មេ​ទ័ព​ជើង​គោក​អាមេរិក​ប្រចាំតំបន់​គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ខណៈ​មាន​ព័ត៌មាន​ថា ចិន​បញ្ជូន​នាវា ២គ្រឿង​ទៀត​មក​កម្ពុជា

0:00 / 0:00

មេ​បញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា USARPAC នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង និង​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។ មន្ត្រី​កំពូល​អាមេរិក​គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​ក៏​ស្រប​ពេល​មាន​ព័ត៌មាន​ថា ចិន (China) បាន​បញ្ជូន​នាវា ២គ្រឿង​បន្ថែម​ទៀត​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដែល​ជា​ទីតាំង​រង​ការ​ចោទ​ថា ជា​មូលដ្ឋាន​ឈរ​ជើង​សម្រាប់​យោធា​ចិន។ អ្នក​ជំនាញ​ថា ការណ៍​ដែល​កម្ពុជា​ផ្ដេកផ្ដួល​ទៅ​លើ​ចិន​កុម្មុយនិស្ត​តែ​ម្ខាង និង​មិន​បាន​គិតគូរ​ពី​ការ​រក្សា​តុល្យភាព​រវាង​ប្រទេស​មហា​អំណាច គឺ​ជា​ឧបសគ្គ​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ។

មេ​បញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក (USARPAC) នាយ​ឧត្ដមសេនីយ៍ រ៉ូណាល់ ភី ខ្លាក (Ronald P. Clark) នឹង​ដឹកនាំ​មន្ត្រី​ជំនាញ​មក​បំពេញ​ ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី២៤ ដល់​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ។ ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ​គឺ​ជា​ការ​ឆ្លើយតប​តាម​ការ​អញ្ជើញ​របស់​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នាយ​ឧត្ដមសេនីយ៍ ម៉ៅ សុផាន់។

កងទ័ពជើងគោក​នៃ​កងយោធពលខេមរភូមិន្ទ​ឱ្យ​ដឹង​ថា លោក រ៉ូណាល់ ខ្លាក នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក ម៉ៅ សុផាន់ ដើម្បី​ពិភាក្សា​ស៊ីជម្រៅ​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​ទ្វេភាគី និង​កសាង​ទំនុក​ចិត្ត និង​ការ​ជឿ​ជាក់​ក្នុង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ។ ក្រៅ​ពី​នេះ លោក រ៉ូណាល់ ខ្លាក ក៏​គ្រោង​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា និង​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​ស្វែងរក​ឱកាស​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​លើ​វិស័យ​ការពារ​ឡើងវិញ។

អ្នក​ឃ្លាំមើល​បញ្ហា​កម្ពុជា វាយតម្លៃ​ថា ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​ជើង​គោក​អាមេរិក​នៅ​កម្ពុជា ទំនង​ជា​អាមេរិក​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ស្ថានការណ៍​កាន់​តែ​តានតឹង និង​ការ​ពង្រីក​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា និង​ក្នុង​តំបន់។

អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា កិច្ច​ចរចា​ក្នុង​ការ​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​អាមេរិក គឺ​ស្ថិត​ក្នុង​កិច្ច​ចរចា​ការ​ទូត​តូច​ចង្អៀត ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​រង​សម្ពាធ​ជា​បន្តបន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ចិន​ដែល​ជា​ខ្នង​បង្អែក​របស់​ខ្លួន។ លោក គឹម សុខ បន្ថែម​ទៀត​ថា ភាព​គឃ្លើន​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដែល​ព្យាយាម​បង្កើន​សកម្មភាព​យោធា​ជាមួយ​ចិន​គឺ​ជា​ឧបសគ្គ​ធំ​ក្នុង​ការ​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​ឱ្យ​ល្អ​ប្រសើរ​ជាមួយ​អាមេរិក​ឡើងវិញ។

លោក គឹម សុខ៖«ប្រសិនបើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន បង្ហាញ​ភាព​ស៊ីជម្រៅ​កាន់​តែ​ខ្លាំង​ពេក​ជាមួយ​ភាគី​ចិន នៅ​ពេល​មាន​ការ​ជជែក​ផ្ទាល់​មាត់​ជាមួយ​អាមេរិក ក្នុង​លក្ខខណ្ឌ​ណាមួយ​ហើយ​ពេល​នោះ​សហរដ្ឋអាមេរិក​អាច​បញ្ជូន​មន្ត្រី​ជំនាញ​យោធា​របស់​ពួកគេ​មក​រម្លឹក​រដ្ឋាភិបាល​ត្រកូល​ជា​ថ្មី ថា ប្រសិនបើ​ហួស​ពី​ការ​ព្រមព្រៀង​គ្នា​ក្នុង​ក្របខ័ណ្ឌ​ការ​ទូត​យោធា​សម្ងាត់​នោះ​សហរដ្ឋអាមេរិក​អាច​នឹង​មាន​វិធានការ​ផ្សេងៗ​អាច​ចាប់ផ្ដើម​ពី​ការ​សង្កត់​ការ​ទូត សេដ្ឋកិច្ច​ពាណិជ្ជកម្ម បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន»។

ទោះ​យ៉ាងណា សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កងទ័ព​ជើងគោក​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ស្រប​ពេល​ខួប​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ជា​លើក​ទី​២ដែរ ដែល​មេបញ្ជាការ​កងទ័ព​ជើងគោក​សហរដ្ឋ​អាមេរិក​ប្រចាំ​ប៉ាស៊ីហ្វិក មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ លើក​ទី១ គឺ​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ វ៉ឺនសេន ប្រ៊ុក (Vincent Brooks) កាលពី​ឆ្នាំ​២០១៤។

ស្រប​ពេល​ដែល​មាន​ដំណើរ​ទស្សនកិច្ច​របស់​មេបញ្ជាការ​កងទ័ពជើងគោក​សហអាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក លោក រ៉ូណាល់ ខ្លាក មក​កម្ពុជា រដ្ឋាភិបាល​ចិន​ទំនង​ជា​បាន​បញ្ជូន​នាវា​ចម្បាំង ២គ្រឿង​ទៀត​មក​កាន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម។ រូបភាព​ផ្កាយ​រណប​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​បង្ហាញ​ថា នាវា​ចម្បាំង​ទាំង ២ គ្រឿង​បន្ថែម​ទៀត​ត្រូវ​បាន​គេ​មើល​ឃើញ​កាល​ពី​ថ្ងៃ​ទី១៧ ខែកុម្ភៈ។ នាវា​ទាំង​ពីរ​គ្រឿង​នេះ បាន​ចូល​ចត​នៅ​កំពង់ផែ​ថ្មី​ដែល​ចិន​បាន​ស្ថាបនា​ក្នុង​មូលដ្ឋានទ័ព​រាម នៅ​ទល់​មុខ​គ្នា​នឹង​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​ទៀត​ដែល​បាន​ចត​នៅ​ទីនោះ​តាំង​ពី​ចុង​ឆ្នាំ២០២៣។

ប្រភព​មួយ​ចំនួន​បាន​ប្រាប់​វិទ្យុអាស៊ីសេរី​កាល​ពី​ឆ្នាំ​មុន​ថា ចិន​នឹង​ប្រគល់​គ្រឿង​បរិក្ខារ​ថ្មីៗ​ជា​ច្រើន​នៅ​ឯ​មូលដ្ឋានទ័ព​រាម បូក​រួម​ទាំង​កំពង់ផែ និង​នាវា​ចម្បាំង ២ គ្រឿង​ ដល់​កម្ពុជា។ ដោយឡែក ការ​មក​ដល់​នៃ​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​ទៀត​នៅ​ពេល​នេះ​គេ​អាច​បញ្ជាក់​ថា ការ​ផ្ទេរ​នាវា​ចម្បាំង​ពីរ​គ្រឿង​ផ្ដល់​ឱ្យ​កម្ពុជា​នឹង​ជិត​មក​ដល់​ហើយ។

អត្ថបទដែលទាក់ទង៖

ចិន​បញ្ជូន​នាវា​ចម្បាំង​ពីរ​គ្រឿង​ទៀត​មក​កាន់​មូលដ្ឋាន​ទ័ព​រាមOpens in new window ]

អាមេរិក និង​កម្ពុជា ពិនិត្យ​មើល​ឱកាស​ស្ដារ​ទំនាក់ទំនង និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិOpens in new window ]

នាវា​ចម្បាំង​អាមេរិក​​ចូល​ចត​នៅ​កម្ពុជា ក្រោយ​ខកខាន ៨ ឆ្នាំOpens in new window ]

លោក ហ៊ុន សែន ចាត់​ទុក​ការ​ចូល​ចត​នាវា​ចម្បាំង​អាមេរិក​នៅ​កំពង់ផែ​ស្វយ័ត​ខេត្តព្រះសីហនុ គឺ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ការពារ​ជាតិOpens in new window ]

វិទ្យុអាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាត ដើម្បី​សាកសួរ​អំពី​រឿង​នេះ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយតប​នៅ​ឡើយ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

កាល​ពី​ចុងឆ្នាំ២០២៤ អាមេរិក​បាន​បញ្ជូន​នាវា​ចម្បាំង​កងទ័ពជើងទឹក​អាមេរិក យូអេសអេស សាវាណាហ៍ (USS Savannah) ឬ (LCS-28) ដែល​មាន​កងនាវិក​ចំនួន ១០៣នាក់ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​កំពង់ផែ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ឡើយ។ ជំនួប​ក្នុង​ការ​ចរចា​រវាង​ក្រុម​មន្ត្រី​យោធា​កំពូលៗ​អាមេរិក​ជាមួយ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​កើត​ឡើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​អតីត​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក ឡយ អូស្ទីន (Lloyd Austin) មក​កម្ពុជា​កាល​ពី​ខែមិថុនា ឆ្នាំ២០២៤ ផ្ដួចផ្ដើម​ឱ្យ​មាន​កិច្ច​ចរចា​ការ​ទូត ដើម្បី​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​យោធា​ឡើងវិញ។

ក្រោយ​នាវា​ចម្បាំង​កងទ័ពជើងទឹក​អាមេរិក យូអេសអេស សាវាណាហ៍ បាន​ចាក​ចេញ​ពី​កម្ពុជា ក្នុង​ជំនួប​រវាង​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​លោក វង្ស ពិសេន ជាមួយ​នាយការិយាល័យ​អនុព័ន្ធ​យោធា​ថ្មី​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ប្រចាំ​កម្ពុជា​លោក ស៊ឹង តាជឺ (SHENG DAZHI) កាល​ពី​ខែមករា ភាគី​កម្ពុជា​បាន​ស្នើ​ឱ្យ​ចិន​ជំរុញ​បន្ថែម​លើ​កិច្ច​សហប្រតិបត្តិការ​យោធា និង​ប្រុង​ប្រៀប​រៀបចំ​ផែនការ​ធ្វើ​សមយុទ្ធ​នាគ​មាស​ឆ្នាំ២០២៥ ឱ្យ​មាន​ទំហំ​កាន់​តែ​ធំ មាន​ខ្លឹមសារ​កាន់​តែ​ស៊ី​ជម្រៅ ចំនួន​យោធិន និង​គ្រឿង​សព្វាវុធ​ចូលរួម​កាន់​តែ​ច្រើន និង​ទំនើប​ជាង​ឆ្នាំ​មុនៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។