អ្នកឃ្លាំមើលលើកឡើងថា លោក ហ៊ុន សែន ប្ដេជ្ញាការពារតែជីវិតលោក និងគ្រួសារ តែមិនអើពើរកយុត្តិធម៌ជូនលោក លិម គិមយ៉ា ជាខ្មែរដូចគ្នា ដែលត្រូវ បានឃាតករបាញ់សម្លាប់នៅក្នុងប្រទេសថៃ ដែលទង្វើនេះគឺជាការមិនឱ្យតម្លៃលើជីវិតប្រជាពលរដ្ឋខ្លួនឯង។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីស្ថាប័នរដ្ឋក្រោមឱវាទរបស់លោក ហ៊ុន សែន បានចេញញត្តិជាបន្តបន្ទាប់ថ្កោលទោសអ្នកចង់ផ្ដាច់ផ្តិលជីវិតលោក ហ៊ុន សែន តាមរយៈអ្វីដែលលោក ហ៊ុន សែន អះអាងថា ជា ការវាយប្រហារដោយប្រើយន្តហោះដ្រូន(Drone) ចូលគេហដ្ឋានរបស់លោក ប៉ុន្តែក្នុងពេលជាមួយគ្នាលោក ហ៊ុន សែន និងកូនជឹងរបស់លោកបែរជាមិនអើពើពីយុទ្ធនាការរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលទាមទារយុត្តិធម៌ជូនលោក លិម គិមយ៉ា ទៅវិញ។
ឃាតកម្មលើលោក លិម គិមយ៉ា
ការរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះពីអំពើឃាតកម្មនានា ជាពិសេស ករណីសម្លាប់លោក លិម គិមយ៉ា នៅទីក្រុងបាងកក ប្រទេសថៃ នាពេលចុងក្រោយនេះ ស្ថិតក្នុងស្ថានភាពស្ងាត់ស្ងៀមពីសំណាក់រដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន និងបក្ខពួក កំពុងបង្កើនយុទ្ធនាការក្នុងន័យឈឺឆ្អាល ពីសុវត្ថិភាពការពារជីវិតលោក ហ៊ុន សែន និងគ្រួសារដែលលោកថា ជាផែនការសម្លាប់លោក និងគ្រួសារ របស់លោក។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែកុម្ភៈ ថា លោក ហ៊ុន សែន ហាក់ភ័យស្លន់ស្លោជ្រុល និងយកចិត្តទុកដាក់ តែជីវិតរបស់ខ្លួន និងគ្រួសារ ត្រឹមតែរឿងដ្រូនកសិកម្មបាញ់ថ្នាំសម្លាប់ស្មៅ ប៉ុន្តែជីវិតពលរដ្ឋខ្មែរ ដែលត្រូវគេបាញ់សម្លាប់ហូរឈាមក្រាលលើដី ដូចជាករណីលោក លិម គិមយ៉ា ជាដើម ទៅជារដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ទុកដូចជាគ្មានតម្លៃ ឬ គ្មានរឿងអ្វីកើតឡើង។
លោក ថា លោក ហ៊ុន សែន ក្នុងនាមជាអ្នកដឹកនាំកំពូលនៅក្នុងប្រទេស បែរជាធ្វើការដើម្បីតែលើកតម្កើងជីវភាពហ៊ឺហាឡូយឆាយ និងពង្រឹងអំណាចរបស់គ្រួសារលោក និងបក្ខពួក ប៉ុន្តែទុកឱ្យប្រជាពលរដ្ឋរស់នៅបាត់បង់សេចក្ដីថ្លៃថ្នូរ ដូចជា ប្រឈមនឹងភាពក្រីក្ររកព្រឹកខ្វះល្ងាច សុំទានកាន់តែច្រើន អត់ការងារធ្វើ ជាប់បំណុលវ័ណ្ឌក និងខ្លះរងគ្រោះត្រូវគេបាញ់សម្លាប់ស្ដែងៗ ដែលរដ្ឋាភិបាលមិនចេញមុខរកយុត្តិធម៌ឱ្យ។ លោកថា ទង្វើរបស់លោក ហ៊ុន សែន ជាការមើល ងាយជីវិតប្រជាពលរដ្ឋខ្មែរ ឬក៏អ្នកដឹកនាំគ្រួសារត្រកូលហ៊ុន ស្ថិតក្នុងការសង្ស័យនៅពីក្រោយផែនការសម្លាប់លោក លិម គិមយ៉ា តែម្ដង ក្នុងរបៀបវារៈនយោបាយរបស់គ្រួសារត្រកូលហ៊ុន ដើម្បីបំផ្លាញខ្មែរគ្រប់គ្នា ដែលលោក ហ៊ុន សែន មើលឃើញថា ទើសផ្លូវរក្សាអំណាចគ្រួសារគាត់។
លោក វ៉ន ចាន់ឡូត៖ «មហាជនអស់ជំនឿជឿជាក់ទៅលើការបោះឆ្នោតតាមបែបជាប្រជាធិបតេយ្យអស់ជំនឿជឿជាក់ទៅលើរបៀបធ្វើកំណែទម្រង់អ្នកកាន់អំណាចរូបនោះ។ ដូច្នេះហើយ គឺមានតែជម្រើសចុងក្រោយ គឺកម្លាំងមហាជនដែលមហាជនរំពឹងថា អាចនឹងឈានទៅដល់ការផ្លាស់ប្ដូរ ហើយបង្កើតបានរដ្ឋាភិបាលមួយ ដែលអនុលោមតាមគោលការណ៍ប្រជាធិបតេយ្យ ដែលឱ្យតម្លៃទៅដល់សំឡេង ទៅដល់ឆន្ទៈរបស់ប្រជាពលរដ្ឋ»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានយុទ្ធនាការជាច្រើនថ្ងៃមកនេះ របស់ស្ថាប័នរដ្ឋ ទាំងក្នុងជួររដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា រហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ ចេញញត្តិថ្កោលទោសចំពោះអ្វីដែលលោក ហ៊ុន សែន ហៅថា គម្រោងវាយ ប្រហារដោយដ្រូន លើភូមិគ្រឹះរបស់លោក ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោយពីប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយសារសំឡេងចំនួន២ ដែល បង្ហាញសំឡេងស្ត្រីម្នាក់ និយាយពីដ្រូនបាញ់ថ្នាំស្មៅ និងការឈឺចាប់របស់នាង ក្រោមការដឹកនាំដ៏អយុត្តិធម៌ របស់រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន។
លោក ហ៊ុន សែន «បង្វែររឿងដ្រូនសម្លាប់គ្រួសារ»
យុទ្ធនាការថ្កោលទោសដ្រូនកសិកម្មនេះ កើតឡើងព្រោងព្រាតទូទាំងប្រទេស លើបណ្ដាញសង្គមនានា និងបណ្ដាញព័ត៌មានទាំងឡាយ ដែលគាំទ្ររដ្ឋាភិបាល។ ករណីនេះ ផ្ទុយស្រឡះពីអំពើឃាតកម្មលើអតីតសមាជិកសភាគណបក្ស សង្គ្រោះជាតិលោក លិម គិមយ៉ា ដែលទោះបីជាមានការអំពាវនាវពីប្រជាពលរដ្ឋខ្មែរ និង សហគមន៍អន្តរជាតិ ឱ្យរកយុត្តិធម៌ក៏ដោយ ក៏រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន មិនបានអើពើអ្វីឡើយ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថែមទាំង ចេញការពារខ្លួនរបៀបចំអកដល់ពលរដ្ឋខ្មែរទៀត។
លោក ហ៊ុន ម៉ាណែត៖ «តើរដ្ឋាភិបាលមានទេ ចាំបាច់ល្ងង់ទេ បើសិនខ្លួនអ្នករៀបចំផែនការ ចាំបាច់មានការឃាត់ខ្លួនជនដៃដល់ ហើយបញ្ជូនទៅហើយថៃ យើងអាចលាក់ទុក ឬមួយក៏មិនបាច់បញ្ជូនទៅទេ យើងស៊ើបខ្លួនឯង តែដើម្បីបញ្ជាក់នូវភាពស្អាតស្អំ ដើម្បីបញ្ជូននូវតម្លាភាព យើងបញ្ជូនទៅឱ្យថៃ បញ្ជាក់ទៅ គេស្រាវជ្រាវទៅ ហើយឱ្យយើងដឹងផង ថាតើលទ្ធផលយ៉ាងម៉េច ព្រោះរដ្ឋាភិបាលកម្ពុជា ក៏ចង់ដឹងដែរថា រឿងអី»។
ទោះបីលោក ហ៊ុន ម៉ាណែត អះអាងការពារខ្លួនយ៉ាងដូច្នេះក្ដី ក៏ជនសង្ស័យជាជនជាតិខ្មែរពីរនាក់ទៀត គឺលោក លី រតនរស្មី និងលោក ពេជ្រ គឹមស្រ៊ិន ដែលស្ថិតនៅកម្ពុជា មិនត្រូវបានរដ្ឋាភិបាលត្រកូលហ៊ុន ចាប់បញ្ជូនទៅឱ្យតុលាការថៃ អនុវត្តដំណើរការក្ដីឡើយ។ ការសំងំស្ងៀម មិនចេញប្រតិបត្តិការចាប់អ្នកទាំងពីរ មានរយៈពេលប្រមាណមួយខែហើយ បន្ទាប់ពីមានដីការបស់តុលាការព្រហ្មទណ្ឌថៃ និងប៉ូលិសអន្តរជាតិអាំងទែប៉ូល ចេញសេចក្ដីសម្រេចតាមចាប់ខ្លួនពួកគេ។
បន្ថែមលើចំណាត់ការយឺតយ៉ាវរបស់រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុននេះ លោក ហ៊ុន សែន បានចេញប្រកាសរឿងដ្រូនកសិកម្មប៉ុនប៉ងសម្លាប់លោក និងគ្រួសារ ដែលមើលទៅហាក់មានចេតនាព្យាយាមបង្វែងដាន យុទ្ធនាការទាមទារយុត្តិធម៌របស់ប្រជាពលរដ្ឋខ្មែរ ចំពោះករណីឃាតកម្មលើលោក លិម គិមយ៉ា។
លោក ហ៊ុន សែន៖«អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ។ នេះ ជាអំពើភេរវកម្ម ហើយសុំជនបរទេសទាំងឡាយ ប្រយ័ត្នប្រយែងទៅលើការគាំទ្រទាំងឡាយ នៃសកម្មភាពភេរវកម្ម ខ្ញុំគ្រាន់តែបញ្ជាក់ក្នុងប៉ុន្មានអាទិត្យនេះ ផែនការវាយដ្រូនចូលផ្ទះខ្ញុំ។ អ្នកឯងកុំស្មានថា ពេលដែលអ្នកឯងបញ្ចេញសារមក និងជូនព័ត៌មានសម្រាប់ហេតុការណ៍បែបនេះ ផ្នែកខាងនេះ មិនដឹង ហើយគ្រាន់តែចង្អុលបង្ហាញថាបាត់មនុស្សខ្លះ ចេញពីមូលដ្ឋាន គឺវាទាក់ទងនឹងផែនការភេរវកម្ម»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៨ ខែកុម្ភៈ ទាក់ទងនឹងយុទ្ធនាការដ្រូនកសិកម្មរបស់លោក ហ៊ុន សែន និងប្រតិបត្តិការ នៃការចាប់ខ្លួនជនសង្ស័យខ្មែរពីរនាក់ បញ្ជូន ទៅឱ្យតុលាការថៃ។
អត្ថបទដែលទាក់ទង៖
លោក ហ៊ុន សែន បញ្ចេញសារសំឡេង ដែលប៉ុនប៉ងធ្វើឃាតលោក
តំណាងជនភៀសខ្លួននៅថៃចោទលោក ហ៊ុន សែន ថា ជាអ្នកបញ្ជាឱ្យសម្លាប់លោក លិម គិមយ៉ា
ប្រវត្តិលោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ ដែលគេធ្វើឃាតនៅប្រទេសថៃ
អតីតបេក្ខជនតំណាងរាស្រ្តគណបក្សភ្លើងទៀនប្រចាំខេត្តកណ្តាល លោក លី ម៉េងឃៀង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែកុម្ភៈថា លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ខំប្រឹងបំភ័ន្តព្រឹត្តិការណ៍ ពីព្រោះអ្នកកាន់អំណាចក្រុមគ្រួសារ ត្រកូលហ៊ុន ខ្លាចស្រមោលរបស់ខ្លួន ដែលដឹកនាំប្រព្រឹត្តអំពើឧក្រិដ្ឋច្រើនពេក ហើយពួកគេដឹងថា ប្រជាពលរដ្ឋខ្មែរ មិនអាចអនុគ្រោះឱ្យបាននៅពេលដួលរលំអំណាច។ លោកថា ក្រុមគ្រួសារត្រកូលហ៊ុន ផ្ដោតតែលើសេចក្ដីសុខគ្រួសាររបស់ខ្លួន និងបក្ខពួក ប៉ុន្តែធ្វើបាបប្រជាពលរដ្ឋខ្មែររាល់ថ្ងៃ គឺចាត់ទុកជីវិតប្រជាពលរដ្ឋខ្មែរ ប្រៀបដូចឧបករណ៍លេងសើចគ្មានតម្លៃ សម្រាប់តែបញ្ចើចបញ្ចើភាពហ៊ឺហា របស់ពួកគេ ដែលមានអំណាច។
លោក លី ម៉េងឃៀង៖ «ដូចជាឃាតកម្មពីមុនមកច្រើនណាស់ ដូចជា លោក ហូ សុខ មន្ត្រីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិចជាច្រើន អ្នកកាសែត អ្នកសារព័ត៌មាន ចុងក្រោយការបាញ់សម្លាប់លោក លិម គិមយ៉ា គាត់[លោក ហ៊ុន សែន]អត់ខ្វល់ទេ ព្រោះអី[លោក]លិម គិមយ៉ា មិនមែនជាកូនចៅគាត់[លោក ហ៊ុន សែន]មិនមែនជាគ្រួសារគាត់[លោក ហ៊ុន សែន]។ អ៊ីចឹងគាត់[លោក ហ៊ុន សែន] ខ្វល់តែគ្រួសារគាត់ទេ ប្រជាពលរដ្ឋខ្មែរដូចជា របស់គាត់លេង ឬក៏ជាជីវិត ដូចជាស្មៅ ដែលគាត់ [លោក ហ៊ុន សែន]ចង់ឈូសចោលក៏ចោលទៅ»។
លោក លិម គិមយ៉ា ត្រូវបានខ្មាន់កាំភ្លើងជនជាតិថៃ ឈ្មោះ ឯកាឡា ផែណយ បាញ់សម្លាប់នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ដែលមកដល់ពេលនេះ មានរយៈពេលជាងមួយខែហើយ។ គ្រួសារលោក លិម គិមយ៉ា អះអាងថា ឃាតកម្មនេះ ជារឿងនយោបាយ ដែលពាក់ព័ន្ធនឹងអ្នកមានអំណាចនៅភ្នំពេញ។ រីឯឯកអគ្គរដ្ឋទូតទូតបារាំងនៅភ្នំពេញ លោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) បានរំលឹកប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ថា ភាគីបារាំងតាមដានយ៉ាងយកចិត្តទុកដាក់លើការស៊ើបអង្កេត ស្ដីពីឃាតកម្មលើលោក លិម គិម យ៉ា ដែលជាពលរដ្ឋបារាំង និងជាសមាជិកបក្សប្រឆាំងកម្ពុជា។
អ្នកឃ្លាំមើលលើកឡើងថា ទោះបីជារដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ប្រឹងលេង ល្ខោនដ្រូនបំប៉ោងព័ត៌មាន ដើម្បីបង្វែងដាន ព្យាយាមគេចវេះពីការទទួលខុសត្រូវ រកយុត្តិធម៌ឱ្យលោក លិម គិមយ៉ា ក៏ដោយ ក៏ពិបាកនឹងទប់ចលនាទាមទារយុត្តិធម៌ របស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងពិភពលោកដែរ។ ពួកគាត់ថា ប្រជាពលរដ្ឋខ្មែរកំពុងជំរុញឱ្យភាគីបារាំង ចូលពាក់ព័ន្ធក្នុងការស៊ើបអង្កេតសំណុំរឿងនេះ ជាមួយសមត្ថកិច្ចថៃ ដោយសារប្រជាពលរដ្ឋទូទៅមើលឃើញថា រដ្ឋាភិបាលត្រកូលហ៊ុន មិនបានអើពើពីឃាតកម្មលើលោក លិម គិមយ៉ា នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។