សមត្ថកិច្ច​ឃាត់​ខ្លួន​ជនបរទេស​ជិត ៣រយ​នាក់​នៅ​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​នៅ​ខេត្ត​មណ្ឌលគិរី

0:00 / 0:00

កម្លាំង​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ (Online) របស់​ក្រុម​ឧក្រិដ្ឋជន​ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី និង​បាន​ឃាត់​ខ្លួន​ជនបរទេស​ជិត ៣រយ​នាក់ (២៥៨នាក់)។ មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​តាម​ដាន​បញ្ហា​ឆបោក​តាម​អនឡាញ​ថា ក្រុម​ឧក្រិដ្ឋជន​កំពុង​ពង្រីក​បណ្ដាញ និង​អគារ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​កាន់​តែ​ខ្លាំង។

ការ​បង្ក្រាប​របស់​កម្លាំង​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ទីតាំង​អគារ​មេគង្គ៧៤ ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​ឃាត់​ខ្លួន​ជនបរទេស​ជិត ៣រយ​នាក់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ ត្រូវ​បាន​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​ឃ្លាំមើល​វាយ​តម្លៃ​ថា ក្រុម​ឧក្រិដ្ឋជន​មិន​បាន​ខ្លាច​ញញើត​នឹង​ច្បាប់ ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទេ ហើយ​ក្រុម​ឧក្រិដ្ឋជន​នឹង​បន្ត​ពង្រីក​អគារ​ឆបោក​តាម​អនឡាញ​ជា​ច្រើន​ទៀត​នៅ​កម្ពុជា។

ជនជាតិ​ដែលត្រូវបាន​ឃាត់ខ្លួនច្រើនជាងគេ គឺជនជាតិចិន

របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​ត្រូវ​បាន​ ព័ត៌មាន​ក្នុង​ស្រុក​ផ្សព្វផ្សាយ​ឱ្យ​ដឹង​ថា ការ​បង្ក្រាប​អគារ​អនឡាញ​មេគង្គ៧៤ ក្នុង​ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី៦ ខែ​មីនា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនបរទេស​សរុប ២៥៨នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន (Chinese) សរុប ២៤៧នាក់ ក្រៅ​ពី​នេះ​ក៏​ជនជាតិ​មីយ៉ាន់ម៉ា (Myanmar) ម៉ាឡេស៊ី (Malaysian) និង​ជនជាតិ​វៀតណាម (Vietnam)។ ប្រភព​ដដែល​អះអាង​ថា ក្នុង​ចំណោម​ជនបរទេស​ទាំង​នោះ​សមត្ថកិច្ច​បាន​កំណត់​អត្តសញ្ញាណ​ជនជាតិ​ចិន និង​មីយ៉ាន់ម៉ា​ចំនួន ១៤នាក់​គឺជា​ជនសង្ស័យ​ប្រព្រឹត្ត​អំពើ​ទារុណកម្ម និង​បង្ខំ​ឱ្យ​ក្រុម​ជនបរទេស​ធ្វើ​ការ​ក្នុង​អគារ និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគីរី​ដើម្បី​សាកសួរ។ ចំណែក ជនបរទេស​ផ្សេង​ទៀត​កម្លាំង​ជំនាញ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​រៀបចំ​នីតិវិធី​បណ្ដេញ​ចេញ​ទៅ​ប្រទេស​កំណើត​ពួកគេ​វិញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គ​ស្នងការ​នគរបាល​ជាតិ​លោក ស ថេត និង​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​លោក ឡោ សុខា ដើម្បី​សាកសួរ​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៩ ខែមីនា។

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​បញ្ហា​ឆបោក​តាម​អនឡាញ​លើក​ឡើង​ថា ការ​ពង្រីក​អគារ​ឆបោក​តាម​អនឡាញ​របស់​ក្រុម​ឧក្រិដ្ឋជន​មក​កាន់​ទឹកដី​ភូមិ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​នេះ ឆ្លុះ​បញ្ចាំង​ថា ការ​ទប់ស្កាត់ និង​បង្ក្រាប​បញ្ហា​ឆបោក​តាម​អនឡាញ​របស់​សមត្ថកិច្ច​គ្មាន​ប្រសិទ្ធភាព​ឡើយ ហើយ​ពួកគេ​ក៏​ព្រួយបារម្ភ​ចំពោះ​ការ​កើត​ឡើង​នៃ​បទល្មើស និង​បញ្ហា​អសន្តិសុខ​សង្គម​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

លំហូរ​ជនជាតិ​ចិន​មកខេត្តមណ្ឌលគិរី​មាន​ចំនួន​ច្រើន​ឡើង​

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្តមណ្ឌលគិរី​លោក ប៊ី វ៉ាន់នី ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី៩ ខែ​មីនា ថា លំហូរ​ជនជាតិ​ចិន​មក​កាន់​ខេត្តមណ្ឌលគិរី​ចាប់​ផ្ដើម​មាន​ចំនួន​ច្រើន​ឡើង​ចាប់​តាំង​ពី​អំឡុង​ចុង​ឆ្នាំ​២០២៤ មក។ លោក​បញ្ជាក់​ថា ក្រុម​ជនជាតិ​ចិន​ដែល​ចូល​មក​ទឹកដី​ក្នុង​ខេត្ត​ភាគ​ឦសាន​ភាគ​ច្រើន​គឺ​ពួកគេ​ជួល​អគារ សណ្ឋាគារ រីស៊ត ស្នាក់​នៅ​ជា​ក្រុមៗ​ផ្ដាច់មុខ ហើយ​លោក​កត់សម្គាល់​ថា នៅ​ខាង​មុខ​នៃ​អគារ​ពួកគេ​ស្នាក់​នៅ​ក៏​មាន​ក្រុម​កង​សន្តិសុខ​យាម​កាម​តឹងរ៉ឹង​ដែរ។

លោក ប៊ី វ៉ាន់នី៖«ការ​ឆបោក​តាម​អនឡាញ​ភាគ​ច្រើន​យើង​ឃើញ​ហើយ​ថា អ្នក​ដែល​ជា​ថៅកែ​ដែល​ជា​ឧក្រិដ្ឋជន​អនឡាញ​ភាគ​ច្រើន​គាត់​គឺ​ជា​ជនជាតិ​ចិន។ អ្នក​ដែល​បាន​មក​ជួល​ផ្ទះ ឬ​កន្លែង​ស្នាក់នៅ​បង្កើត​កន្លែង​ឆបោក​តាម​អនឡាញ​ហ្នឹង​ខ្ញុំ​គិត​ថា រឿង​ដែល​បាន​កើត​មាន​ឡើង​ហ្នឹង​វា​ហាក់​ដូចជា​ភាព​ងាយ​ស្រួល​ពេក​សម្រាប់​ជនជាតិ​បរទេស ឬ​ជនជាតិ​ចិន ឬ​ឧក្រិដ្ឋជន​ឆបោក​គាត់​មក​ធ្វើ​សកម្មភាព​នៅ​លើ​ទឹកដី​កម្ពុជា​វា​ដូចជា​មាន​ភាព​ងាយស្រួល វា​ជះ​ឥទ្ធិពល​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សកម្មភាព​ឆបោក​តាម​អនឡាញ»។

ក្រុម​ឧក្រិដ្ឋជន​បាន​ពង្រីក​បណ្ដាញ​នៃ​ក្រុម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​ប្រទេស​ក្រីក្រ​មួយ​នេះ​ជួប​ផល​លំបាក​ផ្នែក​វិស័យ​ទេសចរណ៍ ប៉ះពាល់​ការ​វិនិយោគ និង​សេដ្ឋកិច្ច រួម​ទាំង​ទាញ​ឱ្យ​កម្ពុជា​ទាំង​មូល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ រដ្ឋាភិបាល​ត្រកូល ហ៊ុន បាន​រង​ការ​រិះគន់ និង​ចោទ​ប្រកាន់​ថា គ្មាន​សមត្ថភាព​ដោះស្រាយ​អំពើ​ឆបោក​តាម​អនឡាញ​ឡើយ ពី​ព្រោះ​តែ​គ្មាន​ឆន្ទៈ​បង្ក្រាប​ក្រុម​មេខ្លោង​ធំៗ និង​ចាប់​ខ្លួន​ពួកគេ​យក​មក​អនុវត្ត​ទោស​តាម​ផ្លូវ​ច្បាប់។

អត្ថបទដែលទាក់ទង៖

សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ជនជាតិ​ចិន ២នាក់​ពាក់ព័ន្ធ​ករណី​សម្លាប់​ស្ត្រី​ខ្មែរ​ម្នាក់Opens in new window ]

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​​​​ថៃ​​ជា​ច្រើន​​ចាញ់​បោក​មេ​ខ្យល់ ​​ឱ្យ​បង្កើត​គណនី​ធនាគារ​​​ថៃ​​ លក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​​​​​ឆបោក​តាម​​អនឡាញOpens in new window ]

ពលរដ្ឋ​មួយចំនួនថា គណៈកម្មការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​របស់​លោក ហ៊ុន ម៉ាណែត គ្មាន​ប្រសិទ្ធភាពOpens in new window ]

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ត្រួត​ពិនិត្យ​សកម្មភាព​ដឹក​ជញ្ជូន​ជន​ជាតិ​ចិន​ទៅ​ក្រុមហ៊ុន​​ជាប់​ព្រំដែន​ឡាវOpens in new window ]

ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ព្រមាន​ថា ការ​មិន​បង្ក្រាប​ទីតាំង​សំខាន់ៗ​នៃ​ជម្រក​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ និង​ចាប់​មេខ្លោង​ដែល​នៅ​ពី​ក្រោយ​ប្រតិបត្តិការ​អំពើ​ឧក្រិដ្ឋ​ទាំង​នេះ ក្រុម​ឧក្រិដ្ឋជន​នឹង​ពង្រីក​បណ្ដាញ និង​ទីតាំង​អគារ​បម្រើ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​របស់​ពួកគេ​នៅ​កម្ពុជា​កាន់​តែ​ច្រើន។ លោក​មើល​ឃើញ​ថា ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៅ​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​សមត្ថកិច្ច​ហាក់​បង្ក្រាប​ទៅ​លើ​ទីតាំង​ណា​ដែល​ចង់​បង្ក្រាប ហើយ​ទីតាំង​ដែល​ជា​ជម្រក​នៃ​ក្រុម​ឧក្រិដ្ឋជន​ធំៗ​បែរ​ជា​មើល​រំលង។

លោក ឌី ថេហូយ៉ា៖«ការ​បង្ក្រាប​នេះ​ក៏​មិន​ទាន់​បាន​គ្រប​ដណ្ដប់​លើ​តំបន់[មាន​អំពើ​ឆបោក​តាម​អនឡាញ]ធំៗ​ដែរ អ៊ីចឹង​មាន​ន័យ​ថា ការ​បង្ក្រាប​នេះ​គឺ​ជា​ការ​បង្ក្រាប​ដោយ​ករណី​ជ្រើសរើស(Selection case)មិនមែន​ជា​ឆន្ទៈ​នៃ​ការ​លុប​បំបាត់​ចោល​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ​ទេ។ ជាពិសេស​គឺ​នៅ​តំបន់​ប៉ោយប៉ែត តំបន់​ក្រុងព្រះសីហនុ តំបន់​ជាយដែន​ដូចជា​ក្រុង​បាវិត​អី​ជាដើម ក៏​ដូចជា​នៅ​រាជធានី​ភ្នំពេញ​ដែរ»។

ជនរងគ្រោះ​ក្នុង​អំពើ​ឆបោក​តាម​អនឡាញ​ដែល​សមត្ថកិច្ច​កម្ពុជា រួម​ទាំង​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​បាន​រាយការណ៍​កន្លង​មក​នោះ​ភាគច្រើន​គឺ​ជា​ជនជាតិ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ដែល​ពួកគេ​រង​ការ​វាយ​ដំ ធ្វើ​ទារុណកម្ម​ដោយ​ឆក់​ខ្សែ​ភ្លើង និង​លោត​សម្លាប់​ខ្លួន​ពី​លើ​អគារ​ជាដើម។ ទោះ​ជា​យ៉ាងណា ការ​រងគ្រោះ​របស់​ជនជាតិ​ខ្មែរ ដោយ​ការ​បាត់បង់​ជីវិត​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​នេះ​ក៏​ចាប់ផ្ដើម​កើត​មាន​ដែរ។ ជាក់ស្ដែង នៅ​ក្នុង​ដើម​ខែ​មីនា​នេះ ជនជាតិ​ចិន ៣នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ជាប់​ចោទ​ក្នុង​បទ​ឃាតកម្ម​លើ​នារី​ខ្មែរ​វ័យ​ជំទង់​ម្នាក់​ឈ្មោះ ហេង សៀវលី ដើម្បី​បំបិទ​មាត់ និង​ភស្តុតាង​ពាក់ព័ន្ធ​នឹង​សកម្មភាព​អំពើ​ឆបោក​តាម​អនឡាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។