ក្រុម​យុវជន​ទាមទារ​តុលាការ​​ឱ្យ​ដោះលែង​អតីត​ចៅ​សង្កាត់​រង​ទី២ ដែល​ជា​យុវជន​បក្ស​ភ្លើង​ទៀននៅ​ខេត្ត​សៀមរាប

0:00 / 0:00

ក្រុម​យុវជន​រស់​នៅ​ខេត្ត​សៀមរាប​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អតីត​ចៅ​សង្កាត់​រង​ទី២ នៃ​សង្កាត់​សាលា​កំរើក លោក នង ធារ៉ា មក​ពី​គណបក្ស​ភ្លើង​ទៀន ព្រម​ទាំង​សកម្មជន​គណបក្ស​ប្រឆាំង ៣រូប​ទៀត ដែល​ជា​យុវជន​ពេញ​កម្លាំង​កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​សៀមរាប។

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ពួកគេ​បាន​ទៅ​សួរ​សុខ​ទុក្ខ សកម្មជន​បក្ស​ប្រឆាំង​ទាំង​នេះ​ ក្នុង​ពន្ធនាគារ​កាល​ពី​ពេល​ថ្មីៗ នេះ។

ការចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង «ជា​ការ​បំបាក់​ស្មារតី»

ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​ចាត់​ទុក ការ​ឃុំខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង ដែល​សុទ្ធ​សឹង ជា​យុវជន​ពេញ​កម្លាំង​ទាំង​នេះ​ថា ជា​រឿង​អយុត្តិធម៌ បំបាក់​ស្មារតី​ពួកគាត់​ឱ្យ​បាត់​ឱកាស ​ជួយ​ពលរដ្ឋ​រង​គ្រោះ និង​បាត់​ឱកាស​ចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន ក្នុង​នាម​ជា​ចៅ​សង្កាត់​រង ក្នុង​ក្រុង​សៀមរាប។

យុវតី​រស់​នៅ​ខេត្ត​សៀមរាប​ដែល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់ឃុំ​គឺ​កញ្ញា ចាន់ ម៉ីម៉ី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី ២៦ កុម្ភៈ​ថា បច្ចុប្បន្ន​លោក នង ធារ៉ា នៅតែ​មាន​ជំហរ​រឹងមាំ​ ក៏ប៉ុន្តែ​ទឹក​មុខ​ស្លេកស្លាំង​បន្តិច​ដោយសារ​ដេក​មិន​គ្រប់គ្រាន់។

កញ្ញា​បន្ថែម​ថា យុវជន​រូប​នេះ​ប្រាប់​កញ្ញា​ថា លោក​មិន​បោះបង់​ការងារ​ជួយ​សង្គមជាតិ​នោះ​ឡើយ និង​ចង់​មាន​សេរីភាព ដើម្បី​បម្រើ​ពលរដ្ឋ​ក្នុង​សង្កាត់​សាលា​កំរើក​ឡើង​វិញ។ កញ្ញា​ទទូច​ដល់​តុលាការ​ឱ្យ​ដោះលែង​លោក នង ធារ៉ា និង​សកម្មជន​នយោបាយ​ផ្សេង​ទៀត ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ពួក​គាត់​បញ្ចេញ​សមត្ថភាព​ជួយ​សង្គម​ជាតិ​ថ្នាក់​មូលដ្ឋាន។

កញ្ញា ចាន់ មីមី៖«ស្មារតី​នៃ​ការ​ស្រឡាញ់​របស់​គាត់​ ទាំង​ប្រទេសជាតិ​ចង់​ចូល​រួម​ការពារ​ប្រទេសជាតិ គឺ​នៅ​តែ​មាន​ភាព​ខ្លាំងក្លា​ដដែល ថ្វី​ត្បិត​តែ​គាត់​នៅ​ទី​កន្លែង​មិន​មាន​សេរីភាព​ក៏​ពិត​មែន​ពី​ព្រោះ​ឆន្ទៈ​និង​ការ​ស្រឡាញ់​របស់​គាត់ គឺ​នៅ​តែ​ដដែល ហើយ​អ្វី​ដែល​​គាត់​ចង់​បាន​គឺ​មិនមែន​ទាមទារ​ប្រាក់​កាក់​អ្វី​ទេ អ្វី​គាត់​ចង់​បាន​គ្រាន់​តែ​សៀវភៅ»។

កាល​ពី​ថ្ងៃ​ទី២១ មករា ឆ្នាំ២០២៥ តុលាការ​ខេត្ត​សៀមរាប​បាន​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​ប្រឆាំង ៣នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១៨លាន​រៀល អំពី​បទ «គំរាម​កំហែង និង​គំរាម​កំហែង​ដោយ​មាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វី​មួយ»។

សកម្មជន​គណបក្ស​ប្រឆាំង​ដែល​តុលាការ​ផ្ដន្ទាទោស​នោះ​រួមមាន លោក ព្រហ្ម សុព្រឹក្ស លោក នង ធារ៉ា និង​លោក អាំង សុផារិទ្ធ ដែល​ពួក​គាត់​មាន​ងារ​ជា​ចៅ​សង្កាត់​រង​ជាប់​ឆ្នោត​នៃ​គណបក្ស​ភ្លើង​ទៀន ក្នុង​ក្រុង​សៀមរាប។ លោក ព្រហ្ម សុព្រឹក្ស ជា​ចៅ​សង្កាត់​រង​ទី២ នៃ​សង្កាត់ជ្រាវ ឯ​លោក នង ធារ៉ា ជា​ចៅ​សង្កាត់​រង​ទី២ នៃ​សង្កាត់​សាលា​កំរើក ហើយ​លោក អាំង សុផារិទ្ធ ជា​ចៅ​សង្កាត់​រង​ទី២ នៃ​សង្កាត់ទឹកវិល។ ក្រោយ​ពី​តុលាការ​ផ្ដន្ទាទោស ​ពួក​គាត់​បាន​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​បាត់ដំបង​រួច​ហើយ។

ចំណែក សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត រស់​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប លោក វ៉ា ឃីម ក៏​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ មុន​ពួកគាត់​រយៈ​ពេល​មួយ​ខែ​ដែរ ក្នុង​សំណុំ​រឿង​តែ​មួយ។

យុវជន​រស់​នៅ​ខេត្ត​សៀមរាប លោក អួន វណ្ណៈ យល់​ថា សំណុំ​រឿង​នេះ ជា​រឿង​ខាតបង់​ប្រយោជន៍​សង្គមជាតិ ខណៈ​យុវជន​ទាំង​នេះ​មាន​សមត្ថភាព និង​ឆន្ទៈ​ស្មោះត្រង់​ចំពោះ​ជាតិ ដែល​តែងតែ​ឈឺ​ឆ្អាល​រាល់​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ។

លោក អួន វណ្ណៈ៖«សង្កាត់​សាលា​កំរើក​គាត់​ជាប់​ឆ្នោត​ហ្នឹង គាត់​ចេះ​ជួយ​យក​អាសា ចេះ​ជួយ​ទុក្ខ​ធុរៈ​ដល់​អ្នកដទៃ លើក​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​នៅ​មូលដ្ឋាន ចំពោះ​ពលរដ្ឋ​មាន​បញ្ហា ហើយ​នៅ​ពេល​ចាប់​គាត់​ទៅ សួរ​ថា ចាប់​គាត់​ទៅ​មាន​ចំណេញ​អ្វី​ទេ?ដែល​គាត់​នៅ​ពន្ធនាគារ បើ​សិន​ជា​យើង​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ យើង​អាច​ដោះ​ស្រាយ​ចេញ ក៏ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា ជា​រឿង​បុគ្គល​មែន ឬ​ក៏​នយោបាយ​ទេ»។

ភរិយា លោក ព្រហ្ម សុព្រឹក្ស អតីត​ចៅ​សង្កាត់​រង​ទី២ នៃ​សង្កាត់​ជ្រាវ ដែល​កំពុង​ជាប់​ពន្ធនាគារ គឺ​លោក​ស្រី គង់ ចន្ថា បង្ហាញ​ពី​ជីវភាព​លំបាក​លំបិន និង​កូនៗ ខ្វះ​ភាព​កក់ក្ដៅ ក្រោយ​ពី​ប្ដី​ជាប់​ពន្ធនាគារ​ជាង ៧ខែ​មក​ហើយ។

លោកស្រី​ក៏​ទទូច​ដល់​តុលាការ​ឱ្យ​ដោះ​លែង​ប្ដី​លោក​ស្រី​ឱ្យ​មាន​សេរីភាព​ចួបជុំ​ក្រុម​គ្រួសារ​វិញ ៖

លោកស្រី គង់ ចន្ថា៖«ដល់​គាត់​ជា បើ​ធនាគារ​អ៊ីចឹង​ទៅ វា​ធ្វើ​ឱ្យ​គ្រួសារ​ខ្ញុំ​ពិបាក ហើយ​កូន ក៏​ខ្វះ​ភាព​កក់ក្ដៅ ឯ​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត ក៏​មិន​សូវ​ពេញ​លេញ​ដែរ គឺ​វា​ខ្វះខាត​ខ្លាំង»។

ឆ្លើយ​តប​រឿង​នេះ ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្តសៀមរាប អ្នកស្រី យឹម ផល្លី ដែល​ជា​ដើម​បណ្ដឹង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សំណុំ​រឿង​នេះ​ជា​ទំនាស់​បុគ្គល ពុំ​មែន​ពាក់ព័ន្ធ​រឿង​នយោបាយ ដែល​មាន​គណបក្ស​កាន់​អំណាច​នៅ​ពី​ក្រោយ​ខ្នង​នោះ​ទេ។

លោកស្រី​ថា បើ​ទោះ​បី​ជា​អ្នក​ជាប់​ឃុំ​ទាំង​នេះ សូម​ទោស​លោក​ស្រី ក៏​លោកស្រី​មិន​អនុគ្រោះ​ឱ្យ​ដែរ។

លោកស្រី យឹម ផល្លី៖«ខ្ញុំ​សូម​បញ្ជាក់​ថា រឿង​បុគ្គល ដែល​ខ្ញុំ​បាន​ប្ដឹង​!ព្រោះ​ខ្ញុំ​ជា​មន្ត្រី​នយោបាយ ហើយ​ខ្ញុំ​ក៏​មាន​សិទ្ធិ។ សិទ្ធិ​ឯកជន​ មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ​សិទ្ធិ​ខ្ញុំ​ក្នុង​នាម​ជា​ពលរដ្ឋ​មួយ​រូប​ដែរ»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​បាត់ដំបង ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ ការ​ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៦ កុម្ភៈ។

អត្ថបទដែលទាក់ទង៖

តុលាការខេត្តសៀមរាបផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង ៣នាក់ ឱ្យ​ជាប់​គុក ១៨ខែ

យុវជនពីរនាក់ឈរឈ្មោះបេក្ខជនមេឃុំ​គណបក្ស​ភ្លើងទៀន​ខេត្តសៀមរាប ប្ដេជ្ញា​ដោះស្រាយបញ្ហា​បរិស្ថាន និង​សេវា​សាធារណៈ

ជនមិនស្គាល់មុខ​លួចកាត់បំផ្លាញបដាបក្ស​ភ្លើងទៀនជា​ច្រើន​កន្លែង នៅ​ខេត្តសៀមរាប

យុវជនបក្ស​ប្រឆាំងនៅ​ក្រុងសៀមរាប «មាន​ចំណេះដឹង និង​សមត្ថភាព​ខ្ពស់​ជួយ​ពលរដ្ឋ»

ជុំវិញ​រឿង​នេះ អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្តបន្ទាយ​មានជ័យ លោក អ៊ិន គង់ជិត សង្កេត​ឃើញ​ថា យុវជន​បក្ស​ប្រឆាំង​ទាំង​នេះ​ជា​ចៅ​សង្កាត់​រង​ក្រុង​សៀមរាប មាន​ចំណេះដឹង និង​សមត្ថភាព​ខ្ពស់ ជួយ​ពលរដ្ឋ និង​ចូលរួម​ការងារ​រដ្ឋបាល​ឃុំ/សង្កាត់​ជា​មួយ​រដ្ឋាភិបាល។

បញ្ហា​នេះ​លោក​យល់​ថា តុលាការ​ជាន់​ខ្ពស់​គួរ​តែ​ពិចារណា​ដោះ​លែង​ពួក​គាត់​ឱ្យ​នៅ​ក្រៅ​ឃុំ។

លោក អ៊ិន គង់ជិត៖«វា​ជា​រឿង​ផ្ទៃក្នុង ហើយ​វា​ជា​រឿង​អយុត្តិធម៌។ ដូច្នេះ សូម​ឱ្យ​តុលាការ​មេត្តា​ពិចារណា​ទៅ​លើ​កង្វល់ និង​សំណូមពរ​របស់​ពួក​គាត់។ ពួក​គាត់​យល់​ថា​មិនបាន​ប៉ះពាល់​នយោបាយ​អ្វី​ដល់​រដ្ឋាភិបាល​ទេ​ហើយ​គាត់​គ្រាន់​តែ​ជា​ទំនាស់​ផ្ទៃ​ក្នុង​នៃ​អតីត​គណបក្ស​ជំទាស់​របស់​ពួកគាត់​ប៉ុណ្ណោះ»។

អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពួក​លោក​ទាំង ៣នាក់ កាល​ពី​ខែសីហា ឆ្នាំ២០២៤ តាម​បណ្ដឹង​របស់​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​សៀមរាប អ្នកស្រី យឹម ផល្លី។

ការ​ប្ដឹងផ្ដល់​នេះ​កើត​ឡើង​ក្រោយ​ពេល​អ្នក​ទាំង៣ បាន​បង្ហោះ​សារ​រិះគន់​ថ្នាក់​ដឹក​នាំ​បក្ស​ភ្លើង​ទៀន ដែល​លុប​ឈ្មោះ​ពួក​លោក​ចេញ​ពី​គណបក្ស និង​ដក​តំណែង​ពួក​គាត់ ដែល​ជា​ចៅ​សង្កាត់​រង​ទី២ ក្រុងសៀមរាប ហើយ​ចោទ​ថា មាន​និន្នាការ​គាំទ្រ​គណបក្ស​កម្លាំង​ជាតិ ដែល​បែក​ចេញ​ពី​គណបក្ស​ភ្លើង​ទៀន។

គិត​មក​ដល់​ពេល​នេះ មាន​សកម្មជន​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នក​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ចំនួន​ជាង ៩០នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ ដែល​មាន​ចរិត​នយោបាយ ក្នុង​នោះ​ជិត ៨០នាក់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ក្រោម​របប​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។