មន្ត្រីសមត្ថកិច្ចខេត្តបន្ទាយមានជ័យ អះអាងថា មិនបានទទួលព័ត៌មាន និងការស្នើសុំកិច្ចសហប្រតិបត្តិការពីខាងសមត្ថកិច្ចរបស់ប្រទេសថៃ ដែលបានអះអាងថារកឃើញអាគារមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត(Call Center) មួយកន្លែង ដែលមានពលរដ្ឋថៃជាច្រើននាក់កំពុងជាប់ឃុំនោះទេ។ អ្នកវិភាគលើកឡើងថា ផ្អែកតាមច្បាប់អន្តរជាតិ ភាគីថៃត្រូវរាយការណ៍ករណីនេះ មកភាគីកម្ពុជាដើម្បីស្នើឱ្យសមត្ថកិច្ចកម្ពុជាចុះប្រតិបត្តិការ ដែលជាការគោរពដល់អធិបតេយ្យភាពរបស់កម្ពុជា។
កន្លងទៅអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានបង្ហើបពីទីតាំងឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្តែអាជ្ញាធរកម្ពុជា បានអះអាងថា មិនបានដឹងពីករណីនេះឡើយ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ខែធ្នូ ថា លោកមិនបានទទួលព័ត៌មាន និងការស្នើសុំកិច្ចសហប្រតិបត្តិការណាមួយពីខាងភាគីថៃនោះទេ ពាក់ព័ន្ធទៅនឹងការរកឃើញអាគារមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត នៅក្នុងក្រុងប៉ោយប៉ែត ដែលសមត្ថកិច្ចថៃបានអះអាង។
លោក សិទ្ធិ ឡោះ៖«អត់ទេ ខ្ញុំអត់ទាន់បានដឹងរឿងហ្នឹងផង។ អ្នកណាទម្លាយប្រាប់បងៗទៅសួរអ្នកទម្លាយប្រាប់ហ្នឹងទៅបានដឹង។ អ្នកទម្លាយឈ្មោះអីបង?បើខ្ញុំដឹងឈ្មោះ ខ្ញុំនឹងស្រាវជ្រាវព័ត៌មានពីគាត់មកវិញ»។
ទោះជាបែបនេះក្ដី អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោក ស៊ា សៅឌី បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ ខែធ្នូ ថា លោកបានរាយការណ៍ពីករណីឆបោកតាមអនឡាញនេះ ទៅកាន់ថ្នាក់លើរួចហើយ។
កាលពីថ្ងៃទី២៤ ខែធ្នូ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចង្អុលបង្ហាញពី ទីតាំងក្រុមឆបោក និងចាប់ជំរិតដែលមានមូលដ្ឋាននៅក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា និងក្រុង មីយ៉ាវ៉ាឌី(Myawaddy) ក្នុងប្រទេសមីយ៉ាន់ម៉ា(Myanmar)។ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ លើកឡើងថា ប្រសិនបើអាជ្ញាធរប្រទេសទាំង២ មិនអាចដោះស្រាយករណីនេះបានទេ នោះលោកនឹងស្នើទៅកាន់រដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីបញ្ជូនកម្លាំងសមត្ថកិច្ចថៃឱ្យទៅចាត់វិធានការដោយខ្លួនឯង។
បន្ទាប់ពីទទួលបានតម្រុយពីលោក ថាក់ស៊ីន ភ្លាម មេបញ្ជាការប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាថៃ បានបើកប្រតិបត្តិការស៊ើបអង្កេត និងរកឃើញករណីឧក្រិដ្ឋជនឆបោកតាមអនឡាញ និងប្រតិបត្តិការគណនីធនាគារខុសច្បាប់ នៅក្នុងអគារ ២៥ជាន់ ចំនួន២ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចថៃបានបង្ហាញលទ្ធផលស៊ើបអង្កេតថា ម្ចាស់ធុរកិច្ចបានជួលអគារទាំងនេះ ឱ្យទៅក្រុមឧក្រិដ្ឋជន ជនជាតិចិន សម្រាប់ធ្វើជាកន្លែងប្រតិបត្តិការឆបោកតាមអនឡាញ ដោយមានអ្នកជាប់ឃុំក្នុងអាគារចំនួន ១២៥នាក់ ត្រូវបានក្រុមឧក្រិដ្ឋជនបង្ខំឱ្យឆបោកតាមអ៊ីនធឺណិត។
ប៉ូលិសថៃ បញ្ជាក់បន្ថែមថា អគារប្រតិបត្តិការឆបោកក្នុងក្រុងប៉ោយប៉ែត នេះ បែងចែកជា ២ផ្នែក គឺផ្នែកទី១ ជាកន្លែងឆបោកតាមអ៊ីនធឺណិត ដែលមានជនឆបោកធ្វើការនៅតាមបន្ទប់ ដោយពួកគេខ្លះ បន្លំអត្តសញ្ញាណជាមន្ត្រីប៉ូលិស ខ្លះជាបុគ្គលិកធនាគារ និងខ្លះទៀតជាភ្នាក់ងារប្រៃសណីយ៍ ឬអ្នកដឹកជញ្ជូនជាដើម។ ដោយឡែកផ្នែកទី២ គឺជាកន្លែងប្រតិបត្តិការ គេហទំព័រល្បែង និងកាស៊ីណូអនឡាញខុសច្បាប់។
អគារចំនួន២ ដែលកម្លាំងសមត្ថកិច្ចថៃ រកឃើញថា ជាទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញនោះ គឺជាអគាររបស់កាស៊ីណូក្រោន (Crown Casino) របស់ឧកញ៉ា កុក អាន ដែលជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន អានកូ គ្រុប (ANCO GROUP) ដែលគេស្គាល់ថា ជាឧកញ៉ារកស៊ីខាងល្បែងស៊ីសង សណ្ឋាគារ និងរីស្ស៊ត។
បុគ្គលិកធ្វើការនៅក្នុងកាស៊ីណូ ក្រោន(Crown Casino) ម្នាក់ ថ្លែងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេងដោយបារម្ភពីបញ្ហាសុវត្ថិភាព អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ខែធ្នូ ថា អាគារដែលស្ថិតក្នុងបរិវេណកាស៊ីណូ ក្រោន របស់ឧកញ៉ា កុក អាន គឺជាទីតាំងឆបោកតាមអនឡាញ និងប្រតិបត្តិការវេបសាយល្បែងខុសច្បាប់ពិតប្រាកដមែន។ បុគ្គលិករូបនេះឱ្យដឹងទៀតថា កន្លងមកធ្លាប់មានស្ថាប័នអន្តរជាតិចូលមកស៊ើបអង្កេតករណីឆបោកនេះដែរ ប៉ុន្តែលោកអះអាងថា អាជ្ញាធរក្រុងប៉ោយប៉ែត បានរាយការណ៍ប្រាប់អ្នកគ្រប់គ្រងប្រតិបត្តិការក្នុងអាគារនោះ រហូតមានរថយន្តក្រុងបានចូលមកដឹកមនុស្សចេញពីអាគារកាស៊ីណូជាបន្តបន្ទាប់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល និងតំណាងក្រុមហ៊ុន អានកូគ្រុប ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែធ្នូ។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ផ្អែកតាមច្បាប់អន្តរជាតិ ភាគីថៃត្រូវរាយការណ៍ករណីនេះ មកភាគីកម្ពុជាដើម្បីស្នើឱ្យអាជ្ញាធរកម្ពុជា ជួយអន្តរាគមន៍ ព្រោះកម្ពុជា គឺជារដ្ឋអធិបតេយ្យ។ លោកបន្តថា ក្នុងករណីនេះ អាជ្ញាធរថៃអាចចូលមកធ្វើប្រតិបត្តិការនៅលើទឹកដីកម្ពុជាបាន លុះត្រាតែមានការឯកភាពពីភាគីកម្ពុជា ក្នុងលក្ខខ័ណ្ឌធ្វើកិច្ចសហប្រតិបត្តិការ។
លោក ឯម សុវណ្ណារ៉ា៖«ភាគីកម្ពុជាអាចឆ្លើយតបតាមស្ថានភាពជាក់ស្ដែង ឬក៏ឆ្លើយតបក៏បានមិនឆ្លើយតបក៏បានដែរ។ ប៉ុន្តែក្នុងនាមជាប្រទេសសាមីត្រូវពិនិត្យមើល តើវាមានករណីនេះកើតឡើងឬអត់?ព្រោះករណីនេះ ប្រសិនបើភាគីកម្ពុជាមិនអើពើមិនរវល់ វាអាចខូចឈ្មោះក្នុងនាមជាប្រទេសមួយ វាអាចបាត់នូវសុខសណ្ដាប់ធ្នាប់ វាទៅជាកន្លែងដែលជាចោទប្រកាន់ដល់ភាគីកម្ពុជាពាក់ព័ន្ធនឹងការចាប់ជំរិតឬការបង្កអសន្តិសុខមនុស្សជាតិ»។
កាលពីថ្ងៃទី២៥ ខែធ្នូ អគ្គស្នងការនគរបាលជាតិថៃ (Royal Thai Police) បានបញ្ជាក់ថា ភាគីថៃកំពុងផ្លាស់ប្ដូរព័ត៌មាន និងស្នើឱ្យភាគីកម្ពុជា ចុះអន្តរាគមន៍ក្នុងករណីឆបោកនេះ។ ចំណែកខាងប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាថៃវិញ បានស្នើសុំកិច្ចអន្តរាគមន៍នេះ ពីអាជ្ញាធរចិន ព្រោះករណីនេះជាប់ពាក់ព័ន្ធនឹងមេខ្លោងជនជាតិចិន ដែលពួកគេមានបណ្ដាញជាច្រើនកន្លែងផ្សេងទៀត។
ទោះជាយ៉ាងណា គិតមកដល់ពេលនេះ អគារកាស៊ីណូក្រោន(Crown Casino) របស់ឧកញ៉ា កុក អាន នៅតែបន្តបើកដំណើរការជាធម្មតា ដោយពុំមានកងកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការឆ្មក់ចូលឆែកឆេរនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។