ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី ក៏បានផ្ញើសារដាស់តឿនពលរដ្ឋ កុំឱ្យព្រួយបារម្ភពីការគាបសង្កត់ណាមួយ នៅពេលទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ស្អែកនេះ។ សម្ដេច នរោត្តម សីហមុនី បានលើកឡើងជាថ្មីកាលពីថ្ងៃទី១៧ ខែកក្កដា ដោយព្រះអង្គអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ចូលរួមការបោះឆ្នោត កុំមានក្ដីព្រួយបារម្ភពីការគំរាមកំហែង ឬសម្លុត ពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។
ព្រះអង្គបានរំឭកបន្ថែមទៀតថា សូមជនរួមជាតិទាំងអស់ ប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួន ដែលមានទំនុកចិត្តទៅលើគណបក្សនយោបាយណាមួយដោយសេរី។
បើទោះបីជាមានការរំឭកពីព្រះមហាក្សត្របែបនេះក្ដី ក៏អ្នកវិភាគនយោបាយព្យាករណ៍ថា អ្នកទៅចូលរួមបោះឆ្នោតនឹងមិនមានច្រើនដូចការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២នោះឡើយ។ ជាក់ស្ដែងប្រជាពលរដ្ឋដែលកំពុងធ្វើការនៅប្រទេសថៃភាគច្រើន មិនបានធ្វើដំណើរមកចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដានេះទេ ដោយពួកគេលើកឡើងថា មិនមានគណបក្សដែលខ្លួនពេញចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។