តំណាងប្រជាសហគមន៍មានជម្លោះដីធ្លីលើកឡើងថា ពួកគេមិនដែលទទួលបានជំនួយសប្បុរសធម៌ពីកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន នោះឡើយ។ អ្នកឃ្លាំមើលកម្ពុជាលើកឡើងថា ដរាបណាអ្នកស្រី ប៊ុន រ៉ានី នៅតែជាប្រធានកាកបាទក្រហមកម្ពុជា នោះស្ថាប័នសប្បុរសធម៌មួយនេះ នឹងមិនអាចធ្វើការដោយតម្លាភាពនោះទេ។
តំណាងប្រជាសហគមន៍មានជម្លោះដីធ្លីស្នើឱ្យអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលជាម្ដាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរចែកអំណោយសប្បុរសធម៌ឱ្យមានតម្លាភាព និងមិនគួរបន្តរើសអើងប្រជាពលរដ្ឋក្រីក្រ ដែលជាសកម្មជនដីធ្លីនោះឡើយ។
តំណាងសហគមន៍ដីធ្លីនៅតំបន់បឹងតាមោក ភូមិសំរោងត្បូង លោកស្រី ប្រាក់ សុភា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែធ្នូ ថា សកម្មជនដីធ្លីបឹងតាមោក មិនដែលទទួលបានអំណោយពីកាកបាទក្រហមកម្ពុជាម្ដងណាឡើយ តាំងពីអាជ្ញាធរបង្ខំឱ្យប្រជាពលរដ្ឋដោះដូរដីធ្លីមក។ លោកស្រីបន្តថា ការចែកអំណោយរបស់កាកបាទក្រហម ធ្វើឡើងដោយគ្មានតម្លាភាពនោះទេ ព្រោះកន្លងទៅ បើទោះបីជាសមាជិករបស់សហគមន៍ដីធ្លីបឹងតាមោកទាមទារឱ្យមានសំណងសមរម្យ ឬអភិវឌ្ឍនៅនឹងកន្លែងយ៉ាងណាក្ដី ក៏លោកស្រីមិនដែលឃើញមន្ត្រីកាកបាទក្រហម ចុះចែកអំណោយ ឬសួរសុខទុក្ខប្រជាពលរដ្ឋម្ដងណាឡើយ។
លោកស្រី ប្រាក់ សុភា៖ «ព័ត៌មានឡាយរបស់តារាល្បីគាត់ឮ បើសកម្មជនបឹងតាមោកវិញគឺនាយករដ្ឋមន្ត្រី ក៏ដូចជាប្រធានកាកបាទក្រហម ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត ហ្នឹង គាត់អត់ឃើញព័ត៌មានយើង ព្រោះយើងជាជនរងគ្រោះ មិនមែនល្បីដូចតារាអនឡាញ អ៊ីចឹងខ្ញុំសូមបញ្ជាក់ក្នុងនាមខ្ញុំប្រធានសហគមន៍បឹងតាមោកថ្មី ខ្ញុំសូមបដិសេធថា ខ្ញុំមិនដែលទទួលបានពីលោកជំទាវ ប៊ុន រ៉ានី សូម្បីតែកន្លះដង ខ្ញុំសូមបញ្ជាក់អ៊ីចឹង»។
ស្រដៀងគ្នានេះដែរ តំណាងសហគមន៍ដីធ្លី១៩៧ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង គឺលោកស្រី ដេត ហួរ លើកឡើងថា តាំងពីសហគមន៍របស់លោកស្រីមានទំនាស់ដីធ្លីជាមួយនឹងឧកញ៉ា ហេង ហ៊ុយ ក្នុងអំឡុងឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ននេះ មិនដែលទទួលបានអំណោយពីកាកបាទក្រហមកម្ពុជានោះទេ។ លោកស្រីបន្តថា កន្លងមកបើទោះបីជាមានការចែកអំណោយក្ដី ក៏ប្រជាពលរដ្ឋក្រីក្រពិបាកពិតប្រាកដមួយចំនួនក្នុងឃុំរបស់លោកស្រី មិនទទួលបានអំណោយនោះទេ ព្រោះអ្នកដែលមានឈ្មោះទទួលអំណោយភាគច្រើន គឺជាសាច់ញាតិ និងសមាជិករបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។
លោកស្រី ដេត ហួរ៖ «ដូចសព្វថ្ងៃប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ បែរជាអត់មានអំណោយ បែរជានៅតែក្រីក្រ អ៊ីចឹងសុំឱ្យលោកជំទាវ ចាត់ចែងមន្ត្រីដែលស្មោះត្រង់ល្អ ផ្ដល់អំណោយមកដល់ប្រជាពលរដ្ឋពិតប្រាកដ រងគ្រោះពិតប្រាកដ ហើយសុំកុំឱ្យរើសអើង ប្រកាន់បក្ខពួកនិយម ជាពិសេសកុំឱ្យចោទប្រកាន់ទៅលើសកម្មជនដីធ្លី ការពារដីធ្លីដូចពួកខ្ញុំអ៊ីចឹង ចោទប្រកាន់សុទ្ធតែបក្សនេះបក្សនោះប៉ុន្តែប្រជាពលរដ្ឋជាក់ស្ដែងគឺជាប្រជាពលរដ្ឋរបស់សម្ដេច»។
ការលើកឡើងរបស់តំណាងប្រជាសហគមន៍ដីធ្លីបែបនេះ ធ្វើឡើងបន្ទាប់ពីអង្គមហាសន្និបាតកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ បានបោះឆ្នោតឱ្យអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ធ្វើជាប្រធានស្ថាប័នសប្បុរសធម៌មួយនេះបន្តទៀតនៅអាណត្តិទី៧។ ទោះបីជាកាកបាទក្រហមកម្ពុជា គឺជាផ្នែកមួយនៃស្ថាប័នកាកបាទក្រហមអន្តរជាតិ បំពេញការងារសប្បុរសធម៌ ជួយដល់រងគ្រោះក្ដី តែស្ថាប័នមួយនេះត្រូវបានគេសង្កេតឃើញថា ធ្វើការដើម្បីបម្រើទៅដល់គណបក្សប្រជាជនកម្ពុជា និងក្រុមឧកញ៉ាដែលរំលោភបំពានដីធ្លីរបស់ប្រជាពលរដ្ឋទៅវិញទេ។ ជាក់ស្ដែង បុគ្គលដែលមានកេរ្តិ៍ឈ្មោះអាស្រូវរឿងបំផ្លាញធនធានធម្មជាតិ និងបណ្ដេញអ្នកក្រយកដី ដូចជានៅតំបន់បឹងកក់ជាដើម គឺអ្នកស្រី ជឹង សុភាព ដែលជាដៃគូជំនួញរបស់អ្នកស្រី ប៊ុន រ៉ានី ក៏មានតួនាទីជាអនុប្រធានកាកបាទក្រហមកម្ពុជាផងដែរ។ បន្ថែមពីនេះ អ្នកបរិច្ចាគប្រាក់ឧបត្ថម្ភកាកបាទក្រហមកម្ពុជាក្នុងចំនួនរាប់សិបម៉ឺនដុល្លារភាគច្រើន ត្រូវបានគេមើលឃើញថា គឺជាក្រុមឧកញ៉ា និងឈ្មួញទុច្ចរិតដែលរកស៊ីបំផ្លាញធនធានធម្មជាតិ និងទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលតែប៉ុណ្ណោះ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត មានប្រសាសន៍ថា ដរាបណាអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន នៅតែកាន់តួនាទីជាប្រធានស្ថាប័ន នោះកាកបាទក្រហមកម្ពុជានឹងមិនអាចធ្វើការប្រកបដោយតម្លាភាពបានឡើយ។
លោក ម៉ែន ណាត៖ «ខ្ញុំមិនសង្ឃឹមថា កាកបាទក្រហមរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ហ្នឹង អាចធ្វើការងារល្អតាមបំណងរបស់ប្រជាពលរដ្ឋបានទេ សំណូមពរខ្ញុំមានតែមួយទេ វាទាល់តែអត់មានអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំ ហើយប្រកាសជ្រើសរើសបេក្ខជនដែលមកដឹកនាំហ្នឹង ជាមនុស្សឯករាជ្យពីណាមកផ្សេងអាចមកដឹកនាំកន្លែងហ្នឹងបាន ហើយជម្រុះចោលពួកអ្នកដឹកនាំខិលខូចក្នុងជួរកាកបាទក្រហមហ្នឹងបានអាចទៅរួច»។
អ្នកតាមដានស្ថានការណ៍កម្ពុជាលើកឡើងថា ដោយសារតែអ្នកស្រី ប៊ុន រ៉ានី តែងតាំងថ្នាក់ដឹកនាំកាកបាទក្រហមភាគច្រើន គឺជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះស្ថាប័នមួយនេះ ធ្វើការសប្បុរសធម៌បម្រើតែបក្ខពួកគណបក្សកាន់អំណាចតែប៉ុណ្ណោះ។ បន្ថែមពីនេះ អ្នកវិភាគថា ដោយសារកាកបាទក្រហមទទួលយកការឧបត្ថម្ភដោយមិនខ្វល់ពីប្រភពថវិកាល្អ ឬអាក្រក់ផងនោះ ដូច្នេះស្ថាប័នមួយនេះក៏បានក្លាយទៅជាខែលការពារឈ្មួញរកស៊ីទុច្ចរិត ដែលបានបរិច្ចាគថវិកាជួយកាកបាទក្រហមកម្ពុជាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។