មន្ត្រីបក្សប្រឆាំងលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រួយបារម្ភរឿងពលរដ្ឋងើបឈរដើម្បីបញ្ចប់របបផ្តាច់ការដែលដឹកនាំដោយក្រុមគ្រួសារត្រកូល«ហ៊ុន» ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបានបង្ហាញពីឆន្ទៈដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងវិបត្តិនយោបាយដែលកំពុងជាប់គាំងនោះទេ។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អះអាងថា ក្នុងប្រទេសប្រជាធិបតេយ្យប្រជាពលរដ្ឋទៅបោះឆ្នោតហើយ មិនអាចទៅបះបោរទម្លាក់មេដឹកនាំបានទេគឺពលរដ្ឋទុកឱកាសឱ្យរដ្ឋាភិបាលបានកែលំអចំណុចខ្វះខាត។
បន្ទាប់ពីមេបក្សប្រឆាំង និងយុវជននៅក្រៅប្រទេសមួយចំនួននាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ដើម្បីឱ្យលោក ហ៊ុន ម៉ាណែត ដោះស្រាយវិបត្តិជាតិ និងជំរុញឱ្យពលរដ្ឋនៅក្នុងស្រុកហ៊ានងើបឈរទម្លាក់លោក ហ៊ុន ម៉ាណែត ចេញពីដំណែង ពេលនេះលោក ហ៊ុន ម៉ាណែត អំពាវនាវកុំជំរុញពលរដ្ឋឱ្យបះបោរ ពីព្រោះប្រទេសប្រជាធិបតេយ្យគេផ្លាស់ប្ដូរមេដឹកនាំដោយការបោះឆ្នោត។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែមីនា ថា លោក ហ៊ុន ម៉ាណែត កំពុងព្រួយបារម្ភពីជោគវាសនារបស់ខ្លួនដោយសារតែការដឹកនាំបែបផ្តាច់ និងជាមេដឹកនាំដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ។ លោកបន្តថា ចាប់តាំងត្រកូល«ហ៊ុន»ឡើងដឹកនាំប្រទេសជាង៤០ឆ្នាំមកនេះ បានធ្វើឱ្យពលរដ្ឋរស់នៅក្នុងស្ថានភាពក្រីក្រ គ្មានការងារធ្វើ កសិផលគ្មានទីផ្សារ ឧក្រិដ្ឋជនតាមអនឡាញ ដូច្នេះការទម្លាក់មេដឹកនាំដែលអសមត្ថភាពចេញពីដំណែងគឺជារឿងត្រឹមត្រូវ។
លោក អ៊ំ សំអាន៖«ត្រកូលហ៊ុនទាំងឪពុកទាំងកូន ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គ្មានឆន្ទៈស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស និងការដោះលែងអ្នកទោសនយោបាយនោះទេ ហើយក៏គ្មានបំណងរៀបចំការបោះឆ្នោតដោយ សេរី និងយុត្តិធម៌ដែរ។ ប្រសិនបើស្ដារលទ្ធិប្រជាធិបតេយ្យទៅមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ត្រកូលហ៊ុនហ្នឹងទាំងឪ ទាំងកូនដឹងខ្លួនឯងថា ប្រាកដជាមិនឈ្នះតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះទេ ដូច្នេះហើយបានគាត់ព្យាយាមកម្ចាត់អ្នកប្រជាធិបតេយ្យ»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងរូបនេះ ធ្វើឡើងគឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែមីនា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណជាង៤ពាន់នាក់ (៤.៤២៦) ថា មានក្រុមមួយចំនួននៅក្រៅប្រទេសតែងភ្ជាប់ការដឹកនាំអសកម្មរបស់លោក ដើម្បីជំរុញឱ្យពលរដ្ឋក្រោកឈរបះបោរ ប៉ុន្តែប្រជាធិបតេយ្យពលរដ្ឋមិនទម្លាក់មេដឹកនាំតាមរបៀបនេះទេ។
លោក ហ៊ុន ម៉ាណែត អះអាងថា ពលរដ្ឋ៨០ភាគរយចេញទៅបោះឆ្នោតដើម្បីជ្រើសរើសលោកធ្វើជានាយករដ្ឋមន្ត្រី ដូច្នេះពលរដ្ឋមិនទម្លាក់រដ្ឋាភិបាលដែលទើបតែឡើងកាន់ដំណែងរយៈពេលមួយឆ្នាំនោះទេ គឺពលរដ្ឋទុកឱកាសឱ្យរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហា។
លោក ហ៊ុន ម៉ាណែត៖«ឱ្យតែអីតិចយករឿងចំណុចដែលខ្លាំងតិចយកមកតែងតែភ្ជាប់នៅដល់ណាទៀតត្រូវតែក្រោកឈរឡើង។ ៥ឆ្នាំម្ដងងើបទៅបោះឆ្នោតម្តងបានហើយ ប្រជាពលរដ្ឋ៨០ភាគរយទៅបោះហើយគាត់ផ្តល់លទ្ធភាពឱ្យទៅធ្វើការងារបន្តនៅប្រទេសប្រជាធិបតេយ្យទាំងអស់គេមិនដែលទៅបោះហើយមួយឆ្នាំក្រោយគេបបួលទៅទម្លាក់ធ្វើស្អីទៀតទេ។ គេទុកឱកាសឱ្យរដ្ឋាភិបាលគ្មានរដ្ឋាភិបាលមិនប្រឈមនឹងបញ្ហាទេជឿចុះ កៅអីនេះជាកៅអីដោះស្រាយបញ្ហា»។
បើទោះបីជាលោក ហ៊ុន ម៉ាណែត ថ្លែងថាការឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីរបស់លោក គឺកើតចេញពីការបោះឆ្នោតរបស់ពលរដ្ឋក្តី ក៏ប៉ុន្តែពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំងមិនទទួលស្គាល់ការបោះឆ្នោតនោះឡើយ ដោយពួកគាត់ចាត់ទុកការបោះឆ្នោតនោះ គឺគ្រាន់តែជាការបោះឆ្នោតបង្ក្រាបកិច្ចដើម្បីឱ្យលោក ហ៊ុន សែន សម្រេចមហិច្ឆតាផ្ទេរអំណាចឱ្យទៅកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។ លើសពីនេះមុនការបោះឆ្នោតមកដល់រដ្ឋាភិបាលក៏បានប្រើប្រាស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដើម្បីរារាំងគណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយមន្ត្រីបក្សប្រឆាំងនេះ ដែលភាគច្រើនជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក៏រងការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការ និងចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ដោយសារតែពួកគេមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោកបានចុះអង្កេតការណ៍ផ្ទាល់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០២៣ ដូច្នេះលោកថា ការបោះឆ្នោតនោះប្រព្រឹត្តិទៅដោយមិនសេរី យុត្តិធម៌ និងត្រឹមត្រូវនោះទេ ដោយសារតែពលរដ្ឋរងការបំភិតបំភ័យពីរដ្ឋាភិបាល។ លោកបន្តថា ប្រសិនបើពលរដ្ឋចង់ទម្លាក់រដ្ឋាភិបាលមិនមែនជារឿងខុសនោះដែរ ពីព្រោះរដ្ឋាភិបាលអសមត្ថភាពដឹកនាំប្រទេស។ ម្យ៉ាងលោកថា លោក ហ៊ុន ម៉ាណែត ក៏មិនមែនជាបេក្ខភាពឈរឈ្មោះបោះឆ្នោតនោះដែរ ដូច្នេះលោក ហ៊ុន ម៉ាណែត ត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ។
លោក ស៊ឹង សែនករុណា៖«ចង់មិនចង់មានតែមធ្យោបាយឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរសង្គមដោយការទាមទារតវ៉ាទម្លាក់មេដឹកនាំហ្នឹងហើយយើងមើលដូចបណ្តាប្រទេសដូចជា ស្រីលង្កា ដូចប្រទេសដែលគេទម្លាក់មេដឹកនាំ គ្រួសារនិយម បក្ខពួកនិយម យើងឃើញស្រាប់ហើយដោយសារតែការដឹកនាំរបស់មេដឹកនាំហ្នឹងមិនល្អទៅវិញទេ។ ហើយប្រសិនបើមេដឹកនាំហ្នឹងគណបក្សប្រឆាំងគ្មានឥទ្ធិពលអីទៅនិយាយឱ្យពលរដ្ឋធ្វើការទាមទារទៅទម្លាក់មេដឹកនាំ ផ្តល់រំលំរដ្ឋាភិបាលហ្នឹងបានទេ»។
សាររបស់លោកហ៊ុន ម៉ាណែត នៅពេលនេះ ទំនងជាចង់សំដៅទៅប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងធ្វើយុទ្ធនាការផ្ការីកដោយអំពាវនាវឱ្យពលរដ្ឋគ្រប់និន្នាការ និងកងកម្លាំងប្រដាប់អាវុធ រួមគ្នាទម្លាក់មេដឹកនាំកម្ពុជាសព្វថ្ងៃនេះ ដើម្បីសង្គ្រោះប្រទេសជាតិឡើងវិញ។
ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីរយៈពេលជាង ១ឆ្នាំមកនេះ អ្នកឃ្លាំមើល សង្កេតឃើញថា រដ្ឋាភិបាលរបស់លោក មិនបានដោះស្រាយបញ្ហាធំៗដែលកំពុងកើតមាននោះទេ ដូចជា បញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យ បញ្ហាអយុត្តិធម៌សង្គម បញ្ហាពលរដ្ឋអត់ការងារធ្វើ បញ្ហាពលរដ្ឋជំពាក់បំណុល បញ្ហាកសិផលចុះថោក បញ្ហាបូរណភាពទឹកដី និងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាដើម។ ផ្ទុយទៅវិញរដ្ឋាភិបាលរបស់លោកបែរជាបង្កើនការចាប់ខ្លួនមនុស្សតាមអំពើចិត្តជាង១០០នាក់ដាក់ពន្ធនាគារ ក្នុងនោះមនុស្ស៨០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ លើសពីនេះ អ្នកនយោបាយបក្សប្រឆាំង និងអ្នករិះគន់មួយចំនួន ត្រូវបានគេវាយដំនៅតាមដងផ្លូវ និងបាញ់សម្លាប់ដូចជាករណីលោក លិម គិមយ៉ា។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមព្រមានថា ប្រសិនបើរដ្ឋាភិបាលឪពុកកូន គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅតែមិនដោះស្រាយបញ្ហាទាំងនេះទេ នោះរដ្ឋាភិបាលត្រកូល«ហ៊ុន»ប្រឈមនឹងពលរដ្ឋទម្លាក់ចេញពីអំណាចដូចមេដឹកនាំប្រទេសបង់ក្លាដេស្ហដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។