លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះការផ្តល់សេរីភាពខាងជំនឿសាសនាទូលំទូលាយដល់ពលរដ្ឋទាំងអស់។ ប៉ុន្តែព្រះសង្គម និងក្រុមសាសនិករិះគន់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំនេះ ពួកគេមិនទាន់អនុវត្តសិទ្ធិសេរីភាពឱ្យបានពេញលេញ ដើម្បីចូលរួមចំណែកជួយដល់សង្គមនៅឡើយទេ ជាពិសេស អ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។
នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីរំឭកខួប ១០០ឆ្នាំវត្តមាននៃសាសនាគ្រិស្តនៅកម្ពុជាថា ថ្ងៃ៧មករា ជាថ្ងៃដែលធ្វើឱ្យប្រពលរដ្ឋខ្មែររស់រានមានជីវិត និងមានវត្តមានសាសនារហូតដល់សព្វថ្ងៃ ដោយសារតែនយោបាយឈ្នះឈ្នះរបស់លោក។ លោកអះអាងទៀតថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ចំពោះការផ្តល់សេរីភាពខាងជំនឿសាសនាទូលំទូលាយដល់ពលរដ្ឋ និងប្រឆាំងការរើសអើងការបែងចែកសាសនាជាដើម។
លោក ហ៊ុន សែន៖ «ការអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យយើងទាំងអស់គ្នាឈ្នះរាល់ការលំបាក និងឧបសគ្គធំៗ តូចជាច្រើនរាប់មិនអស់ រួមទាំងការបង្រួបបង្រួមជាតិលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សក្នុងបុព្វហេតុរក្សាសុខសន្តិភាព។ សន្តិភាពដែលយើងរកដោយលំបាកមិនមែនសម្រាប់តែព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឬសម្រាប់អ្នកណាមួយនោះទេ យើងបានទទួលសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះទាំងអស់គ្នារាប់ទាំងគ្រិស្តសាសនារបស់យើងផងដែរ » ។
ទោះបីលោក ហ៊ុន សែន លើកឡើងបែបនេះក្ដីអ្នកប្រតិបត្តិសាសនា ដែលតែងឈឺឆ្អាលបញ្ហាសង្គម នយោបាយ និងធនធានធម្មជាតិនៅតែប្រឈមនឹងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធររដ្ឋាភិបាល។
ព្រះតេជព្រះគុណ បូរ បេត ភៀសព្រះកាយទៅប្រទេសស្វ៊ីស (Switzerland) ក្រោយពេលអាជ្ញាធរប្រកាសតាមចាប់ព្រះកាយដោយសារសកម្មភាពជួយសង្គមមានថេរដីកាថា ទោះបីជាច្បាប់ចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយសាសនាព្រះពុទ្ធផ្សារភ្ជាប់នឹងសង្គមក៏ដោយ ក៏ព្រះសង្ឃមិនអាចអនុវត្តសិទ្ធិសេរីភាពឱ្យបានពេញលេញនោះទេ ពីព្រោះស្ថាប័នសាសនាក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលរើសអើងនិន្នាការ ដោយប្រើវិធីអាក្រក់គ្រប់បែបយ៉ាងដើម្បីបំបិទសិទ្ធិសេរីភាព និងគំរាមកំហែងអ្នកណា ដែលឈឺឆ្អាលបញ្ហាសង្គម។ ព្រះតេជគុណ បូរ បេត ផ្តល់ឱវាទដល់លោក ហ៊ុន សែន ឲ្យបញ្ឈប់សាងអំពើបាបចំពោះពលរដ្ឋតទៅទៀត ហើយងាកមកបំពេញបុណ្យកុសល ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិវិញ។
ព្រះតេជព្រះគុណ បូរ បេត៖ «រឿងសិទ្ធិសេរីភាពមួយនេះមិនទាន់មាននៅឡើយទេ ចំពោះសាសនាមិនទាន់បើកទូលាយ មិនទាន់ឱ្យសាសនាហ្នឹងមានការរីកចម្រើនទៅតាមអ្វី ដែលព្រះសង្ឃនៅក្នុងប្រទេសកម្ពុជាចង់បាន អ្វីដែលប្រជាពលរដ្ឋខ្មែរចង់បានទេ គឺថា ព្រះសង្ឃរាល់ថ្ងៃមានហានិភ័យ ព្រះសង្ឃរាល់ថ្ងៃមានការភ័យព្រួយច្រើន ចំពោះរបបផ្តាច់ការលោក ហ៊ុន សែន ដែលបានដឹកនាំប្រទេស » ។
ស្រដៀងគ្នានេះដែរ អ្នកកាន់សាសនាឥស្លាមដែលកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ីដោយសារការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ គឺលោក សាដាត សាមាធិ ថ្លែងសារថា សន្តិភាពក្រោមការដឹកនាំរបស់លោក ហ៊ុន សែន គឺជាសន្តិភាពលើបបូរមាត់ ដើម្បីកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួន។ លោកឱ្យដឹងថា អ្នកកាន់សាសនាឥស្លាមត្រូវការសន្តិភាព សិទ្ធិសេរីភាព និងយុត្តិធម៌ពិតប្រាកដ ដើម្បីជួយជំរុញដល់ការរីកចម្រើនក្នុងសង្គម។ លោកឱ្យដឹងថាបច្ចុប្បន្នអ្នកកាន់សាសនាឥស្លាមមិនហ៊ានចេញមុខធ្វើសកម្មភាពការពារយុត្តិធម៌ទេ ដោយសាររដ្ឋាភិបាលគំរាមកំហែង និងតាមដានឥតស្រាកស្រាន្ត។
លោក សាដាត សាមាធិ៖ «បើសិនយើងអត់គាំទ្រ ហើយយើងចេញមុខគឺលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញអ្នកដែលកាន់សាសនា អ្នកគោរពសាសនាឥស្លាមនេះខ្លាំងណាស់ ដូច្នេះអ៊ីចឹងខ្ញុំហ៊ានចេញមុខប្រឆាំងដោយសារខ្ញុំត្រូវគេធ្វើបាបហូតមកដល់សព្វថ្ងៃនេះ។ ទង្វើសម្លាប់មនុស្ស រឹបអូសយកដីធ្លីផ្ទះសម្បែង ដែល ហ៊ុន សែន កំពុងបានបង្ហាញដល់សព្វថ្ងៃនេះមិនមែនសន្តិភាពទេ ហើយសាសនាឥស្លាមឱ្យប្រឆាំងជាដាច់ខាត មិនមែនឱ្យយើងនៅស្ងៀមទេ » ។
ចំណែកអ្នកកាន់សាសនាគ្រិស្ត ដែលកំពុងភៀសខ្លួននៅប្រទេសហ្វីលីពីនលោក នាវ ចំរើន រំឭកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាអ្នកនាំមកនូវសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋមានជំនឿលើសាសនាណាមួយ ដោយមិនមែនថ្ងៃ៧ មករារបស់លោក ហ៊ុន សែន នោះទេ។ លោកយល់ថាបច្ចុប្បន្ននេះការដឹកនាំបែបផ្ដាច់ការធ្វើបាបពលរដ្ឋទៅវិញទេ ដែលធ្វើឱ្យស្មារតីដើមនោះប្រឈមនឹងគ្រោះថ្នាក់ទៅថ្ងៃខាងមុន។ លោកថា ព្រះយេស៊ូគ្រិស្តបង្កើតឱ្យមនុស្សគ្រប់រូបមានសេរីភាព ប៉ុន្តែលោក ហ៊ុន សែន បានបិទសិទ្ធិសេរីភាពពលរដ្ឋគឺផ្ទុយនឹងជំនឿសាសនា។
លោក នាវ ចំរើន៖ «ខ្ញុំជឿលើព្រះយេស៊ូ ព្រះអង្គឱ្យស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ តែលោក ហ៊ុន សែន ធ្វើអាក្រក់ មិនមែនធ្វើល្អនោះទេ ហើយនិយាយបោកកុហកពួកគេ អត់មានទៅចូលរួមជាមួយលោក ហ៊ុន សែន ទេ !ត្រង់ហ្នឹងហើយ បានជា ហ៊ុន សែន មិនហ៊ានប្រកួតដោយត្រឹមត្រូវទេ គេហៅថា ប្រកួតបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌អាចទទួលយកបានទេ គឺបន្លំដោយគំរាមកំហែង » ។
រដ្ឋាភិបាលលោក ហ៊ុន សែន តែងតែបង្ក្រាបលើសិទ្ធិសេរីភាពរបស់ពលរដ្ឋណាក៏ដោយ ឱ្យតែហ៊ានបញ្ចេញមតិរិះគន់ មិនថា សែស្រឡាយរាជវង្ស បញ្ញវន្ត សកម្មជននយោបាយ ពលរដ្ឋសាមញ្ញ និងរហូតដល់ព្រះសង្ឃផង តែងតែទទួលរងការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាងដូចជាការចាប់ដាក់ពន្ធនាគារ ការបាញ់សម្លាប់ និងរត់ភៀសខ្លួនរស់នៅក្រៅប្រទេសបែកបាក់គ្រួសារជាដើម។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មើលឃើញថា រដ្ឋាភិបាលបានទទួលយកនូវសេរីភាពខាងជំនឿសាសនាធានាដោយច្បាប់ជាតិ និងអន្តរជាតិដែលពលរដ្ឋទាំងអស់មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ ប៉ុន្តែលោកកត់ស្គាល់ថាក្រុមសាសនិក ដែលមាននិន្នាការមិនស្របនឹងរដ្ឋាភិបាលនៅតែប្រឈមហានិភ័យដដែល ជាពិសេស ព្រះសង្ឃតែងតែរងការធ្វើទុក្ខបុកម្នេញ និងភៀសព្រះកាយដោយសារការអនុវត្តសិទ្ធិសេរីភាព។
លោក នី សុខា៖ «ដើម្បីរក្សាសន្តិភាពមិនត្រូវរំលោភសិទ្ធិទេ ពីព្រោះការរំលោភសិទ្ធិធ្វើឱ្យអសន្តិភាព ខ្ញុំលើកទឹកចិត្តថា រដ្ឋាភិបាល ដើម្បីរក្សាឱ្យបានសន្តិភាពទៅថ្ងៃអនាគតយូរអង្វែងសម្រាប់ប្រទេសជាតិនោះ រដ្ឋាភិបាលត្រូវខិតខំធ្វើយ៉ាងណាលើកកម្ពស់ការគោរពសិទ្ធិមនុស្សឱ្យបាននៅក្នុងប្រទេសរបស់យើង អាហ្នឹងយើងធានានូវសន្តិភាពបានទាំងអស់គ្នាបាទ » ។
កន្លងមកព្រះសង្ឃមួយចំនួនប្រឈមនូវការតាមយាយី និងការតាមចាប់ព្រះកាយ ដូចជា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះតេជព្រះគុណ លួន សុវ៉ាត ព្រះតេជព្រះគុណ ស៊ឹម សុវណ្ណឌី និងព្រះតេជព្រះគុណ នូ សុធា។ ចំណែកសង្ឃមួយចំនួនទៀត ដែលមិនបានភៀសព្រះកាយទៅក្រៅប្រទេសនោះ អាជ្ញាធរបានចាប់ផ្សឹក និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស។ ព្រះសង្ឃទាំងនោះបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គមការពារសិទ្ធិមនុស្ស មនុស្សធម៌ និងការពារធនធានធម្មជាតិ ដែលសហគមន៍ជាតិ និងអន្តរជាតិទទួលស្គាល់ទៀតផង។ ទោះបីជាយ៉ាងនេះក្ដី ព្រះអង្គនៅតែក្លាយជាគោលដៅនៃការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ និងបង្ខូចកេរ្តិ៍ឈ្មោះពីក្រុមអាជ្ញាធររបស់លោក ហ៊ុន សែន៕