ក្រុម​យុវជន​រិះគន់ លោក ហ៊ុន ម៉ានី ថា បង្កើត​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បន្លំ​កុំ​ឱ្យ​យុវជន​ចាប់​អារម្មណ៍​បញ្ហា​សង្គម

0:00 / 0:00

ក្រុម​យុវជន​រិះគន់​លោក ហ៊ុន ម៉ានី រឿង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ថ្មី​ទៀត​ថា ជា​ការ​ខ្ជះខ្ជាយ​លុយ​ជាតិ ដើម្បី​តែ​លើក​មុខ​មាត់​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន» និង​បក្ខពួក ខណៈ​ពលរដ្ឋ​មួយ​ចំនួន​ក្រីក្រ​ស្ទើរតែ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន។ ពួកគាត់​ចាត់​ទុក​ការ​ព្យាយាម​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​របស់​ក្រុម​គ្រួសារ ត្រកូល«ហ៊ុន»នេះ​ជា​ការ​ព្យាយាម​បង្វែរ​ស្ថានការណ៍​ដើម្បី​ឱ្យ​ពលរដ្ឋ​មើល​មក​ថា ក្រោម​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល«ហ៊ុន»​ពិត​ជា​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​សម្បូរសប្បាយ។

ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក កសិករ​គ្មាន​ទឹក​ធ្វើ​ស្រែ កសិផល​គ្មាន​ទីផ្សារ បញ្ហា​ពលរដ្ឋ​ចំណាកស្រុក និង​អំពើ​ឧក្រិដ្ឋជន​រកស៊ី​ឆបោក​តាម​អនឡាញ កំពុង​កើត​ឡើង​ស្ទើរ​ទូទាំង​ប្រទេស​រដ្ឋាភិបាល​ដោះស្រាយ​មិន​ទាន់​បាន រដ្ឋាភិបាល​កំពុង​រិះ​រក​មធ្យោបាយ​បង្កើត​កម្មវិធី​សប្បាយៗ​ដែល​មើល​ទៅ​ហាក់​ជា​ការ​ព្យាយាម​បំភាន់​ភ្នែក​ពលរដ្ឋ​ឱ្យ​មើល​ឃើញ​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា ក្នុង​នោះ​ក៏​មាន​ការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​នៅ​ខេត្ត​សៀមរាប​នៅ​ពេល​ខាង​មុខ​នេះ ដែល​ដឹក​នាំ​ដោយ​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​ លោក ហ៊ុន ម៉ានី

«កម្មវិធី​អង្គរ​សង្រ្កាន្ត​ជា​រឿង​ឥត​ប្រយោជន៍ និង​ជា​ការ​ពង្វក់​ខួរ​ក្បាល​យុវជន»

យុវជន​រស់នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ឃ្លោក លាភ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៩ ខែមីនា ថា ការ​រៀបចំ​កម្មវិធី​អង្គរ​សង្រ្កាន្ត​របស់​លោក ហ៊ុន ម៉ានី គឺជា​រឿង​ឥត​ប្រយោជន៍ និង​ជា​ការ​ពង្វក់​ខួរ​ក្បាល​យុវជន​ឱ្យ​ដឹង​គុណ​ការ​ដឹក​នាំ​របស់​ឪពុក​របស់​លោក ខណៈ​ពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ។ លោក​សង្កេត​ឃើញ​ថា កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដើរ​តួនាទី​ជា​អ្នក​កៀរគរ​យុវជន​ឱ្យ​ងប់ងុល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ស្របពេល​ដែល​ឪពុក​របស់​លោក​ប្រើ​អំពើ​ហិង្សា និង​គំរាមកំហែង​គ្រប់​រូបភាព​ទៅ​លើ​អ្នក​ដែល​ហ៊ាន​រិះគន់​ការ​ដឹកនាំ​របស់​ក្រុម​គ្រួសារ​ហ៊ុន។

លោក ឃ្លោក លាភ៖«គេ​ដើរ​ដល់​ណា​ហើយ​យើង​បែរជា​ធ្វើ​អន្សម​យក្ស​បង្អួត​គេ ធ្វើ​ជា​រូប​បេះដូង​បង្អួត​គេ​ហើយ​បំបែក​ឯកត្តកម្ម​ថា ខ្មែរ​អស្ចារ្យ​មិន​មែន​អស្ចារ្យ​ទេ ខ្មែរ​អស្ចារ្យ​គឺ​ខ្មែរ​អ្នក​សាង​អង្គរ​យើង​មើល​ពូជ​ខ្មែរ​ពូជ​អង្គរ។ បើ​ខ្មែរ​អស្ចារ្យ​រឿង​អន្សម​យក្ស រឿង​បេះដូង​វា​គួរ​ឱ្យ​អាម៉ាស់​ខ្មាស​គេ​មែនទែន។ លោក ហ៊ុន ម៉ានី ធ្វើ​ព្រឹត្តិការណ៍​គ្រាន់តែ​បន្លប់​ទេ​ហើយ​បរាជ័យ​ច្រើន​ណាស់​គ្រាន់តែ​រឿង​បង្កើត​ព្រឹត្តិការណ៍​សាទរ​កម្ពុជា​ថា កម្ពុជា​ពិត​ជា​អស្ចារ្យ​មហាលោតផ្លោះ​រហូត​បណ្តែតបណ្តោយ​ឱ្យ​ឆេះ​រូប​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ»។

ចំណែក​ឯ​សកម្មជន​បរិស្ថាន និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​អ្នកនាង លឹម គឹមស័រ ថ្លែង​ថា ព្រឹត្តិការណ៍​ដែល​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឬ​ក្រុម​យុវជន ស.ស.យ.ក របស់​លោក ហ៊ុន ម៉ានី បង្កើត​នេះ​គឺជា​ការ​បង្ហាញ​ថា កម្ពុជា​មាន​សុខ​សន្តិភាព ប៉ុន្តែ​រូបភាព​នេះ​មិន​អាច​លាក់បាំង​បញ្ហា​អសន្តិសុខ​ដែល​កំពុង​កើត​មាន​បាន​នោះ​ទេ។ អ្នកនាង​បន្ត​ថា ស្ថាប័ន​ស.ស.យ.ក នេះ​ហាក់​កំពុង​ដើរ​តួនាទី​ជំនួស​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ក្នុង​ស្ថាប័ន​រដ្ឋ ដែល​ធ្វើ​ឱ្យ​ក្រសួង​មួយ​ចំនួន​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន។

អ្នកនាង លឹម គឹមស័រ៖«ចំណាយ​លុយ​ច្រើន​ទៅ​លើ​ព្រឹត្តិការណ៍​អ្វី​មួយ​ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​ជំពាក់​បំណុល​ធនាគារ​អ៊ីចឹង​ប្រជាជន​ត្រូវ​សិក្សា​រឿង​ហ្នឹង​ត្រូវ​ហ៊ាន​បញ្ចេញមតិ ហ៊ាន​សម្ដែង​មតិ​ឱ្យ​រដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​ដែល​ពាក់ព័ន្ធ​ហ្នឹង​ជួយ​ទៅ​ដល់​ពួកគាត់​ផង​អ៊ីចឹង​លុយ​ដែល​ចំណាយ​ទៅ​លើ​ការ​រៀបចំ​ហ្នឹង​គឺជា​លុយ​មួយ​ផ្នែក​ប៉ុន្តែ​គួរតែ​សម្រួល​ទៅ​ដល់​ប្រជាជន​ដែល​គាត់​កំពុង​តែ​រងគ្រោះ​ដោយសារតែ​បញ្ហា​ជាប់​បំណុល ដោយសារ​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ»។

ការ​រិះគន់​របស់​ក្រុម​យុវជន​ទាំងនេះ ធ្វើឡើង​ក្រោយ​រដ្ឋមន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គឺ​លោក ហ៊ុន ម៉ានី នៅ​ថ្ងៃ​ទី៩ ខែមីនា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ២០២៥ នៅ​ខេត្ត​សៀមរាប ក្រោម​ប្រធាន​បទ«ញញឹម​សាទរ​សង្រ្កាន្ត​ឆ្នាំ​ថ្មី» និង​ធ្វើ​ពិធី​ក្រុងពាលី​ដើម្បី​រៀបចំ​សាងសង់​រោង​នានា​នៅ​ក្នុង​ប្រាសាទ​អង្គរវត្ត។ លោក ហ៊ុន ម៉ានី អះអាង​ថា ការ​ធ្វើ​អង្គរ​សង្រ្កាន្ត នេះ​គឺ​ដើម្បី​លើក​យក​នូវ​កេរដំណែល​អរិយធម៌ វប្បធម៌ ទំនៀម​ទម្លាប់ និង​ស្នាដៃ​របស់​បុព្វ​បុរស​ខ្មែរ​មក​តាំង​បង្ហាញ​ចាប់​ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃ​ទី១៦ ខែមេសា។

លោក ហ៊ុន ម៉ានី ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់

ក្នុង​ពិធី​អង្គរ​សង្រ្កាន្ត​នា​ឆ្នាំ​កន្លងៗ​ទៅ លោក ហ៊ុន ម៉ានី ធ្លាប់​បាន​កៀរគរ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ធ្វើ​នំអន្សម​យក្ស​ធំ​ជាង​គេ​លើ​ពិភពលោក ធ្វើ​ទូកង​ប្រវែង​វែង​ជាងគេ ត្បាញ​ក្រមា​វែង​ជាងគេ​ក្នុង​លោក និង​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក​ខាង​បត់​បេះដូង​ក្រដាស​ដ៏​ច្រើន​បំផុត​រហូតដល់​ទៅ​ជិត​៤លាន ដែល​នេះ​គឺជា​ការ​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ លើស​ពី​នេះ លោក ហ៊ុន ម៉ានី ផ្ដល់​តួនាទី និង​លាភសក្ការៈ ដល់​យុវជន​ដើម្បី​ទាក់ទាញ​ចិត្ត​ឱ្យ​ពួក​គេ​ព្រម​ចូល​បំរើ​គណបក្ស​ប្រជាជន​កម្ពុជា។

អត្ថបទ​ដែលទាក់ទង៖

ទិដ្ឋភាព​ទូទៅ​ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក្នុង​តំបន់​អង្គរ​ខេត្ត​សៀមរាបOpens in new window ]

ក្រុម​យុវជន​រិះគន់​ការ​រៀបចំ​បត់ក្រដាស និង​រាំម៉ាឌីហ្សូន​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោកOpens in new window ]

ប្រវត្តិ​កូនប្រុស​ពៅ លោក ហ៊ុន សែន «ហ៊ុន ម៉ានី មាន​ប្រវត្តិ​អាស្រូវ​ស្នេហា និង​ហិង្សា​ផ្លូវ​ភេទ»Opens in new window ]

ជុំវិញ​រឿង​នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ មាន​ប្រសាសន៍​ថា ការណ៍​ដែល​កូនប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ប្រើ​យុទ្ធសាស្ត្រ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​នៅ​ក្នុង​សង្គម គឺ​ដើម្បី​លុប​បញ្ហា​នយោបាយ និង​វិបត្តិ​សង្គម​ដែល​បង្ក​ឡើង​ដោយ​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន»។ លោក​បន្ត​ថា គ្រួសារ​ត្រកូល «ហ៊ុន» គួរតែ​យក​លុយ​ដែល​ចំណាយ​ឥត​ប្រយោជន៍​ទៅ​ដោះស្រាយ​បញ្ហា​ឱ្យ​ពលរដ្ឋ​ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ពួកគាត់​ប្រសើរ​ជាង​យក​លុយ​ជាតិ​មក​ចំណាយ​ខ្ជះខ្ជាយ។

លោក គឹម សុខ៖«ការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ទាំងអស់​ហ្នឹង​គឺ​គ្រាន់តែ​បញ្ជោត​ភ្នែក​ពលរដ្ឋ​មួយ​គ្រាៗ​តែ​ប៉ុណ្ណោះ​មិន​អាច​បិទ​បាំង​ការពារ​ពិត​នៃ​ការ​ដឹកនាំ​ច្របូកច្របល់​ធ្វើ​ឱ្យ​ជាតិ​ក្រហល់​ក្រហាយ​ក្រីក្រ​លំបាក​នោះ​ទេ ហើយ​មែនទែន​ពលរដ្ឋ​ដឹង​ទាំងអស់​គ្រាន់​តែង​រង់ចាំ​ពេល​វេលា​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ត្រកូល«ហ៊ុន»ហ្នឹង​វិញ​ដើម្បី​ស្ថាបនា​ជាតិ​ឡើង​វិញ»។

ជា​រឿយៗ​លោក ហ៊ុន ម៉ានី តែង​សរសេរ​ពី​ការ​ដឹកនាំ​របស់​ឪពុក​ថា បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​បុព្វ​ហេតុ​ជាតិ ហើយ​ក្រុម​យុវជន​ស.ស.យ.ក មួយ​ចំនួន​ធំ​ដែល​នៅ​តាម​ហែហម និង​បម្រើ​ការងារ​ឱ្យ​លោក ហ៊ុន ម៉ានី ក៏​បង្ហាញ​ការ ប្ដេជ្ញាចិត្ត​ការពារ​អ្វី​មួយ​ដែល​លោក​ហៅ​ថា សន្តិភាព​ផង​ដែរ។ ក៏ប៉ុន្តែ​ការពិត​នៅ​ពីក្រោយ «សន្តិភាព» ក្រោម​ការ​ដឹក​នាំ​របស់​គ្រួសារ​ត្រកូល​«ហ៊ុន»គឺ​ពោរពេញ​ទៅ​ដោយ​អំពើ​ហិង្សា ការ​គំរាម​សម្លាប់ ការ​ចាប់​ដាក់​គុក ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​រាប់មិនអស់​ទៅលើ​ក្រុម​អ្នក​រិះគន់ អ្នក​នយោបាយ​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។