[អានអត្ថបទជា ភាសាអង់គ្លេស៖ Chinese defense company builds industrial estate in Cambodia]
ការវិវត្តន៍ចុងក្រោយនៃទំនាក់ទំនងកម្ពុជា និងចិន (China) លើកិច្ចសហប្រតិបត្តិការសន្តិសុខ គឺភាគីនៃប្រទេសទាំងពីរបានសហការគ្នាសាងសង់គម្រោងសួនឧស្សាហកម្ម សេ០១ (C-01) របស់ក្រសួងការពារជាតិនៅខេត្តកណ្ដាល។ អ្នកឃ្លាំមើលថា គម្រោងសួនឧស្សាហកម្មនេះនឹងធ្វើឱ្យអនុញ្ញាតចិនកាន់តែមានឥទ្ធិពលនៅកម្ពុជា និងជាឈ្នាន់បម្រើសន្តិសុខឱ្យក្រុមគ្រួសារត្រកូល ហ៊ុន និងមហិច្ឆតាវាតទីភូមិសាស្ត្រនយោបាយចិននៅក្នុងតំបន់។
កម្ពុជា និងចិនបានប្រកាសបើកការដ្ឋានសាងសង់គម្រោងសួនឧស្សាហកម្មសេ០១ (C-01) របស់ក្រសួងការពារជាតិស្ថិត ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១០ ខែមីនា ដែលមានរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា ជាអធិបតី។
គម្រោងសួនឧស្សាហកម្មជាង១០០ហិកតារ
ក្រសួងការពារជាតិឱ្យដឹងថា គម្រោងសួនឧស្សាហកម្មសេ០១ (C-01) របស់ក្រសួងការពារជាតិ គឺជាលទ្ធផលកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការវិនិយោគរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិកម្ពុជា ជាមួយក្រុមហ៊ុនរដ្ឋអំណាចចិនឈ្មោះ សាហ្គារ៉ាស ឌីហ្វេនស៍ (Sageras Defense) ក្នុងទំហំផ្ទៃដីជាង ១រយ (១៣២) ហិកតា នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រភពដដែលឱ្យដឹងថា គម្រោងសាងសង់សួនឧស្សាហកម្មសេ០១ (C-01) ក្រសួងការពារជាតិលើផ្ទៃដីជាង ១រយហិកតារនោះ រួមមាន ការស្ថាបនាផ្លូវធំ និងផ្លូវតូច ទំហំជិត ២៤ម៉ឺនម៉ែត្រការ៉េ តំបន់ផែស្ងួតទំហំជាង ១០ម៉ឺនម៉ែត្រការ៉េ តំបន់ជម្រើសទី១សម្រាប់ផែស្ងួត និងតំបន់ឧស្សាហកម្មដែលមានទំហំជាង ៦៧ពាន់ម៉ែត្រការ៉េ តំបន់ជម្រើសទី២ សម្រាប់ផែស្ងួត និងតំបន់ឧស្សាហកម្មទំហំជាង ៦៧ពាន់ម៉ែត្រការ៉េ តំបន់អគារពហុបំណងពាណិជ្ជកម្ម រោងចក្រ សាធារណៈ និងអគារកីឡា។ ក្រៅពីនេះក៏គ្រោងសាងសង់អគារស្នាក់នៅបុគ្គលិក កម្មករ និងសន្តិសុខ អគារស្តុកទឹក និងចំណតឡានអគ្គិភ័យ តំបន់បន្សុទ្ធទឹក ចំណតឡានកម្មករ តំបន់តូបផ្សារកម្មករ និងតំបន់លម្អបៃតងជាដើម។

គម្រោងនេះដើម្បីលើកកម្ពស់សមត្ថភាពវិស័យការពារជាតិកម្ពុជា និសន្តិសុខក្នុងតំបន់
ក្រសួងការពារជាតិលើកឡើងទៀតថា ការបណ្ដាក់ទុនរបស់ក្រុមហ៊ុនរដ្ឋអំណាចចិនសាងសង់សួនឧស្សាហកម្មសេ០១ (C-01) ក្រសួងការពារជាតិនេះនឹងរួមចំណែកលើកកម្ពស់សមត្ថភាពវិស័យការពារជាតិកម្ពុជា និងសន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់។
សួនឧស្សាហកម្មសេ០១ (C-01) ស្ថិតនៅទីតាំងយុទ្ធសាស្ត្រសំខាន់មានចម្ងាយប្រមាណ ២៦គីឡូម៉ែត្រពីអាកាសយានដ្ឋានសំខាន់របស់រាជធានីភ្នំពេញ និងមានចម្ងាយជាង ២រយគីឡូម៉ែត្រពីមូលដ្ឋានកងទ័ពជើងទឹករាមដែលជាទីតាំងរងការចោទប្រកាន់ថា ជាមូលដ្ឋានឈរជើងរបស់យោធាចិន។
វិទ្យុអាស៊ីសេរីរកឃើញថា ក្រុមហ៊ុនចិនឈ្មោះ សាហ្គារ៉ាស ឌីហ្វេនស៍ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ក្រសួងការពារជាតិកម្ពុជាមិនបានបង្ហាញកញ្ចប់ថវិកា និងទំហំទឹកប្រាក់របស់ក្រុមហ៊ុនចិនដែលវិនិយោគបណ្ដាក់ទុនសាងសង់សួនឧស្សាហកម្មសេ០១ (C-01) របស់ក្រសួងការពារជាតិទេ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត និងអ្នកស្រី ម៉ាលី សុជាតា ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះ ប៉ុន្តែគ្មានការឆ្លើយតបនៅថ្ងៃទី១២ ខែមីនា។
អត្ថបទដែលទាក់ទង៖
[ «ចិនបន្តសង់សំណង់នៅមូលដ្ឋានទ័ពជើងទឹករាម»Opens in new window ]
អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ អះអាងប្រាប់វិទ្យុអាស៊ីសេរីថា គម្រោងសាងសង់សួនឧស្សាហកម្មសេ ០១ (C-01) ក្រសួងការពារជាតិ គឺបង្ហាញពីកិច្ចសហការរវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅផ្នែកយោធាដែលនឹងបង្កឱ្យមានភាពតានតឹងមួយកម្រិតទៀតទាក់ទងនឹងនយោបាយការទូតរវាងកម្ពុជា ជាមួយក្រុមបស្ចិមប្រទេស។
លោក គឹម សុខ៖«ចិនត្រូវការភូមិសាស្ត្រកម្ពុជាក៏ប៉ុន្តែរដ្ឋាភិបាលក្រុមគ្រួសារ ហ៊ុន ត្រូវការទីតាំងភូមិសាស្ត្រការពារសន្តិសុខអំណាចរបស់ខ្លួនដោយយកកម្លាំងបច្ចេកទេស និងកងទ័ពចិនធ្វើជាបង្អែកនៃការការពារអំណាច ហើយក៏ជាការបញ្ជាក់ថា រដ្ឋាភិបាលត្រកូល ហ៊ុន គ្មានគោលដៅនឹងវិលទៅកាន់ប្រជាធិបតេយ្យទេ។ អំណាចក្រុមគ្រួសារនេះនឹងធ្លាក់ទៅរបត់នៃការដឹកនាំដែលរអិលចូលរបៀបកូរ៉េខាងជើង(North Korea)បន្តិចម្ដងៗ»។
ការបើកការដ្ឋានកសាងគម្រោងសួនឧស្សាហកម្មសេ០១ (C-01) បម្រើឱ្យវិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងកម្ពុជា និងចិនក៏ចំពេលអាមេរិកព្រួយបារម្ភអំពីវត្តមានយោធាចិននៅមូលដ្ឋានកំពង់ផែកងទ័ពជើងទឹករាម ជាពិសេសការស្វែងរកឱកាសស្ដារទំនាក់ទំនងវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិកឱ្យមានស្ថានភាពប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។