ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​ចិន​ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ យាង​ទៅ​ទីក្រុង​ប៉េ​កាំង ប្រទេ​ស​ចិន ចាប់​ពី​ថ្ងៃ១២ ខែកុម្ភៈ ដើម្បី​ពិនិត្យ​និង​ព្យាបាល​ព្រះរាជ​សុខភាព​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ចិន។ ដំណើរ​យាង​​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នេះ​មិន​ទាន់​កំណត់​ពេល​នៃ​ការ​យាង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឡើយ។

មេ​ដឹក​នាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ប្រធាន​ព្រឹទ្ធសភាលោក សាយ ឈុំ និង​ប្រធាន​រដ្ឋសភាលោក ហេង សំរិន បាន​ជូន​ព្រះរាជ​ដំណើរ​ទ្រង់​នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ។ ព្រះ​មហាក្សត្រ​ទ្រង់​បាន​ផ្ទេរ​ភារកិច្ច ឱ្យ​ប្រ​ធាន​ព្រឹទ្ធសភា សាយ ឈុំ ត្រូវ​ឡើង​ជា​​ប្រមុខ​រដ្ឋ​ស្ដីទី​កាន់​កិច្ច​ការ​ជំនួស​ព្រះអង្គ អំឡុង​ពេល​ព្រះ​អវត្តមាន​ទ្រង់។

ព្រះមហាក្សត្រ​បរមនាថ នរោត្តម​ សីហមុនី ទ្រង់​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន​ជា​ទៀង​ទាត់​ ក៏​ប៉ុន្តែ​ជួន​កាល​ទ្រង់​ក៏​យាង​ទៅ​មុន​ពេល​កំណត់​ដែរ នៅ​ពេល​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្វើ​ច្បាប់​ណា​មួយ​ដែល​ប្រាស​ចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ។ ជាក់ស្ដែង កាល​ពី​ដើម​ខែមីនា ​​ឆ្នាំ២០២១​ ទ្រង់​បាន​យាង​គង់​នៅ​ប្រទេស​ចិន​ជា​ច្រើន​សប្ដាហ៍ ស្រប​ពេល​របប​ក្រុង​ភ្នំពេញ កំពុង​បង្កើត​ច្បាប់ ​ស្ដីពី​ វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺកូវីដ-១៩ ការ​យាង​ទៅ​លើក​នោះ​ គឺ​ព្រះមហាក្សត្រ​យាង​ទាំង​ប្រថុយ​នឹង​គ្រោះថ្នាក់។ ហើយ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០២០ ព្រះអង្គ ក៏​ទ្រង់​យាង​ទៅ​ទីក្រុង​ប៉េកាំង​ដែរ ខណៈ​ពេល​លោក ហ៊ុន សែន ចាប់​ផ្ដើម​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​អ្នក​ឃ្លាំមើល​យល់ថា ច្បាប់​នេះ លោក ហ៊ុន សែន ទុក​ប្រើប្រាស់​ក្នុង​ពេល​ផ្ទេរ​អំណាច​ឱ្យ​កូន​ប្រុស​ច្បង ​របស់​លោក​គឺ លោក ហ៊ុន ម៉ាណែត នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។