សហ​មេធាវី​លោក កឹម សុខា ទទូច​ឱ្យ​សាលាឧទ្ធរណ៍​កំណត់​ថ្ងៃ​បន្ត​នីតិវិធី​ឱ្យ​បាន​ឆាប់ ក្រោយ​ពន្យារ​ពេល​ប្រមាណ ៤​ខែ

0:00 / 0:00

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ទទូច​ឱ្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​កំណត់​ថ្ងៃ​បន្ត​នីតិវិធី ឱ្យ​បាន​ឆាប់​ក្រោយ​ពី​សាលាឧទ្ធរណ៍​បាន​ពន្យារ​ពេល​ប្រមាណ៤ ខែ​មក​ហើយ។ សហ​មេធាវី​លើក​ឡើង​ថា ពួកគាត់​បាន​ធ្វើ​សេចក្ដី​ស្នើ​ទៅ​សាលាឧទ្ធរណ៍​ចំនួន ២​ដង​ហើយ ប៉ុន្តែ​តុលាការ​គ្រាន់​តែ​ឆ្លើយ​តប​ថា នឹង​ធ្វើ​នៅ​ពេល​ឆាប់ៗ។ មន្ត្រី​សិទ្ធិ​មនុស្ស​ថា ការ​ពន្យារ​ពេល​នេះ ប៉ះពាល់​ដល់​សិទ្ធិ​របស់​លោក កឹម សុខា ដែល​ទន្ទឹង​រង់​ចាំ​យុត្តិធម៌។

ចាប់​តាំង​ពី​សាលាឧទ្ធរណ៍​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​សំណុំ​រឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា កាល​ពី​ថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០២៤ គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ប្រមាណ ៤ខែ​ហើយ ដែល​សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​មិន​ទាន់​កំណត់​ថ្ងៃ​សវនាការ​ជា​ថ្មី​ទៀត​នៅ​ឡើយ​ទេ។

សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក ផែង ហេង ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ថ្ងៃទី២៤ ខែ​មករា ថា ក្រុម​មេធាវី​បាន​តស៊ូ និង​ព្យាយាម​ធ្វើ​កិច្ចការ​ជួយ​កូន​ក្ដី​អស់​លទ្ធភាព​ហើយ ទាំង​បាន​រំឭក​ផ្ទាល់​មាត់​ផង និង​ធ្វើ​សេចក្ដី​ស្នើ​ដាក់​ជូន​ តុលាការ​ផង ដើម្បី​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​សំណុំ​រឿង​លោក កឹម សុខា។ ប៉ុន្តែ​ លោក​មេធាវី​ថា សាលាឧទ្ធរណ៍​ពុំ​ទាន់​កំណត់​ថ្ងៃ​បន្ត​នីតិវិធី ឱ្យ​បាន​ច្បាស់​ឡើយ ដោយ​គ្រាន់​តែ​ប្រាប់​ថា នៅ​ពេល​ឆាប់ៗ​ប៉ុណ្ណោះ។

លោក ផែង ហេង ថា ការ​ពន្យារ​ពេល​នៃ​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​ណា​ម្នាក់ គឺ​ស្មើ​នឹង​ការ​បដិសេធ​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជន​នោះ។ ដូច្នេះ លោក​ថា មេធាវី​តែងតែ​ស្នើ​ទៅ​ចៅក្រម​ជា​បន្តបន្ទាប់ ដើម្បី​កុំ​ឱ្យ​មាន​ការ​ខុស​ឆ្គង​តាម​ផ្លូវ​ច្បាប់ ជា​ពិសេស​សិទ្ធិ​ របស់​ជន​ត្រូវ​ចោទ ឬ​អ្នក​ត្រូវ​យក​មក​ជំនុំជម្រះ​ក្ដី។ លោក​បញ្ជាក់​ថា ការ​យឺតយ៉ាវ​ ក្នុង​ការ​រក​យុត្តិធម៌ ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌ ដោយ​ឆាប់​រហ័ស។

លោក ផែង ហេង៖ «យើង​ឃើញ​ថ្មីៗ​នេះ ក្រសួង​យុត្តិធម៌​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​តុលាការ​ដែល​បាន​ពន្លឿន​នីតិវិធី ដោះស្រាយ​សំណុំ​រឿង​បាន​ច្រើន​រហូត​ដល់​បាន​ជូន​រង្វាន់ ប៉ុន្តែ​យើង​ឃើញ​សំណុំ​រឿង​ឯកឧត្ដម កឹម សុខា ហាក់​ដូច​ជា​នៅ​ទ្រឹង​ហាក់​ដូច​ជា​មិន​នៅ​ក្នុង​អាទិភាព​នៃ​សំណុំ​រឿង ដែល​ក្រសួង​ដាក់​ផែនការ​ឱ្យ​តុលាការ​ការ​ជម្រះ​ក្ដី»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ ពី​អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​លោក ឃុន លាងម៉េង បានទេ នៅថ្ងៃទី២៥ ខែ​មករា ជុំវិញ​ដំណើរការ​សំណុំ​រឿង​លោក កឹម សុខា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៥ ខែ​មករា ថា ភាព​ស្មុគស្មាញ​នៃ​សវនាការ​ សំណុំ​រឿង​លោក កឹម សុខា នៅ​សាលាឧទ្ធរណ៍ ចប់​សព្វ​គ្រប់​ហើយ និង​នៅ​តែ​ រង់​ចាំ​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន។ ហេតុ​នេះ លោក​ថា អ្វី​ដែល​សំខាន់ គឺ​ទាក់ទង​នឹង ចេតនា​របស់​តុលាការ ថា​តើ​តុលាការ​ចង់​ប្រកាស​សាល​ដីកា​សម្រេច​សេចក្ដី លោក កឹម សុខា ឱ្យ​បាន​ឆាប់ ឬ​យ៉ាង​ណា?

លោក អំ សំអាត ថា ការ​ពន្យារ​ពេល​ដំណើរ​ការ​ក្ដី​នេះ ពិត​ជា​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ លោក កឹម សុខា ដែល​ទន្ទឹង​រង់​ចាំ​យុត្តិធម៌។ យ៉ាងណា លោក​ថា ដំណោះស្រាយ​ ដែល​អាច​ផ្ដល់​សេរីភាព និង​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា វិញ​បាន មាន​តែ​តាម​ច្រក​ផ្លូវ​វប្បធម៌​សន្ទនា​នយោបាយ ឬ ការ​ចរចា​នយោបាយ​ប៉ុណ្ណោះ។

លោក អំ សំអាត៖ «វប្បធម៌​ល្អ គឺ​វប្បធម៌​នៃ​ការ​សន្ទនា ការ​យោគយល់​គ្នា ហើយ​គិត​អំពី​ឧត្ដម​ប្រយោជន៍​ជាតិ ឧត្ដម​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ ហើយ​មាន​ការ​ចរចា​ផ្នែក​នយោបាយ អា​ហ្នឹង​វា​ជា​រឿង​មួយ​ល្អ។ ប៉ុន្តែ​បើ​ខ្ញុំ​មើល​ទៅ​ករណី​លោក កឹម សុខា បើ​គ្មាន​ការ​ចរចា​ផ្នែក​នយោបាយ​កើត​ឡើង​ទេ អា​ហ្នឹង​ខ្ញុំ​មើល​ឃើញ​ថា ការ​ដែល​គាត់ អាច​វិល​មក​ឆាក​នយោបាយ​វិញ ដូច​ជា​នៅ​ឆ្ងាយ​ណាស់»។

សំណុំ​រឿង​លោក កឹម សុខា មាន​រយៈ​ពេល​ជាង ៧ឆ្នាំ​ហើយ ចាប់​តាំង​ពី​សមត្ថកិច្ច​ បាន​ចាប់​ខ្លួន​លោក​ទាំង​កណ្ដាល​អធ្រាត្រ​កាល​ពីថ្ងៃទី២ ចូលថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី០៣ ខែ​មីនា ឆ្នាំ២០២៣ បាន​ផ្ដន្ទាទោស​លោក កឹម សុខា វ័យ៧០ឆ្នាំ ដាក់​ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​រយៈពេល ២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពីឆ្នាំ២០១៧។ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​នយោបាយ មិន​ឱ្យ​ចេញ​ពី​ផ្ទះ មិន​អនុញ្ញាត​ឱ្យ​ជួប​ភ្ញៀវ​បរទេស លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

លោក កឹម សុខា តាម​រយៈ​ក្រុម​មេធាវី​របស់​លោក បាន​បន្ត​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ ជំទាស់​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ។ សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​ជាង១០លើក ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ២០២៤។ លុះ​ដល់​វគ្គ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅថ្ងៃទី១៩ ខែ​កញ្ញា សាលាឧទ្ធរណ៍ បាន​សម្រេច​ ផ្អាក​រហូត​មក​ដល់​ពេល​នេះ។ សាលាឧទ្ធរណ៍ មិន​ទាន់​ពន្យល់​មូល​ហេតុ​ច្បាស់​​នៅ​ឡើយ​ទេ ចំពោះ​ការ​ផ្អាក​សវនាការ​ជា​ច្រើន​ខែ​មក​នេះ។

ទោះបី​ជា​យ៉ាង​ណា សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា សំណុំ​រឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជា​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​ តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ប្រគល់​សេរីភាព​ពេញ​លេញ ជូន​មេ​បក្ស​ ប្រឆាំង​រូប​នេះ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។