ទស្សនមហាជនលើបណ្ដាញសង្គមកំពុងមានការចាប់អារម្មណ៍ខ្លាំងទាក់ទងនឹងបញ្ហាសុខភាពរបស់ លោក ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី។
ពួកគាត់បានសរសេរសារជូនពរនៅលើបណ្ដាញសង្គមព្រោងព្រាត ក្នុងនោះប្រិយមិត្តអាស៊ីសេរី ខ្លះ បានសរសេរសារផ្ញើតាមអ៊ីម៉ែល (Email) មកវិទ្យុអាស៊ីសេរី ដោយបង្ហាញពីក្តីកង្វល់របស់ពួកគាត់ជាខ្លាំងចំពោះស្ថានភាពសុខភាព លោក ជុន ច័ន្ទបុត្រ។
តើការបញ្ចេញមតិ អមដោយសារជូនពរ លោក ជុន ច័ន្ទបុត្រ ទាំងនោះមានន័យ ខ្លឹមសារ យ៉ាងណាខ្លះនោះ?
សារទាំងនោះក៏មានន័យរួមប្រហាក់ប្រហែលគ្នាក្នុងគោល ដៅរួមតែមួយ គឺពួកគាត់សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមឲ្យលោក ជុន ច័ន្ទបុត្រ ឆាប់មានសុខភាពល្អដូចដើម និងឆាប់បានវិលត្រឡប់ចូល មកបម្រើការងារផ្សាយព័ត៌មានជាប្រក្រតីឡើងវិញ។
ពួកគាត់យល់ឃើញប្រហាក់ប្រហែលគ្នាដែរថា ស្ថិតក្នុងកាលៈទេសៈ ស្រុកខ្មែរកំពុងជួបការលំបាក ទាំងបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសេដ្ឋកិច្ច ដែលគ្រប់គ្រងផ្ដាច់មុខដោយក្រុមគ្រួសារត្រកូលហ៊ុន បែបនេះ ពួកគាត់ពិតជាត្រូវការអាស៊ីសេរី និង ជុន ច័ន្ទបុត្រ មិនអាចខ្វះបានឡើយ។
ម្ចាស់គណនីហ្វេសប៊ុក ដែលដាក់ឈ្មោះថា នាង សុខុន ( Neang Sokhun) គាត់បានសរសេរសារលើហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ «សូមគោរពជូនពរបងប្រុសជុន ច័ន្ទបុត្រ ពីចម្ងាយ ពេលខ្ញុំទទួល បានដំណឹងពីស្ថានភាពជំងឺបងរើឡើងវិញ ហើយគ្រូពេទ្យតម្រូវឱ្យបងវិលទៅព្យាបាលជាថ្មីម្តងទៀត ខ្ញុំពិតជាមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ខ្ញុំសូមគោរពជូនពរបងក្នុងការវិលទៅព្យាបាលជាថ្មីម្ដងទៀតនេះ សូមបងទទួលបានជោគជ័យនឹងសុខ សុវត្ថិភាពសូមទេវតាក្នុងលោកនិងព្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់តាមជួយបីបាច់ថែរក្សាបងអោយរួចផុតពីជំងឺទទួលបានជោគជ័យ ...»
ចំណែក ម្ចាស់គណនីហ្វេសប៊ុក មួយទៀត ដែលមាន ឈ្មោះ ថា នឹកកម្ពុជាក្រោម គឺព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាសកម្មជន សង្ឃខ្មែរក្រោម ក៏បានបង្ហោះសារដែលបង្ហាញពីក្ដីកង្វល់ ដែរថា៖ «ព្រឹកមិញពេលអានសារញោម ជុន ច័ន្ទបុត្រ អំពីស្ថានភាពជំងឺ…អាត្មាភាពមានសេចក្ដីកង្វល់បារម្ភជាពន់ពេក សូមបុណ្យកុសល និងព្រលឹង អ្នកស្នេហាជាតិ ជួយទ្រទ្រង់ញោមឆាប់ជាសះស្បើយ និងកម្លាំង មួនមាំជានិច្ច។ ដោយមេត្តាធម៌..!!
ការបញ្ចេញមតិតប និងការបង្ហោះសារទាក់ទងនឹងបញ្ហាសុខភាព លោក ជុន ច័ន្ទបុត្រ
ម្ចាស់គណនីហ្វេសប៊ុកផ្សេងមួយទៀត មានឈ្មោះថា រៀប ចៅ (Reap Chau): បានបញ្ចេញមតិ ហាក់មានក្ដីសង្ឃឹម ជាវិជ្ជមានថា៖ «ក្មួយ ច័ន្ទបុត្រ !! យ៉ាងណាក៏ មិនមានអ្វីបៀតបៀនបានទេ មានព្រលឹងដូនតាខែ្មរក្រោមជួយជ្រោមជ្រែង ព្រោះក្មួយ ច័ន្ទបុត្រជួយផ្សាយសម្លេងតាមវិទ្យុអាស៊ីសេរី ថាយួន រំលោភបំពានសិទ្ធិខ្មែរក្រោមខ្លាំងណាស់ មានទាំងចាប់ ព្រះសង្ឃដាក់គុកជាដើម។
សុំឆាប់រហ័សបានធូរស្រាលភ្លាមៗទៅណាក្មួយ ....។
ការបញ្ចេញមតិ បង្ហាញពីក្ដីបារម្ភ និងសារជូនពរ លោក ជុន ច័ន្ទបុត្រ មានច្រើន ដែលខ្ញុំបាទ មិនអាចលើកយកមកជម្រាបជូន លោកទាំងអស់ ក្នុងពេលនេះបានទេ ខ្ញុំបាទសូមការអធ្យាស្រ័យពីលោកអ្នកនាងផងទៅចុះ។
ការបញ្ចេញមតិ បង្ហាញពីក្ដីបារម្ភ នេះ បន្ទាប់ពីលោក ជុន ច័ន្ទបុត្រនៃវិទ្យុអាស៊ីសេរីបានបង្ហោះសារកាលពីប៉ុន្មានថ្ងៃមុននេះដោយប្រាប់ប្រិយមិត្តលើបណ្ដាញសង្គមអំពីស្ថានភាពសុខភាពរបស់គាត់នាពេលបច្ចុប្បន្ន។
ឆ្លើយតបនឹងរឿងនេះម្ចាស់គណនីហ្វេសប៊ុក ដែលដាក់ ឈ្មោះថា លី ប៉េងតេ (Ly Peng Te) បានបញ្ចេញមតិតបថា៖ «ខ្ញុំមានអារម្មណ៍រន្ធត់ណាស់បង ដែលទទួលដំណឹងរបស់បង ពិសេសការព្យាបាលលើកនេះ មានសភាពតានតឹង និងត្រូវរែកពន់យ៉ាងធ្ងន់ ក្នុងពេលតែមួយ ទាំងសុខភាពទាំង ការចំណាយថវិកា និងបញ្ហាជាច្រើនដែលកំពង់ត្រូវការបង។ សូមបងទទួលបានជោគជ័យនៃការប្រយុទ្ធព្យាបាលលើកនេះ។
សូមព្រលឹងបុព្វបុរសខ្មែរតាមគ្រងថែរក្សាបង ដើម្បីបានបន្តបេសកកម្ម ក្នុងការ សង្រ្គោះជាតិដ៏កម្សត់របស់យើង។
បានឮដំណឹងនេះភ្លាម ម្ចាស់គណនីហ្វេសប៊ុកផ្សេងមួយទៀត មានឈ្មោះថា សឺង ហាយ ខ្មែរក្រោមម្ចាស់ដីដែលគេស្គាល់ថា ជាអតីតព្រះសង្ឃ និងជាសកម្មជនខ្មែរក្រោមដ៏សកម្មមួយដែរនោះ ក៏មិននៅស្ងៀមឡើយ ដោយលោកបានសរសេរសារលើក ទឹកចិត្តលោក ជុន ច័ន្ទបុត្រ យ៉ាងដូច្នេះថា៖
«ខ្ញុំក្នុងនាមប្រជាជនខ្មែរក្រោម១រូប សូមបួងសួងដល់អស់អំពើល្អ និងសេចក្ដីល្អស្មោះត្រង់ និងជាតិរបស់បងជាងពាក់កណ្ដាលជីវិតមកហើយនោះ សូមព្រលឹងបុព្វបុរស វីរនារី វីរសាមណេរ របស់ជាតិខ្មែរយើងគ្រប់ជំនាន់មកសណ្ឋិត និងជួយជាស្មារតី យកជ័យជំនះលើរោគាពាធរបស់បង ឲ្យឆាប់បានជាសះស្បើយ ដើម្បីបន្តបេសកកម្មក្នុងបុព្វហេតុជាតិយើងទៅមុខទៀត ជាតិយើងនៅត្រូវការបងជួយបំភ្លឺតាមរយៈសារព័ត៌មានជាបន្តទៀតច្រើនណាស់។ពីខ្ញុំបាទ សឺន ហៃ ឈាមខេមរបុត្រខ្មែរក្រោម បើសិនអាចប្ដូរគ្នាបាន ខ្ញុំសុខចិត្តឲ្យបងជាដាច់១០០ភាគរយ ខ្ញុំកើតជំនួសបង ក៏សុខចិត្តដែរ...!!
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយទៀតដែលដាក់ឈ្មោះថា សម្បូរមាសពេជ្រ (Sambo Meas Pich) បានចាត់ទុក លោក ជុន ច័ន្ទបុត្រជាវីរអ្នកសារព័ត៌មានសម្រាប់កម្ពុជា។
គាត់បានសរសេរសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជូនពរ និងបួងសួងដល់ទេវតាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយតាមថែរក្សា លោក វីរៈអ្នកសារព័ត៌មាន លោក ជុន ច័ន្ទបុត្រ ឱ្យបានឆាប់ជាសះស្បើយ ហើយនាំយកមកព័ត៌មានឯករាជ្យផ្សព្វផ្សាយចែកជូនបងប្អូនពលរដ្ឋខ្មែរជុំវិញ ពិភពលោកបានស្ដាប់ពីសង្គមតិរច្ឆាន ...»។
បាទ ចុងក្រោយនេះ ខ្ញុំបាទសូមលើកយកសារជូនពររបស់ លោក ថាវ៉ារី អ៊ុង ដែលគាត់បានសរសេរជាពាក្យកាព្យ ជូនពរ ហើយសុំឲ្យវិទ្យុអាស៊ីសេរី ជួយផ្សាយឲ្យឮដល់លោក ជុន ច័ន្ទបុត្រ ផង។
អត្ថបទកំណាព្យនេះមានចំណងជើងថា៖ « សូមច័ន្ទបុត្រឆាប់បានសះស្បើយដើម្បីជាតិយើង ...» ។
ខ្ញុំតែងរង់ចាំ ទន្ទឹងម៉ោងផ្សាយ ចង់ឮសម្រាយ ព្រឹត្តិការណ៍ពិតៗរាល់ថ្ងៃព្រហស្បតិ៍ ច័ន្ទបុត្រលំអិត សុខទុក្ខជីវិត ជនជាតិខេមរាតែព្រហស្បតិ៍នេះ វត្តមានអាក់ខាន ចន្ទបុត្រពុំបានបង្ហាញភក្ដ្រាបែរឮដំណឹង មិនស្រួលកាយា ក្នុងដួងចិន្ដា រលឹកលោកក្រៃមានតែបេះដូង និងម្រាមទាំងដប់ ផ្សងលោកត្រឡប់ក្នុងពេលដ៏ខ្លីសះស្បើយរហ័សមកជួបសម្ដី ជាតិខ្មែរប្រុសស្រី រង់ចាំ ច័ន្ទបុត្រ...៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។