ត្រកូល​ «ហ៊ុន» ​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន​ចិន «ហួយវ័ន គ្រុប» រកស៊ី​ឆបោក​តាម​អនឡាញ

0:00 / 0:00

អ្វីខ្លះ​ដែល​ប្រិយមិត្ត​គួរ​ដឹង ទាក់ទង​នឹង​រឿងរ៉ាវ​ដែល​ត្រកូល​«ហ៊ុន»​ជាប់​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ «ហួយវ័ន គ្រុប» (Huione Group) ដែល​រកស៊ី​ខាង​ផលិត​កម្មវិធី​ទីផ្សារ​ឈ្មោះ «ហួយវ័ន ហ្គារេនធី» (Huione Guarantee) សម្រាប់​អតិថិជន​ឆបោក​តាម​អនឡាញ​ប្រើប្រាស់​ដើម្បី​លាងលុយ​កខ្វក់​ក្នុង​ទំហំ​ទឹកប្រាក់​រហូត​ដល់​ទៅ​រាប់​ពាន​លាន​ដុល្លារ?

១) ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រតិបត្តិការ​កុំព្យូទ័រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ឈ្មោះ «អេលីបទីក» (Elliptic) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ (London) ចក្រភព​អង់គ្លេស (UK) រក​ឃើញ​ថា កម្មវិធី​ទីផ្សារ​អនឡាញ​ឈ្មោះ «ហួយវ័ន ហ្គារេនធី» (Huione Guarantee) បង្កើត​ឡើង​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​ឈ្មោះ «ហួយវ័ន គ្រុប» កំពុង​ត្រូវបាន​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ​ ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួម​ទាំង​កម្ពុជា​ផង។ កម្មវិធី​នេះ អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ ប្រើប្រាស់​នូវ​ទិន្នន័យ បច្ចេកវិទ្យា និង​សេវាកម្ម​លាងលុយ​កខ្វក់។ យ៉ាងហោច​ណាស់ ទឹក​ប្រាក់​ជាង ១១ពាន់​លានដុល្លារ ត្រូវ​បាន​គេ​ចរាចរ​តាមរយៈ​កម្មវិធី​នេះ។

២) បើតាម​ក្រុមហ៊ុន «អេលីបទីក» កម្មវិធី​ទីផ្សារ​អនឡាញ​ឈ្មោះ «ហួយវ័ន ហ្គារេនធី» (Huione Guarantee) គឺ​ជា​ផ្នែក​មួយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ចិន​ឈ្មោះ «ហួយវ័ន គ្រុប» ដែល​ក្រុមហ៊ុន​នេះ មាន​ជាប់ពាក់ព័ន្ធ​នឹង​ត្រកូល​«ហ៊ុន»។ ក្រុមហ៊ុន «ហួយវ័ន គ្រុប» ប្រតិបត្តិការ​អាជីវកម្ម​ទូទាត់ និង​ប្តូរ​ប្រាក់​ឈ្មោះ «ហួយវ័ន ផេ» (Huione Pay) និង​មាន​ផលប្រយោជន៍​អាជីវកម្ម​ក្នុង​វិស័យ​ធានារ៉ាប់រង អាកាសចរណ៍ និង​អចលនទ្រព្យ។ បងប្អូន​ជីដូន​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ គឺ​ជា​នាយក​មួយ​រូប​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ។ លោក ហ៊ុន តូ ធ្លាប់​ត្រូវបាន​គេ​រាយការណ៍​ថា​ជា​ជនសង្ស័យ​ជួញដូរ​អាភៀន និង​លាងលុយកខ្វក់​នៅ​ប្រទេស​អូស្ត្រាលី ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន​ចិន និង​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​មួយ​កន្លែង។

៣) ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន អេលីបទីក ក៏​រកឃើញ​ដែរ​ថា អាជីវកម្ម​មួយ​ទៀត​របស់​ក្រុមហ៊ុន «ហួយវ័ន» ពាក់ព័ន្ធ​យ៉ាង​សកម្ម​នឹង​ប្រាក់​ចំណេញ​បាន​មក​ពី​អំពើ​លាងលុយ​កខ្វក់​ពី​ការ​ឆបោក​តាម​អនឡាញ​នៅ​ជុំវិញ​ពិភពលោក។

៤) ក្រុម​អ្នក​ឆបោក​តាម​អនឡាញ បង្កើត​ទំនាក់ទំនង​ក្លែងក្លាយ​ជាមួយ​ជនរងគ្រោះ ដោយ​អូសទាញ​​ពួកគេ​ឱ្យ​ដាក់លុយ​វិនិយោគ​ក្នុង​គម្រោង​វិនិយោគ​ក្លែងក្លាយ បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ ស្នេហា​បោកប្រាស់ និង​ជម្រិត​យក​ប្រាក់​តាម​រូបភាព​គំរាម​កំហែង​ផ្លូវភេទ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។