរួមចំណែកដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១៧ ខែធ្នូ។
អ្នកឃ្លាំមើលលើកឡើងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិកគ្មានភាពជឿនលឿនទៅមុខ ដោយសារតែរដ្ឋាភិបាលត្រកូល ហ៊ុន បំផ្លាញប្រជាធិបតេយ្យតាំងពីឆ្នាំ២០១៧ និងបែរទៅចាប់យកចិនជាខ្នងបង្អែក និងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារ និងយោធាកាន់តែស៊ីជម្រៅ។ កម្ពុជាក៏រងការចោទប្រកាន់ថា បានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន កាលពីឆ្នាំ ២០១៩ ក្នុងការអនុញ្ញាតឱ្យកងទ័ពចិនតាំងមូលដ្ឋានទ័ពនៅក្នុងកំពង់ផែទ័ពជើងទឹករាម ដែលមន្ត្រីអាមេរិកថា មូលដ្ឋានរាមអាចជាទីតាំងយុទ្ធសាស្ត្រផ្ដល់ឱ្យប្រទេសចិនកុម្មុយនិស្តទប់ទល់នឹងអាមេរិក នៅពេលផ្ទុះសង្គ្រាមដណ្ដើមកោះតៃវ៉ាន់ (Taiwan) និងសមុទ្រចិនខាងត្បូង ដែលចិនទាមទារគ្រប់គ្រងផ្ដាច់មុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។