សមត្ថកិច្ចខេត្តស្វាយរៀងបានបង្ក្រាបជនជាតិវៀតណាម (Vietnam) ចំនួន ៥នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងរក្សាអាវុធជាតិផ្ទុះកាលពីថ្ងៃទី១៤ ខែកុម្ភៈ។
ទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឱ្យដឹងកាលពីថ្ងៃទី១៦ ខែកុម្ភៈថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀងលោក ឡាយ ជុងហេង ដែលសម្របសម្រួលកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្តបើកប្រតិបត្តិការបង្ក្រាបបានចោទប្រកាន់ជនសង្ស័យទាំង ៥នាក់ ពីបទរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត។ ថ្នាំញៀនដែលសមត្ថកិច្ចរឹបអូសបានភាគច្រើនជាប្រភេទកេតាមីន អ៊ិចស្តាស៊ី និងមេតំហ្វេតាមីន សរុបជិត ៥គីឡូក្រាមដែលជនសង្ស័យវេចខ្ចប់ជាកញ្ចប់តូចៗ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចជំនាញក៏រឹបអូសបានកាំភ្លើងខ្លីចំនួន ៥ដើម បង់កាំភ្លើងចំនួន ៥ គ្រាប់កាំភ្លើងចំនួន ៥៤គ្រាប់ និងលុយជនសង្ស័យជាង ១ពាន់ដុល្លារ។
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងអះអាងថា កម្លាំងជំនាញបានកសាងសំណុំរឿង ប្រមូលភស្តុតាង និងបញ្ជូនជនសង្ស័យទាំង ៥នាក់ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីរួចរាល់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។