មន្ត្រីរាជការ និង​ពលរដ្ឋ​មួយ​ចំនួន លើកឡើង​ថា ការ​បង្កក​ជំនួយ​អាមេរិក នឹង​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍

0:00 / 0:00

មន្ត្រីរាជការ និង​ពលរដ្ឋ​មួយ​ចំនួន កំពុង​ព្រួយ​បារម្ភ ពី​ការ​ផ្ដាច់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក នឹង​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍ ជាពិសេស លើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ជា​ដើម។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្នើ​សុំ​បន្ត​ជំនួយ​ឡើង​វិញ ព្រោះ​វិស័យ​សំខាន់ៗ មួយ​ចំនួន មិន​អាច​ពឹង​ផ្អែក​ទៅ​លើ​ថវិកា​ជាតិ​ទាំង​ស្រុង​បាន​នោះ​ទេ។

ខណៈ​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​បារម្ភ​ពី​រឿង​សេដ្ឋកិច្ច​កំពុង​ជួប​វិបត្តិ និង​ការ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ពី​សំណាក់​សហភាព​អឺរ៉ុប​នោះ ពេល​នេះ ពួកគាត់​បាន​ជួប​នឹង​ក្ដី​បារម្ភ​មួយទៀត គឺ​បញ្ហា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក។

គ្រូបង្រៀន​នៅ​វិទ្យាល័យ​គិរីវង្ស ខេត្ត​តាកែវ លោក ហង្ស វ៉ាន់ឌី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣០ ខែ​មករា ថា ជំនួយ​របស់​សហរដ្ឋអាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​វិស័យ​អប់រំ ដូចជា​ការ​ពង្រឹង​សមត្ថភាព​អំណាន បំណិន អប់រំ​បរិស្ថាន និង​សុខភាព​នៅ​តាម​សាលារៀន និង​បរិក្ខារ​នៅ​ក្នុង​សាលា​ជាដើម។ គ្រូបង្រៀន​រូប​នេះ បារម្ភ​ថា ប្រសិនបើ​អាមេរិក ផ្ដាច់​ជំនួយ​កាន់តែ​យូរ នោះ​នឹង​ធ្វើ​ឱ្យ​វិស័យ​អប់រំ​នៅ​តាម​សាលារៀន​នៅ​ក្នុង​មូលដ្ឋាន ទទួល​រង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង។

លោក ហង្ស វ៉ាន់ឌី៖«និយាយរួម​រដ្ឋាភិបាល គួរ​មាន​យន្តការ​ជាបន្ទាន់ ហើយ​យើង​លើក​ឡើង​អំពី​សក្ខីកម្ម​ណា ដែល​ចាំបាច់​បំផុត​ជា​លក្ខណៈ​ការទូត ដើម្បី​ឱ្យ​គេ​វិល​ត្រឡប់​មក​ផ្ដល់​ជំនួយ​ឱ្យ​យើង​វិញ ព្រោះ​វា​ប៉ះពាល់​ច្រើន​ណាស់។ វិស័យ​របស់​រដ្ឋ​យើង​ប៉ះពាល់​ច្រើន​ផ្នែក ដូចជា សុខាភិបាល កសិកម្ម អប់រំ​ផ្សេងៗ»។

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រកាស​ពី​ការ​អនុវត្តន៍ ការ​ផ្អាក​ជំនួយ​បរទេស​ស្ទើរតែ​ទាំង​អស់ របស់​សហរដ្ឋ​អាមេរិក ដែល​ផ្ដល់​តាម​មូលនិធិ ឬ​តាម​ក្រសួង​ការបរទេស និង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ក្នុង​រយៈ​ពេល ៩០ថ្ងៃ ក្នុង​នោះ​រួមមាន ជំនួយ​មក​កម្ពុជា​ផង​ដែរ ដោយ​អនុលោម​តាម​បញ្ជា​ប្រតិបត្តិ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ(Donald Trump) ស្ដីពី​ការ​កែតម្រូវ​ឡើង​វិញ នូវ​ជំនួយ​បរទេស របស់​សហរដ្ឋ​អាមេរិក។

ក្រសួង​ការ​បរទេស​អាមេរិក​បញ្ជាក់​ថា នេះ​ជា​ដំណើរការ​ពិនិត្យ​ឡើង​វិញ នូវ​ជំនួយ​បរទេស​ទាំង​អស់ ដើម្បី​ធានា​ថា ជំនួយ​នោះ​មាន​ប្រសិទ្ធភាព និង​ស្រប​តាម​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក ក្រោម​របៀប​វារៈ «អាមេរិកទី១» (American first)។

ការ​សម្រេច​ផ្អាក​ជំនួយ​នៅ​ក្នុង​អាណត្តិ​របស់​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល សារព័ត៌មាន​ឯករាជ្យ និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ដែល​ទទួល​បាន​ជំនួយ​តាម​រយៈ USAID រហូត​មាន​ស្ថាប័ន​ខ្លះ គ្រោង​នឹង​កាត់​បន្ថយ​បុគ្គលិក និង​លុបចោល​គម្រោង​មួយ​ចំនួន។ ជា​ឧទាហរណ៍ បុគ្គលិក​អាជ្ញាធរ​មីន​កម្ពុជា​ជាង ១ពាន់​នាក់ អាច​ប្រឈម​អត់​ការងារ​ធ្វើ ចំណែក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ក៏​គ្រោង​កាត់​ប្រាក់​បៀវត្សរ៍​បុគ្គល ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់ និង​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ទៀត​ផង។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ស្រុកកែវសីមា ខេត្តមណ្ឌលគីរី លោក ដាវ សិ សោកស្ដាយ ដែល​អាមេរិក​ផ្ដាច់​ជំនួយ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ។ លោក​លើក​ឡើង​ថា នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​របស់​លោក ត្រូវការ​ជំនួយ​របស់ USAID ជា​ចាំបាច់ សម្រាប់​អភិវឌ្ឍ​នៅ​ក្នុង​សហគមន៍ ដូចជា ទៅ​លើ​ផ្នែក​អប់រំ ច្បាប់ សិទ្ធិមនុស្ស បច្ចេកទេស​កសិកម្ម និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ជា​ដើម។

លោក ដាវ សិ៖«មាន​ទាំង​ផ្សព្វផ្សាយ​សិទ្ធិមនុស្ស មាន​ទាំង​ការពារ​សត្វព្រៃ ព្រៃឈើ កសិកម្ម​ស្វាយចន្ទី ស្រូវ។ មាន​ច្រើន ដូចជា​អណ្ដូងទឹក និង​ដាក់​អំពូល​តាម​សាលា និង​តាម​ផ្លូវ​ជាដើម»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣០ ខែមករា។

ប៉ុន្តែ លោក សុខ ឥសាន្ត បាន​បញ្ជាក់​នៅ​ក្នុង​មហាសន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៦ ខែមករា ដោយ​បញ្ជាក់​ពី​គោលជំហរ​របស់​បក្ស​កាន់អំណាច​ដែល​ថា «កម្ពុជា​មិន​ត្រូវការ​ជំនួយ​ណា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា​នោះ» គឺ​មិនមែន​ជា​ប្រតិកម្ម​ឆ្លើយតប​ទៅ​នឹង​ការ​ផ្អាក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ជុំវិញ​ពិភពលោក​នោះ​ឡើយ។

ចំណែក​លោក ប៉ែន បូណា បាន​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) កាល​ពី​ថ្ងៃ​ទី២៩ ខែមករា ថា ការ​បង្កក​ជំនួយ​ថវិកា​តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) នេះ​មិន​ប៉ះពាល់​ដល់​កិច្ចការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

ទោះជា​បែបនេះ​ក្ដី អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការសិក្សា​ស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញ​ថា កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​របស់​អាមេរិក ទាំង​ក្នុង​វិស័យ​ឯកជន និង​រដ្ឋ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍។ លោក សេក សុជាតិ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ពិចារណា​រៀបចំ​ចក្ខុវិស័យ ក្នុង​ការ​ចរចា​ជាមួយ​រដ្ឋការ​អាមេរិក ដើម្បី​ស្នើ​សុំ​ជំនួយ​រយៈ​ពេល​វែង​បន្ត​ទៀត។

លោក សេក សុជាតិ៖«ដូច្នេះ​វា​ជា​ចំណុច​មួយ ដែល​មាន​លក្ខណៈ​រសើប ចំពោះ​ប្រទេស​ទាំង​ឡាយ​ណា ដែល​ធ្វើការ​ដោយ​មិន​ឈរ​ទៅ​លើ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស មិន​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ដោយ​ផ្ទាល់ ជាមួយ​សហរដ្ឋ​អាមេរិក​ជាដើម។ ដូច្នេះ​នេះ​គឺ​សញ្ញា​មួយ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​គំនិត​របស់​សហរដ្ឋ​អាមេរិក នៅ​ការ​ផ្ដល់​នូវ​គុណ​តម្លៃ​ទៅ​ឱ្យ​ដៃគូ​ទាំងឡាយ ដែល​ចាប់​ជា​ដៃគូ​របស់​សហរដ្ឋ​អាមេរិក»។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែតុលា ឆ្នាំ២០២៤ នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) អ្នកស្រី សាមែនថា ផៅវ័រ (Samantha Power) បាន​ប្រកាស​ពី​ការ​ផ្ដល់​ជំនួយ​ជាង ៥០លានដុល្លារ​សម្រាប់​ការអភិវឌ្ឍន៍​កម្ពុជា​ក្នុង​នោះ មាន​ទឹកប្រាក់​ចំនួន ៦លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​គាំទ្រ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ ក្នុង​រយៈពេល​ជាង ៣០ឆ្នាំ​មកនេះ សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ជាង ៣ពាន់លានដុល្លារ ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្ដូរ​ឥរិយាបថ​នយោបាយ និង​កា​ដឹកនាំ ហើយ​ងាក​មក​ចរចា​ជាមួយ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្នើសុំ​ផ្ដល់​ជំនួយ​បន្ត​ទៀត ដោយ​ពួកគាត់​លើកឡើង​ថា កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​របស់​អាមេរិក ពីព្រោះ​កម្ពុជា​មិនទាន់​ក្លាយ​ជា​ប្រទេស​អ្នកមាន​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។